2025
ការមាន​ចំណែក​នៅក្នុង​ផែនការ​របស់ព្រះ និងនៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ
ខែ​មីនា ឆ្នាំ​២០២៥


« ការមាន​ចំណែក​នៅក្នុង​ផែនការ​របស់ព្រះ និងនៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ » លីអាហូណា ខែ​មីនា ឆ្នាំ​២០២៥ ។

ការមាន​ចំណែក នៅក្នុង​ផែនការ​របស់ព្រះ និងនៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

គោលការណ៍​ចំនួនបី​រំឭក​យើង​ថា​យើង​ទាំងអស់គ្នា​អាច​ទទួល​បាន​ពរជ័យ​ដែល​ព្រះ​ប្រទានដល់​បុត្រាបុត្រី​របស់ទ្រង់ ។

ព្រះវិហារ​បរិសុទ្ធ បារាន់ហ្គីលឡា កូឡុំប៊ី

រូបថត​នៃ​ព្រះវិហារ​បរិសុទ្ធ បារ៉ាហ្គីឡា កូឡុំប៊ី ដោយ ឡេសលី និលសុន

ខ្ញុំ​បាន​អង្គុយ​នៅក្នុង​ក្រុម​របស់​សមាជិក​សាសនាចក្រ ។ យើង​មិន​ធ្លាប់​បាន​ជួបគ្នា​ពីមុន​មកទេ ប៉ុន្តែ​យើង​ទាំងអស់គ្នា​មាន​រឿង​មួយ​ដូចគ្នា ៖ យើង​នៅលីវ ។

ឥឡូវនេះ ខ្ញុំ​ចង់​និយាយ​ថយក្រោយ​បន្តិច ។ នៅក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​មិន​ត្រូវបាន​កំណត់​ដោយ​ស្លាក​សញ្ញា​នោះទេ ។ ប្រធាន​រ័សុល អិម ណិលសុន បានបង្រៀន​ថា យើងគឺ​ជា​« បុត្រាបុត្រី​វិញ្ញាណ​របស់​ព្រះ​យ៉ាង​ពិតប្រាកដ » ។ ខ្ញុំ​យល់ថា​ដោយសារ​ភាពចាំបាច់​យើង​ហៅ​សមាជិក​មួយចំនួន​នៃ​សាសនាចក្រ​ថា នៅលីវ ។ មាន​ហេតុផល​ជាក់ស្តែង​សម្រាប់​ការហៅ​នោះ ។ ប៉ុន្តែ​ពេលខ្លះ ដូចជា​ករណី​ដែល​នៅក្នុង​ស្ថានភាព​នេះ វា​អាច​មាន​ចំណែក​ធ្វើឲ្យ​សមាជិក​មាន​អារម្មណ៍​ដូចជា​មនុស្ស​ពី​ខាងក្រៅ ។ វា​អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​ក្នុង​ការមាន​អារម្មណ៍​ថា ត្រូវ​បាន​រាប់បញ្ចូល​យ៉ាង​ពេញលេញ​នៅក្នុង​ពរជ័យ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើងឡើង​របស់​ព្រះ ។

អ្នក​ឃើញ​ទេ យើង​កំពុង​និយាយ​អំពី​ព្រះវិហារ​បរិសុទ្ធ—ហើយ​មនុស្ស​មួយចំនួន​នៅក្នុង​ក្រុម​មាន​អារម្មណ៍ថា ការនៅលីវ​បាន​បដិសេធ​ពួកគេ​ពី​ការទទួល​បាន​ពរជ័យ​ពេញលេញ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​យល់ ថា​នៅពេល​ដែល​អ្នក​មិន​បាន​រៀបការ​នៅក្នុង​សាសនាចក្រ​ដែល​ផ្តោតលើ​គ្រួសារ នោះ​វា​អាច​ជា​ការលំបាក​ក្នុង​ការមើលឃើញ​ពីរបៀប​ដែល​អ្នក​ចូល​ចំណោម​នឹង​គេ ។ ប៉ុន្តែ​ខ្ញុំ​ក៏​ដឹង​ដែរថា ព្រះអម្ចាស់​មិន​វិនិច្ឆ័យ​ថា​តើ​មនុស្ស​ម្នាក់​ស័ក្ដិសម​ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ដោយ​ផ្អែក​លើ​រូបរាង​ខាងក្រៅ ឬ​ស្លាកសញ្ញា​នោះ​ទេ ។ ទ្រង់ « ទត​ចំពោះ​ក្នុង​ចិត្ត​វិញ » ( សាំយូអែល ទី១ ១៦:៧ ) និង​ធ្វើឲ្យ​ពរជ័យ​របស់ទ្រង់​អាច​បាន​ទៅដល់​អស់អ្នក​ទាំងឡាយណា​ដែល​ជ្រើសរើស​ធ្វើតាម​ទ្រង់ ។ ខ្ញុំ​ជឿលើ​រឿងនេះ​ដោយ​អស់ពីចិត្ត​របស់ខ្ញុំ ។ ដូច្នេះ ដោយ​មាន​ការយល់ដឹង​នោះ​ក្នុង​គំនិត នេះ​គឺជា​គោលការណ៍​ចំនួនបី​ដើម្បី​ជួយ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដែល​នៅលីវ​ដឹងថា​ពួកគេ​មាន​ចំណែក​នៅក្នុង​ផែនការ​របស់ព្រះ និង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

១. ព្រះ​បាន​រចនា​ផែនការ​របស់ទ្រង់​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ម្នាក់ៗ ។

ដោយសារ​សេចក្ដីសញ្ញា​ថ្មី ហើយ​អស់​កល្ប​អស់​កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍​គឺ​ត្រូវការ​សម្រាប់​ភាព​តម្កើង​ឡើង នោះ​វា​ហាក់ដូចជា​ផែនការ​របស់​ព្រះ​មិន​បានបង្កើតឡើង​សម្រាប់​អស់អ្នក​ដែល​នៅ​លីវ​នោះ​ទេ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣១:១–៣ ) ។ ប៉ុន្តែ​អែលឌើរ ផាទ្រីក ខៀរ៉ុន បាន​បង្រៀនថា « ផែនការ​របស់​ព្រះវរបិតា​យើង​ល្អណាស់ គឺជា​ផែនការ ‹ ដ៏អស្ចារ្យ › ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​នាំ​បងប្អូន​ទៅផ្ទះវិញ ពុំមែន ឲ្យ​បងប្អូន​នៅ​ខាង​ក្រៅ​ផ្ទះ​នោះទេ ។ គ្មាន​នរណា​ម្នាក់​ដាក់​របាំង​បិទ​ផ្លូវ ហើយ​ឈរ​នៅ​ទីនោះ​ដើម្បី​ដេញ​បងប្អូន​ឲ្យ​ថយទៅ​ក្រោយ​វិញឡើយ ។ តាម​ពិត វា​ផ្ទុយ​ស្រឡះ ។ ព្រះ​ខិតខំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​បងប្អូន​ដោយ​ឥត​ឈប់​ឈរ ។ ទ្រង់ ‹ សព្វ​ព្រះទ័យ​ចង់​ឲ្យ​បុត្រាបុត្រី​ទ្រង់​ជ្រើសរើស​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ › ហើយ​ទ្រង់​បង្កើត​គ្រប់​វិធានការ​តាមដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​នាំ​បងប្អូន​ឲ្យ​ត្រឡប់​មក​វិញ » ។

ព្រះ​មិន​មាន​បំណង​បញ្ជូន​អ្នក​ដែល​នៅលីវ​ចេញពី​អំណរ​នៃ​ពរជ័យ​ដែល​ទ្រង់​ប្រទាន​នោះទេ ។ ប្រធាន អិម រ័សុល បាឡឺដ ( ឆ្នាំ​១៩២៨–២០២៣ ) ដែលជា​ប្រធាន​ស្តីទី​ក្នុង​កូរ៉ុម​នៃ​សាវក​ដប់ពីរនាក់ បាន​បង្រៀនថា « ព្រះគម្ពីរ និង​ពួកព្យាការី​ថ្ងៃ​ចុងក្រោយ​បញ្ជាក់​ថា មនុស្ស​គ្រប់គ្នា​ដែល​ស្មោះត្រង់​ក្នុង​ការរក្សា​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ នឹង​មាន​ឱកាស​សម្រាប់​ភាពតម្កើង​ឡើង » ។ ព្រលឹង​នីមួយៗ​មាន​តម្លៃ​ខ្លាំងណាស់​នៅក្នុង​ព្រះនេត្រ​របស់​ព្រះវរបិតាសួគ៌—ខ្លាំង​រហូតដល់​ទ្រង់​បាន​បញ្ជូន​ព្រះរាជ​បុត្រា​បង្កើត​តែមួយ​របស់ទ្រង់​ឲ្យ​ទៅ​សុគត និង​ប្រោសលោះ​យើង​ទាំងអស់គ្នា​ពី​អំពើបាប ដើម្បី​យើង​អាច​មាន​អំណោយទាន​នៃ​ជីវិត​អស់កល្ប​ជានិច្ច ( សូមមើល យ៉ូហាន ៣:១៦–១៧; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១០–១២ ) ។

ប្រសិនបើ​ជីវិត​កើតឡើង​ខុសពី​ការរំពឹងទុក នោះ​យើង​អាច​នឹង​ឃើញ​ខ្លួន​យើង​សួរ​អំពី​គោលបំណង​របស់​យើង​នៅក្នុង​ផែនការ​របស់​ព្រះ ។ ប៉ុន្តែ​ផែនការ​របស់​ទ្រង់​មិន​ដែល​ធានាថា ជីវិត​របស់យើង​ទាំងអស់​នឹង​មើល​ទៅ​ដូចគ្នា​នោះទេ ។ យើង​មិន​ដឹងថា អំណរ ការខកចិត្ត ភាពជោគជ័យ ឬ​ការឈឺចិត្ត​នឹង​កើតឡើង​ចំពោះ​យើង​នោះទេ ។ ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ បាន​មាន​ប្រសាសន៍ថា « មាន​អ្វីៗ​ជា​ច្រើន​ដែល​យើង​មិនដឹង ដែលថា​ការពឹងផ្អែក​តែ​មួយ​គត់​របស់​យើង គឺ​ទុកចិត្ត​លើ​ព្រះអម្ចាស់ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​បុត្រា​បុត្រី​ទ្រង់ » ។

យើង​ប្រហែលជា​មិន​ដឹងថា​ហេតុអ្វី​បាន​ជា​ផ្លូវ​របស់យើង​មើលទៅ​ដូចនេះ នៅពេល​ឥឡូវ​នេះ​នោះទេ ។ ប៉ុន្តែ​ការទុក​ចិត្ត​លើ​ព្រះ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​អាច​នាំ​មក​នូវ​ភាព​ច្បាស់​លាស់​អំពី​របៀប​ដែល​ទ្រង់​បាន​រៀបចំ​ផែនការ​របស់​ទ្រង់​សម្រាប់​បុត្រាបុត្រី​ទ្រង់​ទាំងអស់—រួម​ទាំង​អ្នក​ផង​ដែរ ។

ស្រ្តី​ម្នាក់​កំពុង​ឈរ​នៅ​ខាងមុខ​រូបសំណាក​ព្រះយេស៊ូវគ្រីស្ទ

រូបថត​នៅ​ខាងក្នុង​មជ្ឈមណ្ឌល​អ្នក​ទស្សនា​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ដោយ ម៉ាសស៊ីម៉ូ គ្រីស្យូនី

២. ព្រះវិហារ​បរិសុទ្ធ​មាន​ពរជ័យ​ផ្ទាល់ខ្លួន​សម្រាប់​មនុស្ស​គ្រប់គ្នា ។

យើង​អាចគិតថា​ការផ្សារភ្ជាប់​ជា​ការអនុវត្ត​តែ​ចំពោះ​ស្វាមី និងភរិយា​ប៉ុណ្ណោះ ។ ប៉ុន្តែ បន្ថែម​ពីលើ​ការបង្រួបបង្រួម​គូស្វាមីភរិយា​ជាមួយនឹង​ព្រះអម្ចាស់ ការផ្សារភ្ជាប់​នឹង​បង្រួបបង្រួម​ក្រុមគ្រួសារ​ជារៀងរហូត​ផងដែរ ។ តាមរយៈ​ការផ្សារភ្ជាប់ នោះ​បុតាបុត្រី​របស់​ព្រះ​ទាំងអស់​អាច​រីករាយ​ជាមួយ​ពរជ័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច ប្រសិនបើ​ពួកគេ​រក្សា​សេចក្តីសញ្ញា​របស់ពួកគេ ។

អំណាចនៃ​ការផ្សារភ្ជាប់​ធ្វើ​ឲ្យ​ពិធី​បរិសុទ្ធ​បព្វជិតភាព​ទាំងអស់​មាន​សុពលភាព​នៅ​ស្ថានសួគ៌ និង​នៅលើ​ផែនដី ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖​« [ អំណាចនៃ​ការផ្សារភ្ជាប់ ] ធ្វើ​ឲ្យ​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ទទួល​បាន​សេចក្តី​សង្គ្រោះ និង​ភាពតម្កើង​ឡើងដែល​វា​មាន​ជាសកល​សម្រាប់​បុត្រាបុត្រី​របស់​ព្រះ​នៅ​គ្រប់ទី​កន្លែង និង​គ្រប់ពេល​ខណៈ​ពេល​រស់នៅ​លើ​ផែនដី ។ គ្មាន​ទ្រឹស្ដី ឬទស្សនវិជ្ជា ឬ​សិទ្ធិអំណាច​ណាផ្សេង​អាច​ប្រៀប​ផ្ទឹម​នឹង​ឱកាស​ដែល​រួម​បញ្ចូល​ពិធីការ​ទាំងអស់​នេះ​ទេ ។ អំណាច​នៃ​ការផ្សារភ្ជាប់​នេះ​គឺជា​ការបង្ហាញ​ដ៏ឥតខ្ចោះ​អំពី​សេចក្ដីយុត្តិធម៌ ក្តីមេត្តា​និង​ក្តីស្រឡាញ់​របស់ព្រះ » ។ ពរជ័យ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​ប្រទាន​គឺ​រួមបញ្ចូល​ទាំងអស់​ដែល​ពរជ័យ​ទាំងនោះ​អាច​រកបាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែលនឹង​ធ្វើ ហើយ​រក្សា​សេចក្តីសញ្ញា​ជាមួយនឹង​ទ្រង់ ។

យើង​អាច​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​ផែនការ​របស់​ព្រះ​គឺ​រួមបញ្ចូល​ទាំងអស់ ពេល​យើង​ថ្វាយបង្គំ​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ ប្រធាន ណិលសុន បាន​បង្រៀន « ការចំណាយពេល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ជួយ​បងប្អូន​ឲ្យ គិត​ដល់​សេឡេស្ទាល និង​ចាប់​យក​ចក្ខុវិស័យ​ថា​បងប្អូន​ជា​នរណា​ពិត​ប្រាកដ មនុស្ស​បែបណា​ដែល​បងប្អូន​អាចប្រែ​ក្លាយ និង​ជីវិត​បែបណា​ដែល​បងប្អូន​អាច​មាន​ជារៀង​រហូត » ។ លោក​ក៏បាន​ពន្យល់​ផងដែរថា ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ផ្តល់ឲ្យ​យើង​នូវ​ការការពារ ទីបន្ទាល់​កាន់តែខ្លាំង ការលួងលោម វិវរណៈ​ផ្ទាល់ខ្លួន ចំណេះដឹង និង​អំណាច​កើនឡើង និង​ការយល់ដឹង​កាន់តែ​ច្បាស់​អំពី​ផែនការ​របស់ព្រះ ។

មិនថា​យើង​រៀបការ​ហើយ ឬ​នៅលីវ​នោះទេ ព្រះវិហារ​បរិសុទ្ធ​មាន​ឯកសិទ្ធិ​ខាងវិញ្ញាណ​ផ្ទាល់ខ្លួន​សម្រាប់​យើង​ទាំងអស់គ្នា—វាគឺជា​កន្លែង​ដែល​ពង្រឹង និង​ផ្តល់​អំណាច​ដល់​អ្នក​ទាំងឡាយណា​ដែល​ចង់បាន​ភាពជិតស្និទ្ធ​ជាមួយនឹង​ព្រះ ។ សម្រាប់​ព័ត៌មាន​បន្ថែមទៀត សូមមើល​របារ​នៅ​ចំហៀង « ទទួល​បាន​ព្រះចេស្តា​ដោយ​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

៣. នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច​ធ្វើឲ្យ​ទំនាក់ទំនង​របស់យើង​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ​រឹងមាំ ។

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ការផ្តោត​សំខាន់​គឺ ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​ជា​ស្នូល​នៃ​ផែនការ​របស់​ព្រះ ហើយ​ជា​ហេតុផល​ដែល​យើង​ទាំងអស់​គ្នា​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើងឡើង ។ ប្រធាន ណិលសុន បាន​បង្រៀន ៖ « ដំណាក់​នៃ​ព្រះអម្ចាស់ គឺជា ដំណាក់​នៃ​ការ​រៀនសូត្រ ។ ព្រះអម្ចាស់​បង្រៀន​តាម​របៀប​របស់​ទ្រង់​ផ្ទាល់ ។ ពិធីបរិសុទ្ធ​នីមួយៗ​បង្រៀន​អំពី​ព្រះអង្គសង្គ្រោះ ។ យើង​រៀន​អំពី​របៀប​ដើម្បី​វែក​វាំងនន ហើយ​ទំនាក់ទំនង​កាន់តែ​ច្បាស់​ជាមួយ​នឹង​ស្ថានសួគ៌ ។ យើង​រៀន​របៀប​ឈ្នះ​មារសត្រូវ ហើយ​ទាញ​យក​អំណាច​បព្វជិតភាព​របស់ព្រះអម្ចាស់​មក​ពង្រឹង​យើង និង​មនុស្ស​ដែល​យើង​ស្រឡាញ់ ។ យើង​ម្នាក់ៗ​គួរ​តែ​ស្វែងរក​ជម្រក​នៅទីនោះ​ឲ្យ​កាន់តែ​ខ្លាំង » ។

យើង​អាច​ស្វែងរក​ទីជម្រក និង​ភាពមាន​ចំណែក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​ស្វែងរក​ព្រះអង្គសង្គ្រោះ​នៅក្នុង​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងឡាយ ។ ក្នុង​ការធ្វើ​ដូច្នេះ យើង​នឹង​រកឃើញ​ភស្តុតាង​ថា ទ្រង់​ស្រឡាញ់​យើង ហើយថា « មនុស្ស​ទាំង​អស់ ទាំង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ( សូមមើល នីហ្វៃ​ទី២ ២៦:៣៣ ) ។ ដោយសារតែ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ទ្រង់​ចង់ឲ្យ​យើង​បង្កើត « ទំនាក់ទំនង​មួយ​ដែល​ចង​ភ្ជាប់​ដល់​អស់កល្បអស់កាល​ជានិច្ច » ជាមួយនឹង​ទ្រង់ និង​អាច​ទទួល​បាន​នូវ « សេចក្តី​ស្រឡាញ់ និង​សេចក្តីមេត្តាករុណា​ដ៏​ពិសេស​មួយ » តាមរយៈ​សេចក្តីសញ្ញា​ទាំងឡាយ​របស់យើង ។ ប្រសិនបើ​យើង​ធ្វើ និង​រក្សា​សេចក្តីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​អាច​ពង្រឹង​ទំនាក់ទំនង​របស់យើង​ជាមួយនឹង​ទ្រង់ ដោយ​នាំមក​នូវ « សេចក្តី​សង្ឃឹម អំណរ និង​សុទិដ្ឋិនិយម​អស់​មួយ​ជីវិត​របស់យើង »—មិនថា​កាលៈទេសៈ​ណាក៏ដោយ ។