« រឿង ៥ យ៉ាងដែលត្រូវចងចាំអំពីសុវត្ថិភាពរាងកាយ » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ៣៨–៣៩ ។
រឿង ៥ យ៉ាងដែលត្រូវចងចាំអំពីសុវត្ថិភាពរាងកាយ
រូបកាយរបស់ប្អូនគឺជាអំណោយទានមកពីព្រះវរបិតាសួគ៌ ។ ទ្រង់ចង់ជួយប្អូនឲ្យមានសុវត្ថិភាព និងសប្បាយរីករាយ ។ ប្រសិនបើមាននរណាម្នាក់ព្យាយាមធ្វើឲ្យប្អូនឈឺចាប់ដោយពាក្យសម្តី និងទង្វើ នោះវាមិនមែនជារឿងត្រឹមត្រូវទេ ! យើងគួរតែមានចិត្តសប្បុរស និងមានការគោរពចំពោះអ្នកដទៃ ហើយយើងគួរតែរំពឹងថាពួកគេនឹងមានចិត្តសប្បុរស និងគោរពចំពោះយើងវិញផងដែរ ។
-
វាមិនអីទេក្នុងការនិយាយថាទេ សូម្បីតែនិយាយទៅកាន់មជ្ឈិមវ័យក៏ដោយ ។ ប្អូនជាអ្នកទទួលខុសត្រូវលើរាងកាយរបស់ប្អូន ។ នោះមានន័យថា ប្អូនសម្រេចចិត្តថាតើនរណាម្នាក់អាចប៉ះ ឱប ឬថើបប្អូនបាន ។ ប្អូនអាចហាត់និយាយថា « ទេ » « កុំប៉ះខ្ញុំ » និង « ទៅឲ្យឆ្ងាយពីខ្ញុំ » ។ ប្រសិនបើប្អូនត្រូវបានគេប៉ះ ឬស្នើសុំឲ្យធ្វើអ្វីមួយដែលធ្វើឲ្យប្អូនមានអារម្មណ៍មិនស្រណុកចិត្ត វាមិនអីទេក្នុងការនិយាយថាទេ និងដើរចេញប្រសិនបើប្អូនអាចធ្វើបាន ។
-
ចូរដឹងថាការប៉ះបែបណាដែលមានសុវត្ថិភាព ឬមិនមានសុវត្ថិភាព ។ ការប៉ះដែលមានសុវត្ថិភាពជួយប្អូនឲ្យមានអារម្មណ៍នៃក្តីស្រឡាញ់ ( ដូចជាការឱប ឬការទះដៃគ្នា ) ឬរក្សាខ្លួនឲ្យស្អាត និងមានសុខភាពល្អ ( ដូចជាករណីឪពុកម្តាយជួយប្អូនងូតទឹក ឬវេជ្ជបណ្ឌិតជួយប្អូននៅពេលប្អូនឈឺ ) ជាដើម ។ ពេលខ្លះការប៉ះដែលមានសុវត្ថិភាពអាចឈឺចាប់ ដូចជាការចាក់ថ្នាំ ប៉ុន្តែវាមានសុវត្ថិភាព ពីព្រោះវាជួយប្អូនឲ្យមានសុខភាពល្អ ។ ការប៉ះដែលមិនមានសុវត្ថិភាពធ្វើឲ្យរបួសដល់រាងកាយ ឬអារម្មណ៍របស់ប្អូនដូចជា ការវាយ ការរុញ ឬការប៉ះផ្នែកឯកជនរបស់នរណាម្នាក់ ។ ការប៉ះដ៏ឈឺចាប់ ឬមិនមានអារម្មណ៍កក់ក្តៅទាំងនេះគឺមិនត្រឹមត្រូវទេ ។
-
មានផ្នែកខ្លះនៃរាងកាយរបស់ប្អូនដែលជាឯកជនភាព ដែលមនុស្សផ្សេងទៀតមិនគួរប៉ះប្អូនឡើយ ។ ផ្នែកឯកជនភាពរួមមាន ផ្នែកនៃរាងកាយរបស់ប្អូនដែលគ្របដណ្តប់ដោយឈុតហែលទឹក ។ វាមិនត្រឹមត្រូវទេដែលអ្នកដទៃប៉ះផ្នែកឯកជនភាពរបស់ប្អូន ( ទាំងនៅក្រោម ឬលើសម្លៀកបំពាក់របស់ប្អូន ) ឬសុំឲ្យប្អូនប៉ះផ្នែកឯកជនភាពរបស់ពួកគេនោះ ។ ប្រសិនបើរឿងនេះកើតឡើងចំពោះប្អូន សូមនិយាយជាមួយមជ្ឈិមវ័យដែលគួរឲ្យទុកចិត្តបានម្នាក់ឲ្យបានឆាប់តាមដែលប្អូនអាចធ្វើបាន ។
-
ចូរចងចាំភាពខុសគ្នារវាងអាថ៌កំបាំង និងការភ្ញាក់ផ្អើល ។ ការភ្ញាក់ផ្អើល ជាអ្វីដែលរីករាយដែលសប្បាយសម្រាប់អ្នករាល់គ្នា ដូចជាកាដូថ្ងៃកំណើតជាដើម ។. អាថ៌កំបាំង គឺនៅពេលដែលនរណាម្នាក់ប្រាប់ប្អូនកុំឲ្យប្រាប់អ្នកដទៃផ្សេងទៀត ។ ប្រសិនបើប្អូនត្រូវបានស្នើសុំឲ្យរក្សាអាថ៌កំបាំងអំពីនរណាម្នាក់ដែលប៉ះ ឬធ្វើឲ្យប្អូនឈឺចាប់ នោះប្អូនគួរតែប្រាប់នរណាម្នាក់ដែលប្អូនទុកចិត្តភ្លាមៗ ។ បន្តប្រាប់មជ្ឈិមវ័យដែលគួរឲ្យទុកចិត្តបានរហូតដល់មាននរណាម្នាក់ជួយប្អូនឲ្យមានសុវត្ថិភាព ។
-
ប្រសិនបើនរណាម្នាក់ប៉ះប្អូន ឬធ្វើឲ្យប្អូនឈឺចាប់ វាមិនមែនជាកំហុសរបស់ប្អូនទេ ។ បុគ្គលម្នាក់ដែលបានធ្វើឲ្យប្អូនឈឺចាប់ អាចព្យាយាមធ្វើឲ្យប្អូនឬអ្នកដទៃជឿថាប្អូនបានធ្វើអ្វីមួយខុស ប៉ុន្តែប្អូនមិនបានធ្វើនោះទេ ។ ព្រះវរបិតាសួគ៌របស់ប្អូន និងព្រះយេស៊ូវគ្រីស្ទស្គាល់ ហើយស្រឡាញ់ប្អូនយ៉ាងឥតខ្ចោះ ។ សូមសុំជំនួយពីមជ្ឈិមវ័យដែលគួរឲ្យទុកចិត្ត ហើយចាំថាប្អូនអាចអធិស្ឋានទូលសុំជំនួយពីព្រះវរបិតាសួគ៌បានផងដែរ ។
រចនារូបភាពដោយ ម៉ៃឃល មូឡាន