ដើម្បី​កម្លាំង​នៃ​យុវជន
ការប្រារព្ធពិធី​បុណ្យអ៊ីស្ទើរ
ដើម្បី​កម្លាំង​នៃ​យុវជន ខែមីនា ឆ្នាំ២០២៦


ការប្រារព្ធពិធី បុណ្យអ៊ីស្ទើរ

ខណៈពេល​កំពុង​នឹកចាំ​ថា​វា​អំពី​នរណា

ប្រពៃណី​បុណ្យអ៊ីស្ទើរ​ចំនួន ៦ មកពី​ជុំវិញ​ពិភពលោក និង​របៀប​ដែល​ប្រពៃណី​ទាំងនេះ​អាច​ជួយ​យើង​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ ។

ស៊ុត​នៃ បុណ្យអ៊ីស្ទើរ

រចនា​រូបភាព​ដោយ ជូឌី ប្លូមហ្វីល

ប្រពៃណី

ការភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ព្រះគ្រីស្ទ

១. ស៊ុត​នៃ បុណ្យអ៊ីស្ទើរ

ស៊ុត ស៊ុត ស៊ុត ។ នៅជុំវិញ​ពិភពលោក ស៊ុត​នៃ​បុណ្យអ៊ីស្ទើរ​ត្រូវបាន​តុបតែង ស្វែងរក រមៀល បំបែក និង​បរិភោគ ។ នៅ​ប្រទេស​អាល្លឺម៉ង់ និង​អូទ្រីស ស៊ុត​នៃ​បុណ្យអ៊ីស្ទើរ​ត្រូវបាន​គេ​ព្យួរ​នៅលើ​ដើមឈើ ( Ostereierbaum ) ។ នៅ​ប្រទេស​ម៉ិកស៊ិក ស៊ុត​ត្រូវបាន​គេចោះ​ប្រហោង និង​ញាត់​ទៅវិញ​ជាមួយនឹង​ក្រដាស ( cascarones ) ហើយ​បន្ទាប់មក​បំបែក​លើ​ក្បាល​នរណាម្នាក់ ។

ជាទូទៅ មនុស្ស​ជាច្រើន​ប្រើ​ស៊ុតដើម្បី​ប្រារព្ធពិធី​បុណ្យអ៊ីស្ទើរ ដោយ​មិន​ផ្តោតលើ​ព្រះអង្គសង្គ្រោះ​ទាល់តែ​សោះ ។ វា​អាស្រ័យ​ទៅលើ​យើង​ដើម្បី​ផ្តោតលើ​ព្រះអង្គសង្គ្រោះ​នៅក្នុង​ប្រពៃណី​បុណ្យអ៊ីស្ទើរ​របស់យើង ។ ស៊ុត​អាច​ជា​និមិត្តរូប​នៃ​ជីវិត​ថ្មី ការតភ្ជាប់​រហ័ស​មួយ​ទៅនឹង​ការរស់ឡើងវិញ ។ ថ្នាំ​ជ្រលក់​ពណ៌ក្រហម​ត្រូវបាន​គេ​ប្រើ​នៅក្នុង​វប្បធម៌​មួយចំនួន ដើម្បី​តំណាងឲ្យ​ការលះបង់​របស់​ព្រះអង្គសង្គ្រោះ ។ ហើយ​នៅពេល​ដែល​ស៊ុត​ត្រូវបាន​បំបែក សំបក​អាច​រំឭក​យើង​អំពី​ផ្នូរទទេ និង​ព្រះអង្គសង្រ្គោះ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ។ ប្រសិនបើ​អ្នក​មិន​បាន​ធ្វើការ​ភ្ជាប់​ប្រពៃណី​បុណ្យអ៊ីស្ទើរ​របស់អ្នក​ទៅនឹង​ទ្រង់​ទេ ឥឡូវនេះ​ជា​ឱកាស​ដើម្បី ចាប់ផ្តើម​ហើយ !

២. ភ្លើង​នៃ​បុណ្យអ៊ីស្ទើរ

ការមាន​ភ្លើងគប់​គឺជា​ប្រពៃណី​បុណ្យអ៊ីស្ទើរ​ទូទៅ​មួយ ជាពិសេស​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ហូឡង់ ក្រូអាត និង​ប្រទេស​ហ្វាំងឡង់ ។

ភ្លើង

ភ្លើង​នៅថ្ងៃ​បុណ្យអ៊ីស្ទើរ​អាច​រំឭក​យើង​ឲ្យ​សម្លឹងមើល​ទៅ​ព្រះអង្គសង្គ្រោះ ដែលបាន​នាំមក​នូវ​ពន្លឺ និង​ភាពកក់ក្តៅ​ដល់​ពិភពលោក ហើយ​ជាការពិត​ណាស់ ទ្រង់ជា​ពន្លឺ​នៃ​ពិភពលោក​ផ្ទាល់ ( សូមមើល យ៉ូហាន ៨:១២ ) ។

៣. ម្ហូប​អាហារ​ពិសេស

នៅជុំវិញ​ពិភពលោក​នៅ​ថ្ងៃ​បុណ្យអ៊ីស្ទើរ និមិត្តរូប​ម្ហូប​អាហារ​ពីរមុខ​ដែល​ត្រូវបាន​គេ​បរិភោគ​ម្តង​ហើយ​ម្តងទៀត ៖ សាច់ចៀម និង​នំបុ័ង ។

នំបុ័ង និង​សាច់ចៀម

សាច់ចៀម​អាច​ចង្អុល​ទៅ​កូនចៀម​នៃ​ព្រះ—ព្រះអង្គសង្គ្រោះ​ផ្ទាល់ ។ នំបុ័ង​អាច​រំឭក​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​នំបុ័ង​ជីវិត ( សូមមើល យ៉ូហាន ៦:៣៥ ) ។

៤. ការត្បាញ​ស្លឹកដូង

នៅក្នុង​ប្រទេស​មួយ​ចំនួន ដូចជា​អ៊ីតាលី អេស្ប៉ាញ ហ្វីលីពីន ម៉ិកស៊ិក អេហ្ស៊ីប និង​អេត្យូពី មនុស្ស​ត្បាញ​ស្លឹកដូង ឬ​រុក្ខជាតិ​ផ្សេងទៀត​នៅ​ថ្ងៃអាទិត្យធាងចាក ។

ធាងដូង

ថ្ងៃអាទិត្យ​ធាងចាក គឺជា​ថ្ងៃអាទិត្យ​មុនពេល​បុណ្យអ៊ីស្ទើរ និង​ការអបអរសាទរ​ជ័យជម្នះ​របស់​ព្រះយេស៊ូវ​យាងចូល​ទៅក្នុង​ទីក្រុង យេរ៉ូសាឡឹម នៅពេល​ដែល​មនុស្ស​បាន​រាយ​ស្លឹក​ធាងចាក​ពាសពេញ​នៅ​ចំពោះ​មុខ​ទ្រង់ ។

៥. ខ្លែង​ហោះ

នៅ ប៊ឺមូដា នៅ​ថ្ងៃបុណ្យអ៊ីស្ទើរ មនុស្ស​បង្ហោះ​ខ្លែង​ចម្រុះពណ៌ !

ខ្លែង

ប្រពៃណី​នេះ​គឺជា​ការរំឭក​ដ៏រីករាយ​មួយ​អំពី​ការរស់ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ និង​របៀប​ដែល​ក្រោយមក​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ហើយ​យាង​ឡើង​ទៅ​ស្ថានសួគ៌ ។

៦. ការថ្វាយបង្គំ​នៅ​ព្រះវិហារ

ចូរ​កុំ​ភ្លេច​ប្រពៃណី​បុណ្យអ៊ីស្ទើរ​ដ៏សំខាន់​បំផុត​មួយ—ការទៅ​ព្រះវិហារ ! យើង​ទៅ​ព្រះវិហារ​នៅ​ថ្ងៃអាទិត្យ​បុណ្យអ៊ីស្ទើរ ដើម្បី​ទទួល​ទាន​សាក្រាម៉ង់ ហើយ​ចងចាំ​ព្រះអង្គ​សង្គ្រោះ ។ ( ប្រសិនបើ​សន្និសីទ​ទូទៅ​នៅ​ថ្ងៃ​បុណ្យអ៊ីស្ទើរ នោះ​យើង​អាច​ចងចាំ​ទ្រង់​ដោយ​ការស្តាប់​សន្និសីទ—បន្ទាប់មក​ទទួល​ទាន​សាក្រាម៉ង់​ម្តងទៀត​នៅ​សប្តាហ៍​បន្ទាប់) ។

នំប៉័ង និង​ទឹក​ពិធីសាក្រាម៉ង់

នៅពេល​យើង​រក្សា​សេចក្តីសញ្ញា​ទាំងឡាយ​របស់​យើង ហើយ​បន្ត​រក្សា​វា​តាមរយៈ​ពិធីសាក្រាម៉ង់ នោះ​យើង​មាន​ពរជ័យ​ដែល​មាន​ព្រះវិញ្ញាណ​គង់នៅ​ជាមួយ​យើង​ជានិច្ច ។ ការណ៍នេះ​អាច​ជួយ​យើង​តភ្ជាប់​ជាមួយនឹង​ព្រះអង្គសង្គ្រោះ​នៅ​ថ្ងៃ​បុណ្យអ៊ីស្ទើរ និង​ជារៀង​រាល់ថ្ងៃ​ផ្សេងទៀត​ផងដែរ ។

យុវជន​កំពុង​ចូលរួម​ចំណែក ៖ ប្រពៃណី​បុណ្យអ៊ីស្ទើរ​ផ្ទាល់ខ្លួន

« ខ្ញុំ​ផ្តល់​ស៊ុត​សូកូឡា​បុណ្យអ៊ីស្ទើរ​ទៅដល់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​វួដ​របស់​ខ្ញុំ » ។

ជេននីហ្វឺរ អិម អាយុ ២៣ ឆ្នាំ ភើណែមប៊ូកូ ប្រទេស​ប្រេស៊ីល

« គ្រួសារ​របស់យើង​បាន​ធ្វើ​អាហារ​ពេលល្ងាច​ចុងក្រោយ ហើយ​យើង​បាន​ព្យាយាម​ធ្វើ​ឲ្យ​វា​ជា​ប្រពៃណី​តាម​ដែល​អាច​ធ្វើ​ទៅបាន » ។

អាលីស អេហ្វ អាយុ ១៦ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.

« គ្រួសារ​ខ្ញុំ និង​ខ្ញុំ​ទៅ​ទីបញ្ចុះសព​មួយ​កន្លែង ច្រៀង​ទំនុកតម្កើង​ជាមួយគ្នា ហើយ​ធ្វើ​ទីបន្ទាល់​របស់​យើង » ។

រ៉ាជែល ជី អាយុ ១៩ ឆ្នាំ រដ្ឋ​វើរជីញ៉ា ស.រ.អា.

« ខ្ញុំ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ចុងសប្តាហ៍​នៃ​បុណ្យអ៊ីស្ទើរ » ។

អេវើរី អេ អាយុ ១៧ ឆ្នាំ រដ្ឋ​ណាវ៉ាដា ស.រ.អា.

« ខ្ញុំ​បាន​អាន​ដំណឹងល្អ និង​ប្រវត្តិ​នៃ​ព្រះជន្ម​របស់​ព្រះយេស៊ូវ ! វា​ជា​សេចក្តី​អំណរ​ដ៏អស្ចារ្យ​ក្នុង​ការរៀនសូត្រ​អំពី​ទ្រង់​ក្នុង​អំឡុងពេល​បុណ្យអ៊ីស្ទើរ » ។

អេស្តេបាន អេ អាយុ ១៥ ឆ្នាំ សេនហូហ្សេ ប្រទេស​កូស្តារីកា

« នៅ បារាំង​ផូលីនេស៊ី យើង​មាន​ការប្រគុំ​តន្ត្រី​បុណ្យអ៊ីស្ទើរ​មួយ សម្រាប់​យុវវ័យ​អន្តរ​សាសនា ។ តាមរយៈ​ព្យុះ និង​ទឹកជំនន់ ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​វា​ជា​រាត្រី​មួយ​នៃ​អព្ភូតហេតុ សេចក្តីអំណរ និង​ការបង្រួបបង្រួម » ។

តេហីណា ស៊ី ធី អាយុ ២៤ ឆ្នាំ ធូប៉ូវាយ ប៉ូលីណេស៊ី បារាំង

« ឆ្នាំ​នេះ​ខ្ញុំ​ផ្តោតលើ​ការសិក្សា​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ​ក្នុង​អំឡុង​សប្តាហ៍​ដ៏បរិសុទ្ធ » ។

ម៉ាឌីសែន អរ អាយុ​១៨​ឆ្នាំ មកពី​រដ្ឋ​យូថាហ៍ ស.រ.អា