ដើម្បី​កម្លាំង​នៃ​យុវជន
ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​ក្រុម​គ្រួសារ
ដើម្បី​កម្លាំង​នៃ​យុវជន ខែមីនា ឆ្នាំ២០២៦


ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​ក្រុម​គ្រួសារ

ការបង្រៀន ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​ប្រទានពរ​ដល់​ក្រុម​គ្រួសារ​ទាំងអស់​នៅលើ​ផែនដី ។

យ៉ាកុប​យល់​សប្តិ​ឃើញ​ជណ្តើរ​ទៅ​ឋានសួគ៌

រចនា​រូបភាព​ដោយ ឆ័រណា ធេននី

ថ្មីៗ​នេះ ស៊ីស្ទើរ អុជដូហ្វ និង​ខ្ញុំ​បាន​ចូលរួម​ពិធីបុណ្យ​ជ្រមុជទឹក​ចៅទួត​របស់យើង​ម្នាក់ ។ នៅពេល​យើង​មើលទៅ​កូនចៅ​ជាច្រើន​ជំនាន់​ទាំងនេះ​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ​ដោយ​សប្បាយ​រីករាយ យើង​មាន​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះវរបិតាសួគ៌​របស់យើង សម្រាប់​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់​ដែល​មាន​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។ យើង​មាន​អារម្មណ៍​ដឹង​ថា​គ្រួសារ និង​សេចក្តីសញ្ញា​ដ៏ពិសិដ្ឋ​មាន​សារសំខាន់​ប៉ុនណា​ចំពោះ​ទ្រង់​តាំងពី​ដើម​រៀងមក ។

សារៈសំខាន់​នោះ​អាច​រកឃើញ​នៅក្នុង​ព្រះគម្ពី​សញ្ញាចាស់ អំពី​យ៉ាកុប​ដ៏ស្មោះត្រង់ ដែល​បាន​ធ្វើ​ដំណើរ​យ៉ាង​វែងឆ្ងាយ និង​លំបាក​ដើម្បី​ស្វែងរក​ប្រពន្ធ ដើម្បី​រៀបការ​នៅក្នុង​សេចក្តីសញ្ញា និង​បង្កើត​គ្រួសារ​មួយ ។ ល្ងាច​មួយ យ៉ាកុប​បាន​ឈប់​សម្រាក​នៅពេល​យប់ ហើយ​មាន​តែ​ដុំថ្ម​ប៉ុណ្ណោះ​ដើម្បី​ធ្វើជា​ខ្នើយកើយ ។ គាត់​ប្រហែលជា​អស់កម្លាំង​ខ្លាំងណាស់​ពីព្រោះ​គាត់​អាច​គេង​លង់លក់​នៅ​លើ​ថ្ម​បាន—ហើយ​ថែម​ទាំង​គេង​យល់​សប្ដិ​ថែម​ទៀត​ផង ។

គាត់​យល់​សប្តិ​ឃើញ​ថា​មាន​ជណ្តើរ​១​បញ្ឈរ​នៅ​លើ​ដី មាន​ចុង​ទល់​នឹង​ផ្ទៃ​មេឃ ក៏​ឃើញ​មាន​ពួក​ទេវតា​របស់​ព្រះ​ឡើង​ចុះ​តាម​ជណ្តើរ​នោះ ។

« ព្រះយេហូវ៉ា​ក៏​សណ្ឋិត​នៅ​ពី​លើ​ជណ្តើរ ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​ជា​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រាហាំ​ជីតា​ឯង ហើយ​ជា​ព្រះ​នៃ​អ៊ីសាក » ( លោកុប្បត្តិ ២៨:១២–១៣ ) ។

បន្ទាប់មក​ព្រះអម្ចាស់​បាន​ធ្វើ​ការសន្យា​ពី​សេចក្តីសញ្ញា​ដ៏សំខាន់​មួយចំនួន​ដល់​យ៉ាកុប—ការសន្យា​ដែល​ទ្រង់​បាន​ធ្វើ​ជាមួយនឹង​ឪពុក​របស់​យ៉ាកុប គឺ​អ៊ីសាក និង​ជីតា​របស់​គាត់ គឺ​អ័ប្រាហាំ រួមមាន ៖

  • ការសន្យា​ដែល​ថា យ៉ាកុប​នឹង​ក្លាយ​ជា​ឪពុក​របស់ « គ្នា​ដ៏​ច្រើន » ( លោកុប្បត្តិ ២៨:៣, ១៤ ) ។

  • ការសន្យា​អំពី​ដី​សម្រាប់​កូនចៅ​របស់​យ៉ាកុប ( សូមមើល លោកុប្បត្តិ ២៨:៤, ១៣ ) ។

  • ការសន្យា​ដែលថា​តាមរយៈ​យ៉ាកុប និង​« គ្រប់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ ដោយសារ​ឯង ហើយ​និង​ពូជ​ឯង » ( លោកុប្បត្តិ ២៨:១៤ បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

ដោយសារ​តែ​បទពិសោធន៍​ដ៏ពិសិដ្ឋ​ដែល​យ៉ាកុប​មាន​យ៉ាង​ដូច្នោះ​ទើប​គាត់​បាន​ប្រកាស​ថា ៖ « ពិត​ប្រាកដ​ជា​ព្រះយេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នេះ​ហើយ ។ … ទី​នេះ​មិន​មែន​ជា​អ្វី​ទេ គឺ​ជា​ដំណាក់​នៃ​ព្រះ ហើយ​ជា​ទ្វារ​ស្ថាន‌សួគ៌​ពិត » ( លោកុប្បត្តិ ២៨:១៦–១៧ ) ។ ដូច្នេះ​ហើយ យ៉ាកុប​បាន​ដាក់​ឈ្មោះ​តំបន់​នោះ​ថា បេត-អែល ដែល​មាន​ន័យថា « ដំណាក់​នៃ​ព្រះ » ( សូមមើល លោកុប្បត្តិ ២៨:១៩ ) ។

ព្រះវិហារ​បរិសុទ្ធ​គឺ​ប្រៀប​ដូចជា​ជណ្តើរ​ដែល​យ៉ាកុប​បាន​មើលឃើញ​ដែរ ។ ការបង្រៀន ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ទាំងឡាយ​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​ភ្ជាប់​ស្ថានសួគ៍ និង​ផែនដី​ឲ្យ​ជាប់​គ្នា ។ សេចក្តីសញ្ញា​អាច​ប្រៀប​ទៅនឹង​ការឡើង​នៅលើ​ជណ្តើរ​ដែល​ធ្វើឲ្យ​យើង​កាន់តែ​ខិត​ទៅជិត​នឹង​ព្រះអម្ចាស់ ។ ហើយ តាមរយៈ​ការបម្រើ​របស់​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏ពិសិដ្ឋ នោះ​យើង​កំពុង​ផ្តល់ពរ​ដល់ « គ្រប់​ទាំង​គ្រួសារ​នៅ​ផែនដី »—ទាំង​នៅក្នុង​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល ។

ទស្សនៈ​ដ៏រីករាយ​នៃ​ស្ថានសួគ៌

អែលឌើរ ប្រ៊ូស ស៊ី ហាហ្វិន ដែល​ជា​សមាជិក​កិត្តិយស​នៃ​ពួកចិតសិបនាក់ ធ្លាប់​បាន​ទទួល​ទូរសព្ទ​មកពី​និពន្ធនាយក​ទស្សនាវដ្តី​ព័ត៌មាន​ជាតិ​មួយ ដើម្បី​និយាយ​អំពី​សៀវភៅ​មួយ​ដែល​បង្ហាញ​ពីប្រវត្តិ​នៃ​ជំនឿ​អំពី​ស្ថានសួគ៌​នៅទូទាំង​សាសនា​ផ្សេងៗគ្នា ។

អែលឌើរ ហាហ្វិន​បាន​មាន​ប្រសាសន៍​ថា « អ្នកនិពន្ធ​បាន​រកឃើញ​ថា សាធារណជន​មាន​ចិត្ត​ចង់​ដឹង​យ៉ាងខ្លាំង​អំពី​ស្ថានសួគ៌—និង​ក្រុម​គ្រួសារ​នៅ​ស្ថានសួគ៌ » ។ ប៉ុន្តែ « ព្រះវិហារ​គ្រិស្ដសាសនា​ភាគច្រើន​ផ្តល់​នូវ​ការឆ្លើយតប​តិចតួច​ចំពោះ​ការ​ចង់ដឹង​ចង់ឮ​ផ្ទាល់ខ្លួន​នេះ »—ដោយ​លើកលែង​តែ ៖ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។

នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ យើង​មាន​ព្រះវិហារ​បរិសុទ្ធ​ដ៏ពិសិដ្ឋ ។ យើង​មាន​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច ដោយ​មាន​សិទ្ធិ​អំណាច​នៃ​ការផ្សារភ្ជាប់​ដែល​ផ្តល់​ពរជ័យ​លើស​ពី​ការស្លាប់​ខាង​សាច់ឈាម ។ យើង​មាន​ការសន្យា​អំពី​អនាគត​ដ៏អស់កល្ប​ជានិច្ច​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​នៅក្នុង​ទីវត្តមាន​របស់​ព្រះវរបិតា និង​ព្រះរាជ​បុត្រា ។ ដោយសារ​ចំណុច​ទាំងអស់​នេះ អ្នកនិពន្ធ​បាន​សន្និដ្ឋាន​ថា គោលគំនិត​របស់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​អំពី​ស្ថានសួគ៌​គឺ​ពេញលេញ​បំផុត—ហើយ ខ្ញុំ​នឹង​បន្ថែមថា មាន​សុភមង្គល​ជាងគេ​បំផុត ។

ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ព្រះអម្ចាស់ … បាន​បង្កើត​ផែនដី ដើម្បី​ឲ្យ​យើង​អាច​ទទួលបាន​រាងកាយ និង​បង្កើត​ក្រុម​គ្រួសារ ។ ទ្រង់​បាន​បង្កើត​សាសនាចក្រ​របស់​ទ្រង់​ឡើង​ដើម្បី​លើកតម្កើង​ក្រុម​គ្រួសារ ។ ទ្រង់​ប្រទាន​នូវ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​អាច​នៅ​ជាមួយគ្នា​ជានិរន្តរ៍ » ។

គ្រួសារ​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ

ការការពារ​គ្រួសារ

យើង​មិន​គួរភ្ញាក់ផ្អើល​ទេ​ថា អ្វី​ដែល​សំខាន់​ខ្លាំង​បំផុត​ចំពោះ​ផែនការ​របស់​ព្រះ​នឹង​មាន​ការប្រឆាំង​ជំទាស់​នោះ ។ ប្រធាន អិម រ័សុល បាឡឺដ ( ឆ្នាំ១៩២៨–២០២៣ ) បាន​មាន​ប្រសាសន៍​ថា « សាតាំង​ដឹង​ថា វិធី​ដ៏​ប្រាកដ​បំផុត និង​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​បង្អាក់​កិច្ចការ​របស់​ព្រះអម្ចាស់ គឺ​ការបន្ថយ​ប្រសិទ្ធភាព​នៃ​គ្រួសារ និង​ភាពបរិសុទ្ធ​នៃ​គេហដ្ឋាន » ។

ដោយ​ដឹង​ពីអ្វី​ដែល​យើង​ដឹង នោះ​យើង​គួរតែ​ស្ថិត​ក្នុង​ចំណោម​អ្នក​ការពារ​គ្រួសារ​យ៉ាង​ស្វិតស្វាញ​បំផុត​របស់​ពិភពលោក​នេះ ។

តើ​យើង​ធ្វើ​កិច្ចការ​នេះ​បាន​ដោយ​របៀប​ណា ?

យើង​អាច​ធ្វើ « កិច្ចការ​តូចតាច និង​ងាយ » ( អាលម៉ា ៣៧:៦ ) ដែល​ពង្រឹង​ទំនាក់ទំនង​គ្រួសារ ។ ការណ៍​នេះ​រួមបញ្ចូល​ទាំង​ការធ្វើ​តាម​គោលការណ៍​ដែល​មាន​ចែង​នៅក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ ៖ « សេចក្តី​ជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរពគ្នា សេចក្តី​ស្រឡាញ់ សេចក្តី​មេត្តា​ករុណា ការងារ និង​កម្មវិធី​កំសាន្ត​ល្អៗ​នានា » ។ ដោយ​មិន​គិត​ពី​ស្ថានភាព​គ្រួសារ​បច្ចុប្បន្ន​របស់​អ្នក អ្នក​អាច​បង្ហាញ​តាមរយៈ​សកម្មភាព​របស់​អ្នក​ថា ទំនាក់ទំនង​គ្រួសារ​មាន​សារៈសំខាន់​ដ៏​អស់កល្ប​ចំពោះ​អ្នក ។

តាមរយៈ​ការរស់នៅ ការការពារ និង​ការចែកចាយ​សេចក្តីពិត​ដ៏អស់កល្ប​ជានិច្ច​អំពី​ក្រុម​គ្រួសារ យើង​អាច​ជួយ​អ្នកដទៃ​មើលឃើញ​ថា « គ្រួសារ​ជា​ផ្នែក​ដ៏សំខាន់​មួយ នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត សម្រាប់​គោលដៅ​ដ៏នៅ​អស់កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ » ហើយថា « ព្រះវិហារ​បរិសុទ្ឋ​ដ៏ពិសិដ្ឋ​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់ៗ​ត្រឡប់​ទៅ​កាន់​វត្តមាន​នៃ​ព្រះ​រិញ ហើយ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​អាច​ត្រូវបាន​រួបរួមគ្នា​ដ៏​អស់កល្ប​ជានិច្ច » ។

ព្រះយេស៊ូវគ្រីស្ទ

The Chosen One [ អង្គ​ដែល​ត្រូវបាន​ជ្រើសរើស ] ដោយ ដែន វិលសុន

« យើង​នៅ​ជាមួយ​នឹង​ឯង »

នៅពេល​ដែល​ស៊ីស្ទើរ អុជដូហ្វ និង​ខ្ញុំ​មើល​សមាជិក​គ្រួសារ​របស់​យើង​ធ្វើ​សេចក្តីសញ្ញា​ដ៏ពិសិដ្ឋ​ជាមួយនឹង​ព្រះវរបិតាសួគ៌​ដ៏ជាទី​ស្រឡាញ់ និង​អស់កល្ប​ជានិច្ច​របស់​យើង នោះ​ដួងចិត្ត​របស់​យើង​ពោរពេញ​ដោយ​សេចក្តី​អំណរ និង​ការដឹងគុណ ។ យើង​រីករាយ​មិន​ត្រឹមតែ​ចំពោះ​កូនៗ​របស់​យើង និង​កូនៗ​របស់​ពួកគេ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ចំពោះ​ឪពុកម្តាយ​របស់​ពួកយើង និង​ឪពុកម្តាយ​របស់​ពួកគេ​ផងដែរ ។ យើង​ពិចារណា​ដោយ​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​អំពី​របៀប ដែល​សេចក្តីសញ្ញា​នៃ​ដំណឹងល្អ​បង្រួបបង្រួម​យើង​គ្រប់​ជំនាន់​ទាំងអស់ ។

ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​នៅក្នុង​សុបិន​របស់​គាត់​ថា​មាន​អ្វីៗ​គ្រប់យ៉ាង​ទាក់ទង​នឹង​ក្រុម​គ្រួសារ ។ ហើយ​ពួកលោក​បាន​ពង្រីក​ទៅដល់​កូនៗ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់ ទាំងអស់ —រួមទាំង​ក្មួយៗ និង​ខ្ញុំ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « មើល​យើង​នៅ​ជា​មួយ​នឹង​ឯង យើង​នឹង​ថែ​រក្សា​ឯង​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ … ពី​ព្រោះ​យើង​មិន​ចោល​ឯង​ឡើយ » ( លោកុប្បត្តិ ២៨:១៥ ) ។

ខ្ញុំ​សូម​សន្យា​ថា នៅពេល​ដែល​ក្មួយៗ​ធ្វើតាម និង​ចែកចាយ​ផែនការ​របស់​ព្រះវរបិតាសួគ៌​របស់​យើង​សម្រាប់​ក្រុម​គ្រួសារ នោះ​ទ្រង់​នឹង​គង់នៅ​ជាមួយ​ក្មួយ ជាពិសេស​នៅពេល​ដែល​ការសាកល្បង​មកដល់​ក្មួយ ឬ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ក្មួយ ។ ទ្រង់​នឹង​ដឹក​ក្មួយ លើក​ក្មួយ​ឡើង និង​ដឹកនាំ​ក្មួយ​ទៅកាន់​ភាព​ពោរពេញ​ដោយ​សេចក្តីអំណរ​ជាមួយ​នឹង​ទ្រង់ ជាមួយ​នឹង​ព្រះរាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ និង​ជាមួយ​គ្រួសារ​របស់​ក្មួយ—ដ៏​អស់កល្ប​ជានិច្ច ។

កំណត់​ចំណាំ

  1. សូមមើល ម៉ារ៉ុន ជី រ៉មនី « Temples—The Gates to Heaven » Ensign ខែមីនា ឆ្នាំ១៩៧១ ទំព័រ ១៦ ។

  2. សូមមើល ខលីន មឹកដេនណឺល និង ប៊ើនហាដ ឡេង ស្ថានសួគ៌ ( ឆ្នាំ២០០១ ) ទំព័រ ៣០៩ ។

  3. រ័សុល អិម ណិលសុន សន្និសីទ​ទូទៅ ខែតុលា ឆ្នាំ២០០១Ensign ខែវិច្ឆិកា ឆ្នាំ២០០១ ទំព័រ ៦៩ ) ។

  4. អិម រ័សុល បាឡឺដ « The Sacred Responsibilities of Parenthood » ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០៣ នៅលើ​គេហទំព័រ speeches.byu.edu; សូមមើល​ផងដែរ Ensign ខែមីនា ឆ្នាំ២០០៦ ទំព័រ ២៨–២៩ ។

  5. « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  6. « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។