វាក្យសព្ទដំណឹងល្អរបស់ខ្ញុំ
សូមរកមើលពាក្យ និងឃ្លាទាំងនេះនៅក្នុងទស្សនាវដ្ដី ប្រិយមិត្ដ ច្បាប់នេះ !
ការកាន់កាប់ត្រួតត្រា
ការកាន់កាប់ត្រួតត្រា គឺជាការទទួលខុសត្រូវក្នុងការថែទាំនូវអ្វីដែលសំខាន់ ។ ព្រះវរបិតាសួគ៌ជឿជាក់លើយើងឲ្យកាន់កាប់ត្រួតត្រាលើផែនដីនេះ ។ ការណ៍នេះមានន័យថា ទ្រង់សុំឲ្យយើងថែទាំ និងការពារពិភពលោកដ៏ស្រស់ស្អាតរបស់ទ្រង់ ។
ការប្រែចិត្ត
ការប្រែចិត្ត គឺជារបៀបដែលយើងងាកទៅរកព្រះយេស៊ូវគ្រីស្ទ នៅពេលយើងធ្វើការជ្រើសរើសខុស ។ ដើម្បីប្រែចិត្ត យើងត្រូវមានអារម្មណ៍សោកស្តាយចំពោះអ្វីដែលយើងបានធ្វើ ទូលសូមជំនួយ និងការអភ័យទោសពីព្រះវរបិតាសួគ៌ ហើយព្យាយាមកែកំហុសនោះ ។ ដោយសារតែដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ នោះយើងអាចបែរចេញពីជម្រើសអាក្រក់បាន ហើយធ្វើការជ្រើសរើសត្រឹមត្រូវជំនួសវិញ ។
នគរសេឡេស្ទាល
នគរសេឡេស្ទាល គឺជាកន្លែងដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទគង់នៅ ។ តាមរយៈការជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទ នោះយើងអាចរស់នៅទីនោះបាននៅថ្ងៃណាមួយជាមួយក្រុមគ្រួសាររបស់យើងជារៀងរហូត ។
ការរស់ឡើងវិញ
ការរស់ឡើងវិញ គឺនៅពេលដែលវិញ្ញាណ និងរូបកាយរបស់ប្អូនផ្គុំចូលគ្នាវិញ បន្ទាប់ពីប្អូនស្លាប់ទៅ ។ នៅពេលប្អូនរស់ឡើងវិញ រូបកាយរបស់ប្អូនគឺល្អឥតខ្ចោះ ហើយប្អូនមិនអាចឈឺ ឬស្លាប់ទៀតទេ ។ ដោយសារតែការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នោះមនុស្សគ្រប់រូបនឹងបានរស់ឡើងវិញដែរ ។
រចនារូបភាពដោយ ម៉ាឌីសិន ប៊េកឺ