ភូមិសាស្ត្រនៃផ្លូវរបស់ទ្រង់
ផ្លូវរបស់ព្រះអង្គសង្គ្រោះប្រហែលជាមិនស្រួលទេ ប៉ុន្តែទ្រង់នឹងយាងដើរជាមួយយើង ហើយដឹកនាំយើងទៅកន្លែងដែលយើងចង់ទៅ ។
រចនារូបភាពដោយ យូកៃ ឌូ
ជាទូទៅយើងជ្រើសរើសផ្លូវមួយព្រោះវានាំយើងទៅកន្លែងដែលយើងចង់ទៅ ។ ប៉ុន្តែមានផ្លូវជាច្រើនឆ្ពោះទៅរកគោលដៅនោះ ។ វាក៏មានភូមិសាស្ត្រជាច្រើនផងដែរ—ជាប្រភេទផ្លូវដែលនាំយើងឆ្លងកាត់ ។
ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យដើរជាមួយទ្រង់ ( សូមមើល ម៉ូសេ ៦:៣៤; មីកា ៦:៨; យ៉ូហានទី១ ២:៦; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:២៣ ) ។ ផ្លូវដែលទ្រង់អញ្ជើញយើងឲ្យដើរគឺផ្លូវនៃសេចក្ដីសញ្ញា—ផ្លូវនោះឆ្ពោះទៅរកភាពសុខសាន្ត សេចក្តីអំណរ និងជីវិតដ៏អស់កល្បជានិច្ចជាមួយព្រះវរបិតាសួគ៌របស់យើង—ជាកន្លែងដែលយើងចង់ទៅ ។
ប៉ុន្តែតើផ្លូវនេះមានលក្ខណៈដូចម្តេច ? តើយើងនឹងឆ្លងកាត់ភូមិសាស្រ្តបែបណានៅពេលដែលយើងដើរជាមួយព្រះអង្គសង្គ្រោះ ?
តូចចង្អៀត
« តែឯទ្វារដែលនាំទៅឯជីវិតនោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ » ( ម៉ាថាយ ៧:១៤ ) ។
ប្រាកដជាមានមូលហេតុនៅពេលដែលផ្លូវរបស់ទ្រង់មានអារម្មណ៍ថាតឹងតែ ។ ភាពតូចចង្អៀតនៃផ្លូវនោះការពារអ្នកពីការជាន់លើកន្លែងដែលអ្នកអាចនឹងរងរបួស ឬវង្វេង ។
ត្រង់
« ផ្លូវរបស់ទ្រង់ត្រង់ » ( អាលម៉ា ៣៧:១២ ) ។
ផ្លូវរបស់ទ្រង់មិនវៀចវេទេ ។ វាគឺជាផ្លូវដឹកនាំទៅកាន់គោលដៅនៃជីវិតដ៏អស់កល្បជានិច្ចដោយផ្ទាល់ ។ វាមិនបង្វែរទិសដៅទេ ។ ប៉ុន្តែពេលខ្លះយើងវៀចវេ ។ ពីព្រោះតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចប្រែចិត្តភ្លាមៗ ហើយត្រឡប់ទៅលើផ្លូវរបស់ទ្រង់វិញ ។
ពេលខ្លះចោត ហើយមានដុំថ្ម
« ផ្លូវទៅ [ ដំណាក់របស់ព្រះ ] គឺចោត ហើយពេលខ្លះមានដុំថ្ម » ( ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ » «Help Them on Their Way Home » ខែមេសា ឆ្នាំ២០១០ សន្និសីទទូទៅ [ Ensign ឬ Liahona ខែឧសភា ឆ្នាំ២០១០ ទំព័រ ២៥ ] ) ។
ការដើរឡើងភ្នំអាចនឿយហត់ ហើយបងប្អូនប្រហែលជាមិនអាចមើលឃើញកំពូលភ្នំដែលបងប្អូនកំពុងឡើងនោះទេ ។ ប៉ុន្តែព្រះអង្គសង្គ្រោះពង្រឹង និងលើកទឹកចិត្តបងប្អូន កាលបងប្អូនខិតខំធ្វើកិច្ចការពិបាកដែលទ្រង់អញ្ជើញបងប្អូនឲ្យធ្វើ ។
ដុំថ្មនៅលើផ្លូវរបស់បងប្អូនអាចខុសពីអ្នកដទៃ ។ បញ្ហាប្រឈម និងកាលៈទេសៈរបស់បងប្អូនគឺជារបស់បងប្អូនដោយផ្ទាល់ ។ ប៉ុន្តែព្រះអង្គសង្គ្រោះគឺជាដៃគូដ៏មហិមាបំផុតដើម្បីធ្វើដំណើរជាមួយ ហើយទ្រង់នឹងជួយបងប្អូនប្រឈមមុខនឹងរាល់ឧបសគ្គ ។
មានពន្លឺល្អ
« ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង ( ទំនុកដំកើង ១១៩:១០៥ ) ។ « ដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ » ( យ៉ូហានទី១ ១:៧ ) ។
នៅពេលផ្លូវរបស់បងប្អូនងងឹត ព្រះអង្គសង្គ្រោះអាចបំភ្លឺផ្លូវរបស់បងប្អូនទោះបីជាវាល្មមសម្រាប់តែមួយជំហាន ហើយបន្ទាប់មកមួយជំហានទៀតក្តីក៏ដំណើរនោះនាំបងប្អូនត្រឡប់ទៅកាន់ដំណាក់ព្រះវរបិតាសួគ៌របស់បងប្អូនវិញដែរ ។
សុវត្ថិភាព
« អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ » ( ទំនុកដំកើង ២៣:៤ ) ។
មិនថាផ្លូវរបស់បងប្អូនគួរឲ្យខ្លាច មានទុក្ខលំបាក ឬពិបាកប៉ុណ្ណាក៏ដោយ ប្អូនអាចមានភាពសុខសាន្តដោយដឹងថា នៅពេលបងប្អូនដើរជាមួយព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងដើរជាមួយបងប្អូន និងនាំបងប្អូនទៅរកទីសុវត្ថិភាព និងត្រឡប់ទៅជួបព្រះវរបិតាសួគ៌វិញ ។