« ការងារបម្រើរបស់ពួកសាវក ៖ កិច្ចការមួយដែលគ្មាននរណាម្នាក់អាចធ្វើបាន » លីអាហូណា ខែមីនា ឆ្នាំ២០២៥ ។
ការងារបម្រើរបស់ ពួកសាវក ៖ កិច្ចការមួយដែលគ្មាននរណាម្នាក់អាចធ្វើបាន
របៀបដែលការងារបម្រើទូទាំងពិភពលោករបស់ពួកសាវកសម័យទំនើបរបស់ព្រះអម្ចាស់ មានឥទ្ធិពលដល់បុគ្គលម្នាក់ៗឲ្យធ្វើការងារល្អ ។
កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឈរជាសាក្សីដល់ព្រះយេស៊ូវគ្រីស្ទនៅទូទាំងពិភពលោក ។ ការហៅរបស់ពួកលោកគឺពិសេស និងសំខាន់បំផុត ។ បន្ទាប់ពីត្រូវបានហៅឲ្យបម្រើ នោះពួកលោកចូលនិវត្តន៍ពីអាជីពរបស់ពួកលោក ដើម្បីលះបង់ពេលវេលា និងទេពកោសល្យទាំងមូលរបស់ពួកលោកដើម្បីផ្តល់ពរជ័យដល់មនុស្សដទៃ ។ សាវកម្នាក់ៗនាំមកនូវអំណោយទាន និងទេពកោសល្យពិសេសៗដល់ការហៅរបស់ពួកលោក ដែលត្រូវបានគោរពដោយការបម្រើពេញមួយជីវិត ការបង្រៀន និងការរៀនសូត្រដំណឹងល្អ និងការយកឈ្នះលើបញ្ហាប្រឈមមុខជាមួយនឹងសេចក្តីជំនឿលើព្រះអម្ចាស់ ។
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងភរិយារបស់លោក គឺ មេឡានី ទើបតែចូលអង្គុយកៅអីរបស់ពួកលោក ដើម្បីស្តាប់ការប្រគុំតន្ត្រីពិធីបុណ្យណូអែលរបស់ចៅប្រុសរបស់ពួកលោក នៅពេលដែលនាយកសាលាបានចូលទៅជិត ហើយសូមឲ្យអែលឌើរ រ៉ាសបានស្វាគមន៍ទស្សនិកជន ។
ខណៈដែលលោកក្រោកឈរ ហើយសម្លឹងមើលទស្សនិកជន និងក្រុមតន្រ្តី—មនុស្សទាំងអស់គ្នាចង់ឲ្យកម្មវិធីចាប់ផ្ដើម—លោកគិតថាគ្រាន់តែស្វាគមន៍ភ្ញៀវ និងជូនពរពួកគេឲ្យមានរាត្រីដ៏សប្បាយរីករាយ ។ ប៉ុន្តែបន្ទាប់មកលោកបានចងចាំការហៅជាសាវករបស់លោកដើម្បីឈរជាសាក្សីពិសេសនៅគ្រប់ទីកន្លែងទាំងអស់ ។ « លោក លោកស្រី » លោកបានមានប្រសាសន៍ « ខ្ញុំមិនអាចខកខាននូវឱកាស [ នៅក្នុង ] រដូវកាលនៃការប្រសូតរបស់ព្រះគ្រីស្ទដើម្បីធ្វើជាសាក្សីអំពីព្រះនាមរបស់ទ្រង់ និងការងារបម្រើរបស់ទ្រង់បានទេ » ។
គ្រប់ទីកន្លែងដែលពួកលោកទៅ នរណាក៏ដោយដែលពួកលោកជួប សារលិខិតរបស់ពួកសាវកគឺ ជាការបញ្ជាក់អំពីព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រាដ៏ប្រោសលោះនៃព្រះ ។ អែលឌើរ ដេវីឌ អេ បេដណា បានមានប្រសាសន៍ថា « ជាដំបូង និងសំខាន់បំផុត គ្រប់ពេលវេលា យើងគឺជាសាក្សីរបស់ព្រះយេស៊ូវគ្រីស្ទ ដែលមានព្រះជន្មរស់ដ៏ពិត » ។
« ព្រះយេស៊ូវគ្រីស្ទគឺជាហេតុផលដែលយើងនៅទីនេះ » អែលឌើរ ឌែល ជី រិនឡាន់ បានប្រាប់ដល់បងប្អូនស្រ្តីក្នុងសមាគមសង្គ្រោះនៅឯការប្រជុំធម្មនិដ្ឋានមួយនៅទីក្រុងឡុងដ៍កាលពីឆ្នាំមុន ។ « ខ្ញុំដឹងយ៉ាងប្រាកដថា ទ្រង់មានព្រះជន្មរស់ ! … អព្ភូតហេតុពិតប្រាកដកើតឡើងនៅក្នុងជីវិតរបស់បងប្អូននៅពេលដែលបងប្អូនដឹងពីវាដោយខ្លួនឯង » ។
អែលឌើរ ឃ្វីនថិន អិល ឃុក បានមានប្រសាសន៍ទៅកាន់សមាជិកនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដោយរំឭកឡើងវិញពីរបៀបដែលសំណួរនោះបានកំណត់សារលិខិតរបស់លោកអស់រយៈពេលជាច្រើនឆ្នាំថា « តើខ្ញុំអាចជួយស្ថាបនាសេចក្តីជំនឿរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទបានដោយរបៀបណា ? »
ការបង្រៀនរបស់ពួកលោកបង្ហាញពីអារម្មណ៍នៃភាពបន្ទាន់ និងបំណងប្រាថ្នាដែលពួកលោកមានអារម្មណ៍ចង់ឲ្យអ្នកដទៃក្រោកឡើងក្នុងភាពបរិសុទ្ធដើម្បីមើលឃើញ និងទទួលអារម្មណ៍ពីព្រះអង្គសង្គ្រោះ និងទទួលបានបទពិសោធន៍ពីព្រះគុណដ៏ធួនរបស់ទ្រង់ ( សូមមើល នីហ្វៃទី៣ ១១:១៥ ) ។ ការបង្រៀនរបស់ពួកលោកពោរពេញទៅដោយសេចក្តីស្រឡាញ់ និងការយល់ដឹង ។ ការអំពាវនាវរបស់ពួកលោកឲ្យប្រែចិត្តគឺទន់ភ្លន់ តែមុតមាំ ។ សេចក្តីប្រាថ្នារបស់ពួកលោកចង់ឲ្យសមាជិកបានរីកចម្រើននៅក្នុងកិច្ចការរបស់ព្រះ គឺច្បាស់ណាស់ដែលមិនអាចប្រកែកបានឡើយ ។ នៅពេលដែលមនុស្សស្តាប់ទីបន្ទាល់ដែលសាវកបានថ្លែង នោះដួងចិត្តអាចជ្រោតជ្រាប និងជីវិតបានផ្លាស់ប្តូរ ។
សាក្សីអំពីព្រះយេស៊ូវគ្រីស្ទ
សាវកម្នាក់ៗនាំមកនូវទេពកោសល្យ និងបទពិសោធន៍ពិសេសៗដើម្បីបំពេញការចាត់តាំងរបស់លោក ។ ពួកលោកម្នាក់ៗមានជំនាញអាជីពរបស់លោករៀងៗខ្លួន ។ ពួកលោកម្នាក់ៗមានបុគ្គលិកលក្ខណៈ និងរបៀបខុសៗគ្នា ប៉ុន្តែពួកលោកមានគុណសម្បត្តិស្រដៀងគ្នា ។ ពួកលោកជាមនុស្សរីករាយ វិជ្ជមាន និងកក់ក្ដៅពេលនៅក្បែរ ។ ជាញឹកញយ អស់អ្នកដែលបានជួបសាវករបស់ព្រះយេស៊ូវគ្រីស្ទ មានការស្ងើចសរសើរចំពោះភាពគួរសម និងលក្ខណៈពីធម្មជាតិរបស់ពួកលោក ។
មានភាពបន្ទាន់មួយអំពីពួកសាវកដើម្បីសម្រេចកិច្ចការនានា—ការជំរុញដើម្បីផ្ដល់ពរ នាំមកនូវការលួងលោម និងថ្លែងទីបន្ទាល់ ។
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ប្រធានស្តីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីនាក់បានមានប្រសាសន៍ថា « អស់រយៈពេលបីទសវត្សរ៍មកហើយ វាជាកិត្តិយស និងជាអភ័យឯកសិទ្ធិរបស់ខ្ញុំដើម្បីមានទំនាក់ទំនងជាមួយសមាជិកក្នុងកូរ៉ុមនៃពួកដប់ពីរនាក់នៃសាសនាចក្រនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ « ដោយគ្មានករណីលើកលែង បុរសទាំងនេះម្នាក់ៗបានជួយខ្ញុំឲ្យក្លាយជាសិស្សកាន់តែប្រសើរឡើងរបស់ព្រះយេស៊ូវគ្រីស្ទ ។
« នៅពេលដែលយើងជួបជុំគ្នានាពេលថ្មីៗនេះដើម្បីថតរូបក្នុងកូរ៉ុម ខ្ញុំមានអារម្មណ៍ដឹងគុណយ៉ាងជ្រាលជ្រៅដែលបានក្លាយជាផ្នែកមួយនៃលំដាប់ដែលកំពុងបន្តអំពីសិស្សសម័យបុរាណ និងសម័យទំនើបរបស់ព្រះយេស៊ូវគ្រីស្ទ ។
« ឈ្មោះ និងមុខ … នៅក្នុងកូរ៉ុមនេះផ្លាស់ប្តូរពីមួយពេលទៅមួយពេល ប៉ុន្តែអ្វីដែលសំខាន់នៅសេសសល់គឺ ៖ សាវកម្នាក់ៗបានទទួលយកការទទួលខុសត្រូវ ‹ ដើម្បីធ្វើជាសាក្សីពិសេសអំពីព្រះនាមរបស់ព្រះគ្រីស្ទនៅទូទាំងពិភពលោក [ សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:២៣ ] ។ គ្មានការងារល្អណាដែលអាចផ្តល់ឲ្យនរណាម្នាក់ធ្វើល្អជាងការងារនេះទេ ឬគ្មានក្រុមបុរសណាដែលធ្វើការងារនេះបានល្អជាងក្រុមបុរសទាំងនេះដែរ » ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ថ្លែងនៅក្នុងសន្និសីទពិសេសមួយនៃ មណ្ឌលយេរូសាឡិម នៅឯមជ្ឈមណ្ឌល ប៊ី.វាយ.យូ. យេរូសាឡិម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ។
« អារម្មណ៍នៃការដឹងគុណចំពោះព្រះអង្គសង្គ្រោះបានគ្របដណ្តប់ខ្ញុំនៅថ្ងៃនេះ នៅពេលដែលយើងពិចារណាអំពីពលិកម្មរបស់ទ្រង់នៅក្នុងទីកន្លែងពិសេសពីរ » ប្រសាសន៍របស់អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានថ្លែង នៅខណៈពេលទស្សនាកន្លែងដ៏ពិសិដ្ឋក្នុងប្រទេសអ៊ីស្រាអែល នាឆ្នាំ២០២៣ ។ « យើងបានទៅទស្សនាឧទ្យានផ្នូរ » ដែលជាកន្លែងដែលព្រះសពរបស់ព្រះគ្រីស្ទត្រូវបានតម្កល់។
« យើងក៏បានទៅទស្សនាតំបន់ដែលអ្នកខ្លះបានចាត់ទុកថាជាសួនច្បារគែតសេម៉ានី ។ នៅពេលដែលយើងដើរនៅក្រោមដើមអូលីវដែលមានអាយុកាលជាច្រើនសតវត្សរ៍ យើងបានស្តាប់ខគម្ពីរដែលពិពណ៌នាអំពីការពលិកម្មដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គសង្គ្រោះជំនួសឲ្យយើងនៅក្នុងសួនច្បារ និងនៅលើឈើឆ្កាង ។
« បទពិសោធន៍ដ៏ឈឺចាប់របស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង សមនឹងទទួលបានការគោរព និងការប្រតិបត្តិរបស់យើងទាំងស្រុង ។ ដូចគ្នានេះដែរ ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលបានកើតឡើងនៅថ្ងៃទីបី បន្ទាប់ពីការឆ្កាងរបស់ទ្រង់ សមនឹងទទួលបានកន្លែងនៃភាពស្ញប់ស្ញែង និងការដឹងគុណដ៏នៅអស់កល្បជានិច្ចនៅក្នុងដួងចិត្ត និងគំនិតរបស់យើង ។
« ក្នុងនាមជាសិស្សរបស់ព្រះគ្រីស្ទ ខ្ញុំមានពរក្នុងការប្រកាសទីបន្ទាល់របស់ខ្ញុំថាទ្រង់មានព្រះជន្មរស់ ! »
នៅក្នុងការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីការគោរពចំពោះព្រះអម្ចាស់ អែលឌើរ ហ្គើរីត ដបុលយូ ហ្គង បានលើកទឹកចិត្តថា « ចូរឲ្យយើងនិយាយដោយការដឹងគុណយ៉ាងកក់ក្តៅ និងគារវភាពចំពោះការងារ និងសិរីរុងរឿងរបស់ព្រះ និងគុណសម្បត្តិ សេចក្តីមេត្តាករុណា និងព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ និងពលិកម្មធួនរបស់ទ្រង់ជានិច្ច » ។
ការរៀបចំសាវក
« ព្រះអម្ចាស់ត្រូវចំណាយពេលជាយូរដើម្បីបង្រៀនសាវកម្នាក់ » ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ ។ « នៅពេលដែលបុរសនោះត្រូវបានហៅឲ្យធ្វើជាសាវកដប់ពីរនាក់ ព្រះអម្ចាស់មានអ្វីដែលពិសេសដែលទ្រង់រំពឹងទុកថា បុរសនោះនឹងរួមចំណែក » ។
នៅលើវិថីរបស់សាវកម្នាក់ៗមាននូវការសាកល្បង—« ការសាកល្បងចំពោះសេចក្តីក្លាហាន និងភាពអត់ធ្មត់ »—ជានិច្ចកាលគឺជាការស្វែងយល់ដ៏ស៊ីជម្រៅ ពេលខ្លះក៏គំរាមកំហែងដល់អាយុជីវិតផងដែរ ។
« តែងតែមានការសាកល្បងមួយជានិច្ច » ប្រធាន ណិលសុន បានរៀបរាប់អំពីកិច្ចការនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ ។ « តើអ្នកសុខចិត្តធ្វើការងារដែលលំបាកៗដែរឬទេ ? នៅពេលអ្នកបង្ហាញថា អ្នកមានឆន្ទៈធ្វើផ្នែករបស់អ្នក នោះទ្រង់នឹងជួយអ្នក » ។
ខណៈពេលថ្លែងទៅកាន់សមាជិកនៅប្រទេសអូស្ត្រាលី អែលឌើរ ឃុក បានផ្តល់នូវបទពិសោធន៍របស់លោកដោយប្រាប់ពីរបៀបដែលសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់មានអារម្មណ៍ថាមិនបានត្រៀមខ្លួនរួចរាល់ និងមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដូចគ្នានឹងអារម្មណ៍ដែលថ្នាក់ដឹកនាំវួដមានពេលខ្លះផងដែរ ។ លោកបានមានប្រសាសន៍ថា « ដើម្បីធ្វើជាសាវកមួយរូប នៅក្នុងការបម្រើរបស់ព្រះអម្ចាស់ គឺមានការបន្ទាបខ្លួនខ្លាំងណាស់ » ។
ក្នុងនាមជាសាវកដែលទើបហៅថ្មី អែលឌើរ នែល អិល អាន់ឌើរសិន បានពន្យល់ថា ទោះបីជាលោកមានអារម្មណ៍ថាខ្វះសមត្ថភាព និងរាបសាក៏ដោយ ក៏លោកបានទទួលការលួងលោមដោយសារព្រះអម្ចាស់បានប្រទានពរដល់លោកយ៉ាងហោចណាស់ក៏គុណសម្បត្តិមួយដែរ ៖ « ខ្ញុំពិតជាដឹងដោយឥតខ្ចោះ និងដោយច្បាស់លាស់តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ដែលជាបុត្រាជាទីស្រឡាញ់របស់ព្រះ » ។
« គេសួរខ្ញុំថា តើខ្ញុំមានអារម្មណ៍យ៉ាងណាក្នុងការធ្វើជាសាវកថ្មីបំផុត » អែលឌើរ ផាទ្រីក ខៀរ៉ុន បានមានប្រសាសន៍មួយថ្ងៃបន្ទាប់ពីការហៅរបស់លោកនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
« ខ្ញុំមានអារម្មណ៍គ្រប់បែបយ៉ាងដែលអាចស្រមៃបាន ហើយខ្ញុំដឹងថាការណ៍នេះគឺហួសពីសមត្ថភាពរបស់ខ្ញុំ ។ ប៉ុន្តែខ្ញុំនឹងអង្វរទូលសុំជំនួយ ។ ខ្ញុំពិតជាជឿលើព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ ដែលជាព្រះអង្គសង្រ្គោះរបស់យើង ។ ហើយខ្ញុំដឹងថាទ្រង់ទាំងទ្វេនឹងជួយ ។ ហើយខ្ញុំកំពុងពឹងផ្អែកលើជំនួយពីទ្រង់ទាំងទ្វេ ។ ហើយខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាព បន្តិចម្តចៗ ជាសាវកមួយរូបដែលអ្នកអាចមាននៅក្នុងការស្រមើស្រមៃរបស់អ្នក ។
« ដូច្នេះនៅថ្ងៃនេះនៅពេលដែលខ្ញុំកំពុងពុះពារ រយៈពេល២៤ ម៉ោងបន្ទាប់ពីការហៅនេះ ដើម្បីសម្របទៅតាមលក្ខខណ្ឌនៃការហៅនេះ ប្រសិនបើអ្នកកំពុងមានថ្ងៃមួយដែលអ្នកមានអារម្មណ៍ថា អ្នកត្រូវគេសុំឲ្យធ្វើ … លើសពីសមត្ថភាពរបស់អ្នក ខ្ញុំយល់ពីអារម្មណ៍មួយនោះ » ។
ប្រធាន រ័សុល អិម ណិលសុន បានដឹកនាំគណៈប្រតិភូរបស់ថ្នាក់ដឹកនាំសាសនាចក្រ រួមទាំងអែលឌើរ ហ្គើរីត ដបុលយូ ហ្គង ចូលគាល់ស្តេច និងម្ចាស់ក្សត្រីនៃប្រទេសតុងហ្គាក្នុងឆ្នាំ២០១៩ ។ ពួកសាវកជួបជាមួយឥស្សរជន និងប្រមុខរដ្ឋក្នុងតួនាទីរបស់ពួកលោក ដើម្បីបើកទ្វារនៃប្រជាជាតិនានាចំពោះដំណឹងល្អ ។ ប្រធាន ណិលសុន មានប្រសាសន៍ថា ដើម្បីរៀបចំពួកសាវកសម្រាប់ការចាត់តាំងដ៏មហិមារបស់ពួកគេ តម្រូវមានការរៀបចំជាច្រើនឆ្នាំ ។
ឯកអគ្គរដ្ឋទូតដល់ពិភពលោក
យោងទៅលើ គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:២៣ ដែលព្រះអម្ចាស់បានហៅពួកសាវកដប់ពីរនាក់ឲ្យធ្វើជា « សាក្សីពិសេសអំពីព្រះនាមនៃព្រះគ្រីស្ទនៅពេញសព្វក្នុងពិភពលោក » ប្រធាន ណិលសុន បានសង្កេតឃើញថា « សមាជិកម្នាក់នៃពួកសាវកដប់ពីរនាក់គឺជាសាវកសម្រាប់ពិភពលោកទាំងមូល ។ លោកត្រូវរៀនអំពីគ្រប់ផ្នែកនៃពិភពលោក ព្រមជាមួយនឹងប្រជាជន ភាសា និងប្រវត្តិសាស្រ្តផងដែរ » ។
ការងាររបស់ពួកលោកលាតសន្ធឹងពេញពិភពលោក ។ ពួកលោកជួបជាមួយប្រមុខរដ្ឋ ឥស្សរជនក្នុងមូលដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយ និងសមាជិកនៃសាសនាចក្រនៅកន្លែងធំៗ និងឯកជននានា ។ ម៉ោងអាចមានរយៈពេលយូរ ហើយតម្រូវការមានជាច្រើន ។ ក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់ព្រះយេស៊ូវគ្រីស្ទ ជីវិតរបស់ពួកលោកមិនមែនជារបស់ពួកលោកទៀតទេ ។
ក្នុងអំឡុងពេលដ៏មមាញឹកនៃដំណើរទស្សនកិច្ចធ្វើការងារបម្រើលក្ខណៈសកលរយៈពេល ១២ ថ្ងៃ នៅប្រទេសចំនួនប្រាំមួយនៃទ្វីបអឺរ៉ុប—ដែលជាញឹកញាប់ការសម្រាន្តក្នុងអំឡុងពេលហោះហើរពេលយប់ពីប្រទេសមួយទៅប្រទេសមួយទៀត—អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានជួបជាមួយប្រមុខដឹកនាំរដ្ឋាភិបាល ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង និងសមាជិកសាសនាចក្រក្នុងមូលដ្ឋាន ។
នៅការប្រជុំដ៏សំខាន់មួយជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសក្រូអាត ដែលលោកបានផ្តល់ជំនួយពីសាសនាចក្រ ដើម្បីជួយជនភៀសខ្លួនជាច្រើនដែលចូលទៅក្នុងប្រទេសរបស់គាត់ពីប្រទេសអ៊ុយក្រែនដែលបំផ្លាញដោយសង្គ្រាម ។ « យើង … បានរកឃើញថា មានរបៀបផ្សេងៗគ្នាជាច្រើន … ដែលយើងអាចសហការគ្នា ជាពិសេស [ ក្នុងការជួយ ] អ្នកដែលត្រូវការខ្លាំង » ប្រសាសន៍អែលឌើរ គ្រីស្តូហ្វឺសិន ។
បន្ទាប់ពីបានជួបជាមួយប្រមុខដឹកនាំក្នុងមូលដ្ឋាននៅទីក្រុង ដា អេសសាឡាម ប្រទេសតង់ហ្សានី ដើម្បីប្រកាសពីការបរិច្ចាគរបស់សាសនាចក្រទៅដល់គម្រោងមនុស្សធម៌ដ៏ធំមួយនៅឆ្នាំ២០២៤ អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បានជួបជាមួយសមាជិក និងពួកអ្នកផ្សព្វផ្សាយសាសនា ។
ក្នុងអំឡុងពេលធ្វើដំណើររយៈពេលប្រាំបួនថ្ងៃទៅកាន់ប្រទេសទាំងឡាយនៅអាហ្រ្វិកកាលពីឆ្នាំមុន អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បានទៅទស្សនាមជ្ឈមណ្ឌលសុខភាព ម៉ាគូប៊ូរី ក្នុងទីក្រុង ដា អេសសាឡាម ប្រទេសតង់ហ្សានី ដែលជាកន្លែងសាសនាចក្រកំពុងជួយមជ្ឈមណ្ឌលនេះ ។ អែលឌើរ ស្ទីវ៉ែនសុន បានមានប្រសាសន៍ថា « នៅពេលដែលយើងឃើញសេវាកម្មដែលបានផ្តល់ឲ្យដល់មាតា និងកុមារនៅទីនេះ នោះបេះដូងរបស់យើងរំភើបខ្លាំងណាស់ » ។
ដើម្បីប្រារព្ធគម្រប់ខួប ៣០ឆ្នាំរបស់សាសនាចក្រនៅប្រទេសកម្ពុជា អែលឌើរ រិនឡាន់ បានជួបជាមួយនាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ដែលលោកបានពិពណ៌នាថាជា « បុគ្គលដ៏អស្ចារ្យម្នាក់ » ។
សាវកដែលជាអតីតគ្រូពេទ្យឯកទេសខាងបេះដូងបានជម្រាបទៅកាន់នាយករដ្ឋមន្រ្តីថា សាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទបានបរិច្ចាគជិត ២.២ លានដុល្លារអាមេរិក ដើម្បីឲ្យមជ្ឈមណ្ឌលបេះដូងអាចមាននៅមន្ទីរពេទ្យមួយក្នុងខេត្តសៀមរាប ដែលស្ថិតនៅចម្ងាយប្រហែល ២០០ ម៉ាយល៌ ( ៣២០ គីឡូម៉ែត្រ ) ភាគខាងជើងនៃរាជធានីភ្នំពេញ ដើម្បីនាំមកនូវសេវាសុខភាពកាន់តែល្អប្រសើរដល់អស់អ្នក ដូចជាឪពុកមារបស់នាយករដ្ឋមន្រ្តី ដែលបានទទួលមរណភាពដោយសារជំងឺសរសៃឈាមបេះដូង ។
អែលឌើរ ឌែល ជី រិនឡាន់ បានចាប់ដៃជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។ ការប្រជុំជាប្រវត្តិសាស្រ្តតំណាងឲ្យជាលើកដំបូងដែលអ្នកដឹកនាំសាសនាចក្របានជួបជាមួយប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
« ខ្ញុំមានកិត្តិយសក្នុងការមានវត្តមានជាមួយសមាជិក ថ្នាក់ដឹកនាំ និងពួកអ្នកផ្សព្វផ្សាយសាសនានៅអ៊ូឡានបាតា ប្រទេសម៉ុងហ្គោលី និងនៅក្យូតូ, ហ៊ីរ៉ូស៊ីម៉ា, ហ្វូហូអូកា, សូហ្វូកា និងតូក្យូ ប្រទេសជប៉ុន » ប្រសាសន៍របស់អែលឌើរ អូលីសេស សូរ៉េស បន្ទាប់ពីបានទៅទស្សនកិច្ចតំបន់អាស៊ីខាងជើងក្នុងឆ្នាំ២០២៤ ។ « ក្នុងរាល់ការប្រជុំ ឬការប្រាស្រ័យទាក់ទងផ្ទាល់ ខ្ញុំទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ និងសេចក្តីជំនឿដ៏អស្ចារ្យ ដែលបុគ្គលទាំងនេះមានចំពោះព្រះអម្ចាស់ ។ ដំណើររឿងប្រែចិត្តជឿដ៏អស្ចារ្យរបស់ពួកគេបានមានឥទ្ធិពលដល់ខ្ញុំយ៉ាងជ្រាលជ្រៅ និងបានពង្រឹងទីបន្ទាល់របស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្តារឡើងវិញរបស់ទ្រង់នៅលើផែនដីនេះ ។
« … ឱ វាជាពរជ័យចំពោះខ្ញុំណាស់ ដើម្បីទទួលអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះអម្ចាស់ និងសេចក្តីស្រឡាញ់របស់ទ្រង់ក្នុងចំណោមសិស្សដ៏អស្ចារ្យទាំងនេះរបស់ព្រះគ្រីស្ទនៅក្នុងប្រទេសទាំងនេះ » ។
កិច្ចការរបស់ពួកសាវក
ការបើកទ្វារសម្រាប់ដំណឹងល្អនៅក្នុងប្រទេសផ្សេងៗគឺជាទំនួលខុសត្រូវដ៏សំខាន់មួយរបស់ ៖ « ពួក ១២ នាក់ដែលត្រូវបានចាត់ឲ្យទៅ ដោយកាន់កូនសោទាំងឡាយ ដើម្បីទៅបើកទ្វារ ដោយការប្រកាសប្រាប់ពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:៣៥ ) ។
នៅក្នុងបទពិសោធន៍របស់ប្រធាន ណិលសុន ក្នុងនាមជាសមាជិកនៃពួកសាវកដប់ពីរនាក់ ទ្វារទៅកាន់ដំណឹងល្អត្រូវបានបើកខុសៗគ្នា ។ ប្រធាន ណិលសុន បានមានប្រសាសន៍ថា ជួនកាល ព្រះវិញ្ញាណបានមានឥទ្ធិពលទៅលើប្រមុខរដ្ឋាភិបាល រហូតដល់ « លោកចាប់ផ្ដើមផ្លាស់ប្ដូរគំនិតអំពីយើង » ។ នៅពេលផ្សេងទៀត បុរសម្នាក់ដែលមិនចង់និយាយជាមួយថ្នាក់ដឹកនាំសាសនាចក្រត្រូវបានដកចេញពីតំណែង ហើយព្រះអម្ចាស់បានផ្តល់ឲ្យ « យើងនូវបុរសម្នាក់ទៀតដែលយើងអាចនិយាយជាមួយបាន » ។ ក្នុងករណីនីមួយៗ ប្រធាន ណិលសុន បានមានប្រសាសន៍ថា « សារលិខិត [ មកពីឋានសួគ៌ ] ទៅកាន់ខ្ញុំគឺដូចគ្នា ៖ ‹ ធ្វើការឲ្យអស់ពីកម្លាំងចិត្ត ។ … ត្រូវក្លាហាន ។ បន្ទាប់មកនៅពេលដែលអ្នកមិនអាចទៅមុខទៀតបាន នោះយើងនឹងជួយអ្នក › » ។
ពួកលោកមានប្រសាសន៍ថា អំណរនៃកិច្ចការរបស់ពួកសាវកកើតឡើងនៅពេលដែលត្រូវធ្វើឲ្យមានតុល្យភាពនៃតម្រូវការដ៏លំបាកក្នុងការនិយាយទៅកាន់ក្រុមធំៗ ក៏ដូចជាការបម្រើដល់បុគ្គលម្នាក់ៗផងដែរ ។ ពួកលោកទៅជួបជាមួយសមាជិកនៅតាមគេហដ្ឋានរបស់ពួកគេ ដើម្បីផ្តល់ពរ បង្ហាញការដឹងគុណ ឬផ្តល់ដំបូន្មានដែលចាំបាច់ ។
អែលឌើរ បែដណា បានមានប្រសាសនថា ៖ « ព្រះអម្ចាស់បានបញ្ជូនសមាជិកម្នាក់ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ទៅកាន់កន្លែងជាក់លាក់ នៅពេលវេលាជាក់លាក់ ដែលយើងជួបជាមួយពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់ និងអ្នកដទៃទៀតដែលតែងតែជួបការលំបាក ឬត្រូវការការលួងលោម និងការធានា ។ ព្រះរៀបចំឡើងនូវការប្រាស្រ័យទាក់ទងទាំងនោះ » ។
អែលឌើរ ដេវីឌ អេ បែដណា និងភរិយារបស់លោក ស៊ូសាន ស្វាគមន៍មនុស្សបន្ទាប់ពីថ្លែងនៅក្នុងការប្រជុំមួយនៅទីក្រុង តូលូកា ប្រទេសម៉ិកស៊ិក នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
នៅពេលខ្លះការបម្រើរបស់ពួកលោកគឺសាធារណៈខ្លាំង ដូចជានៅពេលដែលអែលឌើរ ស្ទីវ៉ែនសុន បានចូលរួមក្នុងសន្និសីទសារព័ត៌មានដ៏ល្បីល្បាញមួយនៅទីក្រុង ណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដែលត្រូវបានផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍ជាតិ ។ « សំណួរដែលអាចមាននៅក្នុង … គំនិតរបស់អ្នកគឺ ‹ តើសាវកជាអ្វី ? › » អែលឌើរ ស្ទីវ៉ែនសុន បានមានប្រសាសន៍ក្នុងអំឡុងពេលចាក់ផ្សាយ ។ « យើង … ត្រូវបានហៅឲ្យចូលទៅកាន់ប្រជាជាតិនានាក្នុងពិភពលោក ហើយឲ្យធ្វើទីបន្ទាល់អំពីភាពជាព្រះរាជបុត្រាដ៏ទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ » ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានមានប្រសាសន៍ថា « អ្វីៗទាំងអស់គឺអំពីទ្រង់ » ។ « យើងកំពុងតំណាងឲ្យទ្រង់ ។ អ្វីៗទាំងអស់គឺអំពីព្រះ និងភាពអស្ចារ្យរបស់ទ្រង់ និងសារៈសំខាន់របស់ទ្រង់សម្រាប់សុភមង្គលរបស់បុត្រាបុត្រីរបស់ទ្រង់ » ។
កិច្ចការរបស់ពួកលោកពេលខ្លះនៅជិតផ្ទះ—ជាការពិត ។ អែលឌើរ បែដណា កំពុងជួសជុលដំបូលផ្ទះរបស់លោកនៅថ្ងៃមួយ ហើយបានទៅហាងក្នុងតំបន់មួយដើម្បីទិញសម្ភារមួយចំនួន ។ លោកបានស្លៀកសម្លៀកបំពាក់ការងារ ៖ ខោ និងស្បែកជើងធម្មតា អាវយឺត និងមួក ។
« បុរសម្នាក់បានចូលមកជិតខ្ញុំ ខណៈពេល ដែលខ្ញុំកំពុងជ្រើសរើសឥវ៉ាន់របស់ខ្ញុំ ហើយបាននិយាយថា ‹ អែលឌើរ បែដណា ក្លែងបន្លំខ្លួនមិនបានសម្រេចទេ › ។ យើងសើច ហើយបន្ទាប់មកគាត់បានសួរថា ‹ តើអែលឌើរ បែដណា ប្រកាន់ទេ បើខ្ញុំសូមសួរសំណួរមួយ ? ›
« ខ្ញុំបានឆ្លើយតបថា ‹ បាទ នោះហើយជាមូលហេតុដែលខ្ញុំនៅទីនេះ › ។
« គាត់បានឆ្លើយដោយឆ្ងល់ថា ‹ តើអែលឌើរចង់មានន័យដូចម្តេច ? ›
« ខ្ញុំបាននិយាយថា ‹ …ខ្ញុំនៅទីនេះ ដោយសារព្រះដឹងថា ពួកយើងនឹងជួបគ្នានៅក្នុងហាងនេះ ហើយថាលោកមានរឿងដែលលោកចង់សួរ ។ សូមបន្តហើយចែកចាយសំណួររបស់លោកជាមួយខ្ញុំ › ។
« យើងបាននិយាយនៅលើផ្លូវដើរនោះប្រហែល ១៥ នាទី ហើយខ្ញុំបានព្យាយាមជួយគាត់ស្វែងរកចម្លើយចំពោះសំណួររបស់គាត់ ។ តើវាគ្រាន់តែជាការចៃដន្យដែលខ្ញុំបានជួបបុរសដ៏ល្អម្នាក់នេះនៅហាងក្នុងតំបន់នេះឬ ? ឬការជួបនេះត្រូវបានរៀបចំឡើងដោយព្រះអង្គសង្រ្គោះជាទីស្រឡាញ់ដែល … ឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់បុរសដ៏ស្មោះត្រង់ម្នាក់—បុគ្គលម្នាក់ឬ ?
« ខ្ញុំជឿថានៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ គ្មានទេភាពចៃដន្យ ។ តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ។
អែលឌើរ នែល អិល អាន់ឌើរសិន ថតរូបនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិ ជេមី ខាឌីណុលស៊ីន ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន កន្លែងដែលសាសនាចក្របានជួសជុលអាងស្តុកទឹកចំនួនបី ។
ប្រឈមមុខនឹងឧបសគ្គជាមួយនឹងសេចក្តីជំនឿលើព្រះអម្ចាស់
បញ្ហាធំ និងស្មុគស្មាញដែលពួកសាវកប្រឈមមុខសព្វថ្ងៃនេះ ។ ពួកលោកស្វែងរកការបំផុសគំនិតនៅពេលដែលពួកលោកបង្រៀន និងបម្រើដល់ក្រុមជំនុំរបស់សាសនាចក្រទូទាំងពិភពលោក ដែលមានសមាជិកជាង ១៧ លាននាក់ ដែលត្រូវបានសាកល្បងដោយបញ្ហាប្រឈមមុខដូចជា ភាពចលាចលខាងនយោបាយ ការណ៍អាសគ្រាម សម្ពាធប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ឥតឈប់ឈរ ឬភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច ។ ជម្លោះរវាងប្រទេសនានាដែលរំខានដល់កិច្ចការនេះ ។ ការធ្លាក់ចុះនៃតម្លៃប្រពៃណី ដែលជាឧបសគ្គចំពោះស្ថិរភាពសង្គម ។
សមាជិកនៃពួកសាវកដប់ពីរនាក់មានស្មារតីភ្លឺស្វាងចំពោះការទទួលខុសត្រូវរបស់ពួកលោក និងមានចិត្តចង់ស្ថាបនាសេចក្តីជំនឿនៅក្នុងពិភពលោកដែលគ្មានសេចក្តីជំនឿកាន់តែខ្លាំងឡើងមួយនេះ ។
ប្រធាន អិម រ័សុល បាឡឺដ ( ឆ្នាំ១៩២៨–២០២៣ ) ប្រធានស្តីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា « ច្បាស់ណាស់ព្រះចេស្តារបស់ព្រះអម្ចាស់កំពុងមាននៅលើថ្នាក់ដឹកនាំរបស់សាសនាចក្រ ជំរុញពួកគេជាមួយ … ភាពបន្ទាន់ » ។ « សំណួរដែលយើងទាំងអស់គ្នាត្រូវសួរខ្លួនឯងគឺ ‹ តើយើងកំពុងធ្វើតាមល្បឿន [ ថ្នាក់ដឹកនាំរបស់យើង ] ដែរទេ ? › យើងម្នាក់ៗត្រូវតែត្រៀមខ្លួនដើម្បីឆ្លើយសំណួរនោះ ។ ខ្ញុំអាចធានាជាមួយអ្នកថា វាគឺជាប្រធានបទនៃការពិភាក្សាដែលគួរយកមកគិតពិចារណាក្នុងចំណោមកូរ៉ុមនៃសាវកដប់ពីរនាក់ ។ … នេះមិនមែនជាពេលវេលាដើម្បីសម្រាក ឬធ្វើការហៅរបស់យើងលេងៗទេ ។ … »
« … យើងត្រូវតែត្រៀមខ្លួនដើម្បីធ្វើតាមល្បឿនរបស់ថ្នាក់ដឹកនាំរបស់យើង បោះជំហានឈានឆ្ពោះទៅមុខជាមួយពួកលោក » ។
« ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ យើងស្វែងរកដើម្បីប្រែក្លាយដូចជាព្រះអង្គសង្គ្រោះរបស់យើង ហើយធ្វើតាមគំរូរបស់ទ្រង់នៅគ្រប់អ្វីទាំងអស់ដែលយើងធ្វើ » អែលឌើរ អុជដូហ្វ បានមានប្រសាសន៍ ។ « ចាប់តាំងពីពេលដែលយើងបានឈានជើងដើរលើផ្លូវជាសិស្ស នោះពរជ័យដែលមើលឃើញ និងមើលមិនឃើញមកពីព្រះចាប់ផ្តើមចូលមកយើង ។
« មិនថាយើងនៅទីណាទេ អ្នក និងខ្ញុំអាចដើរនៅលើផ្លូវនៃភាពជាសិស្សនៅថ្ងៃនេះបាន ។ សូមឲ្យយើងមានភាពរាបសារ សូមឲ្យយើងអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌របស់យើងដោយអស់ពីចិត្ត និងបង្ហាញពីបំណងប្រាថ្នារបស់យើងដើម្បីចូលទៅជិតទ្រង់ និងរៀនអំពីទ្រង់ » ។