2025
សំណួរ​សន្និសីទ​របស់​លូ
ខែឧសភា ឆ្នាំ២០២៥


« សំណួរ​សន្និសីទ​របស់​លូ » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ៤–៥ ។

សំណួរ​សន្និសីទ​របស់​លូ

« តើ​ខ្ញុំ​គួរ​ទៅ​ពិធី​ជប់លៀង​របស់​អាលីស​ដែរឬទេ ? » លូ​បាន​សរសេរ ។

ដំណើររឿង​ពិត​មកពី​ប្រទេស​បែលហ្សិក ។

ក្មេងស្រី​មុខ​ក្រៀមក្រំ​កំពុង​សម្លឹងមើល​សំបុត្រ​អញ្ជើញ​ទៅ​ពិធី​ជប់លៀង

លូ​មាន​អារម្មណ៍​រំភើប​នៅពេល​នាង​បើក​សំបុត្រ​ពណ៌ខៀវ ។ មិត្ត​សម្លាញ់​របស់នាង​ឈ្មោះ​អាលីស មាន​ពិធី​ខួបកំណើត ហើយ​នាង​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម !

ប៉ុន្តែ​នៅពេល​ដែល​លូ អាន​ការអញ្ជើញ​នោះ នាង​បាន​ស្រយុត​ចិត្ដ ។ នាង​បាន​គិត សូម​កុំឲ្យ​វា​ជា​ពិធី​ជប់លៀង​មួយទៀត​នៅ​ថ្ងៃអាទិត្យ​អី ។

គ្រួសារ​របស់​លូ មិន​ទៅ​ពិធី​ជប់លៀង​នៅ​ថ្ងៃអាទិត្យ​ទេ ។ ផ្ទុយទៅវិញ ពួកគេ​បាន​ចំណាយ​ពេល​ជាមួយគ្នា ទៅ​ព្រះវិហារ និង​ធ្វើ​រឿង​ផ្សេងទៀត​ដើម្បី​ចងចាំ​ព្រះអង្គសង្គ្រោះ ។

ប៉ុន្តែ​ពិធី​ជប់លៀង នេះពិបាក​ក្នុង​ការ​បដិសេធ​ណាស់ ។ តើ​នាង​អាច​ខកខាន​ថ្ងៃខួបកំណើត​មិត្ត​សម្លាញ់​របស់នាង​ដោយ​របៀបណា ?

« តើ​កូន​មិនទៅ​ព្រះវិហារ​លើក​នេះ​បានទេ ? » លូ បាន​សួរ​ម៉ាក់ប៉ា​របស់នាង​នៅ​យប់នោះ ។ « កូន​ដឹងថា​ថ្ងៃអាទិត្យ​មាន​សារៈសំខាន់ ។ ប៉ុន្តែ​កូន​មិន​ចង់​ខកខាន​ពិធី​ជប់លៀង​នេះ​ទេ » ។

ប៉ា​បាន​និយាយថា « វា​គឺជា​ជម្រើស​ដ៏លំបាក » ។ « ព្រះវរបិតាសួគ៌​សុំឲ្យ​យើងរក្សា​ថ្ងៃអាទិត្យ​ទុក​ជា​ថ្ងៃ បរិសុទ្ធ ។ ប៉ុន្តែ​វា​អាស្រ័យ​លើ​កូន​ក្នុង​ការសម្រេចចិត្ត​ថា តើ​កូន​នឹង​ធ្វើ​ការរក្សា​ថ្ងៃ​នោះ​យ៉ាង​ដូចម្តេច » ។

ម៉ាក់​បាន​ឱប​លូ​យ៉ាង​ណែន ។ « សន្និសីទ​ទូទៅ​គឺ​នៅ​ខែ​នេះ​ហើយ ! ប្រហែល​ជា​សន្និសីទ្ធ​អាច​ឆ្លើយ​សំណួរ​ដែល​កូន​សួរ​នេះ​បាន » ។

គ្រួសារ​របស់​លូ មាន​ប្រពៃណី​មួយ​ក្នុង​ការសរសេរ​សំណួរ​ដែល​ពួកគេ​មាន​មុនពេល​សន្និសីទ ។ បន្ទាប់មក​ក្នុង​អំឡុងពេល​សន្និសីទ នោះ​ពួកគេ​បាន​ស្តាប់​ដើម្បី​ស្វែងរក​ចម្លើយ ។

លូ ដកដង្ហើម​ធំ ។ « ចាស » ។

ក្មេងស្រី​កំពុង​លុតជង្គង់​នៅក្បែរ​គ្រែ​របស់នាង ហើយ​អធិស្ឋាន សៀវភៅ​សរសេរ និង​ខ្មៅដៃ​មួយ​នៅលើ​គ្រែ​របស់នាង

នៅពេល​ចូលគេង​លូ បាន​សរសេរ​សំណួរ​របស់នាង ។ បន្ទាប់​មក​នាង​បាន​អធិស្ឋាន ។ « ព្រះ វរបិតា សួគ៌ ខ្ញុំ​ពិតជា​ចង់​ទៅ​ពិធី​ជប់លៀង​នេះណាស់ ហើយ​ខ្ញុំ​មិន​ដឹងថា​ត្រូវ​ធ្វើ​យ៉ាងណា​ទេ ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ស្វែងរក​ចម្លើយ​នៅពេល​ទូលបង្គំ​មើល​សន្និសីទ​ទូទៅ​ផង ? »

កុមារៗ​កំពុង​អង្គុយ​នៅលើ​សាឡុង និង​កំពុង​សម្លឹង​មើល​កុំព្យូទ័រ​យួរដៃ​នៅលើ​តុ​ពីមុខ​ពួកគេ

ប៉ុន្មាន​ថ្ងៃក្រោយ​មក​លូ និង​បងប្រុស​របស់​នាង​បាន​ឡើង​អង្គុយ​លើ​សាឡុង ។ វា​ដល់​ពេល​សម្រាប់​មើល​សន្និសីទ​ហើយ ! លូ បាន​គូរ​នៅក្នុង​សៀវភៅ​របស់នាង​ក្នុង​អំឡុងពេល​ចម្រៀង​បើក ។ បន្ទាប់មក​អ្នកនិយាយ​ដំបូង​បាន​ចាប់ផ្តើម ។

លូ​បាន​ងើប​មុខ​ឡើង ។ អ្នក​និយាយ​បាន​និយាយ​អំពី​ថ្ងៃ​ឈប់​សម្រាក ! លោក​បាន​និយាយថា ព្រះ​បាន​ប្រទានពរ​ដល់​អស់អ្នក​ដែល​រក្សា​បទបញ្ញាតិ​របស់ទ្រង់ បើទោះបីជា​ពរជ័យ​មិន​បាន​មក​ភ្លាមៗ​ក៏ដោយ ។

លូ បាន​និយាយ « ខ្ញុំ​គិតថា​ព្រះវរបិតាសួគ៌​បាន​ឆ្លើយ​សំណួរ​របស់ខ្ញុំ​រួចហើយ » ។ « នោះ​លឿន​មែន ! »

ក្មេងស្រី​ពីរនាក់​កំពុង​និយាយ​គ្នា

ថ្ងៃបន្ទាប់​នៅ​សាលារៀន លូ​បាន​រកមើល​អាលីស​នៅ​ម៉ោង​ចេញលេង ។ លូ បាន​និយាយ « សូម​អរគុណ​សម្រាប់​ការអញ្ជើញ​ខ្ញុំ​ទៅ​ពិធី​ជប់លៀង​របស់ឯង » ។ នាង​បាន​ដក​ដង្ហើម​ធំ ។ « ថ្ងៃអាទិត្យ​គឺ​ជា​ថ្ងៃ​ពិសេស​សម្រាប់​ខ្ញុំ និង​ក្រុមគ្រួសារ​របស់​ខ្ញុំ » ។ ដូច្នេះ ខ្ញុំ​មិន​អាច​ទៅ​ចូលរួម​បានទេ » ។

អាលីស​បាន​ឆ្លើយ​ថា « មិនអីទេ » ។ « ខ្ញុំ​សោកស្តាយ​ដែល​ឯង​មិន​បាន​ចូលរួម » ៕

លូ​បាន​និយាយ​ថា « ខ្ញុំ​ក៏​ដូចគ្នា​ដែរ » ។ « ប៉ុន្តែ​នៅ​ថ្ងៃសៅរ៍ តើ​ឯង​ចង់​ទៅ​ជាមួយ​ខ្ញុំ​ទៅ​កាន់​កន្លែង​លោត trampoline ដែរទេ ? ធ្វើ​បែបនេះ យើង​នៅ​តែ​អាច​បន្ត​លេង​ជាមួយគ្នា និង​អបអរ​ខួបកំណើត​របស់​ឯង​បាន » ។

ខ្ញុំ​ចូលចិត្ត​គំនិត​នេះ » ។ អាលីស​បានញញឹម ។

លូ​ក៏បាន​ញញឹម​ដាក់វិញ ។ ការមិន​ទៅ​ពិធី​ជប់លៀង​គឺជា​ជម្រើស​ដ៏លំបាក​ក្នុង​ការធ្វើ ។ ប៉ុន្តែ​នាង​ដឹងថា​វាជា​រឿង​ត្រឹមត្រូវ ។ ហើយ​នាង​មាន​អំណរគុណ​ដែល​ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​សំណួរ​សំខាន់​របស់នាង ។

ដំណើររឿង​ជា ភី.ឌី.អែហ្វ

រចនា​រូបភាព​ដោយ ហ្វ្លាវីយ៉ូ រីម៉ុនទី