អ្នកត្រួសត្រាយផ្លូវនៅគ្រប់ដែនដី
ដូចជា ស្ថានសួគ៌ បន្តិច
« តើក្មួយចង់មកព្រះវិហារដែរឬទេ ? » ពូ រ៉េហ្សា បានសួរ ។
ដំណើររឿងពិតមកពីប្រទេសឥណ្ឌា និងកាណាដា ។
ថាហៀរ៉ា បត់អាវចុងក្រោយ ហើយដាក់វានៅក្នុងវ៉ាលីសរបស់នាង ។ នាងកំពុងរៀបចំអីវ៉ាន់សម្រាប់ដំណើរកម្សាន្តនារដូវក្តៅ ដើម្បីចំណាយពេលជាមួយមីងពូរបស់នាងនៅប្រទេសកាណាដា ។ នាងរំភើប ប៉ុន្តែក៏មានការភ័យខ្លាចបន្តិចផងដែរ ។ ប្រទេសកាណាដានៅឆ្ងាយពីផ្ទះរបស់នាងនៅក្នុងប្រទេសឥណ្ឌា ។
« តើកូនរៀបចំសព្វគ្រប់ហើយឬនៅ ? » ម៉ាក់បានសួរ ។
« កូនគិតថាសព្វគ្រប់ហើយ » ។ ថាហៀរ៉ា បានបិទវ៉ាលីសរបស់នាង ។
ម៉ាក់បាននិយាយថា « កូននឹងមានពេលវេលាដ៏អស្ចារ្យ ។ ត្រូវប្រាកដថាឱបលោកពូ រ៉េហ្សា និងមីង មីស៊ូ ឲ្យខ្លាំងជំនួសម៉ាក់ផង » ។
នៅពេល ថាហៀរ៉ា ចុះពីយន្តហោះនៅប្រទេសកាណាដា នាងបានឱបលោកពូ រ៉េហ្សា និងមីង មីស៊ូ យ៉ាងខ្លាំង ។ នាងនិយាយថា « នេះមកពីម៉ាក់របស់ខ្ញុំ » ។
ពួកគេបានចំណាយពេលប៉ុន្មានថ្ងៃបន្ទាប់ដើរលេងពេញទីក្រុង និងកន្លែងនៅក្បែរនោះ ។ នាងបានទៅទស្សនាសួនកម្សាន្ត និងមើលទឹកជ្រោះ នាអាហ្គារ៉ា ជាលើកដំបូង ។ វាពិតជាសប្បាយរីករាយណាស់ !
នៅរសៀលថ្ងៃសៅរ៍ ថាហៀរ៉ាបានជួយធ្វើសម្លសាច់មាន់ម៉ាខានី សម្រាប់អាហារពេលល្ងាច ។ បន្ទាប់ពីពួកគេបរិភោគរួច លោកពូរ៉េហ្សា បានសួរសំណួរមួយដល់នាង ។
គាត់បានសួរថា « តើថ្ងៃស្អែកក្មួយចង់ទៅព្រះវិហារជាមួយពួកយើងទេ ? យើងទៅព្រះវិហារគ្រីស្ទាន ។ យើងរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់នៅទីនោះ » ។
ថាហៀរ៉ាបានឆ្លើយ « ចាសចង់ លោកពូ » ។ ម៉ាក់ និងប៉ាជឿលើសាសនាផ្សេងពីនេះ ប៉ុន្តែ ថាហៀរ៉ាទៅសាលាបណ្ដុះបណ្ដាលគ្រីស្ទានក្នុងប្រទេសឥណ្ឌា ។ ការទៅព្រះវិហារថ្មីនឹងមិនមានអ្វីខុសប្លែកគ្នាច្រើនទេ ។
នៅថ្ងៃបន្ទាប់ ថាហៀរ៉ាបានពាក់រ៉ូបដែលមីងរបស់នាងឲ្យនាងពាក់ ។ នៅពេលពួកគេមកដល់សាលាប្រជុំ ហើយដើរចូលទៅខាងក្នុង មនុស្សគ្រប់គ្នាកំពុងច្រៀង ។ ថាហៀរ៉ា ឈប់ ហើយសម្លឹងមើលមនុស្សទាំងអស់ ។ មានម៉ាក់ និងប៉ាអង្គុយជាមួយកូនៗរបស់ពួកគេ ។ មនុស្សគ្រប់គ្នាមើលទៅសប្បាយចិត្តណាស់ ។ ចម្រៀងពិរោះណាស់ ។
ថាហៀរ៉ាបានគិតថា វាមានអារម្មណ៍ដូចជានៅស្ថានសួគ៌អ៊ីចឹង ។
ថាហៀរ៉ាអង្គុយនៅលើកៅអីមួយជាមួយមីង មីស៊ូ និងលោកពូ រ៉េហ្សា ។ នាងបានមើលថាសនំបុ័ង និងទឹក ពេលដែលចែកនំបុ័ង និងទឹក ។ នាងបានស្តាប់អ្នកឡើងនិយាយថ្លែងអំពីព្រះយេស៊ូវគ្រីស្ទ ។ ហើយនាងបានឮសំឡេងច្រៀងបន្ថែមទៀត ។ បទចម្រៀងចុងក្រោយគឺអំពីក្រុមគ្រួសារអាចរស់នៅជាមួយគ្នាជានិរន្តរ៍បាន ។ នាងចូលចិត្តអារម្មណ៍ល្អនេះ ដែលមានមកពីទំនុកបទទាំងនេះ ។
បន្ទាប់ពីការអធិស្ឋានចុងក្រោយ ថាហៀរ៉ាងាកទៅរកលោកពូ រ៉េហ្សា ។ « តើការរស់នៅជាមួយគ្នាជានិរន្តរ៍មានន័យដូចម្តេច ? »
លោកពូ រ៉េហ្សា បានញញឹម ។ « យើងជឿថា ប្រសិនបើយើងធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយចុះ និងរក្សាការសន្យាជាមួយព្រះ នោះយើងអាចរស់នៅក្នុងស្ថានសួគ៌ជាមួយក្រុមគ្រួសាររបស់យើងបាននៅថ្ងៃណាមួយ—ទាំងអស់គ្នា » ។
ថាហៀរ៉ា មានអារម្មណ៍កក់ក្តៅតាំងពីក្បាលរហូតដល់ចុងជើងរបស់នាង ។ នាងចូលចិត្តគំនិតនៃការរស់នៅជាមួយគ្រួសាររបស់នាងជានិរន្តរ៍ ។
បន្ទាប់ពីចប់ព្រះវិហារ ថាហៀរ៉ានៅបន្តគិតអំពីតន្ត្រីដ៏ពិរោះនោះ ។ នាងចង់រៀនសូត្របន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ និងក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច ។ នាងបានសម្រេចចិត្តជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ កាលកន្លងទៅបានប៉ុន្មានសបា្តហ៍ ថាហៀរ៉ាបានដឹងកាន់តែច្រើនថា ដំណឹងល្អគឺជាការពិត ។
ថាហៀរ៉ាបានទូរសព្ទទៅប៉ាម៉ាក់របស់នាង ដើម្បីប្រាប់ពួកគាត់អំពីអ្វីដែលនាងកំពុងរៀន ។ បន្ទាប់មក នាងបានសួរពួកគាត់សំណួរសំខាន់មួយ ។ « តើកូនអាចទទួលបុណ្យជ្រមុជទឹកបានទេ ? » ពួកគាត់តបថា បាន !
នៅថ្ងៃបុណ្យជ្រមុជទឹករបស់នាង ថាហៀរ៉ា លោកពូ រ៉េហ្សា និងមីង មីស៊ូ បានច្រៀងបទ « ខ្ញុំជាកូនរបស់ព្រះ » ។ លោកពូ រ៉េហ្សា បានបកប្រែចម្រៀងនោះ ដើម្បីពួកគេអាចច្រៀងវាជាភាសាហិណ្ឌូ ។ ហិណ្ឌូគឺជាភាសាដែលនាងនិយាយនៅផ្ទះនៅក្នុងប្រទេសឥណ្ឌា ។
នៅពេល ថាហៀរ៉ា ច្រៀង នាងមានអារម្មណ៍កក់ក្តៅនៅក្នុងដួងចិត្តរបស់នាង ។ វាមានអារម្មណ៍ដូចជានៅស្ថានសួគ៌អ៊ីចឹង ។ ហើយ ថាហៀរ៉ា បានដឹងថា ដោយសារតែព្រះយេស៊ូវគ្រីស្ទ ប្រសិនបើនាងបានរក្សាការសន្យារបស់នាងទៅកាន់ព្រះវរបិតាសួគ៌ នោះនាងអាចរស់នៅជាមួយទ្រង់ទាំងទ្វេម្តងទៀតបាននៅថ្ងៃណាមួយ ។
រចនារូបភាពដោយ អ៊ឺខាតាមិនដាល