2025
ការជជែក​ជាមួយ​ហ្គាប៊ី​អំពី​ការបម្រើ​នៅ​ព្រះវិហារ
ខែឧសភា ឆ្នាំ២០២៥


« ការជជែក​ជាមួយ​ហ្គាប៊ី​អំពី​ការបម្រើ​នៅ​ព្រះវិហារ » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ​ ៤០–៤១ ។

ការជជែក​ជាមួយ​ហ្គាប៊ី​អំពី ការបម្រើ​នៅ​ព្រះវិហារ

ហ្គាប៊ី​មាន​អាយុ ១១ ឆ្នាំ មកពី​ទីក្រុង​ហារ៉ារ៉េ ប្រទេស ហ្ស៊ីមបាវ៉េ ។ យើង​បាន​សួរសំណួរ​នាង​មួយចំនួន​អំពី​ការដឹកនាំ​តន្ត្រី​នៅ​ព្រះវិហារ ។

ក្មេងស្រី​ញញឹម

សូម​ប្រាប់​យើង​អំពី​ខ្លួន​របស់​ប្អូន ។

ខ្ញុំ​ចូលចិត្ត​ចម្អិន​បង្អែម និង​អាហារ​ឆ្ងាញ់ៗ និង​លេង​marimba ( ម៉ារីមបា ) ។ ខ្ញុំ​ច្រៀង និង​រាំ ហើយ​ខ្ញុំ​កំពុង​រៀន​លេង​ខ្លុយ រនៀត និង​ព្យាណូ ។

សូម​ប្រាប់​យើង​អំពី​ការចាត់តាំង​ថ្មី​របស់ប្អូន ។

ប៊ីស្សព​បាន​ស្នើឲ្យ​ខ្ញុំ​ជួយ​ដឹកនាំ​តន្ត្រី​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ។ ខ្ញុំ​មិន​បាន​គិតពី​រឿងនេះ​ទេ ហើយ​គិតថា​ពួកលោក​នឹង​ជ្រើសរើស​នរណាម្នាក់​ដែល​មាន​វ័យធំ​ជាងនេះ ។ ប៉ុន្តែ​ខ្ញុំ​ក៏មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់ និង​សប្បាយចិត្ត​ផងដែរ ព្រោះ​ខ្ញុំ​ស្រឡាញ់​តន្ត្រី ។

ពេលខ្លះ​ខ្ញុំ​នៅតែ​ភ័យខ្លាច​ថា ខ្ញុំ​នឹង​ច្រៀង​អ្វីមួយ​ខុស ហើយ​មនុស្ស​នឹង​ស្តាប់​ឮ​វា ។ ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ស្រណុកចិត្ត​នៅ​ចំពោះមុខ​មនុស្ស​គ្រប់គ្នា ។ ឥឡូវនេះ​ខ្ញុំ​កំពុង​ចាប់ផ្តើម​ធ្លាប់​នឹង​ការចាត់តាំង​នោះហើយ វា​ពិតជា​សប្បាយ​រីករាយ​ណាស់ !

ក្មេងស្រី​ដឹកនាំ​តន្ត្រី​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់

តើ​ការដឹកនាំ​តន្ត្រី​សម្រាប់​កម្មវិធី​ធ្វើ​បទបង្ហាញ​របស់កុមារ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​មាន​លក្ខណៈ​បែបណា​ដែរ ?

ពី​ដំបូង​វា​ជា​រឿង​គួរ​ឲ្យ​ភ័យព្រួយ​ណាស់ ។ ពេល​យើង​កំពុង​ហាត់រៀន ពេលខ្លះ​ខ្ញុំ​ភ្លេច​ពាក្យ​មួយចំនួន ។ ដូច្នេះ​ខ្ញុំ​បានហាត់​ច្រៀង​ជាមួយ​ម្តាយ​របស់ខ្ញុំ​នៅផ្ទះ ហើយ​វាបាន​ជួយ​ច្រើនណាស់ ។ នៅពេល​ដែល​យើង​ហាត់រៀន​នៅក្នុង​អង្គការ​បឋមសិក្សា ខ្ញុំ​បាន​ច្រៀង​កាន់តែ​ឮ​ដើម្បី​ជួយ​អ្នក​ដែល​មិន​អាច​អាន ឬ​មិន​ចេះ​ពាក្យ ។

ខ្ញុំ​មាន​អារម្មណ៍​រំភើប​នៅពេល​ដែល​ថ្ងៃ​នៃ​ការ​ធ្វើ​បទបង្ហាញ​បាន​មកដល់ ។ អ្វី​គ្រប់យ៉ាង​បានប្រព្រឹត្ដ​ទៅ​យ៉ាង​រលូន ។ ខ្ញុំ​មាន​អារម្មណ៍ថា មាន​ភាពសុខសាន្ត និង​ស្ងប់សុខ ហើយ​ខ្ញុំ​ចងចាំ​ពាក្យ​ទាំងនោះ​នៅក្នុង​បទចម្រៀង ។

តើ​ប្អូន​បាន​រៀន​អ្វីខ្លះ​ចេញ​ពី​បទពិសោធន៍​នេះ ?

ខ្ញុំ​បាន​រៀនថា ពេលខ្លះ​អ្វីៗ​មិន​ដំណើរការ​ល្អឥតខ្ចោះ​នោះទេ​ប៉ុន្តែ​វា​មិនអី​នោះទេ ហើយ​យើង​អាច​រៀន​ពី​រឿង​ទាំងនោះ​បាន ។ ការដឹកនាំ​តន្ត្រី​នៅ​អង្គការ​បឋមសិក្សា​ក៏បាន​រៀបចំខ្ញុំ​សម្រាប់​ការចាត់តាំង​ថ្មី​របស់ខ្ញុំ​ផងដែរ !

ក្មេងស្រី​ដែល​មាន​ទឹកមុខ​ញញឹម​កំពុង​ឈរ​នៅខាង​ក្រៅ

តើ​ប្អូន​នឹង​ឲ្យ​ដំបូន្មាន​អ្វីខ្លះ​អំពី​ការបម្រើ​នៅ​ព្រះវិហារ​ទៅដល់​អ្នកដទៃ ?

ពេលខ្លះ​វាអាច​ជា​ការលំបាក​ក្នុង​ការធ្វើ​ការបម្រើ​នៅ​ចំពោះ​មុខ​មនុស្ស​ជាច្រើន ប៉ុន្តែ​សម្រាប់​យើង​ជា​កុមារ​គឺថា​យើង​អាច​ធ្វើ​ជា​គំរូ​បាន មិនថា​យើង​អាយុ​ប៉ុន្មាន ឬ​យើង​ទាប ឬ​ខ្ពស់​នោះទេ ។ ខ្ញុំ​នឹង​ប្រាប់​ពួកគេ​ថា ទោះបីជា​ពេលខ្លះ​ការភ័យខ្លាច​របស់​យើង​អាច​ធ្វើ​ឲ្យ​យើង​បាក់​ទឹកចិត្ដ តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​សុខសាន្ត​បាន ។ ទ្រង់​នឹង​ជួយ​យើង​ឲ្យក្រោកឈរ​ឡើង​វិញ​ម្តងទៀត ។

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ