« សំណួរសន្និសីទរបស់លូ » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ៤–៥ ។
សំណួរសន្និសីទរបស់លូ
« តើខ្ញុំគួរទៅពិធីជប់លៀងរបស់អាលីសដែរឬទេ ? » លូបានសរសេរ ។
ដំណើររឿងពិតមកពីប្រទេសបែលហ្សិក ។
លូមានអារម្មណ៍រំភើបនៅពេលនាងបើកសំបុត្រពណ៌ខៀវ ។ មិត្តសម្លាញ់របស់នាងឈ្មោះអាលីស មានពិធីខួបកំណើត ហើយនាងត្រូវបានអញ្ជើញឲ្យចូលរួម !
ប៉ុន្តែនៅពេលដែលលូ អានការអញ្ជើញនោះ នាងបានស្រយុតចិត្ដ ។ នាងបានគិត សូមកុំឲ្យវាជាពិធីជប់លៀងមួយទៀតនៅថ្ងៃអាទិត្យអី ។
គ្រួសាររបស់លូ មិនទៅពិធីជប់លៀងនៅថ្ងៃអាទិត្យទេ ។ ផ្ទុយទៅវិញ ពួកគេបានចំណាយពេលជាមួយគ្នា ទៅព្រះវិហារ និងធ្វើរឿងផ្សេងទៀតដើម្បីចងចាំព្រះអង្គសង្គ្រោះ ។
ប៉ុន្តែពិធីជប់លៀង នេះពិបាកក្នុងការបដិសេធណាស់ ។ តើនាងអាចខកខានថ្ងៃខួបកំណើតមិត្តសម្លាញ់របស់នាងដោយរបៀបណា ?
« តើកូនមិនទៅព្រះវិហារលើកនេះបានទេ ? » លូ បានសួរម៉ាក់ប៉ារបស់នាងនៅយប់នោះ ។ « កូនដឹងថាថ្ងៃអាទិត្យមានសារៈសំខាន់ ។ ប៉ុន្តែកូនមិនចង់ខកខានពិធីជប់លៀងនេះទេ » ។
ប៉ាបាននិយាយថា « វាគឺជាជម្រើសដ៏លំបាក » ។ « ព្រះវរបិតាសួគ៌សុំឲ្យយើងរក្សាថ្ងៃអាទិត្យទុកជាថ្ងៃ បរិសុទ្ធ ។ ប៉ុន្តែវាអាស្រ័យលើកូនក្នុងការសម្រេចចិត្តថា តើកូននឹងធ្វើការរក្សាថ្ងៃនោះយ៉ាងដូចម្តេច » ។
ម៉ាក់បានឱបលូយ៉ាងណែន ។ « សន្និសីទទូទៅគឺនៅខែនេះហើយ ! ប្រហែលជាសន្និសីទ្ធអាចឆ្លើយសំណួរដែលកូនសួរនេះបាន » ។
គ្រួសាររបស់លូ មានប្រពៃណីមួយក្នុងការសរសេរសំណួរដែលពួកគេមានមុនពេលសន្និសីទ ។ បន្ទាប់មកក្នុងអំឡុងពេលសន្និសីទ នោះពួកគេបានស្តាប់ដើម្បីស្វែងរកចម្លើយ ។
លូ ដកដង្ហើមធំ ។ « ចាស » ។
នៅពេលចូលគេងលូ បានសរសេរសំណួររបស់នាង ។ បន្ទាប់មកនាងបានអធិស្ឋាន ។ « ព្រះ វរបិតា សួគ៌ ខ្ញុំពិតជាចង់ទៅពិធីជប់លៀងនេះណាស់ ហើយខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាទេ ។ សូមព្រះអង្គជួយទូលបង្គំស្វែងរកចម្លើយនៅពេលទូលបង្គំមើលសន្និសីទទូទៅផង ? »
ប៉ុន្មានថ្ងៃក្រោយមកលូ និងបងប្រុសរបស់នាងបានឡើងអង្គុយលើសាឡុង ។ វាដល់ពេលសម្រាប់មើលសន្និសីទហើយ ! លូ បានគូរនៅក្នុងសៀវភៅរបស់នាងក្នុងអំឡុងពេលចម្រៀងបើក ។ បន្ទាប់មកអ្នកនិយាយដំបូងបានចាប់ផ្តើម ។
លូបានងើបមុខឡើង ។ អ្នកនិយាយបាននិយាយអំពីថ្ងៃឈប់សម្រាក ! លោកបាននិយាយថា ព្រះបានប្រទានពរដល់អស់អ្នកដែលរក្សាបទបញ្ញាតិរបស់ទ្រង់ បើទោះបីជាពរជ័យមិនបានមកភ្លាមៗក៏ដោយ ។
លូ បាននិយាយ « ខ្ញុំគិតថាព្រះវរបិតាសួគ៌បានឆ្លើយសំណួររបស់ខ្ញុំរួចហើយ » ។ « នោះលឿនមែន ! »
ថ្ងៃបន្ទាប់នៅសាលារៀន លូបានរកមើលអាលីសនៅម៉ោងចេញលេង ។ លូ បាននិយាយ « សូមអរគុណសម្រាប់ការអញ្ជើញខ្ញុំទៅពិធីជប់លៀងរបស់ឯង » ។ នាងបានដកដង្ហើមធំ ។ « ថ្ងៃអាទិត្យគឺជាថ្ងៃពិសេសសម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ » ។ ដូច្នេះ ខ្ញុំមិនអាចទៅចូលរួមបានទេ » ។
អាលីសបានឆ្លើយថា « មិនអីទេ » ។ « ខ្ញុំសោកស្តាយដែលឯងមិនបានចូលរួម » ៕
លូបាននិយាយថា « ខ្ញុំក៏ដូចគ្នាដែរ » ។ « ប៉ុន្តែនៅថ្ងៃសៅរ៍ តើឯងចង់ទៅជាមួយខ្ញុំទៅកាន់កន្លែងលោត trampoline ដែរទេ ? ធ្វើបែបនេះ យើងនៅតែអាចបន្តលេងជាមួយគ្នា និងអបអរខួបកំណើតរបស់ឯងបាន » ។
ខ្ញុំចូលចិត្តគំនិតនេះ » ។ អាលីសបានញញឹម ។
លូក៏បានញញឹមដាក់វិញ ។ ការមិនទៅពិធីជប់លៀងគឺជាជម្រើសដ៏លំបាកក្នុងការធ្វើ ។ ប៉ុន្តែនាងដឹងថាវាជារឿងត្រឹមត្រូវ ។ ហើយនាងមានអំណរគុណដែលព្រះវរបិតាសួគ៌បានឆ្លើយតបសំណួរសំខាន់របស់នាង ។
រចនារូបភាពដោយ ហ្វ្លាវីយ៉ូ រីម៉ុនទី