« តើខ្ញុំល្អគ្រប់គ្រាន់ទេ » លីអាហូណា ខែមីនា ឆ្នាំ២០២៥ ។
រូបភាពអំពីសេចក្តីជំនឿ
តើខ្ញុំល្អគ្រប់គ្រាន់ទេ ?
ខ្ញុំគិតថាខ្ញុំនឹងរកឃើញសេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីពិតខាងវិញ្ញាណដោយការរស់នៅតាមរៀបរស់នៅផ្សេងទៀត ។ ខ្ញុំមិនបានរកឃើញទេ ។ ខ្ញុំបានរកឃើញអ្វីៗទាំងនោះនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងនៅក្នុងព្រះវិហារបរិសុទ្ធ ។
រូបថតដោយ ឡេសលី និលសុន
នៅពេលដែលខ្ញុំនៅក្មេងជំទង់ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ សង្គ្រាមវៀតណាមកំពុងផ្ទុះឡើង ។ ចន អេហ្វ. កេនឌី ត្រូវបានគេធ្វើឃាត ដូចគ្នានឹង ម៉ាទីន លូធើ ខីង ជុញ្ញ័រ និង រ៉ូប៊ឺត កេនឌី ផងដែរ ។ ខ្ញុំបានបះបោរប្រឆាំងនឹងឪពុកម្តាយរបស់ខ្ញុំ និងប្រពៃណី និងស្ថាប័នទាំងអស់នៃពេលនោះ ។ ខ្ញុំមិនចង់រៀបការ ឬនាំកូនចូលទៅក្នុងពិភពលោកដែលមានអំពើហិង្សា មិនស្មោះត្រង់ និងច្របូកច្របល់គ្មានក្របសីលធម៌នោះទេ ។
ខ្ញុំបានបោះបង់ការសិក្សានៅវិទ្យាល័យ បានផ្លាស់ទៅស្រុក ហ៊ែក អាសប៊ែរី នៃទីក្រុង សាន ហ្វ្រានស៊ីសស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយបានរស់នៅក្នុងជីវិតប្រឆាំងនឹងសង្គមពីឆ្នាំ១៩៦៩ ទៅដល់ឆ្នាំ១៩៧២ ។ ខ្ញុំរស់នៅក្នុងតំបន់ជាច្រើន ទទួលយកការងារណាក៏ដោយដែលខ្ញុំអាចរកបាន និងទទួលយករបៀបរស់នៅបែបគំនិតនិយម និងសប្បាយរីករាយ រួមទាំងការប្រើប្រាស់គ្រឿងញៀនផងដែរ ។
នៅពេលដែលរ៉េនឌីនៅវ័យជំទង់ គាត់គិតថាជីវិតរបស់គាត់មិនមានអនាគតរីករាយនោះទេ ។ គាត់និយាយថា « ខ្ញុំបានបះបោរប្រឆាំងនឹងឪពុកម្តាយរបស់ខ្ញុំ និងប្រពៃណី និងស្ថាប័នទាំងអស់នៃពេលនោះ » ។
នៅក្នុងពេលជាមួយគ្នានោះ ខ្ញុំក៏ស្វែងរកសេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីពិតខាងវិញ្ញាណ ។ ខ្ញុំបានតាំងសមាធិ និងសិក្សាពីសាសនាផ្សេងៗ ដកស្រង់ចេញពីសាសនាទាំងនោះនូវអ្វីដែលខ្ញុំថាហាក់ជាការពិត ឬមានតម្លៃ ។ ផ្ទុយទៅវិញ ការស្វែងរកទាំងអស់របស់ខ្ញុំ បានបញ្ចប់ដោយការខកចិត្ត ។ បងប្រុសរបស់ខ្ញុំ ចន ដែលដឹងអំពីការស្វែងរករបស់ខ្ញុំ បានផ្ញើព្រះគម្ពីរមរមនមួយក្បាលឲ្យខ្ញុំ ។
ចនដែលបានចូលរួមជាមួយសាសនាចក្រនេះពីមុន បានសរសេរ « ប្អូនត្រូវតែអានព្រះគម្ពីរនេះ » ។
នៅពេលដែលគេបណ្តេញខ្ញុំចេញពីពីការងារនៅឯស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ដោយការអានព្រះគម្ពីរមរមន នោះខ្ញុំគិតថា « ព្រះគម្ពីរនេះមិនអាចល្អបានទេ » ។ ខ្ញុំបានបោះព្រះគម្ពីរនោះចោល ។
មិនយូរប៉ុន្មានក្រោយមក ចនបានប្រាប់ខ្ញុំថាគាត់នឹងមកតំបន់ឆ្នេរសមុទ្រ សាន ហ្វ្រានស៊ីសស្កូ ជាមួយក្រុមច្រៀងមកពីសាកលវិទ្យាល័យ ព្រីកហាំ យ៉ង់ ។
គាត់បាននិយាយថា « បងចង់ជួបឯង » ដោយ ផ្ដល់យោបល់ថាជួបគ្នានៅព្រះវិហារបរិសុទ្ធ អូកឡិន កាលីហ្វ័រញ៉ា ។
បើកបរឡានជុំវិញតំបន់ឆ្នេរសមុទ្រនៅពេលយប់ ខ្ញុំមើលឃើញព្រះវិហារបរិសុទ្ធជាញឹកញាប់ ។ ព្រះវិហារបានទាក់ទាញចំណាប់អារម្មណ៍ខ្ញុំខាងវិញ្ញាណ ដូច្នេះខ្ញុំបានអានអំពីព្រះវិហារបរិសុទ្ធ ហើយចង់ចូលទៅខាងក្នុងនោះ ។ ចន និងខ្ញុំបានជួបគ្នានៅព្រឹកព្រលឹមមួយនៅបរិវេណព្រះវិហារបរិសុទ្ធ ។ បន្ទាប់ពីការជួបគ្នារបស់យើង គាត់បាននិយាយថា ក្រុមរបស់គាត់ដល់ពេលចូលទៅខាងក្នុងព្រះវិហារបរិសុទ្ធហើយ ។
« រ៉េនឌី ប្អូននឹងមិនអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធបានទេ » ចនបានប្រាប់ខ្ញុំ ។
« ខ្ញុំដឹង ខ្ញុំជាមនុស្សប្រឆាំងនឹងសង្គម » ខ្ញុំបានឆ្លើយតប « ប៉ុន្តែខ្ញុំបានសិក្សាសាសនារបស់ពួកលោកខាងកើត ខ្ញុំជាអ្នកហូបបួស ខ្ញុំរស់នៅក្នុងតំបន់មួយ ដែលយើងចែកចាយអ្វីៗគ្រប់យ៉ាង ហើយខ្ញុំមានលុយ $២០ ។ តើការចូលទៅខាងក្នុងអស់លុយប៉ុន្មានទៅ ? »
« ច្រើនជាងនោះទៅទៀត » ចនបានឆ្លើយ ។ « ប្អូនមិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេ » ។
នៅពេលនោះ ខ្ញុំបានចាត់ទុកខ្លួនឯងមានបញ្ញា មានទស្សនវិជ្ជា និងការយល់ដឹងខាងវិញ្ញាណជ្រៅជ្រះ ។ តើខ្ញុំអាចមិនល្អគ្រប់គ្រាន់យ៉ាងម៉េចទៅ ?
បានពោរពេញទៅដោយអំណរ
អស់រយៈពេលជាច្រើនឆ្នាំ ឪពុកម្តាយរបស់ខ្ញុំមិនដឹងថាខ្ញុំនៅទីណានោះទេ ។ ពួកគាត់គឺជាមនុស្សល្អដែលបានព្យាយាមផ្តល់ឲ្យខ្ញុំនូវការអប់រំល្អបំផុតដែលអាចធ្វើទៅបាន ហើយត្រូវបានខកចិត្តដោយសារជម្រើសរបស់ខ្ញុំ ។ នៅពេលដែលឪពុករបស់ខ្ញុំធ្លាក់ខ្លួនឈឺ ម្តាយរបស់ខ្ញុំបានបញ្ចុះបញ្ចូលខ្ញុំឲ្យត្រឡប់ទៅផ្ទះនៅ វ៉ាស៊ីនតោន ឌី.ស៊ី. វិញ ។ នៅពេលដែលខ្ញុំទៅដល់ ចនបានរកការងារមួយឲ្យខ្ញុំធ្វើនៅក្នុងក្រុមដែលសាងសង់ព្រះវិហារបរិសុទ្ធ វ៉ាស៊ីនតោន ឌី.ស៊ី. ។
ខ្ញុំមិនដឹងទេ ប៉ុន្តែគាត់បានរៀបចំឲ្យខ្ញុំធ្វើការជាមួយក្រុមពួកអ្នកផ្សព្វផ្សាយសាសនាដែលបានត្រឡប់មកវិញ ។ ខ្ញុំភ្ញាក់ផ្អើលពេលចន ហៅវែល ដែលជាមេការស្នើសុំឲ្យសមាជិកក្រុមអធិស្ឋាននៅពេលចាប់ផ្តើមការងារជារៀងរាល់ថ្ងៃ—អ្វីមួយដែលខ្ញុំមិនធ្លាប់ឃើញជាមួយក្រុមដែលខ្ញុំធ្លាប់បានធ្វើការជាមួយពីមុនមក ។
នៅថ្ងៃមួយនៅកន្លែងធ្វើការ ពួកយើងជាច្រើននាក់កំពុងដំឡើងទ្វារមុខដ៏ធ្ងន់មួយរបស់ព្រះវិហារបរិសុទ្ធ នៅពេលដែលវាធ្លាក់ ហើយសង្កត់លើម្រាមដៃរបស់ខ្ញុំ ដែលស្តើងដូចជាលុយកាក់ ១០ សេន ។ ចនបានប្រញាប់ប្រញាល់មក បានមើលម្រាមដៃរបស់ខ្ញុំ បានហៅគេឲ្យយកប្រេងឧទ្ទិស និងបានប្រសិទ្ធពរឲ្យខ្ញុំ ។ ម្រាមដៃរបស់ខ្ញុំបានជាសះស្បើយយ៉ាងឆាប់រហ័ស ដែលខ្ញុំមិនចាំបាច់ទៅជួបគ្រូពេទ្យទេ ។
នៅឱកាសផ្សេងទៀត មានគេឲ្យផ្លែឡាមមួយមកខ្ញុំ ហើយប្រាប់ឲ្យកោសបំណែកកម្ទេចធូលីចេញពីកម្រាលបេតុង ។
« ហេតុអ្វី ? » ខ្ញុំបានសួរសមាជិកក្រុមរបស់យើងម្នាក់ ។ « តើពួកគេមិនបានដាក់កម្រាលព្រំចុះទេឬ ? »
« រ៉េនឌី ឯងមិនដឹងថានេះជាព្រះដំណាក់របស់នរណាទេឬ ? » គាត់ឆ្លើយតប ។ « យើងកំពុងធ្វើឲ្យវាល្អឥតខ្ចោះសម្រាប់អង្គដែលល្អឥតខ្ចោះ » ។
ខណៈដែលពិភពលោកបានលិចលង់ក្នុងទុទ្ទិដ្ឋិនិយម ភាពល្វីងជូរចត់ ការស្អប់គ្នា និងភាពភ័យខ្លាច ប៉ុន្តែគំរូ និងការបង្រៀនរបស់យុវវ័យទាំងនេះដែលខ្ញុំបានធ្វើការជាមួយបានផ្ដល់សេចក្ដីសង្ឃឹមដល់ខ្ញុំ ។ នៅពេលដែលសមាជិកក្រុម ចែកចាយសេចក្តីជំនឿរបស់ពួកគេជាមួយខ្ញុំ ខ្ញុំដឹងថាពួកគេស្មោះត្រង់ និងពិតប្រាកដ ។ ពួកគេបានចំណាយពេលពីរឆ្នាំនៃជីវិតរបស់ពួកគេដើម្បីបម្រើអ្នកដទៃ ហើយពួកគេមានចំណេះដឹងសុទិដ្ឋិនិយម ។ ខ្ញុំចង់ឲ្យការបង្រៀនរបស់ពួកគេក្លាយជាការពិត ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងទទួលបានចំណេះដឹងដែលខ្ញុំបានស្វែងរក ហើយថាព្រះអម្ចាស់កំពុងរៀបចំខ្ញុំខាងវិញ្ញាណ ។
ចន ហៅវែល បានស្នើឲ្យខ្ញុំជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ ផ្ទុយទៅវិញ ខ្ញុំបានជ្រើសរើសឲ្យបងប្រុសរបស់ខ្ញុំ និងមិត្តភក្តិម្នាក់របស់គាត់ ដែលជាអ្នកផ្សព្វផ្សាយសាសនាដែលបានត្រឡប់មកវិញបង្រៀនដល់ខ្ញុំ ។ នៅពេលពួកគេបានបង្រៀនខ្ញុំ ខ្ញុំចង់បានភស្តុតាងខាងក្រៅដែលមិនអាចប្រកែកបានថាអ្វីដែលខ្ញុំកំពុងរៀនគឺជាការពិត ។ បើសិនគ្មានភស្តុតាងទាំងនោះទេ ខ្ញុំមិនចង់មានការពិភាក្សាបន្ថែមទៀតទេ ។
នៅពេលដែលខ្ញុំសួរថា តើពួកគេដឹងការពិតដោយរបៀបណា នោះពួកគេបានឆ្លើយថា « យើងបានអាន និងបានអធិស្ឋាន ហើយបានទទួលអារម្មណ៍ជាសាក្សីពីព្រះវិញ្ញាណបរិសុទ្ធ » ។ ពួកគេបានប្រាប់ខ្ញុំថា ខ្ញុំត្រូវការសាក្សីដូចគ្នានោះ ។
នៅយប់នោះខ្ញុំបានចូលទៅក្នុងព្រៃមួយនៅជិតភូមិរបស់ខ្ញុំ ។ ខ្ញុំមិនដឹងថាខ្ញុំអធិស្ឋានយូរប៉ុនណាទេ ប៉ុន្តែខ្ញុំបានអធិស្ឋានដោយមានចេតនាមោះមុត ។ ខ្ញុំបានទូលសួរម្តងហើយម្តងទៀតនូវសំណួរទាំងបួន ៖ « តើព្រះគម្ពីរមរមនជាព្រះបន្ទូលរបស់ព្រះមែនដែរឬទេ ? តើទ្រង់ និងព្រះរាជបុត្រារបស់ទ្រង់បានបង្ហាញព្រះកាយដល់យ៉ូសែប ស៊្មីធ ពិតដែរឬទេ ? តើនេះគឺជាសាសនាចក្រពិតរបស់ព្រះយេស៊ូវគ្រីស្ទដែរឬទេ ? តើខ្ញុំល្អគ្រប់គ្រាន់ដើម្បីក្លាយជាសមាជិកមួយរូបដែរឬទេ ? »
ចម្លើយចំពោះសំណួរនីមួយៗបានមកនៅក្នុងការខ្សឹបទៅកាន់ព្រលឹងរបស់ខ្ញុំ—« ពិតមែនហើយ »—បួនដង ។ ការខ្សឹបទាំងនោះបានអមដោយអារម្មណ៍ស្ងប់ស្ងាត់ និងអស្ចារ្យ ។
ដោយក្បាលរបស់ខ្ញុំឱន ជង្គង់លុតចុះក្នុងការអធិស្ឋានរបស់ខ្ញុំ និងដោយមានទឹកភ្នែកហូរធ្លាក់មក ខ្ញុំបានស្រែក ៖ « ប្រសិនបើនេះជាចម្លើយដែលទ្រង់នឹងផ្តល់ឲ្យខ្ញុំ នោះខ្ញុំទទួលយកវា ហើយនឹងតាំងចិត្តក្នុងជីវិតរបស់ខ្ញុំយ៉ាងពេញលេញចំពោះទ្រង់ និងដំណឹងល្អនេះនៅពេលដែលទ្រង់បង្ហាញវាដល់ខ្ញុំ » ។ ពាក្យសម្តីមិនអាចបញ្ជាក់ពីគំនិត អារម្មណ៍ និងការពិតដែលគ្របដណ្តប់លើខ្ញុំបានទេ ។
សាក្សីដែលខ្ញុំបានទទួលនៅយប់នោះ គឺមិនអាចប្រាប់បានទេ ហើយអារម្មណ៍នោះនៅតែខ្លាំងឥឡូវនេះដូចជាពេលនោះផងដែរ ។ ចាប់តាំងពីការអធិស្ឋាននោះ ព្រះបានបង្ហាញចម្លើយទាំងនោះដល់ខ្ញុំនៅក្នុងរបៀបរាប់ពាន់អព្ភូតហេតុ និងរបៀបជាក់ស្តែងជាច្រើន ។
រ៉េនឌីដែលបានថតរូបនៅទីនេះមួយខែបន្ទាប់ពីបុណ្យជ្រមុជទឹករបស់គាត់និយាយថា « សាសនាចក្រគឺជាអព្ភូតហេតុមួយ » ។ « ហើយជីវិតរបស់ខ្ញុំនៅក្នុងសាសនាចក្រគឺជាអព្ភូតហេតុ » ។
ភ្លើងឆេះខ្មួលខ្មាញ់នៅខាងក្នុងខ្ញុំ
មិនយូរប៉ុន្មានបន្ទាប់ពីខ្ញុំបានធ្វើបុណ្យជ្រមុជទឹកនៅឆ្នាំ១៩៧៤ ខ្ញុំបានចូលរួមសន្និសីទទូទៅដំបូងរបស់ខ្ញុំនៅទីក្រុង សលត៍ លេក ជាមួយបងប្រុសរបស់ខ្ញុំឈ្មោះ ចន ។ ខ្ញុំមានការភ្ញាក់ផ្អើលនៅពេលដែលអែលឌើរ ប៊យដ៍ ខេ ផាកកឺ ( ឆ្នាំ១៩២៤–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលបានជួបម្តាយមីងរបស់ខ្ញុំនៅទីក្រុង ញូវយ៉ក បីសប្តាហ៍មុនសន្និសីទនោះ បានមានប្រសាសន៍អំពី ចន និងខ្ញុំ នៅក្នុងសុន្ទរកថានៅព្រឹកថ្ងៃអាទិត្យរបស់គាត់ ។
ដោយដកស្រង់សម្តីម្តាយមីងរបស់ខ្ញុំ អែលឌើរ ផាកកឺ បានមានប្រសាសន៍ ៖ « ក្មួយប្រុសរបស់ខ្ញុំពីរនាក់បានចូលរួមក្នុងសាសនាចក្ររបស់លោក ។ ខ្ញុំស្ទើរតែមិនជឿការផ្លាស់ប្តូរដែលបានកើតឡើងនៅក្នុងជីវិតរបស់ពួកគេទេ » ។
ដោយសារតែការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនោះ ( សូមមើល អាលម៉ា ៥:១៤ ) ភ្លើងមួយបានឆេះនៅខាងក្នុងចិត្តខ្ញុំ ដែលខ្ញុំចង់ចែកចាយ ។ មិនយូរប៉ុន្មាន ខ្ញុំបានធ្វើជាអ្នកផ្សព្វផ្សាយសាសនានៅក្នុងរដ្ឋអៃដាហូ ។ នៅពាក់កណ្តាលនៃបេសកកម្មរបស់ខ្ញុំ ឪពុករបស់ខ្ញុំដែលជាវីរបុរសដ៏អស្ចារ្យបំផុត និងជាមិត្តសំឡាញ់ល្អបំផុតរបស់ខ្ញុំបានទទួលមរណភាព ។ ម្តាយរបស់ខ្ញុំបានទូរសព្ទទៅប្រធានបេសកកម្មរបស់ខ្ញុំ ហើយសុំឲ្យខ្ញុំត្រឡប់មកផ្ទះដើម្បីឡើងអានជីវប្រវត្តិសង្ខេបរបស់ឪពុករបស់ខ្ញុំ ។ នៅពេលដែលប្រធានបេសកកម្មរបស់ខ្ញុំទុកការសម្រេចចិត្តឲ្យខ្ញុំជាអ្នកសម្រេច ថាតើត្រូវចាកចេញទៅ ឬអត់ នោះខ្ញុំបានជម្រាបគាត់ថា ខ្ញុំចង់អធិស្ឋាន និងតមអាហាររយៈពេល ២៤ ម៉ោងមុនពេលសម្រេចចិត្ត ។
យប់នោះខ្ញុំបានមានសុបិនមួយ ។ ឪពុករបស់ខ្ញុំបានបង្ហាញខ្លួនចំពោះខ្ញុំ ។ នៅចំកណ្តាលនៃការពិភាក្សាដ៏អស្ចារ្យ និងមានអត្ថន័យជាមួយគាត់ គាត់បានប្រាប់ខ្ញុំថា « កូនប្រុស សូមបន្តធ្វើបេសកកម្មរបស់កូនទៀតទៅ » ។
ខ្ញុំបានធ្វើតាមការប្រឹក្សារបស់ឪពុក និងបានបន្តនៅ ។
ដោយសារតែការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅដែលបន្ទាប់ពីការប្រែចិត្តជឿរបស់គាត់ « ភ្លើងឆេះនៅក្នុងដួងចិត្ត » រ៉េនឌី ដែលគាត់ចង់ចែកចាយក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។
ប្រាំមួយខែបន្ទាប់ពីបេសកកម្មរបស់ខ្ញុំ ខ្ញុំបានកាន់ដៃម្តាយរបស់ខ្ញុំ នៅពេលគាត់ដកដង្ហើមចុងក្រោយរបស់គាត់ ។ ប៉ុន្មានទសវត្សរ៍ក្រោយមក ភរិយារបស់ខ្ញុំ លីហ្សា បានឃើញសំបុត្រមួយច្បាប់មកពីឪពុកម្តាយរបស់ខ្ញុំនៅក្នុងប្រអប់ចាស់មួយ ។ ឪពុកបានសរសេរវាទៅឲ្យខ្ញុំក្នុងអំឡុងពេលបេសកកម្មរបស់ខ្ញុំ ប៉ុន្តែបានស្លាប់មុនពេលផ្ញើសំបុត្រនោះ ។
« បេះដូងរបស់ប៉ា និងម៉ាក់ តាំងពីដើមមកទល់នឹងពេលនេះ គឺតែងតែស្រឡាញ់កូនជានិច្ច ។ ប៉ាដឹងថាអ្វីៗមិនតែងតែល្អឥតខ្ចោះទេ ប៉ុន្តែនោះហើយគឺជាជីវិត ។ … ព្រះគ្រីស្ទមិនបានមានបន្ទូលថា ‹ មកតាមខ្ញុំ ហើយវានឹងមានភាពងាយស្រួលនោះទេ › ។ ទ្រង់បានមានបន្ទូលថា « ផ្ទុកឈើឆ្កាង [ របស់ខ្លួន ] មកតាមខ្ញុំចុះ » [ ម៉ាថាយ ១៦:២៤ ] ។ ទ្រង់បានលីឈើឆ្កាង ប៉ុន្តែយើងទាំងអស់គ្នាមានបន្លារបស់យើង ។ ប្រហែលជាកន្លែងរបស់យើងនៅស្ថានសួគ៌នឹងអាស្រ័យលើរបៀបដែលយើងដោះស្រាយបន្លារបស់យើង ។ កូនប្រុស ប៉ា និងម៉ាក់ស្រឡាញ់កូនខ្លាំងណាស់ » ។
អ្វីដែលខ្ញុំកំពុងស្វែងរក
ធំឡើង ខ្ញុំមិនសូវត្រូវគ្នានឹងឪពុកម្តាយរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនដែលសង្ស័យពីសេចក្តីស្រឡាញ់របស់ពួកគាត់ឡើយ ។ ចាប់តាំងពីបានស្គាល់សាសនាចក្រ ខ្ញុំបានខិតខំធ្វើការដើម្បីថ្លែងអំណរគុណ និងគោរពពួកគាត់ ។
នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ពីរសប្តាហ៍មុនពេលព្រះវិហារបរិសុទ្ធវ៉ាស៊ីនតោន ឌីស៊ី បិទសម្រាប់ការជួសជុល ខ្ញុំបានផ្សារភ្ជាប់ជាមួយឪពុក និងម្តាយរបស់ខ្ញុំ ៤២ ឆ្នាំក្រោយពីពួកគាត់បានឆ្លងវាំងននចូលទៅក្នុងភាពអស់កល្បជានិច្ច ។ កូនប្រុសច្បងរបស់ខ្ញុំ វីល្លាម ធ្វើកិច្ចការតំណាងឲ្យឪពុករបស់ខ្ញុំ ហើយ លីហ្សា ធ្វើកិច្ចការតំណាងឲ្យម្តាយរបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍ថាឪពុកម្តាយរបស់ខ្ញុំ ដែលបានផ្សារភ្ជាប់ជាមួយគ្នាមុននេះនៅទីនោះក្នុងវិញ្ញាណទាំងពីរនាក់ ។
នៅក្នុងព្រះវិហារបរិសុទ្ធយើងរកឃើញខ្សែដែលចងយើងជារៀងរហូតទៅនឹងមនុស្សជាទីស្រឡាញ់របស់យើង ។ ខ្ញុំប្រាកដអំពីរឿងនេះ ។
នៅពេលខ្ញុំនៅក្មេង ខ្ញុំមិនចង់រៀបការ ឬមានកូននោះទេ ។ ប៉ុន្តែថ្ងៃនេះភរិយា កូនៗ និងចៅៗរបស់ខ្ញុំគឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់ខ្ញុំ ។ សាសនាចក្រគឺជាអព្ភូតហេតុមួយ ហើយជីវិតរបស់ខ្ញុំនៅក្នុងសាសនាចក្រគឺជាអព្ភូតហេតុ » ។ ជាមួយ យ៉ូសែប ស្ម៊ីធ ខ្ញុំនិយាយថា « ប្រសិនបើខ្ញុំពុំបានទទួលបទពិសោធន៍នោះទេ ខ្ញុំក៏មិនជឿខ្លួនឯងដែរ » ។
ហាសិបឆ្នាំកន្លងទៅ ខ្ញុំជាកម្មករសំណង់នៅឯព្រះវិហារបរិសុទ្ធ វ៉ាស៊ីនតោន ឌីស៊ី ។ ខ្ញុំបានជឿថាជីវិតរបស់ខ្ញុំមិនមានអនាគតរីករាយទេ ។ ថ្ងៃនេះខ្ញុំជាអ្នកធ្វើពិធីបរិសុទ្ធម្នាក់នៅក្នុងព្រះវិហារបរិសុទ្ធដដែលនោះ ដោយបានទទួលយកការអញ្ជើញរបស់ព្រះអម្ចាស់ ដើម្បីធ្វើតាមទ្រង់ ទទួលការព្យាបាលរបស់ទ្រង់ ទទួលយកពិធីបរិសុទ្ធទាំងឡាយរបស់ទ្រង់ និងខិតខំប្រឹងប្រែងប្រែក្លាយដូចជាទ្រង់ ។
រ៉េនឌី និងភរិយារបស់គាត់ លីហ្សា បម្រើនៅក្នុងព្រះវិហារបរិសុទ្ធ វ៉ាស៊ីនតោន ឌីស៊ី ដែលគាត់បានជួយសាងសង់កាលពី ៥០ ឆ្នាំមុន ។
រូបថតដោយ ឡេសលី និលសុន
សាសនាចក្រដែលបានស្តារឡើងវិញគឺមិនមែនជាទ្រឹស្តីមួយ ទស្សនវិជ្ជាមួយ ឬគ្រាន់តែជាសហគមន៍ ឬវប្បធម៌មួយនោះទេ ។ សាសនាចក្រនេះគឺជាសាសនាចក្រពិតរបស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំគិតថាខ្ញុំនឹងរកឃើញអ្វីដែលខ្ញុំកំពុងស្វែងរកនៅ សាន ហ្វ្រានស៊ីសស្កូ ។ ខ្ញុំមិនបានរកឃើញទេ ។ ខ្ញុំបានរកឃើញវានៅក្នុងសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងនៅក្នុងដំណាក់របស់ព្រះអម្ចាស់ « ចំណែកដ៏សំខាន់បំផុតនៃការស្ដារឡើងវិញ » ។