2025
ពាក្យ​ផ្អែមល្ហែម និង​សាមញ្ញ
ខែ​ឧសភា ឆ្នាំ​២០២៥


ងាយស្រួល​សម្រាប់​អ្នកអាន

ពាក្យ​ផ្អែមល្ហែម និង​សាមញ្ញ

ដំណើររឿង​ពិត​មកពី ស.រ.អា. ។

កុមារ​អង្គុយ​នៅក្នុង​អង្គការ​បឋម​សិក្សា និង​កំពុង​ស្តាប់​អ្នកដឹកនាំ​ម្នាក់

ឃេស៊ី បាន​ញញឹម នៅពេល​នាង​ចូល​អង្គុយ​នៅក្នុង​អង្គការ​បឋម​សិក្សា ។ ថ្ងៃនេះ​គឺជា​ថ្ងៃ​ធ្វើ​បទបង្ហាញ​របស់​កុមារ​នៅ​ក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់ ។ វា​គួរឲ្យ​ខ្លាច​ក្នុង​ការនិយាយ​ផ្នែក​របស់​នាង ប៉ុន្តែ​នាង​បាន​ធ្វើ​វា !

បងស្រី ដេនឆ៏ ដែល​ជា​ប្រធាន​អង្គការ​បឋម​សិក្សា បាន​ឈរ​នៅ​ខាងមុខ ។ គាត់​បាន​និយាយ​ថា « ថ្ងៃនេះ ប្អូនៗ​ធ្វើ​បាន​ល្អណាស់​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ! ខ្ញុំ​ដឹង​ថា ប្អូនៗ​ម្នាក់ៗ​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​រៀន​ផ្នែក​របស់​ប្អូន » ។

ក្មេង​ប្រុស​ពីរ​នាក់​កំពុង​និយាយ ក្មេងស្រី​មើល​ទៅ​សោកសៅ

ក្មេងប្រុស​ម្នាក់​ដែលធំជាង​បាន​និយាយថា « លើក​លែងតែ​ឃេស៊ី ដែល​ធ្វើ​មិនបាន​ល្អ ។ គ្មាន​នរណា​ម្នាក់​ស្តាប់​បាន​ថា តើ​នាង​និយាយ​អ្វី​ទេ » ។

បងស្រី ដេនឆ៏ បាន​ចង​ចិញ្ចើម​ដាក់​ក្មេងប្រុស​នោះ បន្ទាប់​មក​ងាក​ទៅ​ញញឹម​ដាក់​ឃេស៊ី ។ « ប្អូន​ធ្វើ​បាន​ល្អណាស់ » ។

ឃេស៊ី​ព្យាយាម​ទប់​មិន​យំ ។ នាង​បាន​ខិតខំ​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​រៀន​ផ្នែក​របស់​នាង ។ ប៉ុន្តែ​ពេលខ្លះ ការនិយាយ​របស់​នាង​មិន​បាន​ចេញ​មក​ត្រឹមត្រូវ​ទេ ។

ក្មេង​ស្រី​យំ​នៅ​ក្នុង​ឡាន ជាមួយ​គ្រួសារ​របស់​នាង

នៅ​តាម​ផ្លូវ​ទៅផ្ទះ ឃេស៊ី​មិន​អាច​ទប់​ទឹកភ្នែក​បាន​ទៀត​ទេ ។

« មាន​រឿងអី​កូន ? » ម៉ាក់​បាន​សួរ ។

« ក្មេង​ប្រុស​ម្នាក់​បាន​សើច​ចំអក​ដាក់​កូន ។ គាត់​បាន​និយាយ​ថា កូន​និយាយ​ផ្នែក​របស់​កូន​មិន​ត្រឹមត្រូវ​ទេ » ។ នាង​បាន​ចាប់ផ្តើម​យំ​កាន់​តែ​ខ្លាំង ។

ម្តាយ និង​កូនស្រី​កំពុង​និយាយ​គ្នា​នៅក្នុង​រថយន្ត

ម៉ាក់​បាន​តប​ថា « កូន​ធ្វើ​បាន​ល្អ​ណាស់ ។ ប៉ា និង​ម៉ាក់​មាន​មោទន​ភាព​ចំពោះ​កូនណាស់ » ។ « តើ​កូន​ដឹង​ទេ​ថា មាន​អ្នកណា​ទៀត​ដែល​មាន​មោទនភាព​ចំពោះ​កូន ? »

ឃេស៊ី​បាន​គ្រវី​ក្បាល ។

ម៉ាក់​បាន​តប​ថា « ព្រះវរបិតា​សួគ៌ ។ ទ្រង់​ជ្រាប​ថា កូន​បាន​ធ្វើ​អស់ពី​សមត្ថភាព​ហើយ » ។

ឃេស៊ី​មាន​អារម្មណ៍​ល្អ​វិញ​ហើយ ។ នាង​ចង់​ប្រើ​ពាក្យសម្តី​របស់​នាង ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ផងដែរ ។

នៅ​សាលារៀន ឃេស៊ី​បាន​ប្រាប់​អ្នកគ្រូ​របស់​នាងថា អ្នក​គ្រូ​បង្រៀន​បាន​ល្អណាស់ ។

នៅ​ផ្ទះ នៅពេល​ប៉ា​កំពុង​ជួសជុល​ធ្នើ​មួយ ។ ឃេស៊ី​បានប្រាប់​ប៉ា​របស់​នាង​ថា គាត់​ធ្វើការងារ​នេះ​បាន​ល្អណាស់ ក្នុង​ការធ្វើ​ឲ្យ​ផ្ទះ​របស់​ពួកគេ​ស្រស់​ស្អាត ។

នៅ​ខាងក្រៅ ឃេស៊ី និង​ប្អូន​ប្រុស​របស់​នាង​លេង​បាល់​ជាមួយគ្នា ។ ឃេស៊ី​បាន​ប្រាប់​ប្អូនប្រុស​របស់​នាង​ថា គាត់​គប់​បាល់​បាន​ល្អណាស់ ។

ក្មេង​ស្រី​កំពុង​គិត​អំពី​របៀប​ដែល​នាង​បាន​ប្រើ​ពាក្យសម្តី​ទន់ភ្លន់​ជាមួយ​អ្នកដទៃ

ការប្រាប់​មនុស្ស​ថា ពួកគេ​កំពុង​ធ្វើ​កិច្ចការ​បានល្អ ធ្វើឲ្យ​ឃេស៊ី មាន​អារម្មណ៍​ល្អ​ក្នុង​ចិត្ត ។ នៅពេល​នាង​ឃើញ​អ្នក​ដទៃ​ញញឹម នាង​ដឹង​ថា ពាក្យសម្តី​សាមញ្ញ​របស់​នាង​បាន​ធ្វើ្​ឲ្យ​មាន​ភាពខុសគ្នា​យ៉ាងខ្លាំង !

ទំព័រ​ទម្រង់ PDF

រចនា​រូបភាព​ដោយ ក្រេហ្គ ផាបរ៉ក់គី