ដើម្បី​កម្លាំង​នៃ​យុវជន
ការសន្យា​ដ៏​មាន​តម្លៃ​ទាំងឡាយ​នៃ​ផែនការ​របស់​ព្រះវរបិតា
ដើម្បី​កម្លាំង​នៃ​យុវជន ខែមករា ឆ្នាំ២០២៦


ការសន្យា​ដ៏​មាន​តម្លៃ​ទាំងឡាយ នៃ ផែនការ​របស់​ព្រះវរបិតា

ព្រលឹង​របស់​យើង​គួរតែ​ពោរពេញ​ដោយ​ការដឹងគុណ ពេល​ដែល​យើង​ពិចារណា​អំពី​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ​ដែល​មាន​សម្រាប់​យើង ។

យុវជន​នៅលើ​ស្ពាន​ដែល​ភ្ជាប់​គ្នា​ដោយ​ចំណងពីរ​ភ្ជាប់​ចុង​ម្ខាង​ទៅ​នឹង​ចុង​ម្ខាង​ទៀត​នៃ​ស្ពាន

រចនា​រូបភាព​ដោយ អាលីហ្សា ភីធើរសិន

ផែនការ​របស់​ព្រះវរបិតា​សួគ៌​ពិពណ៌នា​អំពី « សេចក្ដីសន្យា​ដ៏​ធំបំផុត ហើយ​វិសេស​ផង »​( សូមមើល ពេត្រុស ទី២ ១:៣–៤ ) និង​សេចក្តីពិត​ដែល​កំណត់​ពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង ។

ដូច​បាន​ពន្យល់​នៅ​ក្នុង « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ដែល​ចែង​ថា « មនុស្ស​ទាំងអស់—ទាំងប្រុស​ទាំងស្រី—ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃ​ព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​មាតា​បិតា​សួគ៌ ដូច្នេះ​ហើយ មនុស្ស​ម្នាក់ៗ​មាន​និស្ស័យ និង​ជោគវាសនា​នៃ​ព្រះ » ។

ព្រះវរបិតាសួគ៌​សន្យា​នឹង​យើងថា ប្រសិន​បើ​យើង​ធ្វើ​តាម​ផែនការ​របស់​ទ្រង់ និង​គំរូ​នៃ​បុត្រា​ស្ងួនភ្ងា​របស់ទ្រង់ រក្សា​បទបញ្ញត្តិ​ទាំងឡាយ និង​ស៊ូទ្រាំ​ដោយ​សេចក្តីជំនឿ​រហូត​ដល់​ទីបញ្ចប់​នោះ​យើង « នឹង​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ជា​អំណោយ​ទាន​ដ៏មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំងឡាយ​នៃ​ព្រះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៤:៧ ) ។

កិច្ចការ​របស់​ព្រះ​ផ្តោតលើ​ភាពរីកចម្រើន និងភាព​តម្កើង​ឡើង​នៃ​កូនចៅ​របស់​ទ្រង់ ។ គ្រប់​ផ្នែក​នៃ​ផែនការ​របស់​ទ្រង់​ត្រូវ​បាន​រចនា​ឡើង ដើម្បី​ផ្ដល់ពរ​ដល់​យើង ដោយសារ « តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ [ ព្រះនេត្រ​របស់​ទ្រង់ ]» ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១០ ) ។

ផែនការ​របស់​ព្រះវរបិតាសួគ៌

នៅ​ក្នុង​ក្រុមប្រឹក្សា​ជីវិត​មុន​ផែនដី ព្រះវរបិតាសួគ៌​បាន​បង្ហាញ​ដល់កូនចៅ​ខាងវិញ្ញាណ​របស់​ទ្រង់ អំពី​ផែនការ​របស់​ទ្រង់ ចំពោះ ភាពរីកចម្រើន និង​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​សម្រាប់​ពួកគេ ។ ទ្រង់​បាន​មាន​បន្ទូល​មក​កាន់​យើងថា ទ្រង់​នឹង​បញ្ជូន​យើង​មក​ផែនដី​ដើម្បី​ឲ្យ​យើង​បង្ហាញ​ដល់​ទ្រង់​ថា យើង​នឹង​ប្រតិបត្តិ​តាម​ទ្រង់ ហើយ​ស័ក្តិសម​នឹង « បាន​សិរី​ល្អ​បន្ថែម​ទៅ​លើ​ក្បាល [ របស់យើង ] ជា​រៀង​ដរាប​រហូត​ត​ទៅ » ( សូមមើល អ័ប្រាហាំ ៣:២៤–២៦ ) ។

ទ្រង់​បាន​មាន​បន្ទូល​ថា ៖ « តើ​យើងនឹង​ចាត់​អ្នកណា​ឲ្យ​ទៅ ? ហើយ​ម្នាក់​ដូច​ជា​កូន​មនុស្ស​បាន​ឆ្លើយ​ថា ៖ ទូល​បង្គំ​នៅ​ឯណេះ​ហើយ សូម​ចាត់​ទូល​បង្គំ​ចុះ ។ ហើយ​ម្នាក់​ទៀត​បាន​ឆ្លើយ ហើយ​និយាយ​ថា ៖ ទូល​បង្គំ​នៅ​ឯណេះ​ហើយ សូម​ចាត់​ទូល​បង្គំ​ចុះ ។ ហើយ​ព្រះអម្ចាស់​ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ៖ យើង​នឹង​ចាត់​អ្នក​ទី​មួយ ។

« ហើយ​អ្នក​ទីពីរ​ក៏​ខឹង … ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ជា​ច្រើន​បាន​ដើរ​តាម​គាត់ »​( អ័ប្រាហាំ ៣:២៧–២៨ ) ។

មាន​តែ​ផែនការ​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បង្ហាញ—គឺ​ផែនការ​របស់​ព្រះវរបិតា ។ ព្រះវរបិតាសួគ៌​របស់​យើង​មិន​បាន​ដាក់​សំណួរ​ថា « តើ​យើង​នឹង​ធ្វើ​អ្វីទេ ? » ទ្រង់​មិន​បាន​ស្វែងរក​យោបល់ សុំ​អនុសាសន៍ ឬ​ស្នើសុំ​សំណើ​នោះទេ ។ ខ្លឹមសារ​សំខាន់​នៃ​សំណួរ​របស់​ទ្រង់​បាន​ផ្តោត​ទៅលើ​ថា នរណា​ដែល​គួរតែ​ត្រូវបាន​បញ្ជូន​ទៅ​ដើម្បី​ប្រតិបត្តិ​តាម​លក្ខខណ្ឌ​នៃ​ផែនការ​របស់ទ្រង់ ។

ផែនដី​ជាមួយ​នឹង​ព្រះអាទិត្យ ព្រះច័ន្ទ និង​ផ្កាយ

លូស៊ីហ្វើរ​មិន​បាន​បង្ហាញ​ពី​ផែនការ​មួយ​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​មតិ​ភាគ​ច្រើន​នៃ​អ្នក​ចូលរួម នៅ​ក្នុង​ក្រុមប្រឹក្សា​ជីវិត​មុន​ផែនដី​ទេ ។ វា​បាន​ប្រឆាំង​បះបោរ ! វា​បាន​ខំ​រក​បំផ្លាញ​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស ហើយ​វា​ត្រូវ​បណ្ដេញ​ចុះ និង « ក្លាយ​ទៅ​ជា​សាតាំង … ជាអារក្ស ជា​បិតា​នៃ​អស់​ទាំង​ការកុហក ដើម្បី​បញ្ឆោត ហើយ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់ ហើយ​ដើម្បី​ដឹក​ពួកគេ​យក​ទៅ​ជា​ឈ្លើយ » ( សូមមើល ម៉ូសេ ៤:១, ៣–៤ ) ។ អំនួត ភាពល្ងង់ខ្លៅ និង​ភាពអាត្មា​និយម​បាន​ជំរុញ​ឲ្យ​វា​បះបោរ​ប្រឆាំង​នឹង​ផែនការ​របស់​ព្រះវរបិតា ។

យុវជន​មួយរូប ព្រះយេស៊ូវគ្រីស្ទ និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ

ផែនការ​របស់​ព្រះវរបិតា និង​ដំណឹងល្អ​របស់​ព្រះអង្គសង្រ្គោះ

ផែនការ​នេះ​ពិពណ៌នា​អំពី​កិច្ចការ​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា​ដែល​ធ្វើ​ឲ្យ​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច អាច​កើត​មានដល់​មនុស្ស​ជាតិ​ទាំងអស់ ។

ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺជា វិធី ដើម្បី​យើង​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​នៅក្នុង​ផែនការ​របស់​ព្រះ រួមមាន​ទាំង​គោលលទ្ធិ គោលការណ៍ ពិធី​បរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងឡាយ​ដែល​យើង​ត្រូវ​ជឿ និង​ធ្វើតាម ។ នីហ្វៃ​បាន​សរសេរ​ថា « គ្មាន​នាម​ណា​ទៀត​នៅក្រោម​មេឃ​នេះ ក្រៅពី​ព្រះយេស៊ូវគ្រីស្ទ … ដែល​មនុស្ស​អាច​បាន​សង្គ្រោះ​នោះ​ឡើយ » ( នីហ្វៃទី២ ២៥:២០ ) ។ ពិតណាស់ ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា« ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម [ ទ្រង់ ] នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ ( យ៉ូហាន ១៤:៦ បាន​គូសបញ្ជាក់​បន្ថែម ) ។

សៀវភៅ​ដែល​មាន​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​បាន​គូរ​នៅ​ក្នុង​នោះ

ចំណងជើង​នៃ​ផែនការ​នៅក្នុង​ព្រះគម្ពីរ​មរមន

យើង​រៀន​ពី​សារៈសំខាន់​នៃ​សេចក្ដី​ពិត​តាមរយៈ​ការកំណត់ និង​សិក្សា​ចំណងជើង​ផ្សេងៗ​គ្នា​ជាច្រើន​នៃ​ផែនការ​របស់​ព្រះវរបិតា ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍ សូម​ពិចារណា​គំរូ​ចំណងជើង​ដែល​បាន​ជ្រើសរើស​ដូច​ខាងក្រោម ៖

ចំណងជើង​នីមួយៗ​ទាំងនេះ​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ការសន្យា​ដ៏​មាន​តម្លៃ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ និង​ពង្រីក​ទស្សនៈ​របស់​យើង​បន្ថែម​ទៀត​អំពី​គោលបំណង និង​អត្ថន័យ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ។

ជា​ការ​គួរ​ឲ្យ​កត់​សម្គាល់ ចំណងជើង​ដែល​ប្រើ​ញឹកញាប់​បំផុត​សម្រាប់​ផែនការ​របស់​ព្រះ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ( « ផែនការ​នៃ​សេចក្ដី​ប្រោសលោះ » ) ផ្តោតលើ​ការប្រោសលោះ​ពី​អំពើបាប និង​សេចក្ដីស្លាប់ ដែល​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល អាលម៉ា ១២:២៥; ៣៣:២២ ) ។

ផ្លូវ​ដែល​បាន​រៀបចំ​រួច​ជា​ស្រេច

ព្រលឹង​របស់​យើង​គួរតែ​ពោរពេញ​ដោយ​ការដឹងគុណ នៅ​ពេល​ដែល​យើង​ពិចារណា​អំពី​ផែនការ​ដ៏អស្ចារ្យ​របស់​ព្រះ ។ ចំណេះដឹង​អំពី​ផែនការ​របស់​ទ្រង់​ផ្តល់​ឲ្យ​យើង​នូវ​ទស្សនៈ​ដ៏​មាន​តម្លៃ បង្កើន​សេចក្តីអំណរ​ដល់​យើង និង​ពង្រឹង​យើង​ឲ្យ​រឹងមាំ ដើម្បី​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម និង​ទុក្ខ​លំបាក​របស់​យើង ។

ព្រះវរបិតាសួគ៌​ប្រាថ្នា​ចង់ឲ្យ​យើង​ត្រឡប់​ទៅ​ផ្ទះ​ទៅ​រក​ទ្រង់​វិញ ។ ទ្រង់​អញ្ជើញ និង​សន្យា​ដល់​យើង​នូវ​ពរជ័យ ប៉ុន្តែ​ទ្រង់​នឹង​មិន​បង្ខំ ឬ​រារាំង​យើង​មិន​ឲ្យ​ប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ដល់​យើង​នោះ​ទេ ។ យើង​ត្រូវ​តែ​ធ្វើ​សកម្មភាព និង​ជ្រើសរើស​វិល​ត្រឡប់​ទៅ​រក​ទ្រង់​វិញ​ដោយ​ធ្វើ​តាម​គំរូ​បុត្រា​ស្ងួនភ្ងា​របស់​ទ្រង់ ។

« ផ្លូវ ត្រូវ​បាន​រៀបចំ​ជាស្រេច ហើយ​បើ​សិន​ជា​យើង​នឹង​មើល នោះ​យើង​អាច​រស់នៅ​រហូត​តទៅ » ( អាលម៉ា ៣៧:៤៦ បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

ខ្ញុំ​ធ្វើ​ជា​សាក្សី​ដោយ​សេចក្ដី​អំណរ​ថា ព្រះវរបិតាសួគ៌​គឺ​ជា​អ្នកនិពន្ធ​នៃ​ផែនការ​ដ៏​ទេវភាព​សម្រាប់​កូនចៅ​របស់​ទ្រង់ ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់​យើង ។ ហើយ​ក្នុង​នាម​ជា​សាវក​ថ្ងៃចុងក្រោយ​របស់​ព្រះអម្ចាស់​ម្នាក់ ខ្ញុំ​សូមធ្វើ​ជា​សាក្សី​ថា​ទ្រង់​ពិតជា « ផ្លូវ ជា​សេចក្ដីពិត និង​ជា​ជីវិត » ។ ( យ៉ូហាន ១៤:៦ បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

កំណត់​ចំណាំ

  1. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  2. សូមមើល ណូអែល ប៊ី រ៉េណុល « The Plan of Salvation and the Book of Mormon  » Religious Educator វ៉ុល ២១ លេខ ១ [ ឆ្នាំ២០២០ ] ទំព័រ ៣១–៥៣ សម្រាប់​ការវិភាគ​ដ៏​ទូលំទូលាយ​នៃ​ចំណងជើង​ជាច្រើន​អំពី​ផែនការ​របស់​ព្រះ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​មរមន ។