2025
របៀប​នៃ​ការទំនាក់​ទំនង​ដ៏​ទេវភាព
ខែ​មីនា ឆ្នាំ​២០២៥


« របៀប​នៃ​ការទំនាក់​ទំនង​ដ៏​ទេវភាព » លីអាហូណា ខែ​មីនា ឆ្នាំ​២០២៥ ។

របៀប​នៃ ការទំនាក់​ទំនង​ដ៏​ទេវភាព

ព្រះ​មាន​បន្ទូល​មកកាន់​យើង​តាម​របៀប​ផ្សេងៗគ្នា ។ ហើយ​មាន​រឿង​ជាច្រើន​ដែល​យើង​អាច​ធ្វើបាន ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​ការទំនាក់ទំនង​នេះ​នៅតែ​បន្តមាន ។

បុរស​ម្នាក់​កំពុង​អធិស្ឋាន

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន

នៅពេល​ខ្ញុំ​ចាប់ផ្តើម​រៀបចំ​សុន្ទរកថា​សន្និសីទ​ទូទៅ​ដំបូង​របស់ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា​វាជា​កិច្ចការ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច ! អ្នកឡើង​និយាយ​នៅក្នុង​សន្និសីទ​ទូទៅ​មិន​ត្រូវបាន​ចាត់តាំង​ឲ្យ​នូវ​ប្រធានបទ​នោះ​ទេ ដូច្នេះ​ខ្ញុំ​ត្រូវ​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​នូវអ្វី​ដែល​ព្រះអម្ចាស់​នឹង​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​និយាយ ។

ខ្ញុំ​បាន​អធិស្ឋាន និង​រង់ចាំ​នូវ​ការដឹកនាំ ។ មួយ​រយៈ​ក្រោយ​មក ភរិយា​របស់ខ្ញុំ អ៊ីសាប៊ែល ដែល​ជា​មនុស្ស​ដ៏​ឈ្លាសវៃ ហើយ​ស្គាល់​ខ្ញុំ​ច្បាស់ បាន​ឃើញថា​ខ្ញុំ​កំពុង​ពុះពារ​ដើម្បី​ចាប់ផ្តើម​សុន្ទរកថា ។

គាត់​បាន​និយាយថា « មើលទៅ បង​ត្រូវតែ​ធ្វើអ្វី​មួយ​ហើយ ។ « បង​ចាប់ផ្តើម​សរសេរ​ពី​អ្វីមួយ​ទៅ ! »

នោះ​គឺជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ។ នៅក្នុង​ដំណើរការ​នេះ ខ្ញុំ​បាន​ចាប់ផ្តើម​មាន​សុន្ទរកថា​ប្រាំមួយ ឬ​ប្រាំពីរ ។ នៅពេល​ដែល​ខ្ញុំ​ពិចារណា​អំពី​លទ្ធភាព​ផ្សេងៗ នោះ​ខ្ញុំ​បាន​មាន​អារម្មណ៍​ល្អ​នឹង​សុន្ទរកថា​មួយ​ក្នុង​ចំណោម​សុន្ទរកថា​ទាំងនោះ ជា​សុន្ទរកថា​ដែល​ខ្ញុំ​គួរ​ថ្លែង ។ ព្រះវិញ្ញាណ​បាន​ដោះស្រាយ​គំនិត​របស់ខ្ញុំ ហើយ​សុន្ទរកថា​ទាំងមូល​ដំណើរការ​ទៅ​យ៉ាង​រលូន ។

នៅក្នុង​សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៣ ខ្ញុំ​បាន​ចែកចាយ​ថា យើង​ទាំងអស់គ្នា​ជា​បុត្រាបុត្រី​របស់ព្រះ ។ ទ្រង់​ស្រឡាញ់​យើង ស្គាល់​យើង​យ៉ាង​ជិតស្និទ្ធ និង​គង់​នៅក្នុង​គ្រប់​ស្ថានភាព​នៃ​ជីវិត​របស់​យើង ។ ទ្រង់​ឮ​យើង​នៅពេល​យើង​អធិស្ឋាន ហើយ​មាន​បំណង​ប្រាថ្នា​ចង់​មាន​ព្រះបន្ទូល​មកកាន់​យើង ។

ការរៀន​ពីរបៀប​ដែល​ព្រះ​មាន​បន្ទូល​មកកាន់​យើង​ម្នាក់ៗ គឺជា​បទពិសោធន៍​របស់​បុគ្គល​ម្នាក់ៗ ។ ប៉ុន្តែ​ទាំងនេះ​គឺជា​វិធី​មួយ​ចំនួន​ដើម្បី​ជួយ​សម្រួល​ដល់​ការទំនាក់ទំនង​ដែល​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ ចង់​ផ្តល់ឲ្យ​យើង​ដើម្បី​ប្រទានពរ​ដល់​ជីវិត​របស់យើង ។

ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ និង​ការជឿ​ទុកចិត្ត

ការដឹង​ថាតើ​ពេល​ណា​ព្រះ​មាន​ព្រះបន្ទូល តម្រូវឲ្យ​មាន​សេចក្តី​ជំនឿ និង​ការជឿ​ទុកចិត្ត ។ សេចក្តី​ជំនឿ​ត្រូវបាន​ចងភ្ជាប់​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ក៏​ត្រូវ​ជឿជាក់​លើ​ទ្រង់​ផងដែរ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល ៖

« មើល​ចុះ យើង​នឹង​ប្រាប់​អ្នក​នៅ​ក្នុង​គំនិត​របស់​អ្នក និង​នៅ​ក្នុង​ចិត្ត​របស់​អ្នក ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​នឹង​សណ្ឋិត​មក​លើ​អ្នក ហើយ​ដែល​នឹង​គង់នៅ​ក្នុង​ចិត្ត​របស់​អ្នក ។

ឥឡូវ​នេះ មើល​ចុះ នេះ​ជា​វិញ្ញាណ​នៃ​វិវរណៈ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨:២–៣ ) ។

ប៉ុន្តែ វិវរណៈ និង​ការដឹកនាំ​ដ៏ទេវភាព មិនមែនបាន​មក​ពី​ការរង់ចាំ​ការបង្ហាញ​ខាង​វិញ្ញាណ​នោះ​ទេ ។ យើង​ត្រូវតែ ធ្វើ​សកម្មភាព ។ ដូច​ដែល​ភរិយា​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ធ្វើ​ដែរ ពេលខ្លះ​យើង​ត្រូវការ​គ្រាន់តែ « ការចាប់ផ្តើម » ប៉ុណ្ណោះ ។

នៅពេល​ដែល​អ៊ីសាប៊ែល និង​ខ្ញុំ​បម្រើជា​អ្នក​ដឹកនាំ​បេសកកម្ម​នៅក្នុង​បេសកកម្ម​នៅ​ទីក្រុង លីយ៉ុង ប្រទេស​បារាំង ខ្ញុំ​ត្រូវ​កំណត់​ទីកន្លែង​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ​គួរ​ទៅ និង​ពេលណា​ត្រូវ​ធ្វើការ​ចាត់តាំង​នោះ​នៅក្នុង​បេសកកម្ម ។ ខ្ញុំ​បាន​រកឃើញ​ថា ព្រះវិញ្ញាណ​នឹង​ដឹកនាំ​ខ្ញុំ ប្រសិនបើ​ខ្ញុំ​អធិស្ឋាន​សូម​ជំនួយ ហើយ​បន្ទាប់មក​ប្រើ​ការវិនិច្ឆ័យ​ដ៏ល្អ​បំផុត​របស់ខ្ញុំ ។ ការបញ្ជាក់​នឹង​មក​ដល់​នៅពេល​ដែល​អ្វីៗ​គ្រប់យ៉ាង​បាន​រៀបចំ​រួចរាល់ ។

នៅក្នុង​ការហៅ​នាពេល​បច្ចុប្បន្ន​របស់ខ្ញុំ ខ្ញុំ​ត្រូវបាន​បញ្ជូន​ទៅ​មើល​ការខុសត្រូវ​លើ​ស្តេក​នៅទូទាំង​សាសនាចក្រ ដើម្បី​រៀបចំ​គណៈប្រធាន​ស្តេក​ឡើងវិញ ។ ពេល​ដៃគូ​របស់ខ្ញុំ និង​ខ្ញុំ​សម្ភាសន៍​បុគ្គល​ម្នាក់ៗ យើង​មាន​គំនិត អារម្មណ៍ និង​ការបំផុសគំនិត​មក​កាន់​យើង ។ បន្ទាប់មក​យើង​ប្រឹក្សា និង​អធិស្ឋាន​ជាមួយគ្នា ។ នៅទីបំផុត វិវរណៈ​មកដល់ ហើយ​ព្រះអម្ចាស់​បញ្ជាក់​ដល់​យើង​នូវ​បុគ្គល​ដែល​ទ្រង់​បាន​ហៅឲ្យ​បម្រើ ។

វា​គឺ​ជា​ដំណើរការ​មួយ​ដើម្បីដឹង​នៅ​ពេល​ដែល​ព្រះ​មាន​ព្រះបន្ទូល និង​ដើម្បី​រកឃើញ​នូវ​ព្រះ​ហឫទ័យ​របស់​ទ្រង់ ។ យើង​ត្រូវ​បង្ហាញថា យើង​មាន​ឆន្ទៈ​ដើម្បី​ធ្វើតាម​ដោយ​សេចក្តី​ជំនឿ និង​ការជឿ​ទុកចិត្ត ។

ធ្វើ​តាម​ព្យាការី

របៀប​ដ៏​សំខាន់​មួយ​ដែល​ព្រះ​មាន​ព្រះបន្ទូល​ទៅកាន់​បុត្រាបុត្រី​របស់ទ្រង់ គឺ​តាមរយៈ​ព្យាការី ។ ការមាន​ព្យាការី​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ​គឺជា​ដំណឹង​ដ៏អស្ចារ្យ ! លោក​ទទួល​បាន​វិវរណៈ​មកពី​ព្រះ ដើម្បី​ណែនាំ និង​ដឹកនាំ​សាសនាចក្រ ( សូមមើល អេម៉ុស ៣:៧ ) ។ យើង​ក៏​អាច​ទទួល​បាន​ការណែនាំ និង​ការការពារ​ដោយ​ការធ្វើ​តាម​ការបង្រៀន​ទាំងឡាយ​របស់​លោក​ផងដែរ ។ ការណ៍​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ជានិច្ច​នោះ​ទេ ប៉ុន្តែ​ព្រះអម្ចាស់​បានណែនាំ​យើង​ឲ្យ​ធ្វើតាម​ព្យាការី « ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​គ្រប់​យ៉ាង » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ២១:៥ ) ។

ឧទាហរណ៍ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » បាន​បង្ហាញ​ឲ្យ​ឃើញពី​ការព្យាករ​ចាប់តាំងពី​វា​ត្រូវបាន​ណែនាំ​កាលពី ៣០​ឆ្នាំមុន​មកម្ល៉េះ ។ វា​ដោះស្រាយ​ការព្រួយបារម្ភ​ជាច្រើន​ដែល​យើង​មិន​ដឹងថា​យើង​នឹង​មាន និង​ផ្តល់​ការណែនាំ​ដែល​យើង​មិន​ចាំបាច់​ដឹងថា​យើង​នឹង​ត្រូវការ ប៉ុន្តែ​យើង​ធ្វើ​ឥឡូវ​នេះ ។ ការណែនាំ​របស់​ព្យាការី​ប្រហែល​មិន​ជាអ្វី​ដែល​យើង​ចង់​ស្តាប់​ជានិច្ច​នោះទេ ។ វា​ប្រហែលជា​មិន​ស្របនឹង​តម្លៃ​បច្ចុប្បន្ន​របស់​សង្គម​ទេ ។ ទោះជា​យ៉ាងណា​ក៏ដោយ យើង​នឹង​ត្រូវ​បាន​ណែនាំ និង​ការពារ នៅពេល​យើង​ធ្វើ​តាម​ព្យាការី ។

ស្ត្រី​កំពុង​អាន​ព្រះគម្ពីរ

សួរ​សំណួរ និង​ស្វែងរក​ចម្លើយ

នៅក្នុង​ថ្ងៃដំបូង​នៃ​ការស្តារ​ឡើងវិញ ជាញឹកញាប់​ព្រះ​បាន​មាន​ព្រះបន្ទូល​ដែល​ឆ្លើយ​ទៅនឹង​សំណួរ​ដ៏​ស្មោះត្រង់​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ និង​អ្នក​ដទៃ​ទៀត​មាន ។ នៅ​ខណៈពេល​ដែល យ៉ូសែប និង អូលីវើរ ខៅឌើរី បាន​ធ្វើការ​បកប្រែ​ព្រះគម្ពីរ​មរមន ពួកលោក​បាន​អាន​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ស្តីពី​គោលលទ្ធិ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ( សូមមើល នីហ្វៃ​ទី៣ ១១:២៣–៣៣ ) ។ ពួកលោក​ចង់​រៀន​បន្ថែម ហើយ​បាន​ចូល​ទៅក្នុង​ព្រៃ​ដើម្បី​អធិស្ឋាន ។ មិនយូរប៉ុន្មាន យ៉ូហាន បាទីស្ទ បាន​បង្ហាញខ្លួន និង​ស្តារ​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជទឹក​ដោយ​ការពន្លិច​សម្រាប់​ការផ្ដាច់​បាប ។

មាន​ពេល​មួយ​ទៀត អិមម៉ា​ដែល​ជា​ភរិយា​របស់​យ៉ូសែប បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ភាពរញ៉េរញ៉ៃ​ដែល​បន្សល់ទុក​ដោយ​ពួកបុរស​ដែល​ជក់​បារី និង​ទំពា​ថ្នាំជក់​ក្នុង​អំឡុងពេល​ប្រជុំ ។ យ៉ូសែប​បាន​យក​បញ្ហា​នេះ​ទៅទូល​ព្រះអម្ចាស់ ហើយ​បាន​ទទួល​វិវរណៈ—« ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៩:១ )—ស្តីពី​ការអនុវត្ត​ដែល​មាន​សុខភាព​ល្អ​ដល់​រាងកាយ និង​ផលប្រយោជន៍​ខាងវិញ្ញាណ​របស់​បុត្រាបុត្រី​របស់ព្រះ ។

ករណី​ទាំងនេះ—និង​ករណី​ជាច្រើន​ទៀត—រំឭក​យើងថា វា​មិន​អីទេ​ក្នុង​ការសួរ​សំណួរ​ដរាបណា​យើង​ស្វែងរក​ចម្លើយ​ក្នុង​ទិសដៅ​ត្រឹមត្រូវ ។ ប្រសិនបើ​យើង​យក​សំណួរ​របស់​យើង​ទៅ​ទូល​ព្រះអម្ចាស់ នោះ​យើង​នឹង​ទទួល​បាន​ចម្លើយ ។ ពេលខ្លះ ចម្លើយ​នឹង​មក​ក្នុង​ពេល​តែមួយ ។ ប៉ុន្តែ ជាញឹកញាប់​ចម្លើយ​មក «មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្តងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច » ( នីហ្វៃ​ទី២ ២៨:៣០ ) ។ យើង​ប្រហែលជា​ត្រូវ​រង់ចាំ​ចម្លើយ​ដើម្បី​ជួយ​យើង​រៀន និង​រីកចម្រើន ប៉ុន្តែ​ព្រះ នឹង ឆ្លើយ​តប​យើង​តាម​ព្រះហឫទ័យ របៀប និង​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ។

ចងចាំ​បទពិសោធន៍​ពី​អតីតកាល

នៅពេល​ដែល​យើង​ត្រូវ​រង់ចាំ​ព្រះ​មាន​បន្ទូល​មកកាន់​យើង វាជា​រឿង​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ពឹងផ្អែក​លើអ្វី​ដែល​យើង​ដឹង និង​បទពិសោធន៍​ដែល​យើង​មាន ។ បើ​មិន​ដូច្នេះទេ​យើង​អាច​បាត់បង់​បទពិសោធន៍​ទាំងនោះ ។ យើង​មិន​ចង់​សង្ស័យ​លើ​បទពិសោធន៍​ពី​អតីតកាល​ជាមួយ​នឹង​ព្រះវិញ្ញាណ​ទេ ព្រោះតែ​ដោយសារ​យើង​អាច​នឹង​កំពុង​ពុះពារ​នៅពេល​ឥឡូវ​នេះ ។ នៅក្នុង​គ្រា​នោះ យើង​គួរ​ត្រឡប់​ទៅ​ក្នុង​គំនិត​របស់​យើង​វិញ ហើយ​ចងចាំ​ពី​អារម្មណ៍​របស់​យើង​ដែល​យើង​មាន​នៅពេល​យើង​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ទៅនឹង​ព្រះ ។

នៅពេលមួយ អាលម៉ា​ធ្លាប់​បាន​សួរ​សំណួរ​ដែល​ពិចារណា​ដោយ​ខ្លួនឯង​ទាំងនេះ​ទៅកាន់​ប្រជាជន​នៅក្នុង​សារ៉ាហិមឡា ៖

« តើ​អ្នក​រាល់​គ្នា​បាន​កើត​មក​ពី​ព្រះ​នៅ​ក្នុង​វិញ្ញាណ​ហើយ​ឬ​នៅ ? តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​ភក្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ទឹកមុខ​របស់​អ្នក​ហើយ​ឬ​នៅ ? តើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការផ្លាស់​ប្ដូរ​ដ៏​ធំ​នេះ នៅ​ក្នុង​ដួង​ចិត្ត​អ្នក​ហើយ​ឬ​នៅ ? …

« ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា … បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ដួង​ចិត្ត​អ្នក ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ចាប់​អារម្មណ៍​ចង់​ច្រៀង​នូវ​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោស​លោះ ខ្ញុំ​សូម​សួរ​ថា តើ​អ្នក​រាល់​គ្នា​អាច​ចាប់​អារម្មណ៍​យ៉ាង​នេះ​ឥឡូវ​នេះ​ទេ ? » ( អាលម៉ា ៥:១៤, ២៦ ) ។

យើង​គួរ​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​ចងចាំ​បទពិសោធន៍​ខាង​វិញ្ញាណ ហើយ​មិន​រុញច្រាន​វា​ចោល​ឡើយ ។ យើង​គួរតែ​សួរ​ខ្លួនឯង​ជាប្រចាំ​ថា « តើ ខ្ញុំ មាន​អារម្មណ៍​ដូច្នេះ​ឥឡូវ​នេះ​ទេ ? » បទពិសោធន៍​ខាងវិញ្ញាណ​នេះ ពង្រឹង​យើង​គ្រា​ដែល​ព្រះ​ហាក់​ដូចជា​មិន​ឆ្លើយតប ។ យើង​ក៏អាច​ស្គាល់​ពេលវេលា​ដែល​ទ្រង់​មាន​ព្រះបន្ទូល​មកកាន់​យើង​កាន់តែ​ប្រសើរឡើង​ផងដែរ ។

រក្សា​ទំនាក់ទំនង

ការទំនាក់ទំនង​ជាមួយនឹង​ព្រះវរបិតាសួគ៌​របស់​យើង​គឺជា​រឿង​ដែល​មាន​ជីវិត ។ យើង​ធ្វើ​ចំណែក​របស់​យើង​ដើម្បី​រក្សា​វា​ឲ្យ​នៅ​រស់រវើក ដោយ​ការស្វែងរក និង​ការបង្កើត​ឱកាស​ដ៏​សកម្ម​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ដ៏​ទេវភាព​នោះ ។ យើង​អាច​អធិស្ឋាន​ជាទៀងទាត់ និង​យ៉ាង​ក្លៀវក្លា​ទៅដល់​ព្រះ​សម្រាប់​ភាពសុខសាន្ត ការលួងលោម និង​ការណែនាំ ។ យើង​អាច​សិក្សា​ព្រះបន្ទូល​របស់​ទ្រង់​នៅក្នុង​ព្រះគម្ពីរ ហើយ​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ។ យើង​ក៏អាច​ធ្វើតាម​ការណែនាំ​របស់​ព្យាការី​ផងដែរ ។

នៅពេល​ដែល​យើង​រក្សា​ទំនាក់ទំនង​ជាមួយនឹង​ព្រះវរបិតាសួគ៌​ដ៏​ពេញ​ដោយ​ក្តីស្រឡាញ់​របស់យើង នោះ​យើង​អាច​ធ្វើជា​ឧបករណ៍​នៅក្នុង​ព្រហស្ដ​របស់ទ្រង់ ដើម្បី​ជួយ​ទ្រង់​ក្នុង​ការងារ​ដ៏អស្ចារ្យ​របស់ទ្រង់ ។ តាមរយៈ​ការធ្វើ​តាម​ការយល់ដឹង និង​ការបំផុសគំនិត​ដែល​យើង​ទទួល​បាន យើង​អាច​ជួយ​អ្នកដទៃ​ឲ្យ​មាន​អារម្មណ៍ថា ព្រះ​ស្គាល់ និង​ស្រឡាញ់​ពួកគេ ហើយ​ចង់​មាន​បន្ទូល​ទៅកាន់​ពួកគេ ។

ការធានា​ដែលថា​ព្រះ​ឮ និង​មាន​បន្ទូល​ទៅ​កាន់​បុត្រាបុត្រី​របស់​ទ្រង់​គឺជា​ពរជ័យ​ដ៏​អស្ចារ្យ ។ ការទំនាក់ទំនង​ដ៏​ទេវភាព​ជាទៀងទាត់​ជាមួយនឹង​ទ្រង់​ផ្តល់​នូវ​ទិសដៅ​ដែល​យើង​ត្រូវការ​ដើម្បី​រុករក​ដំណើរ​ជីវិត ។