ដើម្បី​កម្លាំង​នៃ​យុវជន
បុណ្យអ៊ីស្ទើរ​ដែល​ផ្តោតលើ​ព្រះអង្គ​សង្គ្រោះ
ដើម្បី​កម្លាំង​នៃ​យុវជន ខែមីនា ឆ្នាំ២០២៦


បុណ្យអ៊ីស្ទើរ ដែល​ផ្តោតលើ​ព្រះអង្គ​សង្គ្រោះ

និង​ជីវិត​ដែល​ផ្តោតលើ​បុណ្យអ៊ីស្ទើរ

យើង​ទាំងអស់គ្នា​អាច​ចូលប្រើ​ព្រះចេស្តា​នៃ​ការលួងលោម និង​ការផ្លាស់ប្តូរ​របស់​ព្រះអង្គ​សង្គ្រោះ​បាន ។

យុវជន

រូបថតដោយ ជេណេ ប៊ីងហាំ

នៅក្នុង​ថ្នាក់សិក្ខាសាលា យើង​បាន​និយាយ​អំពី​អត្តន័យ​ពិត​របស់​បុណ្យអ៊ីស្ទើរ​និង​របៀប​ដែល​យើង​គួរ​ប្រារព្ធ​ពិធី​នោះ ។ វា​មិន​ត្រឹមតែ​អំពី​ស្ករគ្រាប់ និង​ទន្សាយ​ប៉ុណ្ណោះទេ—វា​គឺ​អំពី​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​បាន​សួរ​ខ្លួនឯង​ថា « តើ​ប្រពៃណី​បុណ្យអ៊ីស្ទើរ​អ្វីខ្លះ​ដែល​ខ្ញុំ​អាច​ចាប់ផ្តើម​នៅក្នុង​ផ្ទះ​របស់ខ្ញុំ ដែល​ផ្តោតលើ​ព្រះអង្គ​សង្គ្រោះ ? »

ព្រះយេស៊ូវគ្រីស្ទ

ខ្ញុំ​ចូលចិត្ត​សាងសង់​វត្ថុ​ជាមួយ ដុំឥដ្ឋ® LEGO ។ ខ្ញុំ​បាន​រកឃើញ​រូបភាព​របស់​ព្រះអង្គសង្គ្រោះ​ចេញពី​បណ្ណាល័យ​ដំណឹងល្អ​តាម​អនឡាញ ហើយ​បាន​បំប្លែង​វា​ទៅ​ជា​ការណែនាំ​ពី​ដុំឥដ្ឋ ។ ខ្ញុំ​បាន​ធ្វើការ​នៅលើ​រូបភាព​ដុំឥដ្ឋ​ខណៈពេល​ដែល​ខ្ញុំ​ស្តាប់​សន្និសីទ​ទូទៅ ។ នៅពេល​ដែល​ខ្ញុំ​បាន​បញ្ចប់ ខ្ញុំ​បាន​ព្យួរ​វា​នៅក្នុង​ផ្ទះ​របស់ខ្ញុំ ។

ក្រុមគ្រួសារ​នៅឯ​តុ

ការចែក​រូបចម្លាក់​ព្រះអង្គ​សង្រ្គោះ

ខ្ញុំ​ក៏បាន​ទិញ​ប្រអប់​ធំមួយ​នៃ​រូបចម្លាក់​របស់​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​បុណ្យអ៊ីស្ទើរ​ផងដែរ ។ ដំបូង​ខ្ញុំ​គិតថានឹង​លាក់​រូបចម្លាក់​ទាំងអស់​នៅជុំ​វិញ​សាលារៀន​របស់ខ្ញុំ ។ ប៉ុន្តែ​នៅពេល​ដែល​មនុស្ស​នៅ​សាលា​បាន​ឃើញ​ប្រអប់​នោះ ពួកគេ​បាន​សុំ​រូបចម្លាក់​នោះ ។ លោកគ្រូ​អ្នកគ្រូ​ក៏​បាន​ចាប់ផ្តើម​សុំ​ផងដែរ ។ ហើយ​បន្ទាប់មក​ក្មេងៗ​ដែល​ខ្ញុំ​មិន​ដែល​គិតថា នឹង​ចង់បាន​រូបចម្លាក់​របស់​ព្រះយេស៊ូវ​ក៏បាន​សុំ​រូបចម្លាក់​មួយ​ដែរ ។ ដូច្នេះ​ខ្ញុំ​បាន​ផ្តល់​រូបចម្លាក់​ទាំងនោះ​ទៅឲ្យ​មនុស្ស​គ្រប់គ្នា​ដែល​ខ្ញុំ​បាន​ជួប ។

យុវជន​កំពុង​លេង​upright double bass

ព្រះអង្គសង្គ្រោះ​មិន​ខ្លាច​ក្នុង​ការមាន​បន្ទូល​ជាមួយ​នរណាម្នាក់​ទេ សូម្បីតែ​មនុស្ស​ដែល​ត្រូវបាន​គេ​បោះបង់ចោល​នៅក្នុង​សង្គម​របស់​ទ្រង់​ក៏ដោយ​ក្តី ។ ទ្រង់​គឺជា​មិត្តរបស់​ពួកគេ ។ ទ្រង់​បាន​ចំណាយពេល​ជាមួយ​ពួកគេ ។ ទ្រង់​បាន​សោយ​អាហារ​ជាមួយ​ពួកគេ ។ ការចែក​រូបចម្លាក់​បាន​បង្រៀន​ខ្ញុំ​ឲ្យ​មាន​ភាពក្លាហាន​ជាងមុន ឲ្យ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ដែរ ។ វា​ក៏​បាន​បង្រៀន​ខ្ញុំ​ដែរ​ថា មិន​ថា​អ្នក​ជា​នរណា មិន​ថា​អ្នក​គិត​ថា​អ្នក​បាន​ធ្វើ​អ្វី​នោះទេ វា​តែងតែ​មាន​កន្លែង​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ជីវិត​របស់​អ្នក​ជានិច្ច ។

ការផ្លាស់ប្តូរ​តាមរយៈ​ព្រះអង្គ​សង្គ្រោះ

ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​បាន​ងឿងឆ្ងល់​ថា តើ​ខ្ញុំ​អាច​ចូលប្រើ​ដង្វាយធួន​របស់​ព្រះអង្គ​សង្រ្គោះ​ដោយ​របៀបណា ? ប៉ុន្តែ​បុណ្យអ៊ីស្ទើរ​នេះ ខ្ញុំ​បាន​រៀន​ថា ប្រសិនបើ​ខ្ញុំ​ធ្វើការ​ផ្លាស់ប្តូរ​ក្នុង​ជីវិត​របស់ខ្ញុំ ដើម្បី​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ នោះ​ព្រះគុណ​ដ៏ធួន​របស់​ទ្រង់​នឹង​ដំណើរការ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ហើយ​ប្រសិនបើ​ខ្ញុំ​ព្យាយាម​ជារៀង​រាល់ថ្ងៃ ដើម្បី​ផ្លាស់ប្តូរ​រឿង​តូចតាច នោះ​ខ្ញុំ​នឹង​ចាប់ផ្តើម​កាន់តែ​ប្រសើរឡើង ។

អស់រយៈពេល​ពីរបី​ឆ្នាំ​ក្នុង​ជីវិត​របស់ខ្ញុំ ខ្ញុំ​មាន​បញ្ហា​ជាមួយ​ការមើល​រូបអាសគ្រាម ។ បន្ទាប់​ពី​មេរៀន​នៅក្នុង​ថ្នាក់សិក្ខាសាលា​មួយ ខ្ញុំ​ទទួល​បាន​ការបំផុស​គំនិត​ឲ្យទៅ​ជួប​ជាមួយ​ប៊ីស្សព​របស់​ខ្ញុំ ។ វា​ងាយស្រួល​ជាង​ក្នុង​ការចាប់ផ្តើម​យក​ឈ្នះលើ​ឧបសគ្គ​របស់ខ្ញុំ នៅពេល​ដែល​ខ្ញុំ​បាន​ប្រាប់​ទៅដល់​ប៊ីស្សព និង​ឪពុកម្តាយ​របស់ខ្ញុំ ពីព្រោះ​វា​ពិតជា​ពិបាក​ណាស់​ដើម្បីហែលឆ្លង​រឿងនោះ​តែម្នាក់ឯង ។

យុវជន​កំពុង​អធិស្ឋាន

ខ្ញុំ​បាន​ចាប់ផ្តើម​ព្យាយាម​អធិស្ឋាន និង​អាន​បទគម្ពីរ​របស់ខ្ញុំ​ជារៀង​រាល់ថ្ងៃ ហើយ​ខ្ញុំ​បាន​ព្យាយាម​មាន​ចិត្តសប្បុរស​នៅឯសាលា ។ វា​បាន​ជួយ​ខ្ញុំ​ដោយសារតែ​ខ្ញុំ​បាន​ផ្តោតលើ​ព្រះអង្គសង្រ្គោះ​កាន់តែ​ខ្លាំង​ជាង​អំពើបាប​របស់ខ្ញុំ ។ ខ្ញុំ​បាន​ងាកទៅរក​ទ្រង់​ច្រើនជាង​ខ្ញុំ​កាលពីមុន ។

តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​បាន​យក​ឈ្នះ​លើ​ឧបសគ្គ​របស់ខ្ញុំ​ជាមួយ​រូបអាសគ្រាម ។ ខ្ញុំ​កាន់តែ​ក្លាយជា​អ្នក​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ប្រែក្លាយ ។ ឥឡូវនេះ​ខ្ញុំ​អាច​ប្រទានពរ​នៅ​ពិធីសាក្រាម៉ង់​បាន ដោយសារតែ​ព្រះអង្គសង្គ្រោះ​ផ្លាស់ប្តូរ​ខ្ញុំ និង​សម្អាត​ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​ដើម្បី​មាន​ភាពសក្តិសម​ក្នុង​ការប្រើ​បព្វជិតភាព​ដើម្បី​ប្រទានពរ​ដល់​ជីវិត​របស់​មនុស្ស​ដែល​នៅជុំវិញ​ខ្ញុំ ។

គ្រួសារ​កំពុង​សិក្សា​បទគម្ពីរ

ការតភ្ជាប់​បុណ្យអ៊ីស្ទើរ​ជាមួយនឹង​ខ្ញុំ

នៅក្នុង​ឆ្នាំ​នេះ​ក្នុង​ថ្នាក់សិក្ខាសាលា ខ្ញុំ​មាន​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ នៅពេល​យើង​កំពុង​និយាយ​អំពី​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​បាន​មាន​គំនិតថា កាល​ទ្រង់​កំពុង​រងទុក្ខ ទ្រង់​អាច​បញ្ឈប់​វា​នៅគ្រប់ពេល ។ ប៉ុន្តែ​បន្ទាប់មក​ខ្ញុំ​ស្រមៃថា ទ្រង់​គិតថា « អត់ទេ យើង​ត្រូវ​បន្ត​ធ្វើ​ការណ៍នេះ ។ យើង​ត្រូវ​ធ្វើ​រឿងនេះ​សម្រាប់ ប៊េន ។ គាត់​ត្រូវការ​ការណ៍នេះ » ។ សម្រាប់​ខ្ញុំ គំនិត​នោះ​គ្រាន់តែ​ភ្ជាប់​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយនឹង​ព្រះអង្គ​សង្គ្រោះ​ទៅនឹង​បុណ្យអ៊ីស្ទើរ ។

គ្រួសារ

បុណ្យអ៊ីស្ទើរ​ក្រោយ ខ្ញុំ​ប្រហែលជា​នឹង​ធ្វើការ​លើ​រូបភាព​ដុំឥដ្ឋ​មួយ​ផ្សេងទៀត​របស់​ព្រះយេស៊ូវ ។ ខ្ញុំ​ពិតជា​ចង់​ចែក​រូបចម្លាក់​បន្ថែមទៀត​ណាស់ ។ ទោះយ៉ាង​ណាក៏ដោយ ខ្ញុំ​នឹង​គិត​អំពី​ការរងទុក្ខ​របស់​ព្រះគ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់​សម្រាប់​ខ្ញុំ ។ ដោយសារតែ​ទ្រង់ នោះ​ខ្ញុំ​អាច​ប្រែចិត្ត​ពី​អំពើបាប​របស់​ខ្ញុំ ហើយ​ត្រឡប់​ទៅរក​ទ្រង់ និង​ព្រះវរបិតាសួគ៌​វិញ​នៅ​ថ្ងៃណាមួយ ។

ខ្ញុំ​ដឹងថា ព្រះអង្គ​សង្គ្រោះ​បាន​រស់នៅ និង​សុគត​សម្រាប់​យើង​ម្នាក់ៗ​ដោយ​ផ្ទាល់ ហើយ​ថា​ទ្រង់​ជ្រាប​ដឹងថា​យើង​ជានរណា និង​អ្វី​ដែល​យើង​ត្រូវការ ។ ប្រសិនបើ​យើង​ពិតជា​ព្យាយាម​នោះ​យើង​អាច​ចូលប្រើ​ព្រះចេស្តា​នៃ​ការលួងលោម និង​ការ​ផ្លាស់ប្តូរ​របស់​ទ្រង់ ហើយ​យើង​អាច​ក្លាយ​ជា​មនុស្ស​កាន់​តែ​ប្រសើរ​ឡើង ។

អ្នក​និពន្ធ​រស់នៅ​ក្នុង​រដ្ឋ អៃដាហូ ស.រ.អា ។