« បានទទួលអំណោយទានពិសិដ្ឋដោយព្រះចេស្តាមកពីស្ថានលើ » លីអាហូណា ខែមីនា ឆ្នាំ២០២៥ ។
ទស្សនវិស័យប្រវត្តិសាស្រ្តអំពីព្រះដំណាក់របស់ព្រះអម្ចាស់
បានទទួលអំណោយទានពិសិដ្ឋដោយ ព្រះចេស្តាមកពីស្ថានលើ
ដូចជាពួកសិស្សនៅក្នុងព្រះគម្ពីរសញ្ញាថ្មីដែរ ពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានសន្យាថា ទទួលបានអំណោយទានពិសិដ្ឋដោយព្រះចេស្តាមកពីព្រះអម្ចាស់ ។
នៅនិទាឃរដូវនៃឆ្នាំ១៨៣៦ ឆាល រីច ជាអ្នកផ្សព្វផ្សាយសាសនាផ្សព្វផ្សាយដំណឹងល្អដែលបានស្តារឡើងវិញនៅភាគខាងត្បូងនៃរដ្ឋអូហៃអូ ។ គាត់ប្រាកដជាបានខកចិត្ត ដែលគាត់បានមកដល់ទីក្រុងខឺតឡង់ រដ្ឋអូហៃអូ នៅថ្ងៃទី១២ ខែមេសា—ប្រហែលពីរសប្តាហ៍ បន្ទាប់ពី ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់ ។
គាត់បានធ្វើដំណើរលើកប៉ាល់តាមបណ្តោយទន្លេអូហៃអូ ហើយបន្ទាប់មកបានដើរថ្មើរជើងជិត ១០០ ម៉ាយល៌ ( ១៦០ គីឡូម៉ែត្រ ) ។ គាត់បានឃើញព្រះដំណាក់របស់ព្រះអម្ចាស់នៅលើទីខ្ពស់នៃទេសភាពធម្មជាតិ ដោយមានជញ្ជាំងពណ៌ខៀវ និងដំបូលពណ៌ក្រហម ។ ប៉ុន្តែគាត់បានមកដល់យឺត ។ គាត់បានខកខានការឧទ្ទិសឆ្លងនោះ ដែលជាការជួបជុំដ៏ឱឡារិក ហើយគាត់បានគិតថា គាត់បានខកខានទទួលអំណោយទានដ៏ពិសិដ្ឋដែលបានសន្យាដោយព្រះចេស្តាមកពីស្ថានលើ ។
នៅខែកញ្ញា ឆ្នាំ១៨៣០ ប៉ុន្មានខែបន្ទាប់ពីសាសនាចក្រដែលបានស្តារឡើងវិញត្រូវបានរៀបចំឡើង យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈពីព្រះយេស៊ូវគ្រីស្ទ ឲ្យហៅសមាជិកនៃសាសនាចក្រមកជួបជុំគ្នា ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៧–៨ ) ។ ប៉ុន្មានខែក្រោយមកព្រះអម្ចាស់បានបង្ហាញពីមូលហេតុ ។ ពួកបរិសុទ្ធត្រូវ « ទៅរដ្ឋអូហៃអូ » ជាកន្លែងដែលព្រះយេស៊ូវបានប្រកាស « យើងនឹងប្រទានក្រឹត្យវិន័យមួយដល់អ្នក ហើយនៅទីនោះ អ្នកនឹងត្រូវ បានទទួលព្រះចេស្ដាមកពីស្ថានលើ ហើយចេញពីទីនោះ អ្នកណាក៏ដោយដែលយើងសព្វព្រះហឫទ័យ នោះនឹងចេញទៅក្នុងចំណោមគ្រប់អស់ទាំងសាសន៍ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:៣២–៣៣ ការគូសបញ្ជាក់ត្រូវបានបន្ថែម ) ។ សមាជិកសាសនាចក្រដែលបានឮពីវិវរណៈនេះនឹងស្គាល់ភាសានេះថាមកពីព្រះគម្ពីរសញ្ញាថ្មី ។
ពួកសិស្សក្នុងព្រះគម្ពីរសញ្ញាថ្មីបានទទួលអំណោយទានពិសិដ្ឋដោយព្រះចេស្តា
លូកា ២៤ ចាប់ផ្តើមនៅក្នុងពេលដ៏អស់សង្ឃឹម ។ ព្រះយេស៊ូវត្រូវបានគេឆ្កាង ហើយក្រុមសិស្សស្រីៗរបស់ទ្រង់បានវិលត្រឡប់ទៅផ្នូររបស់ទ្រង់វិញ ។ ពួកគេបានរកឃើញថាទ្វារថ្មត្រូវបានរមៀលចេញ ហើយពួកគេ « មិនឃើញព្រះសពព្រះអម្ចាស់យេស៊ូវទេ » ( ខទី ៣ ) ។ មិនយូរប៉ុន្មានទេវតាបានប្រទានឲ្យពួកគេនូវសេចក្តីសង្ឃឹម ៖ « ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ មិនគង់នៅទីនេះទេ » ( ខទី ៦ ) ។
ក្រោយមក ព្រះអម្ចាស់ដែលបានរស់ឡើងវិញ បានបង្ហាញខ្លួនដល់ពួកសិស្សរបស់ទ្រង់ និងបានធ្វើការងារបម្រើដល់ពួកគេ ។ ទ្រង់បានប្រទានឲ្យពួកគេនូវអ្វីដែលពួកគ្រីស្ទាននៅទូទាំងពិភពលោកទទួលស្គាល់ថាជា « អំណាចដ៏អស្ចារ្យ » ដើម្បីផ្សព្វផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវបានពន្យល់ថា « ហើយត្រូវឲ្យការប្រែចិត្ត និងសេចក្តីប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ » ( ខទី ៤៧ ) ។
ទោះជាយ៉ាងណា ទ្រង់បានណែនាំពួកសិស្សរបស់ទ្រង់មិនឲ្យចាកចេញភ្លាមៗនោះទេ ៖ « ចូរអ្នករាល់គ្នានៅតែក្នុងក្រុងយេរូសាឡិម ដរាបដល់ព្រះចេស្តាពីស្ថានលើ បានមកគ្របដណ្តប់លើអ្នករាល់គ្នា » ( ខទី ៤៩ ) ។ ពាក្យ Endued ( ឬពាក្យ « endowed » ជាភាសាអង់គ្លេសសម័យទំនើប ) គឺជាការបកប្រែមកពីពាក្យក្រិក មានន័យថា « ស្លៀកពាក់ » ។ ពួកសិស្សពីបុរាណរបស់ព្រះគ្រីស្ទត្រូវរង់ចាំនៅក្នុងទីក្រុងយេរូសាឡិម រហូតដល់ពួកគេត្រូវបានស្លៀកពាក់ដោយព្រះចេស្តាមកពីស្ថានលើ ។ បន្ទាប់មកពួកគេត្រូវបង្កើតនគររបស់ព្រះនៅទូទាំងពិភពលោក ។
មុនពេលដែលទ្រង់យាងឡើងទៅស្ថានសួគ៌ ព្រះអម្ចាស់បានប្រាប់ពួកសិស្សរបស់ទ្រង់ថា « ចូរអ្នករាល់គ្នានៅតែក្នុងក្រុងយេរូសាឡិម ដរាបដល់ព្រះចេស្តាពីស្ថានលើ បានមកគ្របដណ្តប់លើអ្នករាល់គ្នា » ( លូកា ២៤:៤៩ ) ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបានទទួលអំណោយទានពិសិដ្ឋដោយព្រះចេស្តា
ពួកបរិសុទ្ធថ្ងៃចុងក្រោយបានជួបជុំគ្នានៅរដ្ឋអូហៃអូ ក្នុងឆ្នាំ១៨៣០ ដោយមានបំណងប្រាថ្នាស្រដៀងគ្នានេះដែរ ។ ពួកគេទន្ទឹងរង់ចាំដើម្បីត្រូវបាន « ទទួលព្រះចេស្ដាមកពីស្ថានលើ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:៣២ ) និងទទួលយកសារលិខិតរបស់ព្រះយេស៊ូវទៅចែកចាយនៅទូទាំងពិភពលោក ។ នៅទីបំផុត ព្រះអម្ចាស់បានប្រកាសថា ពួកបរិសុទ្ធ « គួរតែទទួលបានអំណោយទានរបស់ពួកគេពីស្ថានលើ នៅក្នុងដំណាក់របស់យើង » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៥:៣៣ ការគូសបញ្ជាក់ត្រូវបានបន្ថែម សូមមើលផងដែរ ខទី ១១–១២ ) ។ ពួកបរិសុទ្ធដំបូងជាច្រើននៅតែមិនដឹងច្បាស់ពីអ្វីដែលត្រូវរំពឹងទុក ។
មិនយូរប៉ុន្មានបន្ទាប់ពីបានហៅ និងតែងតាំងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ក្នុង ឆ្នាំ១៨៣៥ យ៉ូសែប ស្ម៊ីធ បានជួបជាមួយពួកលោកអំពីព្រះដំណាក់របស់ព្រះអម្ចាស់ ។ យ៉ូសែបបានឃើញថាពួកដប់ពីរនាក់មាន « ការព្រួយបារម្ភ » ហើយមិនអាចយល់ពីអ្វីដែលនឹងមកដល់ទេ ។ លោកបានពន្យល់ថា ពួកលោកត្រូវការអំណោយទានពិសិដ្ឋមួយដើម្បីពួកលោកអាច « ត្រូវបានរៀបចំ និងអាចយកឈ្នះលើគ្រប់យ៉ាង » និងអាចបង្រៀនដំណឹងល្អដោយព្រះចេស្តា ។ លោកបានពន្យល់ « នៅពេលអ្នកទទួលបានអំណោយទានពិសិដ្ឋនេះ »ពួកសាវកនឹង « ផ្សព្វផ្សាយដំណឹងល្អដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជមនុស្ស និងគ្រប់ភាសា » ។
មិនយូរប៉ុន្មាន យ៉ូសែប ស្ម៊ីធ បានបង្ហាញពីរបៀបដែលបានបង្ហាញឡើងបន្ទាប់ពីការឧទ្ទិសឆ្លងរបស់ពួកសង្ឃនៅព្រះវិហារបរិសុទ្ធសាសន៍អ៊ីស្រាអែលពីបុរាណ ។ នៅក្នុងការរៀបចំសម្រាប់អំណោយទានពិសិដ្ឋ អ្នកកាន់តំណែងបព្វជិតភាពគ្រប់រូបត្រូវបានលាងសម្អាត និងបានលាបប្រេងតាំង « ជាមួយនឹងប្រេងប្រភេទដូចគ្នា និងតាមរបៀបដែលម៉ូសេ និងអើរ៉ុន និងអស់អ្នកដែលឈរនៅចំពោះមុខព្រះអម្ចាស់ក្នុងសម័យបុរាណ » ។
នៅពេលនេះ ព្រះចេស្តានៃអំណោយទានពិសិដ្ឋបានបង្កើតជាការបញ្ចេញព្រះចេស្តាខាងវិញ្ញាណយ៉ាងខ្លាំងក្នុងអំឡុងពេលការជួបប្រជុំពិសេសមួយ ។ ដូចជា អេលីយ៉ា អេប៊ឹល—ជាពួកចិតសិបនាក់ស្បែកខ្មៅដំបូងគេនៅក្នុងសាសនាចក្រ—ដែលកាន់តំណែងបព្វជិតភាព បានតមអាហារ អធិស្ឋាន និងទទួលទានសាក្រាម៉ង់នៃអាហារនៃព្រះអម្ចាស់ជាអាហាររួមគ្នា ។ ពួកគេបានធ្វើទីបន្ទាល់ និងព្យាករ ហើយព្រះបានប្រទានពរដល់ពួកគេដោយព្រះចេស្តា ។ អស់អ្នកដែលបានទទួលអំណោយទានពិសិដ្ឋបន្ទាប់មកបានចេញទៅកសាងនគរព្រះដោយប្រកាសពីដំណឹងល្អដែលបានស្ដារឡើងវិញ ។ ទោះបីជាមានការប្រឆាំងក៏ដោយ ពួកគេត្រូវបានការពារក្នុងការធ្វើដំណើររបស់ពួកគេ បានលើកតម្កើងនៅក្នុងការផ្សព្វផ្សាយរបស់ពួកគេ និងទទួលពរជ័យក្នុងគ្រួសាររបស់ពួកគេ ។
នៅខឺតឡង់ មានតែបុរសប៉ុណ្ណោះដែលបានចូលរួមក្នុងការជួបជុំដ៏ឱឡារិកដែលពួកគេបានទទួលអំណោយទានពិសិដ្ឋដោយព្រះចេស្តាមកពីស្ថានលើ ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលពីរបីឆ្នាំ ពួកបរិសុទ្ធបានសាងសង់ព្រះវិហារបរិសុទ្ធណៅវូ ។ នៅទីនោះយ៉ូសែប ស្ម៊ីធ បានបើកសម្ដែងពិធីការនានានៃព្រះវិហារបរិសុទ្ធដែលបានប្រទានឲ្យ ដែលជាមូលដ្ឋានគ្រឹះសម្រាប់បទពិសោធន៍ព្រះវិហារបរិសុទ្ធរបស់យើងនាសព្វថ្ងៃនេះ ។ នៅណៅវូ ស្ត្រីក៏ដូចជាបុរសត្រូវបានផ្តល់អំណោយទានពិសិដ្ឋដោយព្រះចេស្តាផងដែរ ។
ថ្លែងទៅកាន់បងប្អូនស្រ្តីនៅក្នុងសមាគមសង្គ្រោះ យ៉ូសែប ស្ម៊ីធ បានសន្យាថា នៅក្នុងអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ « កូនសោនៃនរគ » នឹង « ប្រគល់ឲ្យពួកគេ » ដូចគ្នា « ទៅនឹងពួកអែលឌើរ »ដែរ ។ ទោះបីជាវាមានរយៈពេលជាច្រើនទស្សវត្សរ៍មុនពេលស្ត្រីត្រូវបានហៅឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនាក៏ដោយ ក៏ស្ត្រី និងការងាររបស់ពួកគេមានសារៈសំខាន់ក្នុងការកសាងនគររបស់ព្រះនៅលើផែនដីផងដែរ ។
ទោះបីជាឆាលរីច បានខកខានមិនបានចូលរួមការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ខឺតឡង់ក៏ដោយ ក៏គាត់បានដឹងថាគាត់ និងពួកអ្នកផ្សព្វផ្សាយសាសនាជាច្រើនផ្សេងទៀតដែលបានមកដល់ខឺតឡង់យឺត នឹងទទួលបានបទពិសោធន៍អំណោយទានពិសិដ្ឋដែរ ។ បន្ទាប់ពីគំរូនៃពួកសង្ឃសាសន៍អ៊ីស្រាអែលពីបុរាណ ( សូមមើល និក្ខមនំ ២៩; ៤០ ) គាត់ត្រូវបានលាងសម្អាត និងលាបប្រេងតាំង ។ គាត់បានប្រមូលផ្តុំជាមួយអ្នកដទៃទៀត តមអាហារ អធិស្ឋាន និងទទួលទានអាហារពេលល្ងាចរបស់ព្រះអម្ចាស់ ។
« យើងបានព្យាករពេញមួយយប់ » ឆាលបានសរសេរ ។ « វាត្រូវបានព្យាករថា សេចក្តីសង្គ្រោះត្រូវបានសរសេរនៅលើគ្រប់អវយវៈ និងសន្លាក់ » នៃរាងកាយរបស់គាត់ ។ « ខ្ញុំបានពោរពេញទៅដោយវិញ្ញាណនៃការព្យាក ហើយខ្ញុំបានទទួលព្រះចេស្តាមកពីស្ថានលើ » ។
លោកបានចំណាយពេលនៅសល់នៃជីវិតរបស់លោក—៤៧ ឆ្នាំ—ធ្វើការជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដោយកសាងនរគរបស់ព្រះ ។
ចាប់តាំងពីពេលនោះមក ពួកបរិសុទ្ធថ្ងៃចុងក្រោយជុំវិញពិភពលោកបានធ្វើដំណើរទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីទទួលបានអំណោយទានពិសិដ្ឋមកពីស្ថានលើ ។ ហើយដូចពួកបរិសុទ្ធនៅសម័យដើមទាំងនេះដែរ អំណោយទានពិសិដ្ឋបានរៀបចំយើងដើម្បីកសាងនរគរបស់ព្រះ ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ហើយថ្ងៃណាមួយទទួលបានភាពតម្កើងឡើងតាមរយៈសេចក្តីមេត្តាករុណា និងព្រះគុណរបស់ទ្រង់ ។