មិនដែលមិនមាន ក្តីសង្ឃឹមនោះទេ
នៅពេលយើងពិចារណាពីអ្វីដែលព្រះអង្គសង្រ្គោះបានធ្វើសម្រាប់យើង នោះយើងអាចបន្តដឹងថា ទ្រង់តែងតែគង់នៅជាមួយយើងជានិច្ច ។
រចនារូបភាពដោយ អាល់ប៊ឺត អេសភី
សូមស្រមៃថាដៃរបស់ប្អូនត្រូវបានចងទៅក្រោយខ្នងរបស់ប្អូន ជើងរបស់ប្អូនត្រូវបានចងជាប់គ្នា ហើយបន្ទាប់មកប្អូនត្រូវបានគេបោះចូលទៅក្នុងអាងទឹកជម្រៅប្រាំបួនហ្វីត ! តើប្អូននឹងធ្វើអ្វី ? តើប្អូននឹងជំនះដើម្បីបណ្តែតខ្លួន ហើយធ្វើឲ្យខ្លួនឯងអស់កម្លាំង ឬប្អូននឹងរក្សាភាពស្ងប់ស្ងាត់ និងរកវិធីដោះស្រាយស្ថានភាពលំបាកនេះ ?
អស់អ្នកដែលបំពាំក់បំប៉នដើម្បីក្លាយជាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រឈមមុខនឹងបញ្ហាជាក់លាក់បែបនេះ ។ វាហៅថា « drown-proofing ( ការការពារការលង់ទឹក ) » ។ គោលបំណងគឺដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេដើម្បីរស់រានមានជីវិតនៅក្នុងទឹកនៅក្នុងស្ថានភាពផ្សេងៗគ្នា ។ នៅពេលដែលពួកគេត្រូវបានចង និងទម្លាក់ចូលទៅក្នុងទឹក ផ្នែកមួយនៃការធ្វើតេស្តតម្រូវឲ្យពួកគេលិចទៅបាតអាងដោយមិនមានការភ័យស្លន់ស្លោ ប្រើជើងរបស់ពួកគេដើម្បីរុញខ្លួនចេញពីបាតអាង ឡើងទៅលើផ្ទៃទឹក ហើយបន្ទាប់មកដកដង្ហើមយ៉ាងឆាប់រហ័សមុនពេលលិចចុះម្តងទៀត ។ ការណ៍នេះត្រូវធ្វើម្តងទៀតសម្រាប់រយៈពេលជាក់លាក់មួយ ។
ពួកយើងភាគច្រើននឹងមិនត្រូវឆ្លងកាត់ការបំពាក់បំប៉នធ្វើជាកងទ័ពជើងទឹកនោះទេ ប៉ុន្តែប្រហែលជាមានរឿងមួយចំនួនដែលយើងអាចរៀនពីការបំពាក់បំប៉ននេះបាន—ហើយប្រហែលជាអាចមានអំណរគុណកាន់តែខ្លាំងចំពោះព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់នៅលើដំណើររបស់យើងផងដែរ ។
ព្រះអង្គសង្រ្គោះរបស់ប្អូនទ្រង់គង់នៅទីនោះ ដើម្បីជួយក្នុងអ្វី គ្រប់យ៉ាង ដែលប្អូនជួបប្រទះ
កងទ័ពជើងទឹកពឹងផ្អែកលើការបំពាក់បំប៉ន និងលក្ខខណ្ឌរបស់ពួកគេ ដើម្បីឆ្លងកាត់ការធ្វើតេស្តដ៏ម៉ត់ចត់នេះ—ហើយពួកគេត្រូវតែបញ្ចប់ការបំពាក់បំប៉ននេះដោយខ្លួនឯង ។ យើងទាំងអស់គ្នានឹងឆ្លងកាត់បញ្ហាប្រឈមក្នុងជីវិត ប៉ុន្តែមិនដូច ពួកកងទ័ពជើងទឹកនៅក្នុងការបំពាក់បំប៉នរបស់ពួកគេទេ យើង មិន ត្រូវឆ្លងកាត់ឧបសគ្គរបស់យើងតែម្នាក់ឯងនោះទេ ។
នៅពេលយើងជាប់គាំងដោយអំពើបាប ការថប់បារម្ភ ទុក្ខព្រួយ ឬបញ្ហាប្រឈមផ្សេងទៀត ហើយមានអារម្មណ៍ថាយើងកំពុងលិចលង់ នោះយើងអាចត្រឡប់ទៅរកព្រះយេស៊ូវគ្រីស្ទវិញបាន ។ នៅពេលយើងមានអារម្មណ៍ថាយើងលិចដល់បាតក្រោម ហើយនឹងមិនអាចឡើងមកលើវិញបាន យើងអាចចងចាំថា ព្រះអង្គសង្រ្គោះបានដកពិសោធរួចហើយនូវអ្វីគ្រប់យ៉ាងដែលយើងកំពុងឆ្លងកាត់ ហើយទ្រង់នឹងប្រទានដល់យើងនូវកម្លាំងដើម្បីរុញឡើងលើ ដកដង្ហើមបានម្តងទៀត ហើយបន្តដំណើរទៅមុខទៀត ។ នៅជាមួយនឹងទ្រង់ នោះយើង មិនដែល មិនមានក្តីសង្ឃឹមនោះទេ ។
ព្រះយេស៊ូវគ្រីស្ទគឺជា ព្រះអង្គសង្រ្គោះ របស់ប្អូនពីអំពើបាប និងសេចក្តីស្លាប់ ។ ព្រះយេស៊ូវគ្រីស្ទគឺជា ព្រះប្រោសលោះ របស់ប្អូននៅពេលដែលប្អូនធ្វើខុស ហើយត្រូវការការជាសះស្បើយខាងវិញ្ញាណ ។ ព្រះយេស៊ូវគ្រីស្ទគឺជា អង្គព្យាបាល របស់ប្អូនពីខាងអារម្មណ៍ ខាងវិញ្ញាណ និងពេលខ្លះពីការឈឺចាប់ខាងរាងកាយ ដែលមានតែទ្រង់មួយអង្គប៉ុណ្ណោះដែលអាចព្យាបាលបាន ។ ទាំងនេះ និងបរមងារផ្សេងទៀតរបស់ព្រះយេស៊ូវគ្រីស្ទចង្អុលទៅកាន់សេចក្តីពិតដែលថា ទ្រង់ គឺជាអង្គតែមួយគត់ដែលយើងត្រូវងាកទៅរក ជាពិសេសនៅពេលដែលជីវិតមានការលំបាក ។
នៅពេលបុណ្យអ៊ីស្ទើរខិតចូលមកដល់ យើងប្រារព្ធពិធីការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់មានព្រះជន្មរស់ ! ហើយដោយសារទ្រង់មានព្រះជន្មរស់ នោះយើងនឹងរស់ម្តងទៀត និងមានការសន្យានៃជីវិតអស់កល្បជានិច្ច ។ ប៉ុន្តែមុនពេលការរស់ឡើងវិញរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានី ហើយបានសុគតនៅលើឈើឆ្កាងសម្រាប់យើង ព្រោះទ្រង់ស្រឡាញ់យើង ។ ទ្រង់ « បានយាងចុះក្រោមគ្រប់ទាំងអស់ »—រងការឈឺចាប់មិនត្រឹមតែអំពើបាបរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដកពិសោធន៍នូវការឈឺចាប់គ្រប់ប្រភេទ ទុក្ខសោក ទុក្ខលំបាក និងការល្បួង—ដើម្បីទ្រង់អាចដឹងពីរបៀបជួយយើង ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៦ សូមមើលផងដែរ អាលម៉ា ៧:១១ ) ។
មើលឃើញសេចក្តីសង្ឃឹមរបស់ប្អូននៅក្នុងទ្រង់
នៅពេលព្រះអង្គសង្រ្គោះត្រូវបានគេឆ្កាង អ្វីៗគ្រប់យ៉ាងមើលទៅហាក់ដូចជាអស់សង្ឃឹម ។ សិស្សរបស់ទ្រង់បានអស់សង្ឃឹមយ៉ាងខ្លាំង ។ ពួកគេបានដើរតាមទ្រង់ ជឿលើទ្រង់—ហើយឥឡូវនេះទ្រង់បានសុគតទៅហើយ ។ នៅពេលដែលព្រះយេស៊ូវត្រូវបានដាក់នៅក្នុងផ្នូរ ពួកគេបានប្រឈមមុខនឹងទុក្ខព្រួយ និងភាពមិនច្បាស់លាស់ ។ ប៉ុន្តែបីថ្ងៃក្រោយមក នៅថ្ងៃអាទិត្យ ផ្នូរទទេស្អាត ។ ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ឡើងវិញហើយ ! ពេលមួយហាក់ដូចជាបាត់បង់ ឥឡូវនេះបានប្រែទៅជាក្តីសង្ឃឹម !
ប្រសិនបើអ្វីៗមានអារម្មណ៍ថាងងឹត និងបាក់ទឹកចិត្ត—ដូចជាប្អូនត្រូវបានគេបោះចូលទៅក្នុងអាងទឹកដោយចងដៃ និងចងជើង—ហើយប្អូនមើលមិនឃើញផ្លូវចេញទេ សូមឆ្លៀតពេលបន្តិចដើម្បីស្វែងរកក្តីសង្ឃឹមលើព្រះយេស៊ូវគ្រីស្ទ ហើយសូមចងចាំថាប្អូនមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ។
ព្រះអង្គសង្គ្រោះមិនបានទៅដល់ថ្ងៃអាទិត្យនៃបុណ្យអ៊ីស្ទើរដ៏រីករាយនោះ ដោយមិនបានស៊ូទ្រាំជាមុននៅឯសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាងបីថ្ងៃមុននោះឡើយ ។ ដូច្នេះប្រសិនបើប្អូនកំពុងជួបពេលដ៏លំបាក ចូរកុំបោះបង់ចោល ! ដូចអែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ១៩១៧–២០០៨ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ធ្លាប់បានមានប្រសាសន៍ថា « នៅក្នុងភាពងងឹតនៃទុក្ខព្រួយរបស់យើង នោះថ្ងៃអាទិត្យនឹងមកដល់ ។ … មិនថាទុក្ខសោករបស់យើងជាអ្វីនោះទេ ថ្ងៃអាទិត្យនឹងមកដល់ » ។
តាមរយៈពលិកម្មដ៏ធួន និងការរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទតែងតែគង់នៅទីនោះ ដើម្បីជួយប្អូនស្វែងរកភាពសុខសាន្ត និងឡើងឆ្ពោះទៅលើសពីអ្វីដែលប្អូនអាចសង្ឃឹមបានទៅទៀត ។