« តើនរណាបានបំពេញទឹកក្នុងអាងជ្រមុជទឹកនេះ ? » លីអាហូណា ខែមីនា ឆ្នាំ២០២៥ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
តើនរណាបានបំពេញទឹកក្នុងអាងជ្រមុជទឹកនេះ ?
បើគ្មានទឹកមកពីទីក្រុងផង តើយើងអាចធ្វើពិធីបុណ្យជ្រមុជទឹកឲ្យមេហ្គិន ដោយរបៀបណាទៅ ?
រចនារូបភាពដោយ ដេវីឌ ម៉ាល
បន្ទាប់ពីទៅមិនទាន់រថយន្តក្រុងមួយនៅទីក្រុង ណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដៃគូរបស់ខ្ញុំ និងខ្ញុំបានសម្រេចចិត្តចែកចាយដំណឹងល្អជាមួយមនុស្សគ្រប់គ្នាដែលយើងបានជួប ខណៈពេលកំពុងរង់ចាំឡានក្រុងទៅកាន់តំបន់របស់យើង ។ យើងបាននិយាយជាមួយមនុស្សជាង ៤០០ នាក់ ។
ម្នាក់ក្នុងចំណោមនោះ គឺមានឈ្មោះថា បេណាដ ដែលធ្វើការសំណង់នៅក្បែរនោះ ។ យើងបានឲ្យគាត់ព្រះគម្ពីរមរមនមួយក្បាល ហើយបានអញ្ជើញគាត់ឲ្យអានរៀងរាល់ថ្ងៃ ហើយទូលសួរដល់ព្រះ ថាតើព្រះគម្ពីរនេះពិតឬទេ ។
បួនខែក្រោយមក ខ្ញុំបានផ្ទេរទៅ ណៃរ៉ូប៊ី ។ នៅក្នុងការប្រជុំសាក្រាម៉ង់លើកដំបូងរបស់ខ្ញុំនៅទីនោះ ខ្ញុំបានឃើញ បេណាដ ។ គាត់បានទទួលបុណ្យជ្រមុជទឹក និងបានតែងតាំងឲ្យកាន់បព្វជិតភាពអើរ៉ុន ។
បេណាដបានអញ្ជើញយើងទៅលេងផ្ទះរបស់គាត់ដោយរំភើបរីករាយ និងបង្រៀនភរិយារបស់គាត់ដែលមានឈ្មោះថា មេហ្គិន ។ ពេលយើងជួបជាមួយមេហ្គិន យើងបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសេចក្តីជំនឿដ៏អស្ចារ្យរបស់គាត់ ។ នៅពេលគាត់អធិស្ឋានដើម្បីដឹងថាតើសារលិខិតរបស់យើងជាការពិតឬទេ ព្រះបានឆ្លើយតបការអធិស្ឋានរបស់គាត់ ។
យើងបានអញ្ជើញមេហ្គិន ឲ្យជ្រមុជទឹកនៅថ្ងៃអាទិត្យក្រោយ ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុង ណៃរ៉ូប៊ី បានប្រកាសថាទឹកនឹងត្រូវកាត់ផ្ដាច់ក្នុងរយៈពេល ១០ ថ្ងៃ ! បន្ទាប់ពីការសម្ភាសន៍ទទួលបុណ្យជ្រមុជទឹករបស់ មេហ្គិន នៅថ្ងៃសៅរ៍ ដៃគូរបស់ខ្ញុំ និងខ្ញុំបានអធិស្ឋានសុំឲ្យពិធីបុណ្យជ្រមុជទឹករបស់គាត់អាចដំណើរការបាននៅថ្ងៃបន្ទាប់ ។
យើងបានតមអាហារ ពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំរបស់យើង និងព្យាយាមរកវិធីផ្សេងទៀតដើម្បីមានទឹក—ប៉ុន្តែ វិធីទាំងនោះអត់បានការទេ ។ ទោះជាយ៉ាងណាក៏ដោយ ល្ងាចនោះយើងបានរៀបចំសម្រាប់ពិធីបុណ្យជ្រមុជទឹក ។ បន្ទាប់មកយើងបានលុតជង្គង់ និងអធិស្ឋានម្តងទៀត ។ យើងមានអារម្មណ៍បំផុសគំនិតថាឲ្យភ្ជាប់ចុងម្ខាងនៃទុយោទៅនឹងក្បាលរ៉ូប៊ីណេផ្ទះបាយដែលគ្មានទឹកសោះនៅក្នុងសាលាប្រជុំនោះ ហើយដាក់ចុងទុយោម្ខាងទៀតនៅក្នុងអាងជ្រមុជទឹក ។ យើងបានពោលការអធិស្ឋានមួយទៀត ចាក់សោ និងចេញទៅផ្ទះ ។
នៅព្រឹកស្អែកនៅពេលដែលយើងបានទៅសាលប្រជុំ យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញអាងជ្រមុជទឹកមានទឹកពេញ ! យើងបានពិនិត្យមើលក្បាលរ៉ូប៊ីណេផ្ទះបាយ នៅតែគ្មានទឹកចេញដដែល ។ គ្មាននរណាម្នាក់មកពីសាខាបានដឹងថា តើអាងជ្រមុជទឹកត្រូវបានបំពេញដោយរបៀបណានោះទេ ។
មេហ្គិនបានទទួលពិធីបុណ្យជ្រមុជទឹកនៅថ្ងៃនោះ ។ វួដទាំងមូលបានមកធ្វើជាសាក្សីនៃពិធីបុណ្យជ្រមុជទឹករបស់គាត់ និងស្វាគមន៍គាត់មកកាន់សាសនាចក្រ ។ ក្បាលរ៉ូប៊ីណេនៅតែគ្មានទឹក ប៉ុន្តែកែវភ្នែករបស់មនុស្សគ្រប់គ្នាបានពោរពេញដោយទឹកភ្នែកដោយអំណរគុណ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ព្រះអម្ចាស់នឹងប្រទានពរដល់ បងប្អូន នូវអព្ភូតហេតុទាំងឡាយ បើ បងប្អូនជឿលើទ្រង់ ‹ ដោយឥតសង្ស័យអ្វី › [ មរមន ៩:២១ ] ។ សូមធ្វើកិច្ចការខាងវិញ្ញាណដើម្បីស្វែងរកអព្ភូតហេតុ » ។ ខ្ញុំដឹងថា ដោយសារដៃគូរបស់ខ្ញុំ និងខ្ញុំបានធ្វើកិច្ចការខាងសាច់ឈាម និងខាងវិញ្ញាណ—ការអធិស្ឋាន ការសាកល្បងជម្រើសផ្សេងៗ និងការធ្វើតាមការបំផុសគំនិតខាងវិញ្ញាណ—យើងបានឃើញអព្ភូតហេតុមួយមកពីព្រះអម្ចាស់ ។