« តើសេចក្ដីសញ្ញារបស់យើងជួយយើងទាញយកព្រះចេស្តារបស់ព្រះដោយរបៀបណា ? » លីហូណា ខែមីនា ឆ្នាំ២០២៥ ។
ស្រ្តីនៃសេចក្តីសញ្ញា
តើសេចក្ដីសញ្ញារបស់យើងជួយយើងទាញយក ព្រះចេស្តារបស់ព្រះ ដោយរបៀបណា ?
ក្នុងនាមជាស្ត្រីនៃសេចក្តីសញ្ញា នោះព្រះចេស្តារបស់ព្រះផ្លាស់ប្តូរយើង ពង្រឹងយើង និងផ្តល់ឲ្យយើងនូវទំនុកចិត្ត ។
ថតរូបដោយ ខនន័រ ចនសុន
យើងម្នាក់ៗមានឱកាសដើម្បីចុះសេចក្តីសញ្ញាដ៏ពិសិដ្ឋជាមួយនឹងព្រះនៃឋានសួគ៌ ។ យើងចុះសេចក្ដីសញ្ញាទាំងនេះ នៅពេលយើងទទួលពិធីបរិសុទ្ធនៃបព្វជិតភាព ។ ពេលយើងរក្សាសេចក្តីសញ្ញារបស់យើង នោះទ្រង់នឹងប្រទានពរដល់យើងតាមរយៈព្រះចេស្ដារបស់ទ្រង់ ។
សូមរំឭកជាមួយខ្ញុំឡើងវិញអំពីការណែនាំដ៏ព្យាករ របស់ប្រធាន រ័សុល អិម ណិលសុន ដែលទាក់ទងទៅនឹងរបៀបទទួលបានព្រះចេស្តាមកពីព្រះ ៖ « បុរស និងស្ដ្រីគ្រប់រូបដែលចូលរួមក្នុងពិធីបរិសុទ្ធនៃបព្វជិតភាពដោយភាពស័ក្ដិសម ហើយបានចុះសេចក្ដីសញ្ញាជាមួយព្រះ មានសិទ្ធិទទួលបានព្រះចេស្ដារបស់ព្រះដោយផ្ទាល់ » ។ ការទទួលបានដោយផ្ទាល់ចំពោះព្រះចេស្តារបស់ព្រះនេះ គឺជាអំណោយទានដែលទ្រង់ចែកចាយដោយសប្បុរសជាមួយនឹងបុត្រាបុត្រីរបស់ទ្រង់ ។
តើព្រះចេស្តានេះ ដែលហូរមកពីការរក្សាសេចក្តីសញ្ញាដែលយើងធ្វើតាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាព មើលទៅមានលក្ខណៈដូចម្តេចនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ? តើស្ត្រីនៃសេចក្តីសញ្ញាម្នាក់ទាញយកព្រះចេស្តាដ៏ទេវភាពនេះដោយរបៀបណា ?
ខ្ញុំសង្ឃឹមថាឧទាហរណ៍ផ្ទាល់ខ្លួននឹងជួយអ្នកនៅពេលដែលអ្នកធ្វើកិច្ចការពង្រឹងខាងវិញ្ញាណ ដើម្បីរៀនដោយខ្លួនឯងពីអត្ថន័យនៃការទទួលបាននូវព្រះចេស្តារបស់ព្រះ ។
នៅថ្ងៃមួយខ្ញុំបានទទួលសារជាអក្សរមកពីកូនស្រីរបស់ខ្ញុំ អេម៊ី ៖ « សូមអធិស្ឋានឲ្យ ឌតធី ផង » ។
ចៅស្រីរបស់ខ្ញុំ ឌតធី មិនបានគេងកាលពីយប់ម្សិលទេ ។ អេម៊ីមិនបានគេងពេញមួយយប់ជាមួយនាង ហើយបាននិយាយថា ឌតធីក្តៅខ្លួនខ្លាំង ។ អេម៊ីបានឲ្យថ្នាំមួយចំនួនឲ្យនាងលេប ប៉ុន្តែ ឌតធីនៅតែក្តៅខ្លួន និងនៅតែរសាប់រសល់ ។ ហើយកូនប្រុសរបស់ខ្ញុំ ខនន័របានធ្វើដំណើរទៅធ្វើការ ហើយមិនទាន់មកផ្ទះវិញទេទាល់តែពីរថ្ងៃទៀត ។
ទីបំផុតពេលព្រឹកក៏ឈានចូលមកដល់ អេម៊ី បានឃើញបបូរមាត់របស់ឌតធីឡើងពណ៌ខៀវ ។ ដៃរបស់នាងមានពណ៌ខៀវ ហើយប៉ះទៅឡើងត្រជាក់ដូចគ្នា ។ អេម៊ីនឹកឃើញភ្លាមៗថា « យក ឌតធីទៅវេជ្ជបណ្ឌិតផ្នែកកុមារ » ។ នាងបានស្តាប់ការបំផុសគំនិតនោះ បានទូរសព្ទទៅការិយាល័យវេជ្ជបណ្ឌិតផ្នែកកុមារ ហើយត្រូវបានធានាថាពួកគេនឹងទទួលយកឌតធីចូលពិនិត្យភ្លាមៗ ។
សំណាងណាស់ ការិយាល័យវេជ្ជបណ្ឌិតផ្នែកកុមារគឺនៅឆ្លងផ្លូវពីផ្ទះម្តាយរបស់ខ្ញុំ ។ អេម៊ីបានមានអារម្មណ៍ថាត្រូវបើកឡានចូលផ្ទះម្តាយរបស់ខ្ញុំ ។ ម្តាយរបស់ខ្ញុំកំពុងធ្វើការនៅក្នុងទីធ្លារបស់គាត់ ហើយរីករាយក្នុងការមើលប្អូនស្រីអាយុបួនឆ្នាំរបស់ឌតធី ឈ្មោះ ហ្គោលឌី ខណៈពេលដែល អេម៊ី យកឌតធី ទៅវេជ្ជបណ្ឌិតផ្នែកកុមារ ។ វាជាចម្លើយចំពោះការព្រួយបារម្ភរបស់អេម៊ី អំពីតម្រូវការក្នុងការមើលថែ ហ្គោលឌី និងទៅជាមួយឌតធី ក្នុងពេលតែមួយ ។
វេជ្ជបណ្ឌិតផ្នែកកុមារបានរកឃើញថា ឌតធីមានជំងឺរលាកសួត ទំនងជាមកពីការងូតទឹកកាលពីប៉ុន្មានថ្ងៃមុន ។ ឌតធីត្រូវដាក់ថ្នាំផ្សះដើម្បីព្យាបាល ហើយបានចំណាយពេលប៉ុន្មានថ្ងៃនៅក្នុងដៃម្តាយរបស់នាង លើកនាងឡើងដើម្បីបើកផ្លូវដង្ហើមរបស់នាង និងជួយក្នុងការដកដង្ហើមរបស់នាង ។
ខ្ញុំបានសុំជួយទិញអាហារពេលល្ងាចមួយចំនួននៅតាមផ្លូវទៅផ្ទះរបស់ខ្ញុំ ។ ខ្ញុំមានអំណរគុណដែលអេម៊ី បានឲ្យខ្ញុំធ្វើដូច្នោះ ។ ខ្ញុំឆ្ងល់ថាតើ អេម៊ីធ្វើការងារទាំងនេះបានយ៉ាងដូចម្តេចបើមិនបានគេង មានភាពតានតឹងក្នុងការមានកូនតូចឈឺផង និងត្រូវការមើលថែហ្គោលឌីផងនោះ ។
ខ្ញុំបានដើរចូលទៅក្នុងផ្ទះរបស់ពួកគេដោយមានថង់អាហារដែលទិញនៅខាងក្រៅ ហើយបានឃើញអេម៊ី និងចៅស្រីៗពោរពេញដោយភាពសុខសាន្ត ។ អេម៊ីមានកម្លាំងបន្ថែម និងពន្លឺនៅលើទឹកមុខរបស់នាង ។ នាងមានភាពស្ងប់ស្ងាត់ សូម្បីតែត្រូវប្រឈមនឹងការមិនបានគេងមួយយប់ទៀតតែម្នាក់ឯងជាមួយឌតធី ដែលឈឺក្តី ។ នាងពុំខ្លាចឡើយ ។ នាងមានទំនុកចិត្ត ។ វាគឺជាសេចក្តីសុខសាន្តដែលហួសលើសពីអស់ទាំងគំនិត ។ ខ្ញុំគ្រាន់តែចង់អង្គុយក្នុងពេលនោះ ហើយគយគន់ឲ្យអស់ចិត្ត ។
អេម៊ីខិតខំព្យាយាមរក្សាសេចក្តីសញ្ញារបស់នាងជាមួយនឹងព្រះ ហើយត្រូវបានប្រទានពរដោយព្រះចេស្តានៃការពង្រឹងរបស់ទ្រង់ ។ ព្រះវិញ្ញាណបានបំផុសគំនិតឲ្យនាងចាត់វិធានការដែលនាងបានធ្វើដើម្បីថែទាំឌតធី ។ ហើយព្រះចេស្តារបស់ព្រះអម្ចាស់បានបង្កើនសមត្ថភាពរបស់នាង ដើម្បីដោះស្រាយតម្រូវការរបស់គ្រួសារនាងដោយការអត់ធ្មត់ និងសេចក្តីស្រឡាញ់ និងដោយនូវការធានាដោយស្ងប់ស្ងាត់ថាអ្វីៗទាំងអស់នឹងបានល្អប្រសើរឡើង ។
នេះគឺជាពរជ័យនៃព្រះចេស្តារបស់ព្រះ ដែលអាចមានសម្រាប់យើងតាមរយៈសេចក្តីសញ្ញាដ៏ពិសិដ្ឋ និងដោយសារតែពលិកម្មធួនរបស់ព្រះអង្គសង្រ្គោះ ។ ព្រះចេស្តានេះផ្លាស់ប្តូរយើង ពង្រឹងយើង ធ្វើឲ្យយើងស្ងប់ស្ងាត់ ផ្តល់ឲ្យយើងនូវទំនុកចិត្ត នាំឲ្យយើងមាននូវភាពសុខសាន្ត និងបង្កើនសមត្ថភាពរបស់យើងក្នុងការបំពេញទំនួលខុសត្រូវដែលបានចាត់តាំងដ៏ទេវភាពរបស់យើងក្នុងនាមជាស្ត្រី ។