ដើម្បី​កម្លាំង​នៃ​យុវជន
គ្រប់​យ៉ាង​នឹង​ល្អ​ប្រសើរ​ឡើង នៅពេល​អ្នក​ដាក់​ទី​ទុកចិត្ត​លើ​ព្រះ
ដើម្បី​កម្លាំង​នៃ​យុវជន ខែមករា ឆ្នាំ២០២៦


គ្រប់​យ៉ាង​នឹង​ប្រសើរ​ឡើង នៅពេល​អ្នក ដាក់​ទី​ទុកចិត្ត​លើ​ព្រះ

នៅពេល​អ្នក​ដាក់​ទី​ទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ នោះ​អ្នក​នឹង​អាច​ប្រឈម​មុខ​នឹង​អ្វី​ដែល​អ្នក​កំពុង​តែ​ឆ្លង​កាត់ ។

យុវនារី

រូបថតដោយ ជីអូវ៉ាណា ហ្វ្លាវីអា ដឺ អ៉ាលមីដា ខាមផូស

ខ្ញុំ​បាន​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ តាំង​ពី​ខ្ញុំ​មាន​អាយុ​ប្រាំបី​ឆ្នាំ​មក​ម្ល៉េះ ។ ពីរបី​ខែ​បន្ទាប់​ពី​ខ្ញុំ​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​រួច គ្រួសារ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ឃ្លាត​ឆ្ងាយ​ចេញ​ពី​សាសនាចក្រ ។

ច្រើន​ឆ្នាំ​ក្រោយ​មក នៅ​ពេល​ដែល​យើង​បាន​សម្រេច​ចិត្ត​ត្រឡប់​មក​ព្រះវិហារ​វិញ ជំងឺ​រាត​ត្បាត​កូវីដ-​១៩​បាន​ចាប់ផ្ដើម​វាយលុក ហើយ​ការប្រជុំ​សាសនាចក្រ​បាន​ចាប់ផ្តើម​ធ្វើ​ឡើង​ពី​ចម្ងាយ​ដោយ​មិន​មាន​ការជួបជុំ​ផ្ទាល់​ទេ ។ ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​បាន​ចាប់​ផ្ដើម​រសាត់​ឆ្ងាយ​ទៅៗ ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន ។

ការលំបាក និង​ការសង្ស័យ

ក្នុង​អំឡុង​ពេល​នេះ ខ្ញុំ​បាន​ចាប់ផ្តើម​សង្ស័យ​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ទីបន្ទាល់​របស់​ខ្ញុំ និង​ថា​តើ​ព្រះយេស៊ូវគ្រីស្ទ​អង្គ​បែប​ណា ។ មាន​ពេល​មួយ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​សង្ស័យ​ តើ​ពិត​ជា​មាន​ព្រះ​ឬ​ទេ និង​ចាប់ផ្ដើម​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​ដែល​មិន​ជឿ​លើ​ព្រះ​តែ​ម្ដង ។ ចិត្ត​ខ្ញុំ​បាន​រឹងរូស និង​ត្រជាក់​ដូចជា​ថ្ម​ទឹកកក ។

ដំណាក់​កាល​នោះ​នៃ​ជីវិត​របស់​ខ្ញុំ គឺ​មាន​ភាពលំបាក និង​ស្មុគស្មាញ​មិន​គួរ​ឲ្យ​ជឿ ។ ខ្ញុំ​គិត​ថា​ដោយសារ​តែ​នៅ​ពេល​ដែល​យើង​ឈប់​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះចេស្ដា​របស់​ទ្រង់ ទើប​ជីវិត​របស់​យើង​បាត់បង់​អត្ថន័យ ហើយ​ប្រែ​ក្លាយជា​រងទុក្ខ ។

ថ្នាក់​សិក្ខាសាលា​បាន​ផ្លាស់​ប្តូរ​ខ្ញុំ

ទីបំផុត ឪពុក​របស់​ខ្ញុំ​បាន​ជះ​ឥទ្ធិពល​ដល់​ខ្ញុំ​ឲ្យ​ចាប់​ផ្តើម​ចូលរួម​ព្រះវិហារ​ម្តង​ទៀត ។ ខ្ញុំ​បាន​ចូលរួម ទោះបី​ជា​ខ្ញុំ​នៅ​តែ​មាន​ភាព​ច្របូក​ច្របល់​ក្នុង​ចិត្ត និង​នៅ​មាន​ចម្ងល់​ជា​ច្រើន​ក៏​ដោយ ។

មាន​ថ្ងៃ​មួយ​នៅ​ព្រះវិហារ ខ្ញុំ​បាន​ឃើញ​ផ្ទាំង​រូបភាព​អំពី​ថ្នាក់​សាលា​សិក្ខាសាលា ។ វា​បាន​បណ្ដាល​ឲ្យ​ខ្ញុំ​មាន​ការចាប់​អារម្មណ៍ ។ ខ្ញុំ​បាន​ទៅជួប​ប៊ីស្សព​ដើម្បី​សួរ​គាត់​អំពី​រឿង​នេះ ។ គាត់​បាន​ដាក់បញ្ចូល​ឈ្មោះ​ខ្ញុំ​ភ្លាមៗ​ទៅ​ក្នុង​ក្រុម​ឈែត​ថ្នាក់​សិក្ខាសាលា ហើយ​បាន​ប្រាប់​ខ្ញុំ​ថា ថ្នាក់​សិក្ខាសាលា​ចាប់​ផ្តើម​នៅ​ម៉ោង ៥:៣០ ព្រឹក ។

យុវនារី​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ​ក្នុង​ថ្នាក់​សិក្ខាសាលា
យុវនារី​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ

ដូច្នេះ ខ្ញុំ​បាន​ចាប់​ផ្តើម​ចូល​រៀន​ថ្នាក់​សិក្ខាសាលា ។ ការ​ធ្វើ​បែប​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​មិត្តភក្ដិ​ថ្មីៗ ហើយ​ទី​បំផុត​ទទួល​បាន​ទីបន្ទាល់​អំពី​សាសនាចក្រ និង​ព្រះគម្ពីរ​ត្រឡប់​មកវិញ ។ ខ្ញុំ​មាន​គ្រូ​ម្នាក់​ដែល​ពិត​ជា​លើក​ទឹកចិត្ត​ដល់​សិស្ស​ក្នុង​ថ្នាក់ និង​ជួយ​យើង​បញ្ចេញ​សមត្ថភាព​របស់​យើង ។ ខ្ញុំ​បាន​រក​ឃើញ​ថា ការ​សិក្សា​បទគម្ពីរ ពិត​ជា​អនុញ្ញាត​ឲ្យ​យើង​ស្គាល់​ព្រះអង្គសង្គ្រោះ ។ វា​មាន​ភាព​ខុសគ្នា​រវាង​ការ​ស្តាប់​ទីបន្ទាល់​របស់​នរណា​ម្នាក់ និង​ការ​ស្វែងរក​ទីបន្ទាល់​របស់​អ្នក​ផ្ទាល់​ខ្លួន​តាមរយៈ​ការ​សិក្សា និង​សេចក្ដី​ជំនឿ ។

ក្រុមយុវនារី

ចាស្មីន ជាមួយ​មិត្តភក្តិ​របស់នាង វីកតូរៀ ( ឆ្វេង ) និង ខារ៉ូល ( ស្តាំ ) ។ មិត្តភក្តិ​របស់​ចាស្មីន ជួយ​នាង​ឲ្យ​រស់​នៅ​តាម​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

គន្លឹះ​ចំនួន​១០​ដើម្បី​ក្លាយ​ជា​សិស្ស​របស់​ព្រះគ្រីស្ទ

ដំបូងឡើយ​ខ្ញុំ​បាន​ដឹង​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​អ្វី​ដែល​អ្នក​ដទៃ​បាន​ប្រាប់​ដល់​ខ្ញុំ ។ ប៉ុន្តែ​យើង​មិន​អាច​ពឹង​ផ្អែក​តែ​លើ​ទីបន្ទាល់​របស់​អ្នក​ដទៃ​បាន​ទេ ។ យើង​ចាំបាច់​ត្រូវ​ស្គាល់​ព្រះអង្គសង្គ្រោះ​ដោយ​ខ្លួន​ឯង ។

យុវនារី​ម្នាក់​កំពុង​អធិស្ឋាន

យើង​ត្រូវ​មាន​ពេលវេលា​សម្រាប់​ព្រះអង្គសង្គ្រោះ និង​សម្រាប់​កិច្ចការ​ដ៏​ទេវភាព ដើម្បី​យើង​អាច​ក្លាយ​ជា​សិស្ស​ម្នាក់​របស់​ទ្រង់ ។ ខ្ញុំ​បាន​រៀន​ថា​អ្នក​ស្គាល់​ទ្រង់​នៅ​ពេល​ដែល​អ្នក ៖

  1. ស្វែង​រក​ទ្រង់​ដោយ​ចេតនា ។

  2. អាន​ព្រះគម្ពីរ ។

  3. ខិតខំ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ខាងវិញ្ញាណ ។

  4. អធិស្ឋាន ។

  5. ចូលរួម​ព្រះវិហារ​បរិសុទ្ធ ។

  6. បម្រើ​មនុស្ស​ដទៃ ។

  7. តម​អាហារ ។

  8. ធ្វើ​តាម​គំរូ​របស់​ទ្រង់ ។

  9. មាន​ដួងចិត្ត​ល្អ ។

  10. បដិសេធ​មិន​និយាយ​អាក្រក់ ឬ​និយាយ​ដើម​ពី​អ្នកដទៃ ។

រឿង​ទាំង​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​ព្រះអង្គសង្គ្រោះ—និង​ក្លាយ​ជា​សិស្ស​ម្នាក់​របស់​ទ្រង់ ។ ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​រឿង​ដែល​មាន​សារៈសំខាន់​ណាស់ ព្រោះ​យើង​អាច​ប្រើ​ពន្លឺ​របស់​ទ្រង់​ដើម្បី​ជួយ​អ្នកដទៃ ។ តាមរយៈ​គំរូ​ល្អ​របស់​យើង អ្នក​ដទៃ​អាច​មើល​ឃើញ​ថា​ដំណឹងល្អ​គឺជា​ពរជ័យ​ប៉ុនណា ។

មនុស្ស​ចាកចេញ​ពី​សាលាប្រជុំ

ការ​ទៅ​ព្រះវិហារ និង​ការចែកចាយ​ដំណឹងល្អ​ជាមួយ​គ្រួសារ​របស់​នាង​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់ ចាស្មីន តាម​របៀប​ជាច្រើន ។

គ្រប់យ៉ាង​នឹង​ប្រសើរ​ឡើង

នៅ​ពេល​ដែល​ខ្ញុំ​ត្រឡប់​ទៅ​ព្រះវិហារ​វិញ ពេល​នោះ​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​ចំណុច​បាត—ពោរពេញ​ទៅ​ដោយ​ការសង្ស័យ មិន​មាន​មិត្តភក្ដិ មិន​មាន​សេចក្ដី​សង្ឃឹម មិន​ស្គាល់​សូម្បី​តែ​ខ្លួន​ឯង​ថា​ជា​នរណា ឬ​មិន​ដឹង​ថា​អ្វី​ជា​គោលបំណង​ក្នុង​ជីវិត​ខ្ញុំ ។

ឥឡូវនេះ​ដំណឹងល្អ​គឺជា « អណ្តាតភ្លើង » ដែល​បាន​បំភ្លឺ​ជីវិត​របស់​ខ្ញុំ និង​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ហើយ​ក្លាយ​ជា​មនុស្ស​ដែល​ល្អ​ប្រសើរ​ជាង​មុន ។ បើ​គ្មាន​ដំណឹងល្អ​ទេ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​កំពុង​តែ​នៅ​កន្លែង​ណាទេ​ពេល​នេះ ។

អ្វី​គ្រប់​យ៉ាង​នឹង​ប្រសើរ​ឡើង​នៅ​ក្នុង​ជីវិត នៅ​ពេល​ដែល​អ្នក​ដាក់​ទី​ទុកចិត្ត​លើ​ព្រះ ។ ខណៈពេល​ដែល​អ្នក​ស្វែង​រក​ព្រះ អ្នក​នឹង​ចាប់​ផ្តើម​តោង​ឡើង​ចេញ​ពី​ជ្រោះជ្រៅ ហើយ​គ្រប់​យ៉ាង​នឹង​ចាប់​ផ្តើម​ល្អ​ប្រសើរ​ឡើង ។ ជា​ការ​ពិត​ណាស់ ទុក្ខ​លំបាក​នឹង​នៅ​តែ​មាន ប៉ុន្ដែ​ការ​ដាក់​ទី​ទុកចិត្ត និង​បំណងប្រាថ្នា​ដើម្បី​ជឿ​នឹង​ស្អាង​អ្នក​ឡើង​បន្ដិច​ម្ដងៗ ។ វា​អាច​ត្រូវការ​ពេលវេលា ប៉ុន្តែ​គ្រប់​យ់ាង​នឹង​ល្អ​ប្រសើរ​ឡើង !

នៅ​ពេល​ដែល​អ្នក​ដាក់​ទី​ទុក​ចិត្ត​ទៅ​លើ​ព្រះវរបិតាសួគ៌ អ្នក​នឹង​អាច​ប្រឈម​មុខ​នឹង​អ្វីៗ​ដែល​អ្នក​កំពុង​តែ​ឆ្លង​កាត់—មិន​ថា​វា​ជា​បញ្ហាប្រឈម ការសង្ស័យ បញ្ហា​សុខភាព ឬ​ភាព​ឯកោ​នោះទេ ។ ឧទាហរណ៍ ៖ អ្នក​អាច​ទទួល​បាន​ពិន្ទុ​ល្អ​ក្នុង​ការប្រឡង សុខភាព​អ្នក​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ឬ​អ្នក​ទទួល​បាន​ចម្លើយ—ពេល​ខ្លះ​ជា​ចម្លើយ​តបនឹង​សំណួរ​ដែល​អ្នក​ស្វែង​រក​តាំង​ពី​អ្នក​មាន​អាយុ​១០​ឆ្នាំ​មក​ម្ល៉េះ ដូច​ករណី​របស់​ខ្ញុំ—ប្រសិន​បើ​អ្នក​ស្វែង​រក​ទ្រង់ ហើយ​ដាក់​ទី​ទុក​ចិត្ត​លើ​ទ្រង់ ។

ខ្ញុំ​ជឿជាក់​លើ​រឿង​ទាំងអស់​នេះ ។ ដោយសារតែ​ដំណឹងល្អ ខ្ញុំ​អាច​និយាយ​បាន​ថា​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ ។ តាម​ពិត​ទៅ គ្រប់យ៉ាង​បាន​ផ្លាស់ប្ដូរ—ដួងចិត្ត គំនិត អត្ដចរិត និង​គោលការណ៍​ទាំងឡាយ​របស់​ខ្ញុំ ។ ឥឡូវ​នេះ​ខ្ញុំ​ដឹង​ពី​សេចក្ដីពិត ហើយ​ទាំងអស់​នេះ​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្ដូរ​ទាំង​ស្រុង ។ អ្វី​គ្រប់​យ៉ាង​បាន​ល្អ​ប្រសើរ​ឡើង ដោយសារ​តែ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

អ្នក​និពន្ធ​រស់នៅ​ទីក្រុង​ សៅផាឡូ ប្រទេស​ប្រេស៊ីល ។