សម័យប្រជុំរសៀលថ្ងៃសៅរ៍
សិទ្ធិអំណាចដ៏ទេវភាព យុវជនដ៏អស្ចារ្យ
សេចក្តីដកស្រង់
ក្នុងខែមករានេះ កាលខ្ញុំអង្គុយនៅក្នុងការប្រជុំសាក្រាម៉ង់ មានយុវជនប្រមាណដប់នាក់ជាងដែលត្រូវបានគាំទ្រឲ្យទទួលបព្វជិតភាពអើរ៉ុន ។ ខ្ញុំមានអារម្មណ៍ថា ពិភពលោកយើងកំពុងផ្លាស់ប្ដូរ ។
វាបានធ្វើឲ្យខ្ញុំមានការយល់ឃើញភ្លាមៗថានៅជុំវិញពិភពលោក នៅតាមម៉ោងតំបន់មួយទៅម៉ោងតំបន់មួយ នៅក្នុងការប្រជុំសាក្រាម៉ង់ដូចគ្នានេះ មានពួកឌីកុន ពួកគ្រូ និងពួកសង្ឃរាប់ម៉ឺននាក់ … ត្រូវបានគាំទ្រដើម្បីបានតែងតាំងនៅក្នុងការងារបម្រើនៃបព្វជិតភាពពេញមួយជីវិតនៅគ្រប់ទីកន្លែងទូទាំងសាសនាចក្រ សម្រាប់ការប្រមូលសាសន៍អ៊ីស្រាអែល ។ …
ការតែងតាំងទាំងនេះរៀបចំយុវជនទាំងនេះឲ្យចូលទៅក្នុងការបម្រើពេញមួយជីវិតពេលដែលពួកគេនឹងឃើញខ្លួនពួកគេស្ថិតនៅក្នុងពេលវេលា និងទីកន្លែងដ៏សំខាន់ ដែលវត្តមាន និងការអធិស្ឋានរបស់ពួកគេ ព្រមទាំងអំណាចនៃបព្វជិតភាពនៃព្រះដែលពួកគេកាន់នឹងមានឥទ្ធិពលយ៉ាងខ្លាំងក្លា ។ …
ព្រះអម្ចាស់ទុកចិត្ដដល់អ្នកកាន់បព្វជិតភាពអើរ៉ុនសម័យនេះ ឲ្យធ្វើកិច្ចការដូចគ្នាជាច្រើនដែលពួកគេបានធ្វើពីបុរាណ ៖ ដើម្បីបង្រៀន និងចាត់ចែងពិធីបរិសុទ្ធ—ទាំងអស់ដើម្បីរំឭកយើងអំពីដង្វាយធួនរបស់ទ្រង់ ។
នៅពេលពួកឌីកុន ពួកគ្រូ និងពួកសង្ឃជួយបម្រើពិធីសាក្រាម៉ង់ ពួកគេទទួលបានពរជ័យរបស់ពិធីនេះដូចមនុស្សគ្រប់គ្នាផងដែរ ៖ តាមរយៈការរក្សាសេចក្តីសញ្ញាដែលពួកគេធ្វើនៅពេលដែលពួកគេទទួលទាននំបុ័ង និងទឹកជាលក្ខណៈផ្ទាល់ខ្លួន ។ ប៉ុន្តែនៅក្នុងការអនុវត្តកាតព្វកិច្ចដ៏ពិសិដ្ឋទាំងនេះ នោះពួកគេក៏រៀនសូត្របន្ថែមទៀតអំពីតួនាទី និងទំនួលខុសត្រូវនៃបព្វជិតភាពរបស់ពួកគេផងដែរ ។ …
ការរំពឹងទុកដ៏ធ្ងន់បែបនេះតម្រូវឲ្យមានការរៀបចំយ៉ាងម៉ត់ចត់ ។ …
ខ្ញុំមានអំណរគុណជារៀងរហូតថា អ្នកកាន់បព្វជិតភាពអើរ៉ុន ជាមួយនឹងអំណាច ពិធីបរិសុទ្ធ និងកាតព្វកិច្ចរបស់វា ប្រទានពរដល់យើងទាំងអស់គ្នាតាមរយៈកូនសោនៃ « ការបម្រើនៃពួកទេវតា និងអំពីដំណឹងល្អនៃការប្រែចិត្ត និងអំពីបុណ្យជ្រមុជទឹក ដោយការពន្លិចសម្រាប់ការផ្ដាច់បាប » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣:១ ) ។