2025
ដំណើរកម្សាន្ត​ទៅលេង​ម្ចាស់តា
ទស្សនាវដ្តី​ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥


« ដំណើរកម្សាន្ត​ទៅលេង​ម្ចាស់តា » ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ២០–២១ ។

ដំណើរកម្សាន្ត​ទៅលេង ម្ចាស់តា

ម្ចាស់តា​បាន​ប្រាប់ ហ្គីវ អំពីដំណើររឿង​របស់​បុព្វការីជន​របស់នាង ។

ដំណើររឿង​ពិត​មកពី​ប្រទេស​នីហ្សេរីយ៉ា ។

ក្មេងស្រី​កំពុង​ឱប​ជីតា​របស់នាង​នៅក្រោម​ដើមឈើ ដែលមាន​ព្រះច័ន្ទ​​កំពុងរះនៅលើ​មេឃ

ហ្គីវ បាន​ផ្អែក​ទៅលើ​គែមទូក ហើយ​មើល​ដោយ​ការភ្ញាក់ផ្អើល​នៅពេល​ដែល​ទឹកបោក​ប៉ះ​ទូក​ពី​ចំហៀង ។ នាង​បាន​ឈោងដៃ​ទៅប៉ះ​រលក ទឹក​បានសាច​ប៉ះដៃ​របស់នាងតិចៗ ។ នេះ​គឺជា​ការធ្វើ​ដំណើរ​ដែលនាង​ចូលចិត្ត​ជាងគេ ។ នាង និង​គ្រួសារ​របស់នាង​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ភូមិ​របស់​ជីតា ហើយ​រាល់ដង នាង​បាន​ខិត​ចូល​ទៅ​ជិត​ពិភពលោក​មួយ​ដែល​មានធម្មជាតិ និង​សេរីភាព​ជាង​ទីក្រុង​ដែល​នាង​បាន​ចាកចេញ​មក​នោះ ។

នៅក្នុង​ទីក្រុង ហ្គីវ​បាន​រស់នៅ​លាយឡំជាមួយគេឯង ។ នាង​គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោមមនុស្ស​រាប់លាននាក់ ។ ពេលខ្លះ​នាងមាន​អារម្មណ៍​ល្អ—ដើម្បី​​ធ្វើជា​ខ្លួនឯង ដោយ​មិនមាន​នរណា​ម្នាក់​ខ្វល់ខ្វាយ​ច្រើន​អំពី​អ្វី​ដែល​នាង​បាន​ជ្រើសរើស​ដើម្បី​ស្លៀកពាក់ ឬ​ធ្វើ​នោះទេ ។ ប៉ុន្តែ​នៅក្នុង​ភូមិ​របស់​ម្ចាស់តា​របស់​នាង វា​ខុសគ្នា ។ នៅទីនោះ ហ្គីវ​គឺជា​មនុស្ស​ពិសេស​តែម្នាក់ ។ នាង​គឺជា​ព្រះនាង—ចៅស្រី​របស់​ស្តេចដ៏​ឆ្លាតវៃ​ម្នាក់ ។

បន្ទាប់ពី​រយៈពេល​ពីរម៉ោង ទូក​បាន​ចូល​ដល់​ចំណត ។ ដំណើរ​ដ៏​វែងឆ្ងាយ​នៅ​បន្ត​នៅឡើយ ៖ ត្រូវធ្វើ​ដំណើរ​ប្រាំមួយ​ម៉ោង​ទៀត​តាម​ឡានក្រុង ។ នាង​ដឹងថា​នាង​នឹង​អស់កម្លាំង ប៉ុន្តែ​មិនយូរ​ប៉ុន្មាន​នាង​នឹង​ជួប​ជីតា​របស់នាង​ម្តងទៀត ។ ការណ៍​នោះ​មាន​តម្លៃ​ណាស់ ។

ផ្លូវ​រលាក់​ខ្លាំង​ណាស់ ។ ហ្គីវបាន​ព្យាយាម​មិន​គិត​ពីពេលវេលា​ដោយ​ការបន្លប់​មើល​រូបរាង​ដុំពពក​ដែល​នាង​បាន​ឃើញ​ចេញពី​បង្អួច និង​ទស្សនា​ទេសភាព​ដ៏ស្រស់ស្អាត​ដែល​ជិះ​កាត់ ។ ព្រះអាទិត្យ​បាន​ចាប់ផ្តើម​លិច នៅពេល​ដែល​ឡានក្រុង​បាន​ទៅដល់​ចំណត ។ នៅទីបំផុត ! ម្ចាស់តា ! ហ្គីវ​លោត​ចេញពី​ឡានក្រុង ហើយ​រត់​សំដៅទៅ​ផ្ទះ​ក្នុង​ភូមិ ។

នាង​បាន​ដើរ​ស្វែងរក​ម្ចាស់តា​នៅ​ខាងក្នុង ។ នាង​បាន​ស្វែងរក​នៅ​ទីធ្លា​ខាងក្នុង កន្លែង​ដែល​មាតា​របស់នាង​បាន​ចិញ្ចឹម​សត្វ​ពពែ​កាលពី​កុមារ ។ នាងបាន​ស្វែងរក​ក្នុង​បន្ទប់គេង កន្លែង​ដែល​នាង​ត្រូវបិទ​បង្អួច​នៅពេល​យប់​ដើម្បី​ការពារ​មូស ។ នាង​បាន​ដើរ​ស្វែងរក​នៅ​ទីធ្លា​ខាងក្រោយ​ផ្ទះ កន្លែង​ដែល​នាង​បាន​ពាក់រ៉ូប​របស់​រាជវង្ស—កន្សែង​ភ្លឺៗ និង​មកុដ​ក្រដាស—ដើម្បី​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​ភូមិ ។

នៅ​ទីនោះ ហ្គីវ​បាន​ឃើញ​ម្ចាស់តា​កំពុង​អង្គុយ​នៅលើ​កៅអី​យ៉ាង​សុខសាន្ត កំពុង​មើល​សួនច្បារ​គ្រួសារ ។ ហ្គីវ​បាន​ញញឺម ។

នាង​បាន​ស្រែកហៅ « ម្ចាស់តា ! » ។

ម្ចាស់តា​បាន​ឈរ និង​លាតដៃ​របស់​គាត់​យ៉ាងធំ ។ « ចៅស្រី​ជាទី​ស្រឡាញ់​របស់ម្ចាស់តា » គាត់​ខ្សឹប​ខណៈ​ដែល​គាត់​ឱប​នាង​យ៉ាង​កក់ក្តៅ ។ « អង្គុយ​ចុះ ហើយ​សម្រាក​ជាមួយ​ម្ចាស់តា » ។

ហ្គីវ​បាន​និយាយថា « ខ្ញុំ​នឹក​ម្ចាស់តា​ណាស់ » ។

« ម្ចាស់តា​នឹក​ចៅ​ច្រើន​ជាង ! ម្ចាស់តា​រីករាយ​ណាស់​ដែល​ចៅ​មក​ទីនេះ » ។ ម្ចាស់តា​បាន​ផ្អាក​មួយ​សន្ទុះ ហើយ​បន្ទាប់មក​សួរថា « តើ​ចៅ​ដឹង​ទេថា សួន​នេះ​ពិសេស​ប៉ុនណា ? »

ហ្គីវ​បាន​គ្រវី​ក្បាល ។

ម្ចាស់តា​ចង្អុល​ទៅ​ដើមឈើ​នៅ​ខាងមុខ​ពួកគេ ។ គាត់​បាន​និយាយថា « នេះ​គឺជា​ដើមឈើ​គ្រួសារ » ។ ហ្គីវ​បាន​កត់សម្គាល់​ឃើញថា​វា​មើលទៅ​ចាស់ ហើយ​មាំ ។

« ក្បឿង​នៅលើ​ដី​ជុំវិញ​ដើមឈើ​នេះ​មាន​ឈ្មោះ​បុព្វការីជន​របស់យើង ។ យើង​ត្រូវតែ​ចងចាំ​គ្រួសារ​របស់យើង​ជានិច្ច » ។

ហ្គីវ​មិន​ស្គាល់​ឈ្មោះ​ជាច្រើន​នៅលើ​ក្បឿង​នោះ​ទេ ។ តើ​នាង​អាច​ចងចាំ​នរណា​ម្នាក់​ដែល​នាង​មិន​ស្គាល់​ដោយ​របៀបណា ? ហ្គីវ​បាន​និយាយថា « ម្ចាស់តា សូម​ប្រាប់​ខ្ញុំ​អំពី​ពួកគាត់​ផង » ។

ម្ចាស់តា​បាន​អាន​ឈ្មោះ​ម្នាក់ៗ ហើយ​ប្រាប់​ហ្គីវ អំពីរឿងរ៉ាវ​របស់​បុព្វការីជន​របស់នាង ។ ខណៈពេល​លោក​មានប្រសាសន៍ ហ្គីវ​បាន​ដឹងថា​ រឿង​ទាំងនេះ​ក៏ជា​ដំណើររឿង របស់​នាង​ផងដែរ ។ នាង​មាន​រឿង​ដូចគ្នា​ច្រើន​ជាមួយ​សមាជិក​គ្រួសារ​ដែល​នាង​មិន​ធ្លាប់​បាន​ជួប​ទាំងនេះ ។

ក្នុង​ពេលនោះ ហ្កីវ​យល់​ពីអ្វី​ដែល​សំខាន់ ។ វា​មិន​ត្រឹមតែ​ជាទឹករលក និង​ដី​ដែល​ធ្វើឲ្យ​នាង​មាន​អារម្មណ៍​ថា​មាន​សេរីភាព​នៅទីនេះ ។ វា​គឺជា​ទំនាក់ទំនង​ជាមួយ​គ្រួសារ​របស់នាង​ដែល​នាង​មាន​អារម្មណ៍​នៅក្នុង​ភូមិ​នេះ​ជាមួយ​ម្ចាស់តា ។

ម្ចាស់តា​បាន​ប្រាប់​ដំណើររឿង​រហូត​ដល់​ផ្កាយ​ផ្លាស់ប្តូរទី​នៅលើ​មេឃ ។

ទីបំផុត ម្ចាស់តា​បាន​ដកដង្ហើម​ធំ ។ « យើង​គួរតែ​ចូល​ទៅ​ខាងក្នុង​ហើយ » ។

ហ្គីវ​បាន​និយាយថា.« ចាំមួយ​ភ្លែតសិន » ។

ហ្គីវបាន​ដើរ​ទៅ​ដើមឈើ ហើយ​ប៉ះ​សំបក​ដើមឈើ​នោះ​យ៉ាង​ថ្មមៗ ។ បន្ទាប់មក នាង​បាន​សម្លឹងមើល​ក្បឿង​នៅលើ​ដី ចងចាំ​នូវ​ដំណើររឿង​របស់​បុព្វការីជន​ម្នាក់ៗ ។ ថ្ងៃមួយ នាង​នឹង​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​ធ្វើ​ពិធីបរិសុទ្ធ​ពិសិដ្ឋ​សម្រាប់​ពួកលោក ។ ដោយសារ​តែ​ពួកលោក នោះ​នាង​នៅទីនេះ​ឥឡូវនេះ ។ នាង​នឹង​ធ្វើ​ចំណែក​របស់នាង ដើម្បី​សងគុណ​ចំពោះ​អំណោយ​ដែល​ពួកលោក​បាន​ផ្តល់​ឲ្យ​នាង ។

ម្ចាស់តា​បាន​ឈោងដៃ​របស់​គាត់​ទៅរក​នាង ហើយ ហ្គីវ បាន​ចាប់​ដៃ​ម្ចាស់តា ។ ហ្គីវ​បាន​ក្រឡេកមើល​ដើមឈើ​គ្រួសារ​ជាលើក​ចុងក្រោយ មុន​នឹង​ដើរ​ចូល​ទៅ​ខាងក្នុង ដែល​ជាកន្លែង​ដែល​គ្រួសារ​របស់នាង​ជាច្រើន​កំពុង​រង់ចាំ​ស្វាគមន៍​នាង ។

ដំណើររឿង​ជា ភី.ឌី.អែហ្វ

រចនា​រូបភាព​ដោយ អូឌ្រី ដេយ