បុណ្យអ៊ីស្ទើរ គ្រប់ពេលវេលាទាំងអស់
ធ្វើឲ្យបុណ្យអ៊ីស្ទើរជារដូវកាលនៃសេចក្តីសង្ឃឹមតាមរយៈការខិតកាន់តែជិតទៅនឹងព្រះអង្គសង្គ្រោះ ។
រចនារូបភាពដោយ ថូប៊ី ញ៉ូវសាំ
នៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរដំបូង នៅពេលដែល ម៉ារា-ម៉ាក់ដាឡា និងស្ត្រីផ្សេងទៀតបានទៅឯផ្នូររបស់ព្រះគ្រីស្ទ ទេវតាបានប្រាប់ពួកគេ « ទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ » ( ម៉ាថាយ ២៨:៦ ) ។ សារនេះបាននាំមកនូវសេចក្តីសង្ឃឹមយ៉ាងខ្លាំងដល់សិស្សរបស់ទ្រង់ បន្ទាប់ពីការអស់សង្ឃឹមដោយការធ្វើជាសាក្សីនៃការឆ្កាងរបស់ទ្រង់ ។
ដំណឹងល្អបំផុតឬ ? សារនោះនៅតែជាការពិត ។ ព្រះគ្រីស្ទគឺ នៅតែ មានព្រះជន្មរស់ឡើងវិញ ។ ទ្រង់ នៅតែ មានជ័យជម្នះលើសេចក្ដីស្លាប់ និងអំពើបាប ។ ហើយសេចក្តីសង្ឃឹមដែលបានមកពីការរស់ឡើងវិញរបស់ទ្រង់ គឺ នៅតែ មានសម្រាប់អ្នក—មិនត្រឹមតែនៅថ្ងៃបុណ្យអ៊ីស្ទើរប៉ុណ្ណោះទេ ប៉ុន្តែគ្រប់ពេលវេលាទាំងអស់ !
បុណ្យអ៊ីស្ទើរមិនមែនជាថ្ងៃតែមួយគត់ដែលអ្នកអាចគោរពដល់ការរស់ឡើងវិញនោះទេ ។ សូមសាកល្បងយោបល់ទាំងនេះមួយចំនួនដើម្បីធ្វើឲ្យបុណ្យអ៊ីស្ទើរ—និងការប្រារព្ធពិធីបុណ្យអំពីព្រះអង្គសង្គ្រោះ និងដង្វាយធួន និងការរស់ឡើងវិញរបស់ទ្រង់—ក្លាយជារដូវកាលទាំងមូលនៃសេចក្តីសង្ឃឹម និងសេចក្តីអំណរ ។
សិក្សាអំពីជីវិតរបស់ព្រះអង្គសង្គ្រោះ
ព្រះគម្ពីរគឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយដើម្បីជួយអ្នកឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទដោយផ្ទាល់ និងពង្រឹងសេចក្តីជំនឿរបស់អ្នកនៅលើទ្រង់ ។ នៅក្នុងរដូវកាលបុណ្យអ៊ីស្ទើរនេះ អ្នកអាចផ្តោតការសិក្សាបទគម្ពីររបស់អ្នកទៅលើសប្តាហ៍ចុងក្រោយនៃព្រះជន្មរបស់ទ្រង់ ឬដំណើរទស្សនកិច្ចរបស់ទ្រង់ទៅកាន់ទ្វីបអាមេរិកជាព្រះអង្គសង្រ្គោះដែលបានមានព្រះជន្មរស់ឡើងវិញរបស់ពិភពលោក ។ ការអានកំណត់ត្រាដ៏មានឥទ្ធិពលទាំងនេះអាចជួយអ្នកទទួលអារម្មណ៍នៃ សេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះអ្នក និងយល់កាន់តែច្បាស់អំពីដង្វាយធួន និងការរស់ឡើងវិញរបស់ទ្រង់ ។
ប្រសិនបើអ្នកមិនប្រាកដថាត្រូវផ្តោតលើវគ្គបទគម្ពីរមួយណាទេ អ្នកអាចព្យាយាមធ្វើតាមមគ្គុទ្ទេសក៍សិក្សាបុណ្យអ៊ីស្ទើរនៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ ឬមគ្គុទ្ទេសក៍សិក្សាផ្សេងទៀតដែលបានបោះពុម្ពផ្សាយនៅលើគេហទំព័រ ChurchofJesusChrist.org ។
ចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ
ជ័យជម្នះរបស់ព្រះគ្រីស្ទលើសេចក្ដីស្លាប់ និងចំណេះដឹងដែលថា យើងនឹងត្រូវបានរស់ឡើងវិញផងដែរគឺជា « សារដ៏រុងរឿងបំផុតនៃសារទាំងអស់សម្រាប់មនុស្សជាតិ » ។ ដោយសារតែដង្វាយធួន និងការរស់ឡើងវិញរបស់ទ្រង់ គ្រួសាររបស់យើងអាចមានភាពអស់កល្បជានិច្ច ហើយបុព្វការីជនរបស់យើងទាំងអស់អាចមានឱកាសធ្វើសេចក្តីសញ្ញាដ៏ពិសិដ្ឋ ។
អ្នកអាចប្រារព្ធពិធីការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ និងបន្តកិច្ចការរបស់ទ្រង់ក្នុងការប្រោសលោះអស់អ្នកដែលស្ថិតនៅក្នុងស្ថានឃុំព្រលឹង ( សូមមើល ពេត្រុសទី១ ៣:១៨–២០ ) តាមរយៈការធ្វើពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធ ។ ការបម្រើរបស់អ្នកនៅក្នុងព្រះវិហារបរិសុទ្ធអនុញ្ញាតឲ្យវិញ្ញាណទាំងនោះជ្រើសរើសដើម្បីទទួលបានពរជ័យទាំងអស់នៃដង្វាយធួនរបស់ព្រះគ្រីស្ទផងដែរ ។
បម្រើអ្នកដទៃដូចដែលព្រះគ្រីស្ទនឹងបម្រើ
ព្រះយេស៊ូវគ្រីស្ទបានលើក និងបម្រើអ្នកដទៃពេញមួយជីវិតរមែងស្លាប់របស់ទ្រង់—សូម្បីតែពេលនៅលើឈើឆ្កាងផងដែរ ។ អ្នកអាចគោរពដល់គំរូរបស់ទ្រង់តាមរយៈការបម្រើមនុស្សនៅជុំវិញអ្នកតាមរបៀបដែលទ្រង់នឹងបម្រើ ។ សូម្បីតែទង្វើសាមញ្ញនៃសេចក្តីសប្បុរសដូចជាការញញឹមជាញឹកញាប់ ការស្តាប់ដល់អ្នកដទៃដោយចិត្តស្មោះ និងការជួយនៅជុំវិញផ្ទះ អាចបង្កើតបរិយាកាសនៃសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ ។ នៅពេលដែលអ្នកបម្រើអ្នកដទៃ ទាំងអ្នក និង ពួកគេអាចទទួលអារម្មណ៍នៃសេចក្តីសង្ឃឹម និងសេចក្តីល្អនៃរដូវបុណ្យអ៊ីស្ទើរផងដែរ ។
ការទទួលទានសាក្រាម៉ង់ប្រកបដោយគោលបំណង
ព្រះអង្គសង្គ្រោះផ្ទាល់បានបង្កើតប្រពៃណីមួយដើម្បីជួយអ្នកឲ្យចងចាំទ្រង់បានល្អជាងអ្វីផ្សេងទៀត ៖ ពិធីសាក្រាម៉ង់ ។ ការទទួលទានសាក្រាម៉ង់បង្ហាញថាអ្នកមានឆន្ទៈដើម្បី « ចងចាំទ្រង់ជានិច្ច ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ » ហើយជាការឆ្លើយតប ទ្រង់សន្យាថាអ្នកនឹង « អាចបានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹង [ អ្នក ] ជាដរាប » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៧ ) ។ នោះគឺជាការសន្យាដ៏មានឥទ្ធិពល ! នៅពេលដែលអ្នកទទួលទានសាក្រាម៉ង់ ជារៀងរាល់សប្តាហ៍ អ្នកអាចចាប់ផ្តើមទទួលអារម្មណ៍នៃសេចក្តីពិតនៃការសន្យានោះនៅថ្ងៃបុណ្យអ៊ីស្ទើរ និងជានិច្ចតទៅ ។
ចូរព្យាយាមជញ្ជឹងគិតអំពីការបម្រើ ដង្វាយធួន និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកទទួលទានសាក្រាម៉ង់ ។ អធិស្ឋានដោយស្មោះត្រង់ ហើយព្យាយាមគិតអំពីរបៀបដែលការពលិកម្មរបស់ទ្រង់ប្រទានពរដល់អ្នកដោយផ្ទាល់ ។