លុយ នៅ ផ្សារ
អាណេន បានគិតថា លើកនេះខ្ញុំនឹងធ្វើតាមអ្វីដែលម៉ាក់បានសុំ ។
ដំណើររឿងពិតមកពីប្រទេសហ្គាណា ។
អាណេន បានញញឹមនៅពេលគាត់ដើរតាមផ្លូវ ។ ក្លិនឈ្ងុយរបស់ត្រីចៀន និងការជជែកគ្នាដ៏មមាញឹករបស់មនុស្សពេញផ្សារ ។ គាត់កំពុងធ្វើដំណើរតាមផ្លូវទៅផ្ទះពូរបស់គាត់ ។ ម៉ាក់បានឲ្យលុយ អាណេន មួយចំនួនយកទៅជូនលោកពូ ។
គាត់បានសម្លឹងមើលជុំវិញស្តង់ទាំងអស់ដែលលក់ផលិតផល អាហារ និងរបស់របរផ្សេងទៀត ។ បន្ទាប់មក មានអ្វីមួយបានទាក់ភ្នែករបស់គាត់ ។
មានកន្លែងលក់អាហារមួយ មានអាហារដែលគាត់ចូលចិត្តបំផុតពីរមុខគឺ នំថូហ្វី និងប៊ីស្គីត ។ គាត់បានសម្លឹងមើលលុយដែលម៉ាក់បានឲ្យគាត់ ។ គាត់បានគិតថា មួយរយសេឌីសគឺច្រើនណាស់ ។ នំរបស់គាត់ចំណាយតែ ១០ សេឌីសប៉ុណ្ណោះ ។ លោកពូប្រហែលជាមិនដឹងថាវាបាត់ទេ ។
អាណេន បានទិញនំនោះ ។ គាត់បានដាក់នំថូហ្វី ចូលទៅក្នុងមាត់របស់គាត់ ហើយបន្តដើរទៅផ្ទះរបស់ពូ ។
លោកពូកំពុងឈរនៅខាងក្រៅផ្ទះរបស់គាត់ កាលដែល អាណេន បានដើរឡើងមក ។
លោកពូបាននិយាយថា « នោះ អាណេន តូចមកហើយ ! មកណេះមក » ។ « តើមានអ្វីពូអាចជួយក្មួយបាន ? »
« ខ្ញុំយកលុយដែលម៉ាក់ផ្ញើមកឲ្យពូ » ។ អាណេន បានប្រគល់លុយឲ្យគាត់ បន្ទាប់មកដាក់ដៃរបស់គាត់ចូលហោប៉ៅរបស់គាត់វិញ ។ តើពូនឹងដឹងថា បាត់លុយមួយចំនួនដែរឬទេ ? គាត់បានមើល នៅពេលដែលលោកពូរាប់លុយ ។
លោកពូបាននិយាយថា « អរគុណក្មួយបានយកលុយមក » ។
អាណេន សប្បាយចិត្តដែលពូមិនដឹងថាលុយបាត់ ។ គាត់បានជម្រាបលា ហើយចាប់ផ្តើមដើរទៅផ្ទះវិញក្នុងចម្ងាយដ៏ឆ្ងាយ ។ នៅតាមផ្លូវ គាត់បង្ហើយនំថូហ្វី និងប៊ីស្គីតរបស់គាត់ ។
« តើការដើរទៅផ្ទះលោកពូយ៉ាងដូចម្តេចដែរកូន ? » ម៉ាក់បានសួរ នៅពេលដែល អាណេន បានមកដល់ផ្ទះ ។
គាត់បានញាក់ស្មា ។ « មានអីម៉ាក់ ល្អតើ » ។
ម៉ាក់បាននិយាយថា « អរគុណដែលកូនបានយកលុយនោះទៅជំនួសម៉ាក់ » ។
អាណេន បានឈ្ងោកមុខចុះក្រោម ។ គាត់ចាប់ផ្តើមមានអារម្មណ៍ថាមានកំហុស ។ តើមានអ្វីកើតឡើង ប្រសិនបើម៉ាក់ប៉ារបស់គាត់បានរកឃើញថា គាត់បានចំណាយលុយមួយចំនួននោះ ? គាត់មិនចង់ឲ្យម៉ាក់ប៉ារបស់គាត់មិនទុកចិត្តគាត់ទេ ។
នៅព្រឹកថ្ងៃបន្ទាប់ ម៉ាក់បានសុំឲ្យ អាណេន ទិញរបស់មួយចំនួននៅហាងក្បែរនោះ ។ « ត្រឡប់មកផ្ទះវិញភ្លាមបន្ទាប់ពីកូនទិញហើយ ឮទេកូន ? »
« បាទ » ។ អាណេន បានដើរកាត់ផ្សារ ប៉ុន្តែគាត់មិនឈប់ទិញអ្វីទេ ។ គាត់បានចងចិញ្ចើមរបស់គាត់ ហើយគិតថា លើកនេះ ខ្ញុំនឹងធ្វើតាមអ្វីដែលម៉ាក់បានសុំ ។
បន្ទាប់ពីគាត់បានទិញហើយភ្លាម គាត់បានត្រឡប់ទៅផ្ទះវិញភ្លាម ។ គាត់បានឲ្យលុយនៅសល់ទៅម៉ាក់វិញ ។
នៅថ្ងៃអាទិត្យនោះ អាណេន បានទៅអង្គការបឋមសិក្សារបស់គាត់ ។ គ្រូរបស់គាត់បាននិយាយថា « អរុណសួស្តី ! » « ថ្ងៃនេះ យើងនិយាយអំពីការគោរពប្រតិបត្តិ ។ វាជារឿងសំខាន់សម្រាប់យើងក្នុងការស្តាប់តាមម៉ាក់ប៉ារបស់យើង និងជ្រើសរើសធ្វើអ្វីដែលល្អ » ។
អាណេន បានគិតអំពីលុយដែលគាត់បានដកចាយលើនំថូហ្វី និងប៊ីស្គីត ។ គាត់មានអារម្មណ៍មិនស្រួលក្នុងចិត្ត ។ គាត់ដឹងថា គាត់បានធ្វើការជ្រើសរើសមិនត្រឹមត្រូវទេ ។
បន្ទាប់ពីមកពីព្រះវិហារវិញ អាណេន ចង់និយាយជាមួយប៉ាម៉ាក់គាត់ ។ បេះដូងរបស់គាត់បានលោតញាប់ ។
« ម៉ាក់ ប៉ា ? ម៉ាក់ដឹងរឿងលុយដែលម៉ាក់ឲ្យកូនយកទៅឲ្យលោកពូទេ ? » អាណេន បានសួរ ។ « កូនបានដកលុយខ្លះយកទៅទិញនំ » ។ គាត់បានឈ្ងោកចុះក្រោម ។ « កូនសុំទោស » ។
ប៉ាបានតបថា « អរគុណដែលកូននិយាយត្រង់ » ។ « ប៉ាមានមោទនភាពចំពោះកូន » ។
អាណេន បានញញឹម ។ គាត់សប្បាយចិត្តណាស់ ដែលគាត់និយាយការពិត ។ ហើយគាត់មានអារម្មណ៍ល្អក្នុងចិត្ត បន្ទាប់ពីបានប្រាប់ម៉ាក់ប៉ារបស់គាត់ហើយ ។ គាត់បានធ្វើការជ្រើសរើសដ៏ប្រសើរមួយរួចហើយ ។
រចនារូបភាពដោយ អាឡិចសាន់ឌឺ ហ្សូឡូទិក