2025
តើ​ខ្ញុំ​ពិតជា​អាច​ទុកចិត្ត​លើ​ការណែនាំ​របស់​ព្យាការី​បាន​ដែរ​ឬ​ទេ ?
ខែ​មីនា ឆ្នាំ​២០២៥


« តើ​ខ្ញុំ​ពិតជា​អាច​ទុកចិត្ត​លើ​ការណែនាំ​របស់​ព្យាការី​បាន​ដែរ​ឬ​ទេ ? » លីអាហូណា ខែ​មីនា ឆ្នាំ​២០២៥ ។

យុវមជ្ឈិមវ័យ

តើ​ខ្ញុំ​ពិតជា​អាច​ទុកចិត្ត​លើ​ការណែនាំ​របស់​ព្យាការី​បាន​ដែរ​ឬ​ទេ ?

ខ្ញុំ​តែងតែ​ជ្រើសរើស​ធ្វើតាម​ព្យាការី ប៉ុន្តែ​តើ​ខ្ញុំ​អាច​ទុកចិត្ត​លើ​លោក​នៅក្នុង​ករណីនេះ​បានទេ ?

ស៊ីស្ទើរ​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅឯ​ព្រលាន​យន្តហោះ

រូបភាព​ដោយ ខាយលី បឌីលី

នៅពេល​ដែល​ខ្ញុំ​ទទួល​បាន​ទូរសព្ទថា​ខ្ញុំ​នឹង​ត្រូវបាន​ជម្លៀស​ចេញពី​បេសកកម្ម​របស់ខ្ញុំ ខ្ញុំ​មាន​ការរកាំចិត្ត និង​ច្របូកច្របល់ ។

ប៉ុន្មាន​ខែ​មុនពេល​ខ្ញុំ​ត្រូវបាន​ដោះលែង គណៈ​ប្រធាន​ទីមួយ​បាន​សម្រេចចិត្ត​បញ្ជូន​ខ្ញុំ និង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជាច្រើន​នាក់ទៀត​ទៅផ្ទះ​ដោយ​ផ្អែក​លើអ្វី​ដែល​ខ្ញុំ​គិតថា​គ្រាន់តែ​ជាពាក្យ​ចចាមអារ៉ាម​នៃ​ជម្លោះ​អន្តរជាតិ​ដែល​អាច​កើតមាន​ឡើង​ប៉ុណ្ណោះ ។ មិន​មាន​ភស្តុតាង​ណាមួយ​ថាអ្វី​នឹង​កើត​ឡើង​នោះទេ ។

ខ្ញុំ​មិន​គិតថា មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​នោះទេ ។

ការសួរ​ដ៏​បំផុស​គំនិត

ខ្ញុំ​តែងតែ​ចង់​បម្រើ​បេសកកម្ម ហើយ​បាន​ធ្វើការ​យ៉ាង​លំបាក​ដើម្បី​សម្រេច​គោលដៅ​នោះ ។ លុយ​មិន​សូវ​មាន​ច្រើន​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ទទួល​ការងារ​មួយ​ដែល​ជួយ​ខ្ញុំ​រកប្រាក់​បាន​គ្រប់គ្រាន់​ដើម្បី​បង់​សម្រាប់​បេសកកម្ម​របស់ខ្ញុំ ។ នៅពេល​ដែល​ខ្ញុំ​បើក​ការហៅ​របស់ខ្ញុំ វា​មាន​អារម្មណ៍ថា​ត្រឹមត្រូវ​ណាស់ ហើយ​ខ្ញុំ​ដឹងថា​ការហៅ​នោះ​មកពី​ព្រះ ។

បន្ទាប់មក ដោយសារតែ​ជំងឺ​រាតត្បាត កូវីដ-១៩ ខ្ញុំ​ត្រូវបាន​ចាត់តាំង​ឲ្យ​ទៅ​បេសកកម្ម​នៅ​រដ្ឋ​យូថាហ៍ រយៈពេល​ប្រាំបួន​ខែ មុនពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅក្រៅ​ប្រទេស​ទៅកាន់​ការចាត់តាំង​ដំបូង​របស់ខ្ញុំ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ធូរស្រាល និង​រីករាយ​ជា​ខ្លាំង​ដែល​ទីបំផុត​បាន​ទៅ​កន្លែង​ដែល​ព្រះ​បាន​ហៅ​ខ្ញុំ​តាំងពី​ដំបូង​មក ។

បន្ទាប់មក ក្រោយពី​បាន​នៅ​ទីនោះ​បាន​ប៉ុន្មាន​ខែ គេ​បាន​ដេញ​ខ្ញុំ​ចេញពី​មនុស្ស និង​ប្រទេស​ដែល​ខ្ញុំ​ស្រឡាញ់​ភ្លាមៗ ។ ខ្ញុំ​មាន​អារម្មណ៍ថា​អ្វីៗ​គ្រប់យ៉ាង​ត្រូវបាន​យកចេញ​ពីខ្ញុំ​អស់ ។

ខ្ញុំ​មាន​អារម្មណ៍​ឈឺចាប់ ។ ខ្ញុំ​បាន​សួរ​ដោយ​ស្មោះថា តើ​នេះ​ជា​ជម្រើស​ដែល​បំផុស​គំនិត​ឬ ។

ខ្ញុំ​ជិះយន្តហោះ​ត្រឡប់​ទៅ​ផ្ទះ​នៅ​រដ្ឋ​តិចសាស់​វិញ​ទាំង​បង្ខំ​ចិត្ត ។ ការជម្លៀស​របស់ខ្ញុំ​គឺ​មិន​នឹកស្មាន​ដល់ ដែល​សូម្បីតែ​ឪពុក និង​បងប្អូន​របស់ខ្ញុំ​មិនបាន​នៅ​ព្រលាន​យន្តហោះ​ដើម្បី​ស្វាគមន៍​ខ្ញុំ​ទៅផ្ទះ​ផង ។

ពរជ័យ​នៃ​សុវត្ថិភាព

ប៉ុន្មាន​ថ្ងៃបន្ទាប់​ពីខ្ញុំ​ចាកចេញ​ពី​បេសកកម្ម​របស់ខ្ញុំ ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​នៅពេល​ដែល​ជម្លោះ​ដ៏គ្រោះថ្នាក់​មួយ​បាន​ផ្ទុះឡើង​នៅជិត​កន្លែង​ដែល​ខ្ញុំ​បាន​បម្រើ ។ នៅក្នុង​ពេល​នោះ ខ្ញុំ​បាន​ដឹង​ថា ការ​ធ្វើ​តាម​ព្យាការី​បាន​ការពារ​ខ្ញុំ​យ៉ាងពិត​ប្រាកដ​មែន ។ ខ្ញុំ​បានយកឈ្នះ​ដោយ​ការដឹងគុណ​ចំពោះ​ព្យាការី និង​ការបំផុសគំនិត​របស់​លោក ។

ខ្ញុំ​បាន​ធ្វើការ​សន្យា​ចំពោះ​ខ្លួនឯង​ថា ខ្ញុំ​នឹង​ស្តាប់​តាម​អ្វី​ដែល​ព្យាការី​មាន​ប្រសាសន៍​ជានិច្ច បើទោះបី​ជាវា​មិន​សមហេតុផល​នៅពេលនេះ​ក៏ដោយ ។

អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ កាលពី​ថ្មីៗ​នេះ​បាន​មាន​ប្រសាសន៍ ៖ « ការ​មាន​ពួក​ព្យាការី​គឺជា​សញ្ញា​មួយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​កូនចៅ​របស់​ទ្រង់ ។ ពួក​លោក​ប្រាប់​ឲ្យ​ដឹង​អំពី​ការ​សន្យា ព្រមទាំង​និស្ស័យ​ពិត​នៃ​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​រាស្ត្រ​របស់​ទ្រង់​ទាំងទ្វេ » ។

ខ្ញុំ​ពិតជា​ជឿថា​ប្រធាន រ័សុល អិម ណិលសុន គឺជា​អ្នក​តំណាង​របស់​ព្រះអម្ចាស់ ។ លោក​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយនឹង​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ ដើម្បី​ដឹកនាំ​យើង​ទៅកាន់​សុវត្ថិភាព និង​ផ្តល់ឲ្យ​យើង​នូវ​សេចក្តី​សង្ឃឹម និង​ការដឹកនាំ​ក្នុង​អំឡុងពេល​ដ៏លំបាកៗ​ទាំងឡាយ ។

ពរជ័យ​នៃ​ការធ្វើ​តាម​ព្យាការី

ប្រសិនបើ​អ្នក​នៅតែ​ងឿងឆ្ងល់ ថា​តើ​ព្យាការី​ត្រូវបាន​ហៅ​ពី​ព្រះ ឬ​អត់​នោះ ដំបូន្មាន​របស់ខ្ញុំ​គឺ ធ្វើតាម​ការអញ្ជើញ​របស់លោក ។ ព្យាយាម​អាន​សុន្ទរកថា​សន្និសីទ​ថ្មីៗ​របស់​ប្រធាន ណិលសុន និង​ការសិក្សា​បទគម្ពីរ​ដែល​លោក​ណែនាំ​ឡើងវិញ ។ ធ្វើ​តាម​ការអញ្ជើញ​របស់លោក ហើយ​សិក្សា​ពរជ័យ​ដែល​លោក​សន្យា​ជាមួយ​នឹង​ការអញ្ជើញ​ទាំងនោះ ។

អែលឌើរ សូរ៉េស ក៏បាន​បង្រៀន​ផងដែរ​ថា « ដោយ​ការធ្វើ​តាម [ ព្យាការី ] ជីវិត​របស់​យើង​មាន​ភាព​រីករាយ ហើយ​មិន​សូវ​ស្មុគស្មាញ ការលំបាក និង​បញ្ហា​របស់​យើង​ងាយ​នឹង​ទ្រាំទ្រ ហើយ​យើង​បង្កើត​គ្រឿង​សឹក​ខាង​វិញ្ញាណ​មួយ​ជុំវិញ​យើង » ។

ខ្ញុំ​បាន​ឃើញ​ពរជ័យ​ទាំងនេះ​ក្នុង​ជីវិត​របស់​ខ្ញុំ ពេល​ខ្ញុំ​បាន​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី ។ ខ្ញុំ​ដឹងថា​ពរជ័យ​ទាំងនេះ​មាន​សម្រាប់​មនុស្ស​គ្រប់រូប​ដែល​ទុក​ចិត្ត​លើ​ព្រះ និង​ព្យាការី​របស់​ទ្រង់ ។