បាវចនាយុវវ័យ ឆ្នាំ២០២៦
ចូរដើរជាមួយនឹងយើងចុះ
បាវចនាយុវវ័យឆ្នាំ២០២៦ នឹងជួយរំឭកអ្នកថា នៅពេលដែលក្មួយនៅជិតព្រះ ទ្រង់នឹងដើរជាមួយក្មួយ—ជានិច្ច ។
ពីឆ្វេងទៅស្តាំ ៖ ថាម៉ារ៉ា ដបុលយូ រូនៀ ទីប្រឹក្សាទីមួយ, អេមីលី បេលី ហ្វ្រីមែន ប្រធាន, អាន់ឌ្រា មូញ៉ូស ស្ពែននូស ទីប្រឹក្សាទីពីរ
ក្មួយៗមិននៅតែឯងទេ
តើក្មួយៗធ្លាប់ត្រូវបានសុំឱ្យធ្វើអ្វីមួយដែលក្មួយៗគិតថាក្មួយៗធ្វើវាមិនបានទេ ? ប្រហែលជាក្មួយៗមានអារម្មណ៍ថា ក្មួយៗមិនរឹងមាំគ្រប់គ្រាន់ ឬឆ្លាតគ្រប់គ្រាន់ ឬក្មួយៗបារម្ភថាអ្នកដទៃនឹងសើចចំអក ហើយរិះគន់ក្មួយៗ ។ ប្រសិនបើក្មួយៗធ្លាប់មានអារម្មណ៍បែបនេះ ក្មួយៗមិននៅតែឯងទេ ។
កាលពីរាប់ពាន់ឆ្នាំមុន មានបុរសម្នាក់ឈ្មោះថា ហេណុក ។ ព្រះបានសុំឲ្យហេណុកផ្សព្វផ្សាយពីការប្រែចិត្តទៅកាន់មនុស្ស—ជាមនុស្សដែលអាក្រក់ឃោរឃៅជាងគេមួយចំនួននៅដែលមិនដែលធ្លាប់ឃើញពីមុនមក ។
ហេណុកគិតថាគាត់មិនអាចធ្វើវាបានទេ ។ គាត់បានទូលប្រាប់ព្រះថា គាត់នៅក្មេងពេក គាត់មិនមានមិត្តភក្តិច្រើន ហើយគាត់មិនឆ្លាតទេ ( សូមមើល ម៉ូសេ ៦:៣១ ) ។
ប៉ុន្ដែព្រះបានប្រទានការសន្យាមួយដល់ហេណុក ។ ទ្រង់បានមានបន្ទូលទៅកាន់បុរសដែលភ័យខ្លាចនោះថា « ចូរទៅហើយធ្វើដូចដែលយើងបានបញ្ជាដល់អ្នកចុះ » ហើយ « ភ្នំទាំងឡាយនឹងគេចចេញពីមុខអ្នក ហើយទន្លេទាំងឡាយនឹងបែរចេញពីដំណើរវា ហើយអ្នកនឹងនៅក្នុងយើង ហើយយើងក្នុងអ្នក ហេតុដូច្នេះហើយចូរដើរជាមួយនឹងយើងចុះ » ( ម៉ូសេ ៦:៣២, ៣៤) ។
« ចូរដើរជាមួយនឹងយើងចុះ » ។ ឱ ជាការអញ្ជើញដែលសាមញ្ញ តែស្រស់ស្អាត ។
ព្រះបានសន្យានឹងហេណុកថា ប្រសិនបើគាត់នឹងក្លាហានគ្រប់គ្រាន់ដើម្បីចាប់ផ្តើម នោះព្រះនឹងគង់នៅជាមួយគាត់គ្រប់ជំហានទាំងអស់ ។ ព្រះនឹងធ្វើឲ្យហេណុកមានអំណាច និងពង្រឹងគាត់ឲ្យអាចធ្វើបានកាន់តែច្រើនឡើង ហើយជួយគាត់ឱ្យក្លាយមនុស្សម្នាក់ដែលគាត់មិនដែលនឹកស្រមៃដល់ពីមុនមក ។
ព្រះនាមមួយក្នុងចំណោមព្រះនាមជាច្រើនរបស់ព្រះអង្គសង្គ្រោះគឺអេម៉ាញូអែល ឬ « ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ » ( ម៉ាថាយ ១:២៣ ) ។ វាគឺនៅក្នុងព្រះនាម និងនិស្ស័យរបស់ព្រះអម្ចាស់ដើម្បីដើរជាមួយនឹងយើង ។ វាជាជម្រើសរបស់យើង—តើយើងនឹងដើរជាមួយទ្រង់ដែរឬទេ ?
សព្វថ្ងៃនេះ យើងមើលទៅហេណុកជាបុរសនៃសេចក្តីជំនឿ និងជាព្យាការី ហើយជាមេដឹកនាំដ៏អស្ចារ្យម្នាក់ ។ ប៉ុន្តែមុនពេលហេណុកក្លាយជា ព្យាការី ហេណុកកាលពីក្មេងជាមនុស្សម្នាក់ដែលមានការសង្ស័យលើខ្លួនឯង ប៉ុន្តែគាត់នៅតែជ្រើសរើសដើរជាមួយនឹងព្រះ ។
ពេលដែលជីវិតពិបាក ពេលដែលក្មួយៗមានអារម្មណ៍ថាក្មួយៗមិនទាន់ល្អគ្រប់គ្រាន់ សូមចងចាំពីការសន្យារបស់ព្រះអម្ចាស់ដែលមានចំពោះហេណុក និងដែលមានចំពោះក្មួយៗ ។ ទ្រង់នឹងដើរជាមួយនឹងក្មួយៗ ។ ទ្រង់នឹងមិនទុកក្មួយៗចោលឲ្យនៅតែឯងទេ ទ្រង់មិនទុកក្មួយៗចោលឡើយសូម្បីតែមួយជំហាន ។
អេម៉ាញូអែល ។ ព្រះទ្រង់គង់ជាមួយនឹងយើងខ្ញុំ ។ សូមព្រះគង់ជាមួយនឹងក្មួយៗ !
គណៈប្រធានយុវនារីទូទៅ
ពីឆ្វេងទៅស្តាំ ៖ ដេវីឌ ចេ. វ័នឌើរលី ទីប្រឹក្សាទីមួយ ធីម៉ូស៊ី អេល. ហ្វានេស ប្រធាន និង ស៊ាន អរ. ឌីកស្សុន ទីប្រឹក្សាទីពីរ
ដោយមានជំនួយពីទ្រង់ យើងអាចធ្វើបានគ្រប់ការណ៍ទាំងអស់
ដូចជាក្មួយៗដែលជាយុវជនដែរ ព្រះអម្ចាស់បានសុំឲ្យហេណុកឲ្យបំពេញកាតព្វកិច្ចបព្វជិតភាពដ៏សំខាន់ ។ ភារកិច្ចរបស់គាត់ គឺដើម្បីផ្សព្វផ្សាយការប្រែចិត្តដល់ប្រជាជនទុច្ចរិត ។ ហេណុក បានបង្ហាញការសង្ស័យរបស់គាត់ ។ គាត់បានមានប្រសាសន៍ ៖ « [ ទូលបង្គំ ] គ្រាន់តែជាក្មេងតូចមួយ » ។ « ប្រជាជនទាំងអស់គ្នាស្អប់ទូលបង្គំ … ទូលបង្គំមានមាត់រឹង ម្ដេចឡើយក៏ទូលបង្គំជាអ្នកបម្រើទ្រង់ ? » ( ម៉ូសេ ៦:៣១ ) ។
ព្រះអម្ចាស់បានឆ្លើយតបដោយព្រះចេស្ដា និងការធានាអះអាង ។ « ចូរទៅ ហើយធ្វើដូចដែលយើងបានបញ្ជាដល់អ្នកចុះ ។ … ចូរបើកមាត់អ្នក ហើយមាត់នោះនឹងបានពោរពេញ… ។ ព្រះវិញ្ញាណរបស់យើងកំពុងតែស្ថិតនៅលើអ្នក … ភ្នំទាំងឡាយនឹងគេចចេញពីមុខអ្នក … ហេតុដូច្នេះហើយចូរដើរជាមួយនឹងយើងចុះ » ( ម៉ូសេ ៦:៣២, ៣៤ ) ។
ហេណុកបានរៀនថា នៅពេលដែលព្រះអម្ចាស់ផ្តល់ភារកិច្ចដល់យើង យើងមិនប្រឈមមុខនឹងវាតែម្នាក់ឯងទេ ។ ពេលដែលយើងធ្វើ និងរក្សាសេចក្ដីសញ្ញាជាមួយព្រះគ្រីស្ទ យើងដើរជាមួយនឹងទ្រង់ ហើយចែកចាយនៅក្នុងព្រះចេស្ដារបស់ទ្រង់—យើងក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ទ្រង់ ។
ដូចហេណុកដែរ ក្មួយៗមានតួនាទីសំខាន់មួយ ៖ ផ្ដល់ការងារបម្រើ ការបម្រើក្នុងព្រះវិហារបរិសុទ្ធ បម្រើសាក្រាម៉ង់ សិក្សាព្រះគម្ពីរ រស់នៅតាមបទដ្ឋាននៃដំណឹងល្អ ធ្វើការប្រែចិត្ត និងការរៀបចំចេញបេសកកម្ម ជាដើម ។ យើងអាចមានអារម្មណ៍លើសលប់ ។ ពេលខ្លះ ក្មួយៗអាចមានអារម្មណ៍ថាមិនល្អគ្រប់គ្រាន់ ។ វាមិនថ្វីនោះទេ ។ ក្មួយៗពុំធ្វើកិច្ចការនេះតែឯងនោះទេ ។ វាសំខាន់លើអ្វីដែលក្មួយៗជ្រើសរើសនៅថ្ងៃនេះ—ថ្ងៃនេះ និងជារៀងរាល់ថ្ងៃ—គឺជ្រើសរើសដើរជាមួយនឹងព្រះ ។
ដោយមានជំនួយពីទ្រង់ នោះក្មួយៗអាចធ្វើកិច្ចការគ្រប់យ៉ាងបាន ។ ទ្រង់នឹងពង្រឹង អភ័យទោស និងជួយក្មួយៗឲ្យធ្វើកិច្ចការទាំងឡាយបានលើសពីសមត្ថភាពពីធម្មជាតិដែលក្មួយៗអាចធ្វើបាន ។ ទ្រង់ស្រឡាញ់ក្មួយៗ ! ក្នុងនាមជាគណៈប្រធានយុវជនទូទៅ ពួកយើងស្រឡាញ់ក្មួយៗ ហើយទន្ទឹងរង់ចាំចូលរួមជាមួយក្មួយៗក្នុងការស្វែងយល់ពីបាវចនាឆ្នាំ២០២៦ ដែលពោរពេញដោយការបំផុសគំនិត ៖ « ចូរដើរជាមួយនឹងយើងចុះ » ។
គណៈប្រធានយុវជនទូទៅ