« រក្សាទំនាក់ទំនងជាមួយនឹងព្រះអង្គសង្គ្រោះ » លីអាហូណា ខែមីនា ឆ្នាំ២០២៥ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
រក្សាទំនាក់ទំនងជាមួយនឹងព្រះអង្គសង្គ្រោះ
ពេលដែលយើងចាប់ផ្តើមចុះពីលើទួលខ្ពស់ ភ្លាមៗនោះឪពុក និងប្អូនស្រីរបស់ខ្ញុំបានខ្ទៀតចេញពីម៉ូតូរបស់ពួកគេ !
រចនារូបភាពដោយ ដេវីឌ ម៉ាល
នៅរដូវក្តៅមួយគ្រួសាររបស់ខ្ញុំបានទៅវិស្សមកាលនៅភាគខាងត្បូងប្រទេសចិន ជាកន្លែងដែលយើងជិះម៉ូតូកង់បួនដែលអាចបើកបរក្នុងគ្រប់កាលៈទេសៈ ( ATVs ) ឆ្លងកាត់តំបន់ព្រៃលិចទឹក ។ នៅពេលយើងទៅដល់កន្លែងម៉ូតូកង់បួន នោះយើងមានការភ្ញាក់ផ្អើលនៅពេលដែលអ្នកដឹកនាំផ្លូវបានផ្តល់ឲ្យយើងឈុតការពាររាងកាយទាំងមូល ដោយមានមួកសុវត្ថិភាព និងវ៉ែនតាផងដែរ ។ វាហាក់ដូចជាច្រើនបន្តិចសម្រាប់អ្នកជិះលេងធម្មតានៅពេលថ្ងៃក្តៅ សើមបែបនេះ ប៉ុន្តែទោះជាយ៉ាងណាយើងបានពាក់ឧបករណ៍ទាំងនោះ ។
បន្ទាប់ពីទទួលការណែនាំអំពីការជិះ យើងបានចេញដំណើរ ហើយទីបំផុតបានទៅដល់ទួលខ្ពស់នៃការធ្វើដំណើររបស់យើង ។ នៅទីនោះយើងឈប់ផឹកទឹក និងជូតញើសចេញពីមុខរបស់យើង ។
បន្ទាប់មកអ្នកដឹកនាំផ្លូវរបស់យើងបានពន្យល់ថាការចុះទៅវិញនឹងរៀងយ៉ាប់បន្តិច ។ យើងអាចត្រូវនៅក្បែរៗគ្នា និងបង្កើតជាជួរម៉ូតូកង់បួន ដោយម៉ូតូកង់បួននីមួយៗតោងកន្ទុយម៉ូតូកង់បួនដែលនៅពីខាងមុខដើម្បីរក្សាលំនឹងក្រុម ។
នៅពេលដែលយើងចាប់ផ្តើមចុះ យើងបានហៅគ្នាទៅវិញទៅមក ដើម្បីសម្របសម្រួលការចុះរបស់យើង ។ ទោះជាយ៉ាងណាក៏ដោយ យើងបានបែកចេញពីគ្នាសន្សឹមៗ ដោយទុកចន្លោះរវាងម៉ូតកង់បួនរបស់ខ្ញុំ និងរបស់ឪពុកខ្ញុំ និងប្អូនស្រីរបស់ខ្ញុំ វីវី ជិះ ។ ភ្លាមៗនោះ វីវី និងឪពុករបស់ខ្ញុំបានខ្ទៀតចេញពីរថយន្តរបស់ពួកគាត់ ! ឪពុករបស់ខ្ញុំបានលោតរំលោង វីវី ទាន់ពេលដើម្បីការពារកុំឲ្យម៉ូតូកង់បួនកិនលើនាង ។
យើងមានការធូរចិត្តយ៉ាងខ្លាំងនៅពេលដែលយើងឃើញឪពុករបស់ខ្ញុំ និង វីវី ងើបឈរឡើង និងបោសដីចេញពីខោរបស់ពួកគេ ។ សូមអរគុណដល់ឧបករណ៍ការពារដែលពួកគេបានពាក់ ឪពុករបស់ខ្ញុំរងរបួសតិចតួចតែប៉ុណ្ណោះ ។ វីវីភ័យខ្លាចជាខ្លាំង ប៉ុន្តែមិនបានរងរបួសទេ ។ នៅពេលដែលយើងប្រមូលផ្តុំគ្នាឡើងវិញ អ្នកដឹកនាំផ្លូវបានរំឭកយើងដោយសំឡេងមាំថា យើងត្រូវរក្សាម៉ូតូកង់បួនរបស់យើងឲ្យនៅជាប់គ្នា ប្រសិនបើយើងមិនចង់ដួលចុះពីទួលម្តងទៀត ។
នៅក្នុងជីវិតរបស់យើង ពេលខ្លះត្រូវបានល្បួងឲ្យគិតថាយើងអាចធ្វើអ្វីដោយខ្លួនឯងបាន ។ យើងគិតថា យើងមិនចាំបាច់ពាក់គ្រឿងសឹកការពាររបស់ដំណឹងល្អ ដែលអាចមានអារម្មណ៍មិនសូវស្រួលនោះទេ ។ ដូចគ្នានេះដែរ យើងអាចរកឃើញថាវាពិបាកនៅពេលខ្លះ ដើម្បីរក្សាទំនាក់ទំនងជាមួយនឹងព្រះវរបិតាសួគ៌របស់យើង ។ នៅពេលយើងមិនធ្វើដូច្នេះ នោះយើងប្រថុយប្រថានក្នុងការរុករកផ្លូវដ៏គួរឲ្យខ្លាច និងគ្រោះថ្នាក់នៃលោកិយនេះដោយខ្លួនឯង ដែលងាយនឹងរងរបួស និងគ្រោះថ្នាក់ខាងវិញ្ញាណធ្ងន់ធ្ងរ ។
ប្រសិនបើយើងប្រើការការពារដែលដំណឹងល្អផ្តល់ឲ្យ និងរក្សាទំនាក់ទំនងជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នោះយើងអាចប្រឈមមុខនឹងបញ្ហានានាដែលមាននៅខាងមុខក្នុងជីវិតរបស់យើងបាន ។ មិនថាផ្លូវគួរឲ្យខ្លាច ឬគួរឲ្យតក់ស្លុតប៉ុនណាក៏ដោយ ជាមួយនឹងទ្រង់ទាំងទ្វេយើងអាចទទួលបានជោគជ័យ ។