ដើម្បី​កម្លាំង​នៃ​យុវជន
បុណ្យ​រំលង​របស់យើង—ពិធីសាក្រាម៉ង់
ដើម្បី​កម្លាំង​នៃ​យុវជន ខែមីនា ឆ្នាំ២០២៦


ចូរ​មក​តាម​ខ្ញុំ

និក្ខមនំ ១២

បុណ្យ​រំលង​របស់យើង—ពិធីសាក្រាម៉ង់

ភាពស្រដៀងគ្នា​ទូទៅ​រវាង​បុណ្យ​រំលង​ពីបុរាណ និង​ពិធីសាក្រាម៉ង់​រៀងរាល់​សប្តាហ៍​របស់យើង ។

យុវនារី

រចនា​រូបភាព​ដោយ អាលីហ្សា ថាលិនថ៍

មុនពេល​ដែល​ពួកសាសន៍​អ៊ីស្រាអែល​ពីបុរាណ​អាច​ចាកចេញ​ពី​ទាសភាព​របស់​ពួកគេ​នៅក្នុង​ស្រុក​អេស៊ីព្ទ ពួកគេ​ត្រូវ​បាន​ស្នើសុំ​ឲ្យ​គោរពតាម​ការណែនាំ​ជាក់លាក់​មកពី​ព្រះអម្ចាស់ ដើម្បី​ឲ្យ​ទេវតា​ដែល​បំផ្លាញ​នឹងបង្ហួស​ពួកគេ ឬ​រំលង​ពួកគេ ( សូមមើល និក្ខមនំ ១២ ) ។ បន្ទាប់ពី​ពួកគេ​ចាកចេញ​ពី​ស្រុក​អេស៊ីព្ទ ពួកសាសន៍​អ៊ីស្រាអែល​បាន​ប្រារព្ធ​ពិធី​បុណ្យ​ជារៀង​រាល់ឆ្នាំ ដែល​ហៅថា​បុណ្យរំលង ដើម្បី​ចងចាំ​ពីរបៀប​ដែល​ព្រះអម្ចាស់​បាន​រំដោះ​ប្រជាជន​នៃ​សេចក្តីសញ្ញា​របស់ទ្រង់ ។

ក្នុង​អំឡុង​សប្តាហ៍​ចុងក្រោយ​នៃ​ជីវិត​រមែងស្លាប់​របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​គង់នៅ​ឯ​អាហារ​មួយពេល​នៃ​បុណ្យរំលង ។ ឥឡូវនេះ​យើង​ហៅ​អាហារ​នោះថា អាហារ​យប់​ថ្ងៃចុងក្រោយ ។ ព្រះអង្គសង្គ្រោះ​បាន​ប្រើ​ឱកាស​នោះ​ដើម្បី​ណែនាំ​អំពី​ពិធីសាក្រាម៉ង់ ដែល​ឥឡូវនេះ​យើង​ចូលរួម​ជារៀង​រាល់សប្តាហ៍ ។ ( សូមមើល ម៉ាថាយ ២៦:២៦–២៨; លូកា ២២:១៩–២០; គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:៧៧, ៧៩ ) ។

នេះ​គឺជា​ភាពស្រដៀងគ្នា​ទូទៅ​ពីរ​រវាង​បុណ្យរំលង​ដំបូង អាហារ​យប់ថ្ងៃ​ចុងក្រោយ​របស់​ព្រះអម្ចាស់ និង​ពិធីសាក្រាម៉ង់​សព្វថ្ងៃនេះ ដែល​អាច​ជួយ​យើង​ឲ្យ​ចងចាំ​ការរំដោះ​របស់យើង​តាមរយៈ​ព្រះអង្គសង្គ្រោះ ។

ស៊ុម​ទ្វារ​នៅ​ឯ​បុណ្យរំលង
អាហារ​យប់ថ្ងៃ​ចុងក្រោយ
នំប៉័ង និង​ទឹក​ពិធីសាក្រាម៉ង់

នំប៉័ង

បុណ្យរំលង ៖ អស់​រយៈពេល​ប្រាំពីរ​ថ្ងៃ ពួកសាសន៍​អ៊ីស្រាអែល​បាន​បរិភោគ​នំបុ័ង​គ្មាន​ដំបែ ( ដែល​លឿន​ក្នុង​ការធ្វើ និង​មិន​ចេះ​ដុះផ្សិត និង​ខូច ) ។

អាហារ​យប់ថ្ងៃ​ចុងក្រោយ ៖ ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទានពរ និង​កាច់​នំបុ័ង​ដែល​គ្មាន​ដំបែ​នៃ​ពិធី​បុណ្យរំលង ហើយ​ទ្រង់​បាន​ប្រគល់​វា​ទៅដល់​សិស្ស ។ ទ្រង់​បាន​ប្រាប់​ពួកគេ​ឲ្យ​បរិភោគ​វា​នៅក្នុង​ការនឹក​ចងចាំ​ពី​រូបកាយ​របស់ទ្រង់ ដែល​ទ្រង់​បាន​ដឹងថា​នឹង​ត្រូវ​បំបែក​ក្នុង​ពេលឆាប់ៗ​នេះ ហើយ​នឹង​សុគត ប៉ុន្តែ​នឹង​មាន​ព្រះជន្ម​ឡើង​ម្តងទៀត ។

ពិធីសាក្រាម៉ង់ ៖ យើង​បរិភោគ​នំបុ័ង​នៅក្នុង​ការរំឭក​ដល់​រូបកាយ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះយេស៊ូវគ្រីស្ទ​គឺជា​នំបុ័ង​ជីវិត តាមរយៈ​ការរស់ឡើងវិញ​របស់ទ្រង់ យើង​ទាំងអស់គ្នា​នឹង​បាន​រស់ឡើងវិញ​ជាមួយនឹង​រូបកាយ​ល្អឥតខ្ចោះ មិន​ពុករលួយ និង​អមតៈ ។ ទ្រង់​ជួយ​សង្គ្រោះ​យើង​ពី​សេចក្តី​ស្លាប់ ។

ឈាម​របស់​កូនចៀម

បុណ្យរំលង ៖ សាច់​ចៀម​នៃបុណ្យរំលង គឺជា​សាច់ចៀម​ឈ្មោល​អាយុ​មួយឆ្នាំ​ដែល​ល្អឥតខ្ចោះ ។ វា​ត្រូវបាន​សម្លាប់ ហើយ​ឈាម​របស់វា​ត្រូវបាន​ប្រមូល​នៅក្នុង​ចាន​មួយ ។ មែកហ៊ីសុប ( ឱសថ​មួយ ) ត្រូវបាន​ជ្រលក់​នៅក្នុង​ចាន និង​ប្រើ​ដើម្បី​លាប​ឈាម​នោះ​នៅជុំវិញ​ស៊ុមទ្វារ​ខាងក្រៅ​ផ្ទះ ។ នេះ​គឺជា​សញ្ញា​ខាងក្រៅ​ដែល​កំណត់​អត្តសញ្ញាណ​ប្រជាជន​នៃ​សេចក្តីសញ្ញា​របស់​ព្រះអម្ចាស់ ដែល​ត្រូវ​បាន​បង្ហួស​ដោយ​ទេវតា​បំផ្លាញ​ដើម្បី​ពួកគេ​អាច​បាន​ដោះលែង​ពី​ទាសករ​នៅក្នុង​ស្រុក​អេស៊ីព្ទ ។

អាហារ​យប់ថ្ងៃ​ចុងក្រោយ ៖ ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រើ​ស្រា​ដើម្បី​តំណាងឲ្យ​លោហិត​របស់ទ្រង់ ។ ទ្រង់​បាន​ប្រាប់​សិស្ស​របស់​ទ្រង់​ឲ្យ​ផឹកវា​នៅក្នុង​ការរំឭក​ដល់​លោហិត​របស់ទ្រង់ ដែល​នឹង​ត្រូវបាន​បង្ហូរ​សម្រាប់​ពួកគេ​សម្រាប់​ការរួចពី​អំពើបាបនិង​ជាផ្នែក​មួយ​នៃ​សេចក្តីសញ្ញា​ថ្មីមួយ ។

ពិធីសាក្រាម៉ង់ ៖ យើង​ផឹក​ទឹក​ដើម្បី​រំឭក​ដល់​ព្រះលោហិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះយេស៊ូវគ្រីស្ទ​គឺជា​កូនចៀម​នៃ​ព្រះ ។ លោហិត​របស់​ទ្រង់​ត្រូវបាន​បង្ហូរ​នៅពេល​ដែល​ទ្រង់​រងទុក្ខ​សម្រាប់​អំពើបាប និង​ជំងឺ​ឈឺចាប់​របស់យើង ។ លោហិត​របស់​ទ្រង់—ការលះបង់​របស់ទ្រង់—សម្អាត​យើង ។ ទ្រង់​ជួយ​សង្គ្រោះ​យើង​ពី​អំពើបាប ។