« ត្រៀមខ្លួនដើម្បីបន្តរីកចម្រើន » ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ៣៦–៣៧ ។
ត្រៀមខ្លួនដើម្បីបន្តរីកចម្រើន
ជូអែល៍ មិនចង់ចាកចេញពីមិត្តភក្តិរបស់នាងនៅក្នុងអង្គការបឋមសិក្សាទេ !
ដំណើររឿងពិតមកពីប្រទេសប៉ាឡាវ ។
ជូអែល៍ អង្គុយនៅលើកៅអីក្នុងការប្រជុំសាក្រាម៉ង់ជាមួយឪពុកម្តាយ និងបងប្រុសរបស់នាង ។ នាងបានគូររូបភាពអំពីដំណើររឿងព្រះគម្ពីរ ។ នាងបានព្យាយាមស្តាប់អ្នកឡើងនិយាយ ប៉ុន្តែនាងបុកពោះមានអារម្មណ៍ថាភ័យខ្លាច !
ថ្ងៃនេះគឺជាថ្ងៃដំបូងរបស់ ជូអែល៍ ទៅថ្នាក់យុវនារីជំនួសឲ្យទៅអង្គការបឋមសិក្សា ។ នាងមិនចង់ទៅចោលមិត្តភក្តិរបស់នាងនៅក្នុងអង្គការបឋមសិក្សាទេ នាងចូលចិត្តច្រៀង និងអានបទគម្ពីរជាមួយពួកគេ ។
ប៉ុន្តែ ជូអែល៍ ឈានដល់អាយុ១២ឆ្នាំក្នុងឆ្នាំនេះហើយ ។ វាដល់ពេលដែលត្រូវប្តូរចូលទៅក្នុងកម្មវិធីយុវនារីហើយ ។
ជូអែល៍ បានបិទភ្នែករបស់នាង ហើយធ្វើការអធិស្ឋានស្ងាត់ៗមួយ ។ ព្រះវរបិតាសួគ៌ សូមជួយទូលបង្គំឲ្យមានថ្នាក់យុវនារីដ៏ល្អមួយផង ។
បន្ទាប់ពីការអធិស្ឋានចប់នៅក្នុងការប្រជុំសាក្រាម៉ង់ ជូអែល៍ បានដកដង្ហើមធំ ហើយដើរទៅកាន់ថ្នាក់រៀន ។ ក្មេងស្រីដែលមានអាយុច្រើនជាងបាននៅទីនោះរួចទៅហើយ ។ ពួកគេមានគ្នាបួននាក់ ។ ពួកគេកំពុងនិយាយ និងលេងសើចជាមួយគ្នា ។
ជូអែល៍ បាននិយាយថា « សួស្តី » !
ពួកគេញញឹម ។ « សួស្តី » !
គ្រូបង្រៀនបានចូលមក ហើយស្វាគមន៍ ជូអែល៍ ។ បន្ទាប់មកអ្នកគ្រូបានចាប់ផ្តើមមេរៀន ។
ភាគច្រើននៅក្នុងថ្នាក់ ជូអែល៍ មានអារម្មណ៍ឯកោ ។ នាងមានការភ័យខ្លាចក្នុងការនិយាយ ព្រោះនាងមិនទាន់ស្គាល់យុវនារីផ្សេងទៀតនៅឡើយទេ ។ នាងត្រូវនៅក្នុងថ្នាក់យុវនារីយូរទៀត ។ វាមានអារម្មណ៍ដូចជាយូរខ្លាំងណាស់ ! តើនាងនឹងតែងតែមានអារម្មណ៍ឯកោនៅទីនេះឬ ?
បន្ទាប់មក មានគំនិតមួយបានផុសឡើងនៅក្នុងចិត្តរបស់នាង ។ ប្អូននឹងមិននៅក្នុងថ្នាក់យុវនារីជារៀងរហូតនោះទេ ។ ប្អូនទើបតែគ្រប់អាយុដើម្បីផ្លាស់ទីទៅមុខ និងរៀនបន្ថែមអំពីការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។
ជូអែល៍ មានអារម្មណ៍លួងលោមដោយពាក្យទាំងនោះ ។ នាងបានដឹងរឿងទាំងនោះថាជាព្រះវិញ្ញាណបរិសុទ្ធកំពុងជួយនាង ។ ទោះបីជានាងមិនមានមិត្តភក្តិច្រើននៅក្នុងថ្នាក់យុវនារីនៅឡើយក្តី ក៏នាងមិនមែននៅតែម្នាក់ឯងនោះទេ ។ នាងមានព្រះវិញ្ញាណបរិសុទ្ធ ។
បន្ទាប់ពីថ្នាក់រៀនបានបញ្ចប់ ជូអែល៍ បានទៅរកគ្រួសាររបស់នាងវិញ ។
« តើថ្នាក់យុវនារីយ៉ាងម៉េចដែរ ? » ម៉ាក់បានសួរ ។
ម៉ាក់បានឱបនាងយ៉ាងណែន ។ « មិនអីទេម៉ាក់ ! ខ្ញុំនឹកអង្គការបឋមសិក្សា ហើយខ្ញុំមិនទាន់ស្គាល់ក្មេងស្រីៗនៅឡើយទេ ។ ប៉ុន្តែខ្ញុំបានមានអារម្មណ៍ថាព្រះវិញ្ញាណបរិសុទ្ធលួងលោមខ្ញុំ » ។
ម៉ាក់បានញញឹម ។ « នោះជាការល្អ ! ហើយប្រហែលជាលើកក្រោយនឹងកាន់តែប្រសើរជាងមុនទៅទៀត » ។
ជូអែល៍ ងក់ក្បាល ។ នាងសង្ឃឹមថាម៉ាក់និយាយត្រឹមត្រូវ ។
នៅពេលក្រោយនាងមានថ្នាក់យុវនារី ជូអែល៍ បាននិយាយសួស្តីទៅកាន់យុវនារីម្តងទៀត ។
ម្នាក់ក្នុងចំណោមយុវនារីទាំងនោះបាននិយាយថា « សួស្តី ជូអែល៍ » ។ « ឯងគួរតែមកអង្គុយនៅក្បែរខ្ញុំ ! »
ជូអែល៍ ញញឹម និងបានអង្គុយនៅក្បែរក្មេងស្រីនោះ ។ នាងមានឈ្មោះថា អេលី ។ ពួកគេបាននិយាយជាមួយគ្នាច្រើនមុនពេលមេរៀនចាប់ផ្តើម ។ អេលី មានចិត្តល្អ ហើយធ្វើឲ្យនាងមានអារម្មណ៍ស្វាគមន៍ ។
ក្នុងអំឡុងពេលមេរៀន គ្រូបង្រៀនបានសួរថា តើនរណាម្នាក់មានបទពិសោធជាមួយព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ។
ជូអែល៍ បានលើកដៃ ។ នាងបាននិយាយថា « ខ្ញុំទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ដែលជួយខ្ញុំនៅពេលខ្ញុំភ័យខ្លាចក្នុងការចូលរួមក្នុងថ្នាក់យុវនារី » ។ « ព្រះវិញ្ញាណបរិសុទ្ធជួយខ្ញុំនៅពេលដែលខ្ញុំធំឡើង ហើយប្រឈមមុខនឹងឧបសគ្គនានា » ។
ជូអែល៍ បានគិតអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានលួងលោមនាង នៅពេលដែលនាងមានអារម្មណ៍ឯកោ ។ វាមានអារម្មណ៍ល្អក្នុងការចែកចាយបទពិសោធរបស់នាងជាមួយក្មេងស្រីនៅក្នុងថ្នាក់យុវនារី ។
បន្ទាប់ពីនាងបានចែកចាយ ក្មេងស្រីមួយចំនួនទៀតក៏បានចែកចាយផងដែរ ។ ជូអែល៍ ចូលចិត្តស្តាប់អ្វីដែលពួកគេបាននិយាយ ។
នៅពេលខ្លះ ជូអែល៍ នៅតែនឹកអង្គការបឋមសិក្សា ។ ប៉ុន្តែដោយសារតែព្រះវិញ្ញាណបរិសុទ្ធ នាងបានត្រៀមខ្លួនដើម្បីបន្តរីកចម្រើន ។
រចនារូបភាពដោយ លីស៍ ប្រ៊ីហ្ស៊ី