ដើម្បី​កម្លាំង​នៃ​យុវជន
ហូសាណា​របស់​ខ្ញុំ
ដើម្បី​កម្លាំង​នៃ​យុវជន ខែមីនា ឆ្នាំ២០២៦


ហូសាណា​របស់​ខ្ញុំ

ពួក​យើង​ម្នាក់ៗ​មាន​អ្វីមួយ​នៅក្នុង​ជីវិត​របស់យើង ដែល​ជម្រុញ​យើង​ឲ្យ​លុត​ជង្គង់​អធិស្ឋាន ។

យុវនារី

ជំពូក​មួយ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ដែល​ខ្ញុំ​ចូលចិត្ត​ជាងគេ​និយាយ​អំពី​ការយាងចូល​ទៅក្នុង​ក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ហ្វូង​មនុស្ស​បាន​ស្រែកថា « ហូសាណា ដល់​ព្រះវង្ស​ហ្លួង​ដាវីឌ ព្រះអង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះពរ ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត » ( ម៉ាថាយ ២១:៩ ) ។ ហើយ​នៅ​ពេលណា​ដែល​ខ្ញុំ​អាន​ខនេះ ខ្ញុំ​គិត ៖ តើ​អ្វី​ជា​ហូសាណា​របស់ខ្ញុំ ?

ខ្ញុំ​បាន​មាន​ជំងឺ​ម៉្យាង​ដែល​ធ្វើ​ឲ្យ​និយាយ​ត្រដិតពេញ​មួយ​ជីវិត​របស់​ខ្ញុំ ។ ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​តានតឹង និង​បាក់ទឹកចិត្ត ព្រោះ​ខ្ញុំ​មិន​អាច​បង្ហាញពី​ខ្លួនឯង​តាម​របៀប​ដែល​ខ្ញុំ​ចង់​បាន​ទេ ។ ខ្ញុំ​ចង់​និយាយ​ឲ្យបាន​ល្អឥតខ្ចោះ ឬ​មិន​និយាយ​ម្តងទៀត​ទាល់តែសោះ ។ ខ្ញុំ​តែងតែ​ព្រួយបារម្ភ​នៅពេល​ដែល​ខ្ញុំ​និយាយ​នៅ​ចំពោះ​មុខ​អ្នកដទៃ ឬ​សូម្បីតែ​នៅពេល​ដែល​ខ្ញុំ​អធិស្ឋាន​បញ្ចេញ​សំឡេង​ឮៗ ។ ខ្ញុំ​បាន​ទូលសុំ​ដោយ​ស្ងាត់ៗ​សម្រាប់​ការអត់ធ្មត់ ភាពសុខសាន្ត និង​ជំនួយ​ជាច្រើនដង ។ នេះ​គឺជា​ហូសាណា​មួយ​ក្នុង​ចំណោម​ហូសាណា​ផ្ទាល់ខ្លួន​ទាំងឡាយ​របស់ខ្ញុំ—ការអធិស្ឋាន​របស់​ខ្ញុំ​សម្រាប់​សេចក្ដីសង្គ្រោះ ។

គឺ​ដូច​កាល​ដែល​ព្រះគ្រីស្ទ​មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ​ការអធិស្ឋានរបស់​មនុស្ស​នៅ​ក្នុង​ក្រុង​យេរូសាឡិម នោះ​ទ្រង់​មិន​ដែល​ព្រងើយ​កន្តើយ​ចំពោះ​ការអធិស្ឋានរបស់​ខ្ញុំ​ឡើយ ។ ទ្រង់​មិន​បាន​យក​ការត្រដិត​របស់​ខ្ញុំ​ចេញទេ ប៉ុន្តែ​ទ្រង់​បាន​ពង្រឹង​ខ្ញុំ​តាម​របៀប​ដែល​ខ្ញុំ​មិន​នឹក​ស្មានដល់ ។ ទ្រង់​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​សុខសាន្ត​នៅក្នុង​គ្រា​នៃ​ការថប់បារម្ភ ហើយ​ទទួល​ស្គាល់​ថា សំឡេង​ដែល​មាន​កំហុស​របស់​ខ្ញុំ​គឺ​គ្រប់គ្រាន់​សម្រាប់​ទ្រង់ ។

ពួក​យើង​ម្នាក់ៗ​មាន​អ្វីមួយ​នៅក្នុង​ជីវិត​របស់យើង ដែល​ជម្រុញ​យើង​ឲ្យ​លុត​ជង្គង់​អធិស្ឋាន ។ ពេលខ្លះ​យើង​អាច​មាន​អារម្មណ៍​ថា​ការអធិស្ឋាន​របស់​យើង​មិន​បាន​ទទួល​ចម្លើយ ។ ប៉ុន្តែ​ទ្រង់​បាន​ស្តាប់ឮ​រាល់​ហូសាណា​ទាំងអស់ ។ ហើយ​នៅក្នុង​របៀប​និង​ពេលវេលា​ដ៏ល្អ​ឥតខ្ចោះ​របស់​ទ្រង់ នោះ​ទ្រង់​នឹង​មក​ជួយ​ដល់​យើង ។

នៅក្នុងសួនច្បារ​គែតសេម៉ានី ព្រះគ្រីស្ទ​បាន​រងទុក្ខ​សម្រាប់​អំពើបាប​របស់​យើង ហើយ​ទទួល​អារម្មណ៍​ឈឺចាប់ និង​ការតស៊ូ​របស់​យើង ។ ទ្រង់​បន្ត​ដឹកនាំ និង​លួងលោម​ដល់​អស់អ្នក​ដែល​ងាក​ទៅរក​ទ្រង់ និង​ព្រះវរបិតាសួគ៌ ។ ព្រះគ្រីស្ទ​ដដែល​នោះ​ដែល​បាន​រងទុក្ខ​សម្រាប់​យើង​នៅក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង​ក៏​បាន​ក្រោកឡើង​ពីផ្នូរ ដោយ​ការឈ្នះ​លើ​សេចក្តីស្លាប់ ដើម្បី​ឲ្យ​យើង​អាច​មាន​សេចក្តីសង្ឃឹម​ផងដែរ ។ ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ គឺជា​ចម្លើយ​ចុងក្រោយ​ចំពោះ​រាល់ ហូសាណា​ទាំងអស់ ។

អ្នក​និពន្ធ​រស់នៅ​ក្នុង​រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា. ។

កំណត់​ចំណាំ

  1. ហូសាណា មានន័យថា « សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ » ឬ « ជួយ​សង្រ្គោះ​ឥឡូវនេះ » ជា​ភាសា​ហេព្រើរ ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « ហូសាណា » Bible Dictionary « Hosanna » ) ។