« ពិនិត្យមើលច្រកទ្វារ » លីអាហូណា ខែមីនា ឆ្នាំ២០២៥ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ពិនិត្យមើលច្រកទ្វារ
ខណៈពេលដែលកំពុងបម្រើនៅកសិដ្ឋានមួយ ខ្ញុំបានរៀនមេរៀនដ៏មានតម្លៃមួយអំពីការធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធជានិច្ច ។
រូបថតរបស់អ្នកនិពន្ធនៅកសិដ្ឋាន ដោយ ស៊ន សុតតុន
នៅជិតចុងបញ្ចប់នៃបេសកកម្មរបស់ខ្ញុំក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងខាងសេវាកម្ម ខ្ញុំបានធ្វើតាមការបំផុសគំនិតឲ្យបម្រើពីរថ្ងៃនៅក្នុងមួយសប្តាហ៍នៅកសិដ្ឋានមួយក្នុងរដ្ឋយូថាហ៍ សម្រាប់គ្រួសារយោធា និងអ្នកនៅរស់រានមានជីវិត ។ ខ្ញុំពិតជាគ្មានបទពិសោធន៍អ្វីទាល់តែសោះដែលទាក់ទងនឹងការចិញ្ចឹមសត្វ ប៉ុន្តែខ្ញុំមានចិត្តរំភើប ។
ដើមដំបូងរបស់ខ្ញុំនៅទីនោះ គេបានស្នើសុំឲ្យសម្អាតក្រោលសេះ ។ មិត្តដ៏ល្អ និងដៃគូរបស់ខ្ញុំដែលខ្ញុំបានទៅបង្រៀននៅពេលល្ងាចជាមួយ គឺអែលឌើរ ស័តធើន ត្រូវបានចាត់តាំងឲ្យបង្ហាញដល់ខ្ញុំពីអ្វីដែលត្រូវធ្វើ ។
នៅថ្ងៃមួយនៅពេលសម្អាតដល់ក្រោលចុងក្រោយ ខ្ញុំបានដើរតាមអែលឌើរ ស័តធើន ចូលទៅ ។ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំបានទទួលការបំផុសគំនិតដ៏ទន់ភ្លន់មួយ ដើម្បីសួរអំពីការបិទទ្វារនៅពីក្រោយយើង ។ ខ្ញុំមិនយកចិត្តទុកដាក់នឹងគំនិតនោះ ហើយទៅធ្វើការសម្អាត ។
សេះនៅក្នុងក្រោលឈ្មោះ ស៊្រៀក គឺជាសេះធំជាងគេបំផុតមួយនៅឯកសិដ្ឋាននោះ ។ វាបានចាប់ផ្តើមនៅមិនស្ងៀមដោយភ័យខ្លាចនៅពេលយើងធ្វើការសម្អាត ។ ភ្លាមៗនោះ ស៊្រៀកបានរត់ចេញពីក្រោលទៅតាមច្រកទ្វារបើកចំហនោះ ហើយបានបោលកាត់សេះផ្សេងទៀតនៅខាងក្រៅនៅក្នុងក្រោលសត្វ ។
សំណាងណាស់ មានមនុស្សម្នាក់ដែលមានបទពិសោធន៍នៅក្នុងកសិដ្ឋានបានចាប់យកធុងស្រូវសាឡី ហើយបានបញ្ចោតសេះនោះឲ្យត្រឡប់មកវិញយ៉ាងឆាប់រហ័ស ។ នៅពេលនាងដាក់ស៊្រៀក ចូលទៅក្នុងក្រោលរបស់វាវិញ នាងបានសម្លឹងមើលខ្ញុំ ហើយសួរដោយភ្ញាក់ផ្អើលថា « តើយើងបានរៀនអ្វីខ្លះ ? »
មេរៀនជាក់ស្តែងគឺត្រូវបិទទ្វារជានិច្ច ។ ខ្ញុំបាននឹកគិតដល់បទគម្ពីរមួយដែលខ្ញុំបានអាននៅព្រឹកនោះដែលបង្រៀនខ្ញុំឲ្យធ្វើតាម« សេចក្ដីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ » ( ម៉ូសាយ ៣:១៩ ) ។
នៅពេលដែលអែលឌើរ ស័តធើន និងខ្ញុំបានចូលទៅក្នុងក្រោលរបស់ស៊្រៀក ខ្ញុំបានមិនអើពើនឹងការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធឲ្យបិទច្រកទ្វារនោះទេ ។ ខ្ញុំបានគិតថាព្រះវិញ្ញាណដាស់តឿនខ្ញុំតែអ្វីដែលខ្ញុំគិតថាជារឿង « ខាងវិញ្ញាណ » ដែលទាក់ទងនឹងបទគម្ពីរ ឬបទបញ្ញត្តិប៉ុណ្ណោះ ។ បទពិសោធន៍នេះបានធ្វើឲ្យខ្ញុំមានភាពរាបសារ ។ ខ្ញុំបានដឹងថាចំណេះដឹងខាងវិញ្ញាណគឺធំជាងអ្វីដែលខ្ញុំបានដឹង—សូម្បីតែនៅពេលដែលវាកើតឡើងនៅក្នុងកសិដ្ឋានក្តី !
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ១៩២៧–២០១៨ ) បានបង្រៀនថា « សូមចាំថា កិច្ចការនេះមិនមែនជាកិច្ចការរបស់បងប្អូន និងរបស់ខ្ញុំតែម្នាក់ឯងនោះទេ ។ … នៅពេលណាដែលយើងធ្វើកិច្ចការរបស់ព្រះអម្ចាស់ នោះយើងមានសិទ្ធិទទួលបានជំនួយរបស់ព្រះអម្ចាស់ » ។
ខ្ញុំប្រហែលជាមិនបានបង្រៀនដំណឹងល្អនៅក្នុងកសិដ្ឋាននោះ ដូចដែលខ្ញុំនឹងធ្វើនៅល្ងាចនោះជាមួយអែលឌើរ ស័តធើនក៏ពិតមែន ប៉ុន្តែខ្ញុំមានសិទ្ធិទទួលបានជំនួយ និងការដឹកនាំដ៏ទេវភាព—សូម្បីតែនៅពេលសម្អាតក្រោលសេះក៏ដោយ ។