2025
ភាពសុខសាន្ត​ក្នុង​ការអធិស្ឋាន
ទស្សនាវដ្តី​ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥


« ភាពសុខសាន្ត​ក្នុង​ការអធិស្ឋាន » ប្រិយមិត្ត ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ៣០–៣១ ។

អ្នកត្រួសត្រាយផ្លូវ​នៅ​គ្រប់​ដែនដី

ភាពសុខសាន្ត​ក្នុង​ការអធិស្ឋាន

ព្រះវរបិតាសួគ៌​នឹង​បន្ត​ដឹកនាំ​ពួកគេ ។

ដំណើររឿង​ពិត​មកពី ស.រ.អា. ក្នុង​ឆ្នាំ១៨៤៤

ក្មេងស្រី​អ្នកត្រួសត្រាយផ្លូវ​ម្នាក់​សម្លឹងមើល​ទៅ​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ដែល​មិន​ទាន់​បញ្ចប់

« ប៉ា រុញ​ឲ្យ​ខ្ពស់​ជាង​នេះ ! » ម៉ារី ស្រែក ។

ឪពុក​បាន​សើច ហើយ​បាន​រុញ​ទោងយោល​យ៉ាង​ខ្លាំង​ម្តងទៀត ។ ទោង​នេះ​ត្រូវបាន​ចងជាប់​ទៅនឹង​ដើមឈើ​ធំ​មួយ​ដែល​ទោរ​ទៅលើ​ទន្លេ មីស៊ីស៊ីពី ។ ម៉ារី​ចូលចិត្ត​ខ្យល់​បក់​រំភើយៗ​ប៉ះ​មុខ​របស់នាង ហើយ​មាន​អារម្មណ៍​រំជើបរំជួល និង​រំភើប នៅពេល​ដែល​នាង​ជិះ​ទោង​យោលទៅ​យោលមក​នៅលើ​ផ្ទៃទឹក ។

« ខ្ញុំ​ម្តង ! » អេលីសាបិត​និយាយ ។

ម៉ារី​លោតចេញ​ពី​ទោង​ដើម្បី​ឲ្យ​ប្អូនស្រី​របស់នាង​ជិះម្តង ។

គ្រួសារ​របស់​ម៉ារី រស់នៅ​ក្នុង​ទីក្រុង​ណៅវូ ។ ឪពុកម្តាយ​របស់នាង​បាន​ចូលរួម​ជាមួយ​សាសនាចក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ហើយ​ពួកគេ​បាន​លក់​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​មាន ដើម្បី​ផ្លាស់ទី​លំនៅ​ទៅទីនោះ ដើម្បី​ចូលរួម​ជាមួយ​ពួកបរិសុទ្ធ​ផ្សេងទៀត ។

ណៅវូ គឺជា​កន្លែង​ដ៏មមាញឹក​ខ្លាំងណាស់ ។ មនុស្ស​ចំណូល​ថ្មី​បាន​មកដល់​ជារៀង​រាល់ថ្ងៃ ។ ការកសាង​ទីក្រុង​ថ្មី​មួយ​ត្រូវការ​ការខិតខំ​ប្រឹងប្រែង ហើយ​សូម្បីតែ​កុមារ​ក៏បាន​ជួយ​ផងដែរ ។ ការជួយ​ធ្វើ​ឲ្យ​ម៉ារី​មាន​អារម្មណ៍​ដូច​មនុស្សធំ ហើយ​សំខាន់ ។ ពេលខ្លះ​នាង​បាន​ជួយ​តាមរយៈ​ការយក​អាហារថ្ងៃត្រង់​មក​ជូន​ឪពុក ​ខណៈពេល​ដែល​គាត់​ធ្វើការ​នៅ​ព្រះវិហារ​បរិសុទ្ធ​ថ្មី ។

នៅ​ថ្ងៃអាទិត្យ ម៉ារី​បាន​ស្លៀកពាក់​រ៉ូប​ដ៏​ល្អបំផុត​របស់នាង និង​បាន​ជួយ​បងប្អូន​ប្រុសស្រី​របស់នាង​រៀបចំខ្លួន​សម្រាប់​ទៅ​ព្រះវិហារ ។ មនុស្ស​គ្រប់គ្នា​បាន​ប្រមូលផ្តុំ​នៅ​ក្រោម​ដើមឈើ​ដើម្បី​ស្តាប់​ព្យាការី យ៉ូសែប ស្មីធ បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ម៉ារី​ចូលចិត្ត​រៀន​អំពីរបៀប​ដែល​ពួកគេ​អាច​រស់នៅ​ជាមួយនឹង​ព្រះវរបិតាសួគ៌​ម្តងទៀត​នៅថ្ងៃ​ណាមួយ ។ ព្យាការី​បាន​មើលឃើញ និង​បានឮ​ដំណើររឿង​ដ៏អស្ចារ្យ​ជាច្រើន ។

ទោះជាយ៉ាណា​មានមនុស្ស​ផ្សេងទៀត​មិន​ចូលចិត្ត​ព្យាការី​ទេ ។ ម៉ារី​បាន​ឮ​ដំណើររឿង​ទាំងឡាយ អំពី​មនុស្ស​ដែល​ចង់​ធ្វើបាប​គាត់ ។

យប់មួយ​នារដូវក្តៅ​ ម៉ារី​បាន​ជួយ​ម្តាយ​សម្អាត​ក្រោយពី​ញុំាអាហារពេល​ល្ងាច​រួច ។ បន្ទាប់មក ឪពុកនាង​បាន​ត្រឡប់​មក​ផ្ទះវិញ ។ គាត់​រលីងរលោង​ទឹកភ្នែក ។

« តើ​មាន​អ្វី​កើត​ឡើង ? » ម្តាយ​សួរ ។

ឪពុក​បាន​និយាយ « ព្យាការី យ៉ូសែប ត្រូវបាន​គេ​សម្លាប់ » ។

ម្តាយ​ចាប់ផ្តើម​យំ​ដែរ ។ ម្តាយ​សួរថា « តើ​សាសនាចក្រ​អាច​បន្ត​ទៅមុខ​ដោយ​គ្មាន​គាត់​ដោយ​របៀបណា ? » ។

ម៉ារី​មាន​អារម្មណ៍​សោកសៅ និង​ភ័យខ្លាច​ណាស់ ។ នាង​បាន​ដឹងថា ព្យាការី​គឺជា​អ្នកបម្រើ​ដែល​ព្រះ​បាន​ជ្រើសរើស ។ តើ​ព្រះវរបិតាសួគ៌​អាច​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើតឡើង​ដោយ​របៀបណា ?

ក្មេងស្រី​អ្នកត្រួសត្រាយផ្លូវ​កំពុង​លុត​ជង្គង់​អធិស្ឋាន​នៅ​ខាងក្រៅ

នាង​ចាប់ផ្តើម​យំ ហើយ​រត់ចេញពី​ផ្ទះ​ទៅ​សួនច្បារ ។ បន្ទាប់ពី​លុត​ជង្គង់​នៅក្បែរ​គុម្ពោត​ព្រៃ ម៉ារី​បាន​ចាប់ផ្តើម​អធិស្ឋាន ។ « ឳ ព្រះវរបិតាសួគ៌​អើយ តើ​យើង​នឹង​ធ្វើអ្វី ? ព្យាការី​របស់​យើង​ត្រូវបាន​គេ​សម្លាប់​ហើយ » ។ ទឹកភ្នែក​បាន​ស្រក់ចុះ​លើ​មុខ​របស់នាង ។

បន្ទាប់មក​សំឡេង​ដ៏ទន់ភ្លន់​មួយ​បាន​ចូល​មក​ក្នុង​ចិត្ត​របស់នាង ។ យើង​នឹង​ជ្រើសតាំង​ព្យាការី​មួយទៀត​ដើម្បី​ដឹកនាំ​ប្រជាជន​របស់​យើង ។

អារម្មណ៍​ដ៏កក់ក្ដៅ រីករាយ​មួយ​ជ្រាបចូល​ក្នុង​ចិត្ត​របស់​នាង ។ នាង​បាន​ជូត​ទឹកភ្នែក​របស់នាង ហើយ​រត់​ត្រឡប់​ទៅផ្ទះវិញ​យ៉ាង​លឿន​តាម​ដែល​នាង​អាច​រត់បាន ។

« ម៉ាក់! ប៉ា ! » ម៉ារី​និយាយ ។ « ខ្ញុំ​បាន​ពោលពាក្យ​អធិស្ឋាន ហើយ​ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​នឹង​ខ្ញុំ » ។ នាង​បាន​ប្រាប់​ពួកគេ​អំពី​សំឡេង និង​អារម្មណ៍​នៃ​ភាព​សុខសាន្ត​ដែល​នាង​បាន​ទទួល ។

ខណៈពេល​ដែល​ម្តាយ និង​ឪពុក​ឱប​នាង ម៉ារី​បាន​ដឹងថា​អ្វីៗ​នឹងមិនអីទេ ។ នាង​នៅតែ​សោកស្តាយ ហើយ​នាង​បាន​ដឹងថា​នឹង​មាន​ពេលវេលា​លំបាក​នៅ​ខាងមុខ​ទៀត ។ ប៉ុន្តែ​ព្រះវរបិតាសួគ៌​នឹង​បន្ត​ដឹកនាំ​ពួកគេ និង​ជួយ​ពួកគេ ។

ដំណើររឿង​ជា ភី.ឌី.អែហ្វ

រចនា​រូបភាព​ដោយ គ្រីស្ទីន សូរ៉ា