វិធីសាស្រ្ត ៣ ដើម្បី បដិសេធសាតាំង ហើយ ជ្រើសរើសព្រះយេស៊ូវគ្រីស្ទ
ការយល់ដឹងអំពីអ្វីដែលបានកើតឡើងនៅក្នុងជីវិតមុនជីវិតនៅលើផែនដីអាចជួយក្មួយៗឲ្យជ្រើសរើសអ្វីដែលត្រឹមត្រូវនៅពេលនេះ ។
រចនារូបភាពដោយ ឌីន ម៉ាក់អាដាម
នៅពេលព្រះវរបិតាសួគ៌បានបើកសម្តែងអំពីផែនការរបស់ទ្រង់សម្រាប់សុភមង្គល និងការរីកចម្រើនដ៏អស់កល្បជានិច្ចរបស់យើង ទ្រង់បានសន្យាថានឹងបញ្ជូនព្រះអង្គសង្រ្គោះមកដើម្បីជួយយើង ។ នៅពេលព្រះវរបិតាទូលសួរថា « តើយើងនឹងចាត់អ្នកណា ? » ( អ័ប្រាហាំ ៣:២៧ ) ព្រះយេស៊ូវគ្រីស្ទ « ជាទីស្ងួនភ្ងា [ របស់ព្រះវរបិតា ] និងជាទីជម្រើសរបស់យើងចាប់តាំងពីដើមដំបូងមក » ( ម៉ូសេ ៤:២ ) បានមានបន្ទូលថា « ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ » ( អ័ប្រាហាំ ៣:២៧ ) ។ ទ្រង់មិនបានទូលសុំអ្វីទេ ទ្រង់គ្រាន់តែចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាប៉ុណ្ណោះ ( សូមមើល ម៉ូសេ ៤:២ ) ។
បន្ទាប់មកលូស៊ីហ្វើរបានមក ។ វាបាននិយាយផងដែរថា « សូមចាត់ទូលបង្គំចុះ » ( សូមមើល ម៉ូសេ ៤:១ ) ។ ប៉ុន្តែលូស៊ីហ្វើរអាត្មានិយម ពុំមានឆន្ទៈក្នុងការលះបង់សម្រាប់យើងទេ ។ គាត់ចង់បានកិត្តិយស ព្រះចេស្តា និងសិរីល្អរបស់ព្រះសម្រាប់ខ្លួនគាត់ ( សូមមើល ម៉ូសេ ៤:១ ) ។ លូស៊ីហ្វើរចង់បំផ្លាញសិទ្ធិជ្រើសរើសរបស់យើង ។ គំនិតរបស់គាត់ដើម្បីធ្វើកិច្ចការនេះមិនច្បាស់លាស់ ។ ប៉ុន្តែយើងដឹងថាបើគ្មានសិទ្ធិជ្រើសរើសទេ យើងនឹងមិនអាចរីកចម្រើន ហើយប្រែក្លាយដូចជាព្រះវរបិតាសួគ៌របស់យើងបានឡើយ ។ ដូច្នេះហើយ អ្វីដែលសំខាន់លូស៊ីហ្វើរ បានបះបោរប្រឆាំងនឹងព្រះវរបិតាសួគ៌ និងបដិសេធផែនការរបស់ទ្រង់ ។
ការបះបោររបស់លូស៊ីហ្វើរបណ្តាលឲ្យមានសង្គ្រាមនៅស្ថានសួគ៌ ជាកន្លែងដែលគាត់ត្រូវបាន « បណ្ដេញចុះ » ហើយគាត់ « ក្លាយទៅជាសាតាំង » ( ម៉ូសេ ៤:៣–៤ ) ។ មួយភាគបីនៃពួកពលបរិវារស្ថានសួគ៌បានទៅតាមវា ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៦ ) ។ ប៉ុន្តែយើងបានអនុវត្តសេរីភាពក្នុងការជ្រើសរើសនិងការធ្វើតាមព្រះយេស៊ូវគ្រីស្ទរបស់យើង ។
សង្គ្រាមដែលបានចាប់ផ្តើមនៅស្ថានសួគ៌បន្តរហូតដល់សព្វថ្ងៃនេះ ។ សាតាំង និងអ្នកដើរតាមវាបន្តរករឿងប្រឆាំងនឹងយើង ។ នេះគឺជាវិធីសាស្រ្តបីយ៉ាងដើម្បីស្គាល់យុទ្ធសាស្ត្រ និងវិធីសាស្រ្តរបស់សាតាំង ដើម្បីជៀសវាងអន្ទាក់របស់វា ហើយជ្រើសរើសព្រះយេស៊ូវគ្រីស្ទពេញមួយជីវិតរបស់យើង ។
១. កុំអនុញ្ញាឲ្យភាពល្វីងជូរចត់ឈ្នះ
ប៉ុន្មានឆ្នាំមុនខ្ញុំធ្លាប់ព្យាយាមបញ្ចុះបញ្ចូលមិត្តភក្តិរបស់ខ្ញុំនៅសាលាកុំឲ្យធ្វើកិច្ចការផ្ទះរបស់ពួកគេ ព្រោះខ្ញុំក៏មិនបានធ្វើកិច្ចការផ្ទះរបស់ខ្ញុំដែរ ។ ខ្ញុំខុស ប៉ុន្តែខ្ញុំគិតថាប្រសិនបើយើងទាំងអស់គ្នាមានបញ្ហាដូចខ្ញុំ នោះខ្ញុំនឹងកាន់តែមានអារម្មណ៍ល្អចំពោះខ្លួនឯង ។ អាកប្បកិរិយាមិនល្អរបស់ខ្ញុំរំឭកខ្ញុំអំពីឥរិយាបថរបស់សាតំាងចំពោះយើង ។ ដោយសារវារងទុក្ខវេទនា នោះវាចង់បំផ្លាញសក្តានុពលរបស់យើងសម្រាប់ជីវិតដ៏អស់កល្បផងដែរ ។
សាតាំងត្រូវបានបំផ្លិចបំផ្លាញដោយការស្អប់ខ្ពើមរបស់វា—សូម្បីតែវាដឹងថាចុងក្រោយវានឹងបរាជ័យក្តី—ក៍នៅតែព្យាយាមល្បួងយ៉ាងអន្ទះសារ ដើម្បី « ផ្សាយអំពីកិច្ចការទាំងឡាយនៃសេចក្ដីងងឹត » ( ហេលេមិន ៦:២៨ ) ដើម្បីបង្កគ្រោះថ្នាក់ដល់យើងជាច្រើននាក់តាមដែលវាអាចធ្វើបាន ។
ការស្អប់របស់សាតាំងគឺមិនមែនជាផែនការដែលយើងបានជ្រើសរើសទេ ។ យើងអាចប្រើសិទ្ធិជ្រើសរើសរបស់យើងដើម្បីបន្តធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយបន្តបដិសេធការល្បួងគួរឲ្យស្អប់ខ្ពើម ថោកទាបនិងបោកបញ្ឆោតខ្លួនឯង ។ ព្រះអង្គសង្គ្រោះបានលះបង់ព្រះជន្មរបស់ទ្រង់ ដូច្នេះយើងអាចប្រែក្លាយជាមនុស្សដែលទ្រង់ចង់ឲ្យយើងប្រែក្លា ហើយភ្លក់រសជាតិផ្អែមល្ហែមនៃជីវិតដ៏អស់កល្បជានិច្ច ។
២. កុំភ័យខ្លាច
ពេលខ្លះខ្ញុំងឿងឆ្ងល់ថាហេតុអ្វីបានជាកូនចៅមួយភាគបីខាងវិញ្ញាណរបស់ព្រះនឹងជ្រើសរើសបដិសេធផែនការរបស់ទ្រង់ ។ សាតាំងដឹងថាការភ័យខ្លាច និងការសង្ស័យគឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពដើម្បីកាត់បន្ថយសេចក្តីជំនឿ ។ វាអាចល្បួងយើងឲ្យសង្ស័យលើតម្លៃរបស់យើង ឬបញ្ចុះបញ្ចូលយើងថាយើងពិតជាមិនអាចជ្រះស្អាតតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទបានទេ ។ ឬវាអាចព្យាយាមល្បួងយើងឲ្យភ័យខ្លាចក្នុងការប្រែចិត្តឬការធ្វើតាមផែនការរបស់ព្រះ ។
នៅពេលយើងប្រឈមមុខនឹងការសាកល្បង និងការលំបាក យើងអាចជ្រើសរើសទុកចិត្តលើផែនការរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់បានស៊ូទ្រាំគ្រប់ការណ៍ទាំងអស់ដូច្នេះទ្រង់អាចជាកម្លាំងរបស់យើងនៅពេលយើងប្រឈមមុខនឹងការភ័យខ្លាច ហើយតាមរយៈទ្រង់ នៅទីបំផុតយើងអាចយកឈ្នះលើការលំបាកនោះបាន ។
៣. ទទួលយកគ្រប់យ៉ាងដែលព្រះអង្គសង្គ្រោះផ្តល់ឲ្យអ្នក
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ទាំងទ្វេគឺមហិមា និងប្រកបដោយព្រះចេស្តាចំពោះយើង ។ តើមាននរណាទៀតដែលនិយាយថាពួកគេចង់ជួយយើង ផ្តល់អ្វីៗគ្រប់យ៉ាងដែលល្អបំផុតដល់យើង និងផ្តល់ឲ្យយើងទាំងអស់អ្វីដែលពួកគេមានដោយមិនទុកសម្រាប់ខ្លួនឯងឬទេ ? អ្វីគ្រប់យ៉ាងដែលព្រះវរបិតាមានក៏អាចជារបស់យើងផងដែរ ! មានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលអាចផ្តល់គ្រប់យ៉ាងដល់យើងបាន ។
នៅពេលខ្ញុំគិតដល់ពីភាពមិនអាត្មានិយមរបស់ព្រះអង្គសង្គ្រោះ និង ព្រះចេស្តានៃការប្រោសលោះរបស់ទ្រង់នោះខ្ញុំចង់ធ្វើតាមទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទគឺជាជើងឯកដ៏ល្អឥតខ្ចោះនៃផែនការដ៏ល្អឥតខ្ចោះ ។ នៅពេលយើងជ្រើសរើសទ្រង់ នោះទ្រង់ជួយយើងយកឈ្នះបច្ចាមិត្ត ធ្វើតាមផែនការរបស់ព្រះវរបិតាសួគ៌ និងសម្រេចបាននូវជោគវាសនាដ៏ទេវភាពរបស់យើង ។