សំណួរ និង ចម្លើយ
« តើខ្ញុំអាចផ្តោតកាន់តែច្រើនលើព្រះអង្គសង្គ្រោះក្នុងរដូវកាលបុណ្យអ៊ីស្ទើរដោយរបៀបណា ? »
« ខ្ញុំខិតខំប្រឹងប្រែងផ្តោតលើព្រះអង្គសង្គ្រោះ តាមរយៈការស្តាប់តន្ត្រីលើកទឹកចិត្ត គិតអំពីទ្រង់កាន់តែច្រើន មើលទៅទ្រង់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំ និងអធិស្ឋានជាច្រើន ។ ខ្ញុំចូលចិត្តអានព្រះគម្ពីរផងដែរ ដើម្បីស្វែងយល់អំពីការរស់ឡើងវិញរបស់ទ្រង់ និងសេចក្តីសង្ឃឹមដែលវានាំមកឲ្យខ្ញុំ » ។
ម៉ាក់ស្វែល អ័រ អាយុ ១៦ឆ្នាំ រដ្ឋមិសសួរី ស.រ.អា.
« ស្វែងរកបទគម្ពីរដើម្បីអានជាមួយគ្នាជាគ្រួសារជារៀងរាល់ថ្ងៃ ឬរៀងរាល់សប្តាហ៍ ដើម្បីរំឭកអ្នកអំពីពេលវេលាដ៏សំខាន់នៃព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ។ រកមើលឱកាសជារៀងរាល់ថ្ងៃដើម្បីបម្រើអ្នកដទៃតាមរបៀបដូចជាព្រះគ្រីស្ទ » ។
អាហូនីម៉ា អេ អាយុ ១៥ ឆ្នាំ តុងហ្គាតាពូ តុងហ្គា
« ខ្ញុំអាចផ្តោតលើព្រះគ្រីស្ទកាន់តែច្រើនបានតាមរយៈការចែកចាយអ្វីមួយអំពីទ្រង់តាមអនឡាញជារៀងរាល់ថ្ងៃ » ។
ខេលីប អេហ្វ អាយុ ១៧ឆ្នាំ រដ្ឋអារីហ្សូណា ស.រ.អា.
« អានបទគម្ពីរដែលពណ៌នាអំពីព្រះជន្មរបស់ទ្រង់ ជាពិសេសសប្តាហ៍ចុងក្រោយមុនពេលការឆ្កាងរបស់ទ្រង់ ។ ដំណើររឿងដែលខ្ញុំចូលចិត្តគឺ ម៉ាថាយ ២១–២៧ ។ ការអានព្រះគម្ពីរជួយខ្ញុំឲ្យមានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយនឹងព្រះអង្គសង្រ្គោះរបស់ខ្ញុំ និងយល់កាន់តែច្បាស់អំពីដង្វាយធួនរបស់ទ្រង់ » ។
ក្រេស អិម អាយុ ១៥ឆ្នាំ អាល់ប៊ើតា ប្រទេសកាណាដា
« បុណ្យអ៊ីស្ទើរ និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ រំឭកខ្ញុំអំពីការចាប់ផ្តើមដំបូង និងការចាប់ផ្តើមថ្មី ។ ការធ្វើបច្ចុប្បន្នភាពទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ និងការវាយតម្លៃគោលដៅរបស់ខ្ញុំឡើងវិញ ផ្តល់ឲ្យខ្ញុំនូវឱកាសដើម្បីផ្តោតជីវិតរបស់ខ្ញុំឡើងវិញទៅលើព្រះគ្រីស្ទ និងចងចាំទ្រង់កាន់តែខ្លាំងនៅក្នុងអំឡុងពេលដ៏ពិសេសនៃឆ្នាំនេះ » ។
លីលី អេច អាយុ ១៧ឆ្នាំ រដ្ឋកាលីហ្វ័រញ៉ា ស.រ.អ.