ដើម្បី​កម្លាំង​នៃ​យុវជន
« ដើរ​ជាមួយ​នឹង​យើងចុះ »—ចូរ​យើង​វិភាគ​ទាំងអស់​គ្នា
ដើម្បី​កម្លាំង​នៃ​យុវជន ខែមករា ឆ្នាំ២០២៦


បាវចនា​យុវវ័យ ឆ្នាំ២០២៦

« ដើរ​ជាមួយ​នឹង​យើង​ចុះ »—ចូរ​យើង​វិភាគ​ទាំងអស់​គ្នា

បាវចនា​ឆ្នាំ​នេះ​មាន​ចំនួន​បី​ពាក្យ ប៉ុន្តែ​ពាក្យ​នីមួយៗ​មាន​អត្ថន័យ​ច្រើន​ដើម្បី​បង្រៀន​យើង ។

ស្លាក​សញ្ញា​តំណាង​បាវចនា​យុវវ័យ​ឆ្នាំ​២០២៦

ដូច​បាវចនា​យុវវ័យ​កាល​ពី​ឆ្នាំ​មុន « មើល​ទៅ​ព្រះគ្រីស្ទ » ដែរ បាវចនា​ឆ្នាំ​នេះ « ដើរ​ជាមួយ​នឹង​យើងចុះ »—គឺ​ជា​ពាក្យ​ប្រៀប​ប្រដូច ។ នៅ​ក្នុង​ជីវិត​នេះ ពួកយើង​ភាគ​ច្រើន​មិនមាន​ឱកាស​ដើម្បី​មើល ឬ​ដើរ​ជាមួយ​ព្រះអង្គសង្គ្រោះ​ដោយ​ផ្ទាល់​ទេ ។ ដូច្នេះ តើ​វា​មាន​ន័យ​ដូច​ម្តេច​ដើម្បី « ដើរ » ជាមួយ​នរណា​ម្នាក់​ដែល​មិន​មាន​វត្ត​មាន​ជា​រូបកាយ​ផ្ទាល់ ? ចូរ​យើង​វិភាគ​ទាំងអស់​គ្នា ។

ដើរ

ពេល​ព្រះអម្ចាស់​បាន​ហៅ​ហេណុក​ឲ្យ​ធ្វើ​ជា​ព្យាការី ទ្រង់​បាន​ប្រទាន​ដល់​គាត់​នូវ​ការសន្យា​មួយ ៖ « គ្រប់​អស់​ទាំង​ពាក្យ​សម្ដី​របស់​អ្នក យើង​នឹង​រាប់​ជា​សុចរិត ហើយ​ភ្នំ​ទាំងឡាយ​នឹង​គេច​ចេញ​ពី​មុខ​អ្នក ហើយ​ទន្លេ​ទាំងឡាយ​នឹង​បែរចេញ​ពី​ដំណើរ​វា ហើយ​អ្នក​នឹង​នៅ​ក្នុង​យើង ហើយ​យើង​ក្នុង​អ្នក ហេតុដូច្នោះ​ហើយ ចូរ​ដើរ​ជា​មួយ​នឹង​យើង​ចុះ » ( ម៉ូសេ ៦:៣៤ ) ។

ប្រសិន​បើ​អ្នក​ត្រូវ​បាន​សន្យា​ថា ការ​ដើរ​ជាមួយ​នឹង​ព្រះ​មាន​ន័យ​ថា ទ្រង់​នឹង​គាំទ្រ​ពាក្យ​សម្ដី​របស់អ្នក យក​ឧបសគ្គ​ចេញ​ពី​ផ្លូវ​របស់​អ្នក ហើយ​តែងតែ​គង់នៅ​ជាមួយ​អ្នក—ដូច្នេះ​ហើយ​ហេតុអ្វី​បាន​ជា​អ្នក មិន ដើរ​ជាមួយ​ទ្រង់ ?

ជា​ដំណឹង​ដ៏​អស្ចារ្យ ៖ អ្នក​ត្រូវ​បាន​សន្យា​បែប​នេះ ប្រហែល​ជា​ថ្មីៗ​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​មុន ។ នៅ​ពេល​ដែល​អ្នក​ទទួល​ទាន​សាក្រាម៉ង់ អ្នក​បាន​សន្យា​ថា​នឹង « ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ »—ឬ​និយាយ​ម្យ៉ាង​ទៀត​ថា ដើរ​ជាមួយ​នឹង​ទ្រង់ ។ ហើយ​ហេតុអ្វី​បាន​ជា​អ្នក​ធ្វើ​បែបនេះ ? « ប្រយោជន៍​ឲ្យ [ អ្នក ] អាច​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង [ អ្នក ] ជា​ដរាប » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៧៧ បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

ឥឡូវនេះ អ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា​ព្រះអម្ចាស់​មិន​បាន​ប្រាប់​ហេណុក​ឲ្យ ៖ « ឈរ​នៅ​ទី​នេះ ហើយ​មើល​ជុំវិញ​ជាមួយ​យើង » នោះ​ទេ ។ ទ្រង់​មិន​បាន​មាន​បន្ទូល​ថា ៖​« អង្គុយ ហើយ​សម្រាក​ជាមួយ​យើង​មួយ​រយៈ » នោះ​ទេ ។ ទ្រង់​មាន​បន្ទូល​ថា ៖ « ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ ។ » យើង​ត្រូវ​តែ ធ្វើ តាម​ការជំរុញ​ខាង​វិញ្ញាណ​ដែល​យើង​ទទួល​បាន ។ យើង​ត្រូវ​តែ​ធ្វើ និង​និយាយ​អ្វី​ដែល​យើង​ជឿ​ថា​ត្រឹមត្រូវ ។

ដូច​ដែល​ប្រធាន ម៉ារ៉ុន ជី រ៉មនី ( ឆ្នាំ១៨៩៧–១៩៨៨ ) ទីប្រឹក្សា​នៅ​ក្នុង​គណៈ​ប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា « ទ្រង់​អាច​ដឹកនាំ​ជំហាន​របស់​យើង​បាន​តែ​នៅ​ពេល ដែល​យើង​ផ្លាស់​ទី​ជើង​របស់​យើង »​ប៉ុណ្ណោះ ។

ប៉ុន្តែ​សូម​កត់​សម្គាល់​អ្វី​ផ្សេង​ទៀត​ដែល​ព្រះអម្ចាស់​មិន​បាន​មាន​បន្ទូល ។ ទ្រង់​មិន​បាន​មាន​បន្ទូល​ថា ៖ ​« រត់​ជាមួយ​នឹង​យើង​ចុះ » ។ ទ្រង់​មិន​បាន​មាន​បន្ទូល​ថា ៖​« លោត​ផ្លោះ​ឧបសគ្គ​ទាំងអស់​របស់អ្នក ដោយ​មិន​ចាំ​បាច់​ប្រឹង​ជាមួយ​នឹង​យើង​ចុះ » នោះទេ ។ ទ្រង់​មិន​សុំ​ឲ្យ​យើង « រត់​លឿន​ជាង​កម្លាំង​ដែល [ យើង​មាន ] » នោះ​ទេ ( ម៉ូសាយ ៤:២៧ ) ។ ទ្រង់​មិន​បាន​រំពឹង​ឲ្យ​យើង​នឹង​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន​បំផុត​នោះ​ទេ ។ ទ្រង់​មិន​បាន​រំពឹង​ថា យើង​នឹង​មិន​ធ្វើ​កំហុស ឬ​បាក់​ទឹក​ចិត្ត​នោះ​ទេ ។ ទ្រង់​គ្រាន់​តែ​ចង់​ឲ្យ​យើង​បន្ត​ដើរ​ទៅ​មុខ​ប៉ុណ្ណោះ ។

ជាមួយនឹង

យើង​ដើរ ​ជាមួយនឹង ព្រះអង្គសង្គ្រោះ ។ មិន​មែន​នៅ​ពី​មុខ​ទ្រង់​ទេ ។ ពិត​ណាស់​មិន​ឆ្ងាយ​ពី​ទ្រង់​ពេក​ទេ !

នៅ​ពេល​ដែល​អ្នក​កំពុង​ដើរ​ជាមួយ​នរណា​ម្នាក់​ដោយ​ផ្ទាល់ អ្នក​ដើរ​នៅ​ក្បែរ​ពួកគេ ។ ប៉ុន្ដែ​ក្នុង​ន័យ​ប្រៀបធៀប យើង​នៅ​ពី​ក្រោយ​ព្រះអង្គសង្គ្រោះ​បន្តិច ។ ទ្រង់​ជា​អ្នក​ដឹកនាំ ហើយ​យើង​ធ្វើ​តាម​ពី​ក្រោយ—យ៉ាង​ប្រកៀក ។

នៅ​ពេល​ដែល​អ្នក​ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ ផ្លូវ​នោះ​មិន​នាំ « ទៅរក » ព្រះយេស៊ូវ​ទេ—ទ្រង់​ក៏​នៅ​លើ​ផ្លូវ​នោះ​ជាមួយ​នឹង​យើង​ដែរ ! សូម​ចងចាំ​ពិធី​សាក្រាម៉ង់ ! តាមរយៈ​ព្រះវិញ្ញាណ​របស់ទ្រង់ ព្រះអម្ចាស់​នឹង តែងតែ គង់​នៅ​ជាមួយ​អ្នក​ជានិច្ច ដរាបណា​អ្នក​បន្ត​អញ្ជើញ​ទ្រង់​ឲ្យ​គង់​នៅ​ជាមួយ ។

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មិន​សូវ​មាន​ការព្រួយ​បារម្ភ​ពី​កន្លែង​ណា​ដែល​អ្នក​ស្ថិត​នៅ​លើ​ផ្លូវ​នោះ​ទេ តែ​ទ្រង់​ខ្វល់​វិញ​ថា​ទិសដៅ​ណា​ដែល​អ្នក​កំពុង​តែ​បែរ​មុខ​ទៅ​រក ។ ទ្រង់​ទាំងទ្វេ​នឹង​ជួប​អ្នក​នៅ​ទីកន្លែង​ណា​ដែល​អ្នករស់​នៅ ។ វា​មិនមែន​ជា​បញ្ហា​ទេ ទោះបី​ជា​អ្នក​ដើរ​យឺត​ប៉ុនណា​ក៏​ដោយ ។

យើង

យើង​ត្រូវ​តែ​ធ្វើ​សកម្មភាព ( ដើរ ) ។ យើង​ត្រូវ​ធ្វើ​វា​ឲ្យ​ស្រប​តាម​បទបញ្ញត្តិ​របស់​ព្រះ និង​ការខ្សឹប​ប្រាប់​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ( ជាមួយនឹង ) ។ ហើយ​យើង​មិន​ត្រូវ​ធ្វើ​រឿង​ទាំងអស់​នេះ​ជាមួយ​នរណា​ទេ ក្រៅ​តែ​ពី​ព្រះយេស៊ូវគ្រីស្ទ​មួយ​អង្គ​ប៉ុណ្ណោះ ( យើង ) ។

( ដោយសារ​តែ​ព្រះយេស៊ូវគ្រីស្ទ ព្រះវរបិតាសួគ៌​របស់ទ្រង់ និង​ព្រះវិញ្ញាណបរិសុទ្ធ សុទ្ធ​តែ​មាន​គោល​បំណង​តែ​មួយ—សូមមើល យ៉ូហាន ១០:៣០; ១៧:២១; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៥:២—វា​ជា​ការ​ត្រឹមត្រូវ​ក្នុង​ការ​និយាយ​ថា ក្មួយ​កំពុង « ដើរ​ជាមួយ​នឹង​ព្រះ » « ដើរ​ជាមួយនឹង​ព្រះអង្គសង្គ្រោះ » « ដើរ​ជាមួយនឹង​ព្រះវិញ្ញាណ​បរិសុទ្ធ » ឬ​គ្រប់យ៉ាង​ដែល​នៅ​ក្នុង​សភាវ​នោះ ) ។

មាន​សំឡេង​ជាច្រើន​ដែល​ចង់​ឲ្យ​យើង​ស្ដាប់​តាម​នៅ​លើ​ពិភពលោក​នេះ ។ មាន​អ្នក​មាន​ឥទ្ធិពល តារា​ល្បី និង​អ្នកនយោបាយ​ជាច្រើន​ដែលចង់​ឲ្យ​អ្នក « ដើរ » ជាមួយ​ពួកគេ (ឬ​យ៉ាងហោច​ណាស់​ផ្តល់​លុយ​ឲ្យ​ពួកគេ ) ។ អ្វី​ដែល​អ្នកដទៃ​និយាយ​អាច​មាន​ប្រយោជន៍ ប្រសិន​បើ​ការ​និយាយ​នោះ​ស្រប​គ្នា​នឹង​ការបង្រៀន​របស់​ព្រះអង្គសង្រ្គោះ ។

ចូរ​ដើរ​ជាមួយ​នឹង ទ្រង់ ចុះ ។

កំណត់​ចំណាំ

  1. ម៉ារ៉ុន ជី រ៉មនី « The Basic Principles of Church Welfare » សន្និសីទទូទៅ ខែមេសា ឆ្នាំ១៩៨១ ( Ensign ខែឧសភា ឆ្នាំ១៩៨១ ទំព័រ៩១ ) ។