ដំណោះស្រាយដើម្បីមានម្លប់
គ្រីស្តាល់ បានសួរថា « ចុះប្រសិនបើយើងនាំគ្នាដាំដើមឈើខ្លះវិញនោះ ? »
ដំណើររឿងពិតមកពីប្រទេសអាហ្សង់ទីន
« តើយើងអាចទៅផ្លាហ្សាបានទេ ? » ប្អូនស្រីរបស់ អ៊ីវ៉ាន ឈ្មោះ គ្រីស្តាល់ បានសួរ ។
អ៊ីវ៉ាន សម្លឹងមើលទៅខាងក្រៅ ។ គាត់បានតបថា « បងចង់ទៅដែរ ។ « ប៉ុន្តែប្រហែលយើងគួរតែរង់ចាំរហូតដល់ព្រះអាទិត្យលិចសិន ។ វាពិតជាក្តៅណាស់ » ។
ផ្លាហ្សាគឺជាទីវាលស្មៅធំល្វឹងល្វើយមួយនៅក្បែរផ្ទះរបស់ពួកគេ ។ ពួកគេចូលចិត្តលេងដេញចាប់ ឬលេងបិទពួននៅទីនោះជាមួយមិត្តភក្តិរបស់ពួកគេ ។ ប៉ុន្តែផ្លាហ្សាមិនមានម្លប់សម្រាប់ឲ្យពួកគេជ្រកកម្តៅនោះទេ ។ ហើយនៅរដូវក្តៅនេះ វាជាបញ្ហាធំមួយ ។
គ្រីស្តាល់ បាននៅស្ងៀមមួយសន្ទុះ ។ បន្ទាប់មកនាងបានតបថា « ចុះប្រសិនបើយើងនាំគ្នាដាំដើមឈើខ្លះវិញនោះ ? វិធីនោះនឹងធ្វើឲ្យផ្លាហ្សាមានម្លប់ ។ បន្ទាប់មក យើងអាចរត់លេងបាន សូម្បីតែនៅពេលដែលវាក្តៅក៏ដោយ ! »
អ៊ីវ៉ាន បានញញឹម ។ « បងពេញចិត្តគំនិតហ្នឹងណាស់ ! »
អ៊ីវ៉ាន និងគ្រីស្តាល់ បានប្រាប់ប៉ាអំពីផែនការរបស់ពួកគេ ។ ប៉ាតបថា « ប៉ានឹងសុំការអនុញ្ញាតពីសាលាក្រុង » ។
ប៉ុន្មានសប្តាហ៍ក្រោយមក ពួកគេបានទទួលការអនុញ្ញាតដែលពួកគេត្រូវការ និងត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើម ! ប៉ាបាននាំ អ៊ីវ៉ាន និងគ្រីស្តាល់ ទៅកាន់ដើមឈើធំមួយ ដែលដុះនៅពីក្រោយផ្ទះរបស់ពួកគេ ។ នៅក្រោមដើមឈើនោះ មានកូនដើមឈើតូចៗជាច្រើនបានដុះឡើង ។
ប៉ាបានពន្យល់ថា « នៅពេលដើមឈើធំចេញផ្កា វានឹងធ្លាក់គ្រាប់ទៅលើដី ។ បន្ទាប់មក ដើមឈើតូចៗលូតលាស់ពីគ្រាប់ពូជនោះ ។ វាគឺជាអព្ភូតហេតុដ៏សែនតូចនៃធម្មជាតិ ! »
ប៉ាបានបង្ហាញដល់ពួកគេអំពីរបៀបជីកដើមឈើតូចៗដោយប្រុងប្រយ័ត្ន ។ អ៊ីវ៉ាន និងគ្រីស្តាល់ បានដាក់ពួកវាថ្នមៗដាំក្នុងផើងផ្កា ។
បន្ទាប់មក នៅរសៀលថ្ងៃសៅរ៍មួយនៅពេលដែលព្រះអាទិត្យបាំងពពក អ៊ីវ៉ាន និងគ្រីស្តាល់ បានលើកដើមឈើតូចៗទាំងនោះដាក់ក្នុងរទេះ ។ ពួកគេបានរុញវាទៅផ្លាហ្សាយឺតៗ ។ បងប្អូនប្រុសស្រីរបស់ អ៊ីវ៉ាន បានជួយយួរធុងទឹក ។ ម៉ាក់ និងប៉ាបានយកប៉ែលមួយចំនួនទៅតាម ។
ពួកគេបានជ្រើសរើសកន្លែងមួយសម្រាប់ដើមឈើនីមួយៗជាមួយគ្នា ។ ពួកគេបានជីករណ្តៅ ហើយដាំដើមឈើនីមួយៗដោយក្តីស្រឡាញ់ ។ ម៉ាក់បានបង្ហាញពួកគេពីរបៀបជីកកូនប្រឡាយនៅជុំវិញដើមឈើ ដើម្បីស្រោចទឹកឲ្យវា ។ ម៉ាក់និយាយថា « ដើមឈើត្រូវការពន្លឺព្រះអាទិត្យ ទឹក និងសារធាតុចិញ្ចឹមជាច្រើនដើម្បីលូតលាស់យ៉ាងរឹងមាំ ។ គឺដូចជាកូនក្មេងអ៊ីចឹង ! »
អ៊ីវ៉ាន បានគិតពីដើមឈើនៅក្រោយផ្ទះរបស់ពួកគេ ហើយស្រមៃថាតើដើមឈើទាំងនេះនឹងមានរូបរាងបែបណានៅថ្ងៃណាមួយ ។ គាត់បាននិយាយថា « តើគួរឲ្យជឿទេ ? នៅថ្ងៃណាមួយ ដើមឈើទាំងនេះនឹងខ្ពស់ជាងយើងហើយ ! »
នៅនិទាឃរដូវ ដើមឈើទាំងនេះនឹងធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងផ្កាពណ៌ផ្កាឈូកដ៏ភ្លឺស្រស់ស្អាតរបស់ពួកគេ ។ នៅរដូវក្តៅ ម្លប់របស់វានឹងលាតសន្ធឹងពាសពេញផ្លាហ្សា ។ ហើយនៅរដូវស្លឹកឈើជ្រុះ ស្លឹកនឹងជ្រុះពេញដី ដូចជាកម្រាលព្រំពណ៌លឿងមួយ ។
ជារៀងរាល់ថ្ងៃ អ៊ីវ៉ាន និងគ្រីស្តាល់ បានទៅលេងនៅផ្លាហ្សាដើម្បីពិនិត្យមើលដើមឈើទាំងនេះ ។ ពួកគេត្រូវប្រាកដថា ដើមឈើនីមួយៗមានទឹកគ្រប់គ្រាន់ ។ ហើយរាល់ពេលដែលស្លឹក ឬមែកឈើលូតពន្លកថ្មីមក ពួកគេមានអារម្មណ៍ថាមានមោទនភាពខ្លាំងណាស់ ។ ការខិតខំប្រឹងប្រែងរបស់ពួកគេមានតម្លៃ !
អ៊ីវ៉ាន មានចិត្តសប្បាយរីករាយ នៅពេលគិតពីមនុស្សទាំងអស់ ដែលនឹងរីករាយនឹងម្លប់នៅក្នុងផ្លាហ្សានៅថ្ងៃណាមួយ ។ គាត់បានជួយធ្វើឲ្យផែនដីកាន់តែស្រស់ស្អាតសម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌ ។
រចនារូបភាពដោយ ខលលីន ម៉ាកឃ្យូអិន