ថ្នាក់ថ្មី ឱកាសថ្មី
តើត្រូវផ្លាស់ប្តូរទៅក្នុងថ្នាក់ ឬកូរ៉ុមថ្មីឬ ? នេះគឺជាចំណុចមួយចំនួនដែលត្រូវង់ចាំ !
រូបភាពដោយ ស៊ីថា ហ្វាស
ការចាប់ផ្តើមឆ្នាំថ្មីជាញឹកញាប់នាំមកនូវការផ្លាស់ប្តូរធំៗ—រួមទាំងការផ្លាស់ប្តូរទៅថ្នាក់ផ្សេង ឬកូរ៉ុមនៅឯព្រះវិហារផងដែរ ! មិនថាបងប្អូនកំពុងចាកចេញពីអង្គការបឋមសិក្សា ចូលសមាគមសង្គ្រោះ ឬកូរ៉ុមអែលឌើរ ឬគ្រាន់តែផ្លាស់ទៅថ្នាក់យុវនារីបន្ទាប់ ឬបព្វជិតភាពអើរ៉ុននោះទេ មានចំណុចបីយ៉ាងដែលទន្ទឹងរង់ចាំ ។
១. មនុស្សថ្មី
វាអាចហាក់ដូចជាគួរឲ្យខ្លាចក្នុងការរៀនជាមួយមនុស្សដែលចាស់ជាងបងប្អូន ប៉ុន្តែបងប្អូនអាចមានចំណុចដូចគ្នាជាច្រើនដែលនឹកស្មានមិនដល់ ។ បងប្អូនទាំងអស់គ្នាជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទដែលកំពុងព្យាយាមដើរតាមទ្រង់ ។ ការផ្លាស់ប្តូរថ្នាក់គឺជាឱកាសមួយដើម្បីស្តាប់ការយល់ដឹងថ្មីៗពីមនុស្សដែលមានបទពិសោធន៍ខុសពីបងប្អូន—ហើយក៏ជាឱកាសដើម្បីបង្កើតមិត្តថ្មីផងដែរ ។
២. សកម្មភាពថ្មី
កម្មវិធីយុវជន និងយុវនារីគឺសប្បាយរីករាយណាស់ ! បងប្អូនប្រហែលជាអាចមានវិធីថ្មីៗដើម្បីទាង់ទងជាមួយយុវវ័យផ្សេងទៀតរួមទាំងសកម្មភាពថ្នាក់ និងកូរ៉ុមព្រមទាំងការបោះជំរុំផងដែរ ។ នៅពេលបងប្អូនមានអាយុ ១៤ឆ្នាំប្អូនក៏អាចមានសន្និសីទ ដ.ក.យ.កម្មវិធីរាំកម្សាន្ត និងថ្នាក់សិក្ខាសាលាផងដែរ ។
ក្នុងនាមជាយុវមជ្ឈិមវ័យប្អូនអាចចូលរួមថ្នាក់វិទ្យាស្ថាន និងសកម្មភាពដែលគ្រោងទុកដោយសមាគមសង្គ្រោះ កូរ៉ុមអែលឌើរ ឬយុវមជ្ឈិមវ័យនៅលីវវួដ ឬកន្លែងប្រមូលផ្តុំផ្សេងទៀត ។
៣. ឯកសិទ្ធិថ្មី
នៅពេលបងប្អូនមានអាយុកាន់តែច្រើន បងប្អូននឹងមានឱកាសកាន់តែច្រើនដើម្បីបម្រើនៅក្នុងសាសនាចក្រ ដូចជាការធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ប្រសិទ្ធពរដល់ពិធីសាក្រាម៉ង់ ឬបំពេញការហៅបម្រើ ( រួមទាំងការចាត់តាំងឲ្យធ្វើការងារបម្រើ ) ។ សូមទាញយកអត្ថប្រយោជន៍ពីឱកាសទាំងនេះសម្រាប់ការរីកចម្រើនខាងវិញ្ញាណ និងរីករាយនឹងរបៀបដែលកិច្ចការទាំងនេះពង្រឹងទំនាក់ទំនងរបស់បងប្អូនជាមួយព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងមនុស្សដែលបងប្អូនបម្រើ ។
កាលបងប្អូនផ្លាស់ប្តូរចូលទៅក្នុងថ្នាក់ថ្មីមួយ សូមចាំថា « អ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ » ( កាឡាទី ៣:២៨ ) ។ កាលបងប្អូនផ្តោតយកចិត្តទុកដាក់លើបទពិសោធន៍ក្នុងព្រះវិហាររបស់ប្អូនជុំវិញទ្រង់ ទ្រង់នឹងជួយបងប្អូនរកឃើញសេចក្តីអំណរគ្រប់ទីកន្លែងដែលអ្នកនៅ ។