« ព្រះបានមានព្រះបន្ទូលទៅកាន់ពួកបរិសុទ្ធសម័យដើម—តើទ្រង់មានព្រះបន្ទូលមកកាន់ខ្ញុំដែរឬទេ ? » លីអាហូណា ខែមីនា ឆ្នាំ២០២៥ ។
យុវមជ្ឈិមវ័យ
ព្រះបានមានព្រះបន្ទូលទៅកាន់ពួកបរិសុទ្ធសម័យដើម—តើទ្រង់មានព្រះបន្ទូល មកកាន់ខ្ញុំដែរឬទេ ?
ទ្រង់បានមានព្រះបន្ទូលទៅកាន់ពួកគេ ។ ទ្រង់នឹងមានព្រះបន្ទូលមកកាន់យើង ។ យើងគ្រាន់តែត្រូវស្តាប់តាមទ្រង់ប៉ុណ្ណោះ ។
បង្គោលពន្លឺ ។ សំឡេងមកពីស្ថានសួគ៌ ។ វិវរណៈមកពីព្រះ ។ មានដំណើររឿងជាច្រើនអំពីយុវមជ្ឈិមវ័យដូចជា យ៉ូសែប ស្ម៊ីធ និងអ្នកដទៃទៀតនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ដែលបានទូលសុំជំនួយ និងការណែនាំពីព្រះ ។ ខណៈពេលដែលការទទួលវិវរណៈពីព្រះ គឺជាបទពិសោធន៍បុគ្គល ដំណើរការនេះត្រូវបានកត់ត្រាម្តងហើយម្តងទៀតនៅក្នុងព្រះគម្ពីរ ។
ទោះបីជាយើងអាចមិនប្រាស្រ័យទាក់ទងជារៀងរាល់ថ្ងៃជាមួយព្យាការី ឬទទួលបានវិវរណៈសម្រាប់សាសនាចក្រក៏ដោយ ក៏ព្រះអាចមានព្រះបន្ទូលមកកាន់យើងតាមរបៀបដូចគ្នាដែលទ្រង់បានធ្វើកាលពី ២០០ ឆ្នាំមុនដែរ ។ ពួកបរិសុទ្ធទាំងនេះបានទទួលសារលិខិតផ្ទាល់ខ្លួនមកពីព្រះ—ហើយយើងក៏អាចទទួលបានដូចគ្នាដែរ ។
ការអធិស្ឋានដ៏ទន់ភ្លន់របស់យ៉ូសែប
វាចាប់ផ្ដើមឡើងជាមួយនឹងសំណួរមួយ ។ ហើយវាបានក្លាយជាអ្វីដែលអែលឌើរ អាឡិចសាន់ឌើ ដាស់គុ នៃពួកចិតសិបនាក់ បានពិពណ៌នាថាជា « ការផុសពន្លឺ និងសេចក្តីពិតដ៏អស្ចារ្យ » ។ ការអធិស្ឋានដ៏ទន់ភ្លន់របស់ យ៉ូសែប ស្ម៊ីធ បាននាំឲ្យមានដំណើរទស្សនកិច្ចដ៏ស្រស់ស្អាតពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤–១៧ ) ។ វាជារឿងដ៏គួរឲ្យអស្ចារ្យណាស់ដែលបានទូលទៅកាន់ព្រះដោយផ្ទាល់ នោះបទពិសោធន៍ទាំងនេះគឺកម្រ និង ពិសិដ្ឋ ។
ខណៈពេលដែលយើងទាំងអស់គ្នានឹងមិនមានឱកាសដូចគ្នានឹងអ្វីដែល យ៉ូសែប បានធ្វើ « យើងក៏អាចមានបង្គោលពន្លឺរបស់យើងដែរ—កាំរស្មីម្តងមួយកាំម្តងមួយកាំ » ។ នៅពេលយើងសួរសំណួរមួយ ហើយលុតជង្គង់អធិស្ឋានដោយទន់ភ្លន់ នោះយើងនឹងទទួលបានចម្លើយពីព្រះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
រូបថតរបស់អាងជ្រមុជទឹកនៅក្នុងព្រះវិហារបរិសុទ្ធ អូហ្គឌិនយូថាហ៍
អំណាចនៃព្រះវិហារបរិសុទ្ធ
ពួកបរិសុទ្ធនៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ បានលះបង់ពេលវេលា លុយកាក់ និងកម្លាំងពលកម្មដើម្បីសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់ ។ នៅក្នុងការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ខឺតឡង់ យ៉ូសែប ស្ម៊ីធ បានអធិស្ឋានសូមឲ្យព្រះនឹងប្រទានពរដល់ពួកបរិសុទ្ធដ៏ស្មោះត្រង់ទាំងនេះដោយនូវព្រះចេស្តាពេលដែលពួកគេចូល និងថ្វាយបង្គំ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩:១៣ ) ។ ព្រះវិហារបរិសុទ្ធនេះគឺជា « ដំណាក់នៃការអធិស្ឋាន ដំណាក់នៃការតមអាហារ ដំណាក់នៃសេចក្ដីជំនឿ ដំណាក់នៃសិរីល្អ និងនៃព្រះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩:១៦ ) ។
នៅថ្ងៃចុងក្រោយនេះ យើងបានទទួលពរដោយមានព្រះវិហារបរិសុទ្ធនៅជុំវិញពិភពលោក ។ យើងត្រូវបានសន្យាថាយើងនឹងទទួលបានវិវរណៈ នៅពេលយើងចូលរួមក្នុងព្រះវិហារបរិសុទ្ធ ។ ប្រធាន រ័សុល អិម ណិលសុន កាលពីថ្មីៗនេះបានមានប្រសាសន៍ថា « នៅក្នុងព្រះវិហារបរិសុទ្ធយើងអាច ‹ ទទួលនូវភាពពេញលេញនៃព្រះវិញ្ញាណបរិសុទ្ធ › [ គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩:១៥ ] ។ សូមស្រមៃពីអត្ថន័យនៃការសន្យា នោះ ក្នុងន័យថា ស្ថានសួគ៌បើកចំហសម្រាប់អ្នកស្វែងរកសេចក្ដីពិតអស់កល្បជានិច្ចដោយស្មោះ » ។
សំណួររបស់ ហៃរុម ទៅកាន់ព្យាការី
តើអ្នកធ្លាប់ឆ្ងល់ទេថា តើវានឹងមានលក្ខណៈដូចម្តេច ដើម្បីសុំឲ្យព្យាការីទូលទៅកាន់ព្រះជំនួសអ្នកនោះ ? ហៃរុម បងប្រុសរបស់ព្យាការី យ៉ូសែប បានធ្វើដូច្នេះ ។ លោកបានទទួលដំបូន្មាននេះពីព្រះអម្ចាស់តាមរយៈយ៉ូសែប ៖ « មើលចុះ អ្នកជាហៃរុម ជាបុត្ររបស់យើង ចូរស្វែងរកនគរព្រះចុះ ហើយគ្រប់របស់ទាំងឡាយនឹងបានប្រទានមកថែមទៀត ស្របតាមអ្វីដែលត្រឹមត្រូវ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:២៣ ) ។
ពេលខ្លះ ការណែនាំមិនបានមកតាមរយៈអ្នកដទៃទៀតទេ ។ ប្រធាន រ័សុល អិម ណិលសុន បានណែនាំយើងឲ្យ « សូមស្វែងរកការណែនាំពីសំឡេងដែលបងប្អូនអាចទុកចិត្ត—ពីព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ និងពីការខ្សឹបប្រាប់នៃព្រះវិញ្ញាណបរិសុទ្ធ » ។ ខណៈពេលដែលយើងទាំងអស់គ្នាមិនអាចសួរសំណួររបស់យើងទៅកាន់ព្យាការីដោយផ្ទាល់ នោះយើងនៅតែអាចទទួលបានចម្លើយចំពោះសំណួរផ្ទាល់ខ្លួនរបស់យើង ។
រូបថតរបស់ អូលីវើរ ខៅឌើរី ដោយ ល្វីស អេ រេមស៊ី
ការសិក្សារបស់អូលីវើរ អំពីសេចក្តីជំនឿ
អូលីវើរ ខៅឌើរី គឺជាជំនួយដ៏មានតម្លៃមិនអាចកាត់ថ្លៃបានចំពោះយ៉ូសែប ក្នុងអំឡុងពេលបកប្រែព្រះគម្ពីរមរមន ។ ប៉ុន្តែនៅក្នុងឆ្នាំ១៨២៩ លោកមានអារម្មណ៍មួម៉ៅ ។ ហេតុអ្វីបានជា លោក មិនអាចបកប្រែបាន ? ព្រះអម្ចាស់បានផ្តល់ឲ្យអូលីវើរ នូវដំបូន្មានជាក់លាក់មួយចំនួនអំពីរបៀបដើម្បីទទួលបានចម្លើយចំពោះសំណួររបស់លោក—ដែលជាការប្រឹក្សាដែលនៅតែអនុវត្តចំពោះយើងសព្វថ្ងៃនេះ ។
នៅពេលដែលយើងមានសំណួរ យើងត្រូវបានលើកទឹកចិត្តឲ្យសិក្សាអំពីសំណួរនោះ មានសេចក្តីជំនឿ និងពឹងផ្អែកលើចំណាប់អារម្មណ៍ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៩:៦–៩ ) ។ ចំណាប់អារម្មណ៍របស់យើងអាចមកក្នុងទម្រង់នៃការរំជួលចិត្ត អារម្មណ៍កក់ក្តៅ ឬភាពសុខសាន្តក្នុងចិត្ត ។ ដូចដែលអែលឌើរ ម៉ាទីអាស ហ៊ែលដ៍ នៃពួកចិតសិបនាក់បានមានប្រសាសន៍ថា « ពេល [ ហេតុផលខាងតក្កវិជ្ជា និងការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ] រួមបញ្ចូលគ្នានៅក្នុងព្រលឹងយើង នោះរូបភាពពេញលេញមួយបង្ហាញពីភាពពិតនៃការណ៍ទាំងឡាយជាលក្ខណៈពិតរបស់វា » ។
ថតរូបដោយ ក្រេហ្គ អាឡិន សែលលី
ពររបស់លោកអយ្យកោរបស់គ្រួសារ ស្ម៊ីធ
ពររបស់លោកអយ្យកោគឺជាផ្នែកមួយរបស់សាសនាចក្រចាប់តាំងពីសម័យព្រះគម្ពីរសញ្ញាចាស់មកម៉្លេះ ( សូមមើល លោកុប្បត្តិ ៤៨ ) ។ នៅពេលដែលសាសនាចក្រត្រូវបានរៀបចំឡើងនៅថ្ងៃចុងក្រោយនេះ ព្រះបានប្រាប់យ៉ូសែប ឲ្យហៅឪពុករបស់លោក យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ឲ្យធ្វើជាលោកអយ្យកោនៅឆ្នាំ១៨៣៤ ។ បីថ្ងៃក្រោយមកគ្រួសារ ស្ម៊ីធ បានជួបជុំគ្នា ដើម្បីឲ្យ យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ អាចផ្តល់ពររបស់លោកអយ្យកោដល់កូនៗរបស់គាត់ និងស្វាមីភរិយារបស់ពួកគេ ។ ពរជ័យទាំងនេះបានផ្តល់ដំបូន្មាន និងការលួងលោមសម្រាប់ជីវិតរបស់ពួកគេ ។
បន្ថែមពីលើការប្រកាសនៃពូជពង្ស ពររបស់លោកអយ្យកោ « គឺជាព្រះគម្ពីរផ្ទាល់ខ្លួនសម្រាប់បងប្អូន » ។ ពេលយើងសិក្សាពររបស់លោកអយ្យកោផ្ទាល់ខ្លួនរបស់យើងជាទៀងទាត់ នោះយើង « គួរតែឲ្យតម្លៃដល់ពាក្យពេចន៍ក្នុងពរជ័យនេះ ជញ្ជឹងគិតពីពរជ័យនេះ ហើយរស់នៅឲ្យមានភាពស័ក្តិសមតាមការសន្យានៃពរជ័យនេះនៅក្នុងជីវិតនេះ និងភាពអស់កល្បជានិច្ច » ។
រូបថតរបស់ អិមម៉ា ស៊្មីធ ដោយ លី ហ្គ្រីន រីឆាដ
ការណែនាំមកពីព្រះដល់អិមម៉ាផ្ទាល់
ក្នុងនាមជាភរិយារបស់ព្យាការី អិមម៉ា ស្ម៊ីធ តែងតែពុះពារនឹងការសាកល្បង និងជម្លោះនានាដែលគ្រួសាររបស់នាងបានស្នើសុំឲ្យទ្រាំ ។ នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥ យើងអាចអាននូវពាក្យលួងលោម និងកម្លាំងរបស់ព្រះវរបិតាសួគ៌ទៅដល់អិមម៉ា ។
នៅពេលដែលយើងកំពុងស្វែងរកសារលិខិតនៃការលួងលោមផ្ទាល់ខ្លួនរបស់យើងពីព្រះវរបិតាសួគ៌ នោះយើងអាចទូលសុំពរជ័យនៃបព្វជិតភាពបាន ។ ពេលប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ១៩២០–២០០៧ ) ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយ បានបង្រៀនថា « ពររបស់លោកអយ្យកោអាចជួយយើងក្នុងការសម្រេចចិត្តតូច និងធំទាំងឡាយក្នុងជីវិតរបស់យើងបាន ។ ប្រសិនបើ តាមរយៈពរជ័យនៃបព្វជិតភាពរបស់យើង យើងអាចយល់ពីលក្ខណៈនៃមនុស្សដែលព្រះសព្វព្រះទ័យឲ្យយើងក្លាយទៅជាតែមួយផ្នែកតូច នោះយើងនឹងបាត់ការភ័យខ្លាច និងគ្មានការសង្ស័យទៀតឡើយ » ។
រូបថតរបស់ យ៉ូសែប អេហ្វ ស្ម៊ីធ ដោយ អាល់ប៊ើត សាលប្រេនណើរ
ការសិក្សាបទគម្ពីររបស់ យ៉ូសែប អេហ្វ ស្ម៊ីធ
នៅពេលដែលជំងឺ សង្គ្រាម និងការស្លាប់បានបំផ្លិចបំផ្លាញពិភពលោកក្នុងឆ្នាំ១៩១៨ ព្យាការី យ៉ូសែប អេហ្វ ស្ម៊ីធ ងាកទៅរកបទគម្ពីរដើម្បីទទួលបានចម្លើយ ។ បន្ទាប់ពីសិក្សាពាក្យសម្តីរបស់ពេត្រុសនៅក្នុងព្រះគម្ពីរសញ្ញាថ្មី លោកបានចាប់ផ្តើមជញ្ជឹងគិត និងពិចារណា ។ លោកបានមានការនិមិត្តមួយសម្រាប់សាសនាចក្រ ដែលលោកបានមើលឃើញព្រះអង្គសង្គ្រោះកំពុងរៀបចំកិច្ចការផ្សព្វផ្សាយសាសនានៅក្នុងពិភពវិញ្ញាណ ។ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨ ) ។
ដូចដែលអែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ១៩៣២–២០១៧ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖ « នៅពេលដែលយើងចង់ទូលទៅកាន់ព្រះ យើងអធិស្ឋាន ។ ហើយនៅពេលយើងចង់ឲ្យទ្រង់មានបន្ទូលមកកាន់យើង នោះយើងស្រាវជ្រាវព្រះគម្ពីរទាំងឡាយ » ។ ព្រះគម្ពីរទាំងឡាយគឺជាព្រះបន្ទូលរបស់ព្រះដែលបានរក្សាទុកនៅក្នុងសំណេរ ហើយនៅក្នុងសម័យឌីជីថលរបស់យើង ព្រះគម្ពីរទាំងនោះកាន់តែងាយស្រួលសម្រាប់យើងប្រើប្រាស់ ។ នៅពេលដែលយើងអាន និងពិចារណាបទគម្ពីរទាំងឡាយ យើងនឹងរកឃើញជំនួយពីស្ថានសួគ៌ដែលយើងត្រូវការ ។
រូបថតដោយ ចន ម៉ាកឃីននី
កិច្ចខិតខំប្រឹងប្រែងដោយចេតនាដើម្បីស្តាប់ទ្រង់
ប្រធាន រ័សុល អិម ណិលសុនបានបង្រៀនថា « នៅពេលយើងស្វែងរកធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ កិច្ចខិតខំរបស់យើងដើម្បី ស្ដាប់ទ្រង់ ចាំបាច់ត្រូវមានដោយបំណងចិត្តកាន់តែខ្លាំង ។ វាចំណាយការខិតខំដោយមនសិកា និងខ្ជាប់ខ្ជួនដើម្បីបំពេញជីវិតប្រចាំថ្ងៃរបស់យើងដោយព្រះបន្ទូលរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងសេចក្ដីពិតរបស់ទ្រង់ » ។ ដូចគ្នានឹងពួកបរិសុទ្ធពីសម័យដើមដែរ យើងអាចទទួលសារលិខិតមកពីព្រះដែលមានលក្ខណៈផ្ទាល់ខ្លួន និងពិត ។
ព្រះបានមានព្រះបន្ទូលទៅកាន់ពួកគេ ។ ទ្រង់នឹងមានព្រះបន្ទូលមកកាន់យើង ។ យើងគ្រាន់តែត្រូវស្តាប់តាមទ្រង់ប៉ុណ្ណោះ ។