ដើម្បី​កម្លាំង​នៃ​យុវជន
​ចូលឆ្នាំ​ថ្មី
ដើម្បី​កម្លាំង​នៃ​យុវជន ខែមករា ឆ្នាំ២០២៦


​ចូលឆ្នាំ​ថ្មី

អេមីលី ប៊ែល ហ្វ្រីមែន

ដល់​ខែ​មករា​ហើយ ! ​ចូលឆ្នាំ​ថ្មី ។ ជាពេលវេលា​នៃ​ការចាប់ផ្តើម​ជាថ្មី ។

ប្រហែលជាក្មួយៗ​នឹង​ត្រូវ​ដាក់​គោលដៅ​សម្រាប់​ឆ្នាំ​ថ្មី​នេះ ។ មនុស្ស​មួយ​ចំនួន​ជ្រើសរើស​ពាក្យ​មួយម៉ាត់​ដើម្បី​តំណាង​ឲ្យ​ចេតនា​របស់​ពួកគេ​សម្រាប់​ឆ្នាំ​ខាងមុខ ។ ឆ្នាំនេះ យុវវ័យ​ទូទាំង​ពិភពលោក​នឹង​ផ្តោត​លើ​ខគម្ពីរ​ដូចគ្នា ៖ ម៉ូសេ ៦:៣៤ « ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ » ។ នេះគឺជា​ការអញ្ជើញ​ដែលបាន​ផ្តល់ដល់​ព្យាការី ហេណុក ។

កាលដែល​ហេណុក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដែនដី ព្រះវិញ្ញាណ​នៃ​ព្រះ​បាន​សណ្ឋិត​លើ​លោក ។ បន្ទាប់​មក​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​​លោក ។ ទ្រង់​បាន​បង្រៀន​លោក​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ ដែល​នឹង​ផ្តល់​គោលបំណង និង​អត្ថន័យ​ដល់​ជីវិត ។ ពេល​ព្រះអម្ចាស់​បញ្ចប់​ការ​ពិពណ៌នា​ពី​ផែនការ​របស់​ទ្រង់ ទ្រង់​បាន​អញ្ជើញ​ហេណុក ៖ « ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ » ។

កាល​ក្មួយៗ​ធ្វើ​ដំណើរ​ឆ្លងកាត់​ឆ្នាំ​ថ្មី​នេះ ប្រហែលជា​ក្មួយៗ​កំពុង​ស្វែងរក​សុភមង្គល​គោលបំណង និង​អត្ថន័យ​នោះ​ដោយខ្លួនឯង ។ ក្មួយៗ​អាច​រៀន​អំពី​ដំណើរ​រឿង​របស់​ហេណុក ហើយ​អញ្ជើញ​ព្រះអម្ចាស់​ឲ្យ​ក្លាយជា​ផ្នែកមួយ​​ក្នុងការ​ធ្វើ​ដំណើរ​របស់​ក្មួយៗ​ក្នុង​ឆ្នាំ​នេះ ។

ក្មួយៗ​អាច​ជ្រើសរើស​ដើរ​ជាមួយ​ទ្រង់ ។ កាល​ក្មួយៗ​ធ្វើ​ដូច្នេះ នោះ​ពរជ័យ​កំពុង​រង់ចាំក្មួយៗ ។

វានឹង​ជា​ឆ្នាំ​ដ៏ល្អ ។

ដោយ​ក្តីស្រឡាញ់

អេមីលី ប៊ែល ហ្វ្រីមែន

ប្រធាន​យុវនារី​ទូទៅ