2025
សាសនាចក្រ​ថ្មី​សម្រាប់ ជេមហ្សី
ខែ​ឧសភា ឆ្នាំ​២០២៥


សាសនាចក្រ​ថ្មី សម្រាប់ ជេមហ្សី

ជេមហ្សី​មាន​អារម្មណ៍​ខុសប្លែក​នៅទីនេះ គឺ​ខុស​ពី​នៅ​ព្រះវិហារ​ផ្សេងទៀត​របស់​ពួកគេ ។

ដំណើររឿង​ពិត​មកពី​ប្រទេស​ហ្វីជី ។

ជេមហ្សី បាន​ដើរ​ចេញ​ក្រៅ​សំដៅទៅ​តំបន់​ដែល​មាន​របង​ទាបៗ ដែល​គ្រួសារ​របស់​គាត់​ដាក់​សត្វ​ជ្រូក ។ « នុ៎ះន៏ សត្វជ្រូក ! » គាត់​បាន​ចាក់​ចំណី​មួយ​ចំនួន ហើយ​ជ្រូក​បញ្ចេញ​សូរ​ស្រមុក​យ៉ាង​រីករាយ ។

បន្ទាប់​មក ជេមហ្សី​បាន​យក​ធុង​ទឹកស្អាត​ទៅកាន់​ក្បាល​រ៉ូប៊ីណេ​នៅ​ខាងក្រៅ ។ ទឹក​ត្រជាក់​បាន​ហូរ​ចូល​ទៅក្នុង​ធុងទឹក ពេល​គាត់​បើក​ក្បាល​រ៉ូប៊ីណេ ។ ការដាក់​ចំណី​ឲ្យ​ជ្រូក និង​ការដង​ទឹក​សម្រាប់​គ្រួសារ​របស់​គាត់ គឺជា​វិធី​ដែល​គាត់​បាន​ជួយ​ជារៀង​រាល់ថ្ងៃ ។

« ជេមហ្សី ! » ម៉ាក់​បាន​ហៅ ។ « កូន​ត្រៀមខ្លួន​ទៅ​ព្រះវិហារ​រួច​ហើយ​ឬនៅ ? »

ជេមហ្សី​បាន​បិទ​ក្បាល​រ៉ូប៊ីណេ ហើយ​លើក​ធុងទឹក​ដ៏ធ្ងន់​ចុងក្រោយ​ទៅ​ខាងក្នុង​ផ្ទះ ។ « ខ្ញុំ​ត្រៀម​រួច​ហើយ ឥឡូវ​នេះ » ។

រៀងរាល់​ថ្ងៃ​អាទិត្យ​គ្រួសារ​របស់​ជេមហ្សី បានទៅ​ព្រះវិហារ​គ្រីស្ទាន​នៅក្នុង​ទីក្រុង​របស់​ពួកគេ ។ គាត់​ចូល​ចិត្ត​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

មិន​យូរ​ប៉ុន្មាន ជេមហ្សី និង​ប្អូនស្រីៗ​របស់​គាត់​ឈ្មោះ អាណេស៊ី និង ម៉ារ៉ាម៉ា បាន​ដើរ​ជាមួយ​គ្រួសារ​របស់​ពួកគេ​ទៅ​ព្រះវិហារ ។ មាន​មាន់​វង្វេង​ពីរបី​ក្បាល​រត់​នៅ​តាម​ផ្លូវ ។

គ្រួសារ​ឈរ​នៅ​មុខ​អគារ​ព្រះវិហារ

ប៉ុន្តែ​នៅពេល​ដែល​ពួកគេ​ទៅដល់​ទីនោះ ទ្វារ​ព្រះវិហារ​បាន​បិទ ។ ប៉ា​បាន​និយាយ​ថា « ប៉ា​ភ្លេចថា ព្រះវិហារ​បិទ​នៅ​សប្តាហ៍​នេះ និង​សប្តាហ៍​ក្រោយ ដោយសារ​គ្រូគង្វាល​មិន​នៅ » ។

ជេមហ្សី​បាន​សួរ​ថា « តើ​មាន​ព្រះវិហារ​ផ្សេង​ដែល​យើង​អាច​ទៅ​បាន​ទេ ? » ។ គាត់​នឹង​ក្រៀមក្រំ​ដែល​មិន​អាច​ទៅ​ព្រះវិហារ​នៅ​សប្តាហ៍​នេះ ។

ប៉ា​បាន​គិត​មួយ​សន្ទុះ ។ គាត់​បាន​ឆ្លើយ​ថា « អូ ! ប៉ា​គិត​ថា ប៉ា​ស្គាល់​ព្រះវិហារ​មួយ » ។

ជេមហ្សី និង​គ្រួសារ​របស់​គាត់​បាន​ដើរ​តាម​ឪពុក​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ ។ ពួកគេ​ទាំងអស់​គ្នា​បានចុះ​ទៅក្នុង​ទូក​ឈើ​តូច​របស់​ពួកគេ​នៅ​ក្បែរ​ច្រាំង​ទន្លេ ។ ប៉ា​អង្គុយ​នៅខាង​ក្រោយ​ដើម្បី​បើក​ម៉ូទ័រ ។

គ្រួសារ​លើ​ទូក​ឈើ​តូច​មួយ​ក្នុង​ទន្លេ

សំឡេង​ទូក​បាន​លាន់​ឡើង កាល​ទូក​បើកឆ្លង​ទន្លេ ។ ជេមហ្សី​បាន​រកមើល​សត្វស្លាប​ដែល​ពួន​នៅក្នុង​ដើម​ឈើ​បៃតង​ខ្ពស់ៗ ។ ប្រហែល​ជា ១៥ នាទី​ក្រោយមក ពួកគេ​បាន​ឃើញ​អគារ​ព្រះវិហារ​តូច​មួយ ។ មាន​ស្លាក​សញ្ញា​សរសេរ​ថា « សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។

ប៉ា​បាន​និយាយ​ថា « នេះ​គឺជា​ព្រះវិហារ​ដែល​ប៉ា​បាន​គិត​ដល់ » ។ គាត់​បាន​បើក​ទូក​ទៅឆ្នេរ ហើយ​សមាជិក​គ្រប់​គ្នា​ចុះ​ចេញ​ពី​ទូក ។ ពួកគេ​អាច​ឮ​សម្លេង​តន្ត្រី​ចេញ​មកពី​រោងថ្វាយបង្គំ ។

នៅខាង​ក្នុង​ព្រះវិហារ ជេមហ្សី​អង្គុយ​ជាមួយ​ប៉ាម៉ាក់ និង​បងប្អូន​របស់​គាត់ ។ ពួកគេ​បាន​ស្តាប់​អ្នក​ឡើង​និយាយ និង​ចម្រៀង ។ ជេមហ្សី​មាន​អារម្មណ៍​កក់ក្តៅ និង​រីករាយ​នៅក្នុង​ចិត្ត ។

នៅពេល​ដែល​ការប្រជុំ​ចប់ ស្ត្រី​ចិត្ត​ល្អ​ម្នាក់​បានមក​និយាយ​ជាមួយ​ពួកគេ ។ គាត់​បាន​និយាយ​ថា « យើង​មាន​ថ្នាក់​ពិសេសស​ម្រាប់​កុមារ ។ វា​ត្រូវ​បាន​ហៅ​ថា​អង្គការ​បឋមសិក្សា ។ តើ​ប្អូនៗ​ចង់​មក​ចូលរួម​ដែរ​ឬទេ ? »

ជេមហ្សី​សម្លឹង​មើល​មុខ​ប្អូនស្រី​របស់​គាត់ ។ គាត់​មាន​អារម្មណ៍​ភ័យខ្លាច​បន្តិច​ក្នុង​ការទៅ​ថ្នាក់​ដែល​គាត់​មិន​ស្គាល់​នរណា​ម្នាក់​សោះ ! យ៉ាង​ហោច​ណាស់​ក៏​មាន​ប្អូនស្រី​របស់​គាត់​ទៅ​ជាមួយ​ដែរ ។ ប្រហែល​វា​នឹង​សប្បាយ​រីករាយ !

ជេមហ្សី​បាន​ឆ្លើយ « បាទ !

តោះ​យើង​ទៅ ។ » ម៉ារ៉ាម៉ា​មើល​ទៅ​រំភើបចិត្ត​ណាស់ ។

ជេមហ្សី និង​ប្អូនស្រី​របស់​គាត់​បាន​ដើរ​តាម​ស្ត្រី​រូប​នោះ​ទៅ​ថ្នាក់រៀន​មួយ ។ មាន​កុមារ​ជាច្រើន​អង្គុយ​នៅលើ​កៅអី​តូចៗ កំពុង​និយាយគ្នា និង​សើច​សប្បាយ ។ នៅពេល​ដែល​ជេមហ្សី​អង្គុយ​ចុះ ពួកគេ​ញញឹម​ដាក់​គាត់ ។ គ្រប់គ្នា​ចិត្ត​ល្អណាស់ !

ពួកគេ​បាន​ច្រៀង​ចម្រៀង ហើយ​ក្មេងៗ​ផ្សេង​ទៀត​បាន​ជួយ​ជេមហ្សី និង​ប្អូនស្រី​របស់​គាត់​ឲ្យ​រៀន​ពាក្យ​ទាំងនោះ ។ បន្ទាប់​មក ពួកគេ​រៀន​មេរៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ជេមហ្សី​មាន​អារម្មណ៍​ខុសប្លែក​នៅទីនេះ គឺ​ខុស​ពី​នៅ​ព្រះវិហារ​ផ្សេងទៀត​របស់​ពួកគេ ។ វា​ជា​ភាពខុសប្លែក​វិជ្ជមាន ។

គ្រួសារ​ដ៏​រីករាយ​នៅ​មុខ​អគារ​សាសនាចក្រ

នៅពេល​ព្រះវិហារ​ចប់ គ្រួសារ​របស់​ជេមហ្សី​បាន​ឡើង​ទូក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ជេមហ្សី​បាន​សម្លឹង​មើល​ស្លាក​ឈ្មោះ​នៅខាង​ក្រៅ​អគារ​ព្រះវិហារ​ម្តង​ទៀត ។ វា​មាន​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅលើ​នោះ ។ ដូច្នេះ វា​ត្រូវតែ​ជា​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ! ជេមហ្សី​ចង់​ធ្វើ​តាម​ព្រះយេស៊ូវ ។

« តើ​យើង​អាច​មក​ទីនេះ​ម្តងទៀត​បាន​ទេ​នៅ​សប្តាហ៍​ក្រោយ ? » ជេមហ្សី​បាន​សួរ ។

ម៉ាក់ និង​ប៉ា​ក៏​បាន​ញញឹម ។ ម៉ាក់​បាន​និយាយ​ថា « ម៉ាក់​ប៉ា​ក៏​បាន​គិត​ដូចគ្នា​ដែរ » ។

« ជយោ ! » អាណេស៊ី​បាន​អបអរ ។

ជេមហ្សី​បានញញឹម ។ គាត់​ដឹង​ថា ពួកគេ​បាន​រកឃើញ​អ្វីមួយ​ដែល​ពិសេស ។ ហើយ​គាត់​ទន្ទឹង​រង់ចាំ​រៀន​សូត្រ​បន្ថែម​ទៀត ។

ទំព័រ​ទម្រង់ PDF

រចនា​រូបភាព​ដោយ បេថានី ស្តេនឃ្លីស