2024
វិធី ៣ យ៉ាង​ដើម្បី​ស៊ូទ្រាំ​ក្នុង​ជីវិត ហើយ​រីករាយ​នឹង​ជីវិត​នោះ
ខែ កញ្ញា ឆ្នាំ ២០២៤


« វិធី ៣ យ៉ាង​ដើម្បី​ស៊ូទ្រាំ​ក្នុង​ជីវិត ហើយ រីករាយ​នឹង​ជីវិត​នោះ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។

យុវមជ្ឈិមវ័យ

វិធី ៣ យ៉ាង​ដើម្បី ស៊ូទ្រាំ​ក្នុង​ជីវិត ហើយ រីករាយ​នឹង​ជីវិត​នោះ

ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​រកឃើញ​អំណរ​ក្នុង​ជីវិត​ដែល​យើង​ត្រូវបាន​ប្រទាន​ឲ្យ ។

យុវមជ្ឈិមវ័យ​នៅ​ប្រទេស​អាល្លឺម៉ង់

ហ្គុយដូ មកពី​ប្រទេស​អាល្លឺម៉ង់

តើ​ពេល​ណា​ជា​ពេល​ចុងក្រោយ ដែល​បងប្អូន​ពិតជា​សប្បាយ​ចិត្ត ?

តើ​សំណួរ​នោះ​ពិបាក​នឹង​ឆ្លើយ​ឬ ?

ក្នុង​អំឡុង​ពេល​ដ៏​លំបាក យើង​អាច​ត្រូវបាន​សន្ធប់​ដោយ​ការសាកល្បង​ទាំងឡាយ​របស់​យើង ដែល​យើង​ពិត​ជា​មិន​អាច​នឹក​ឃើញ​ពី​អារម្មណ៍​នៃ​អំណរ​នោះ​ទេ ។ ដូចជា​ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ អតីត​ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​សមាគមន៍​សង្គ្រោះ​ទូទៅ បាន​ពិពណ៌នា ៖ « ពពក​ខ្មៅ​ក៏​អាច … មាន​ក្នុង​ជីវិត​របស់​យើង​ដែរ ដែល​វា​អាច​ធ្វើ​ឲ្យ​បាំង​នូវ​ពន្លឺ​របស់​ព្រះ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​យើង​សួរ​សំណួរ​ថា​តើ​ពន្លឺ​នោះ​នៅ​មាន​សម្រាប់​យើង​ទៀត​ដែរ​ឬ​ទេ » ។

សម្រាប់​ពួកយើង​ជា​យុវមជ្ឈិមវ័យ​ជាច្រើន ពេលខ្លះ​យើង​អាច​មានអារម្មណ៍​ថា​ជីវិត​គឺ​ជា​អ្វី​មួយ​ដែល​យើង​គ្រាន់តែ​ត្រូវ​ស៊ូទ្រាំ—ជាអ្វី​មួយ​ដែល​ត្រូវ​ពុះពារ​ឆ្លងកាត់ រហូត​ដល់​ទីបំផុត​ដល់​យើង​ទទួល​បាន​ពរជ័យ​ទាំងនោះ​ដែល​បាន​សន្យា​ដល់​យើង ។

អ្វី​ដែល​យើង​ភ្លេច​នៅ​ពេល​ខ្លះ​គឺ​ថា វា​ក៏​មាន​អ្វី​ដែល​ត្រូវ រីករាយ ផង​ដែរ ។ ពរជ័យ​នៃ​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​អាច​ចាប់​ផ្ដើម ឥឡូវ​នេះ ។

នេះ​គឺ​ជា​វិធី​មួយ​ចំនួន​ដែល​យើង​អាច​បញ្ឆេះ​ពន្លឺ និង​អំណរ​ក្នុង​ជីវិត​របស់​យើង​ឡើង​វិញ ។

ចងចាំ​ការពិត​ដ៏​សាមញ្ញ

ជំនួស​ឲ្យ​ការបង្ហាត់​ភ្នែក​របស់​យើង​ឲ្យ​មើលឃើញ​នៅ​ក្នុង​ភាពងងឹត យើង​អាច​ស្វែងរក​កាំរស្មី​ពន្លឺ​ដែល​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នាំ​មក​ដល់​ជីវិត​របស់​យើង ។

ប្រធាន រ័សុល អិម ណិលសុន បាន​រំឭក​យើង​ថា « អំណរ​កើត​មាន​ឡើង ហើយ​ដោយសារ​តែ [ ព្រះយេស៊ូវ​គ្រីស្ទ ] ។ ទ្រង់​គឺ​ជា​ប្រភព​នៃ​អំណរ​ទាំងអស់ » ។ នៅ​ពេល​បងប្អូន​កំពុង​ពុះពារ​រក​ពន្លឺ​ក្នុង​ជីវិត​របស់​បងប្អូន ការបែរ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ​គួរ​តែ​ជា​ជំហាន​ដំបូង​ជានិច្ច ។

បងប្អូន​ក៏​អាច​ទូលសូម​ព្រះវរបិតាសួគ៌​ឲ្យ​ជួយ​បងប្អូន​ចងចាំ​ពី​សារៈសំខាន់​នៃ​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​បងប្អូន​ផង​ដែរ ។

អែលឌើរ ហ្គែរី ប៊ី សាប៊ីន នៃ​ពួក​ចិតសិប​នាក់​បាន​បង្រៀន​ថា វា « មាន​សារៈសំខាន់​ចំពោះ​សុភមង្គល​របស់​យើង ដែល​យើង​ត្រូវ​ចាំ​ថា យើង​ជា​បុត្រា​បុត្រី​នៃ​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ » ។ ការដឹង ពិតប្រាកដ ថា​ព្រះ​ដឹង​ពី​បងប្អូន ហើយ​មាន​ព្រះទ័យ​ចង់​បាន​នូវ​អ្វី​ដែល​ល្អបំផុត​សម្រាប់​បងប្អូន អាច​បំភ្លឺ​ជីវិត​របស់​បងប្អូន​បាន ។

ទោះបី​ជា​មាន​ឧបសគ្គ​ទាំងឡាយ​ដែល​បងប្អូន​ប្រឈម​ក្ដី ការចងចាំ​ពី​គោលការណ៍​មូលដ្ឋាន​នៃ​ដំណឹងល្អ​ទាំងនេះ​អាច​ជួយ​បងប្អូន​ឲ្យ​អញ្ជើញ​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ​ចូល​ទៅ​ក្នុង​ជីវិត​របស់​បងប្អូន​បាន ។

ស្វែងរក​អ្វី​ដែល​នាំ​សុភមង្គល​ដល់​បងប្អូន

ពេល​ខ្លះ វា​អាច​ពិបាក​ក្នុង​ការចងចាំ​ថា សុភមង្គល​របស់​យើង​មិន​តែងតែ​មើល​ទៅ​ដូចគ្នា​នឹង​មនុស្ស​គ្រប់​គ្នា​នោះ​ទេ ។ តាមពិត​ទៅ ក្នុង​នាម​ជា​យុវមជ្ឈិមវ័យ វា​ពិបាក​ក្នុង​ការមិន​ប្រៀបធៀប​ជីវិត​របស់​យើង​ទៅ​នឹង​មនុស្ស​ដែល​នៅ​ជុំវិញ​យើង​ណាស់ ។ ប៉ុន្តែ សូម​ចាំ​ថា បងប្អូន​មាន​ការគ្រប់គ្រង​លើ​សុភមង្គល របស់​បងប្អូន​ផ្ទាល់

សូម​សួរ​ខ្លួន​ឯង ៖ តើអ្វី​ទៅ​ដែល​ធ្វើ​ឲ្យ បងប្អូន សប្បាយ​ចិត្ត ?

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​បងប្អូន​ញញឹម ?

ដូច​ដែល​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​ផ្ដល់​យោបល់​នៅ​ពេល​ដែល​លោក​ជា​ទីប្រឹក្សា​ទីពីរ​នៅ​ក្នុង​គណៈ​ប្រធាន​ទី​មួយ​ថា « សូម​កាត់​បន្ថយ​ការប្រញាប់​ប្រញាល់ ហើយ​ចំណាយ​ពេល​បន្ថែម​បន្តិច​ដើម្បី​ស្គាល់​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ច្បាស់ » ។ សូម​រកមើល​ភាពស្រស់ស្អាត​ក្នុង​ការណ៍​តូចតាច ៖ ដើរ​ស្រូប​ខ្យល់​អាកាស ។ ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ចុះ​ឈ្មោះ​សម្រាប់​គម្រោង​ការបម្រើ​មួយ ។ ស្វែងរក​ចំណូល​ចិត្ត​ថ្មី ឬ​បន្ត​ចំណូល​ចិត្ត​ចាស់​ដែល​បងប្អូន​ទុកចោល ។

អែលឌើរ រីឆាដ ជី ស្កត ( ១៩២៨–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ធ្លាប់​បាន​មាន​ប្រសាសន៍​អំពី​របៀប​ដែល​ការច្នៃ​ប្រឌិត​អាច​បំភ្លឺ​ជីវិត​របស់​យើង ៖ « សូម​ជ្រើសរើស​អ្វី​មួយ​ដូច​ជា​តន្ត្រី រាំរែក ចម្លាក់ ឬ​កំណាព្យ ។ ការមាន​ភាពច្នៃ​ប្រឌិត​នឹង​ជួយ​បងប្អូន​ឲ្យ​រីករាយ​នឹង​ជីវិត ។ វា​បង្កើត​នូវ​ស្មារតី​នៃ​ការដឹងគុណ ។ វា​អភិវឌ្ឍ​ទេពកោសល្យ​ដែល​មើល​មិនឃើញ សម្រួច​សមត្ថភាព​របស់​បងប្អូន​ដើម្បី​រកហេតុផល ប្រព្រឹត្ត និង​ស្វែងរក​គោលបំណង​ក្នុង​ជីវិត ។ វា​កម្ចាត់​ចោល​នូវ​ភាពឯកោ និង​ការឈឺចាប់​ក្នុង​ចិត្ត ។ វា​ផ្តល់​នូវ​ការ​ចាប់ផ្ដើម​ឡើងវិញ បញ្ឆេះ​ភាពសោមនស្ស​រីករាយ និង​ភាពស្វាហាប់​សម្រាប់​ជីវិត » ។

ការស្វែង​រក​អ្វី​ដែល​បំពេញ​ដួងចិត្ត​ដោយ​សុភមង្គល​អាច​ជួយ​បញ្ឆេះ​ពន្លឺ​ឡើង​វិញ​ក្នុង​ជីវិត​របស់​បងប្អូន នៅ​ពេល​ដែល​បងប្អូន​ជាប់​គាំង ។

ផ្តោត​លើ​អ្វី​ដែល​សំខាន់​បំផុត

ប្រសិន​បើ​ជីវិត​សន្ធប់​ពេក ហើយ​បងប្អូន​មាន​អារម្មណ៍​ថា វា​ទាញ​យក​ថាមពល​ទាំង​អស់​របស់​បងប្អូន គ្រាន់តែ​ដើម្បី​ឆ្លង​ផុត​មួយ​ថ្ងៃៗ នោះ​សូម​ចំណាយ​ពេល​នៅ​ស្ងៀម ដើម្បី​ផ្តោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់ បំផុត ។

ដើម្បី​ធ្វើ​ដូច្នេះ ប្រធាន អុជដូហ្វ បាន​ផ្ដល់​យោបល់​ថា យើង​ត្រូវ « ធ្វើ​ឲ្យ​ជីវិត​យើង​សាមញ្ញ​បន្តិច » ។ សូម​ផ្ដោត​ជីវិត​របស់​បងប្អូន​ឡើងវិញ​ទៅ​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​អំណោយ​ដ៏​ស្រស់​ស្អាត​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ។ ផ្ដល់​អាទិភាព​ដល់​ទំនាក់ទំនង​របស់​បងប្អូន​ជាមួយ​ក្រុមគ្រួសារ មិត្តភក្តិ និង​ខ្លួនឯង ។

ចូរ​យក​ភាពវិជ្ជមាន​ប្រយុទ្ធ​នឹង​ភាពអវិជ្ជមាន ពន្លឺ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ប្រយុទ្ធ​នឹង​ភាពងងឹត ។

ដូចជា​ប្រធាន ណិលសុន បាន​លើក​ទឹក​ចិត្ត​យើង​ថា ៖ « ចូរ​យើង​កុំ​គ្រាន់តែ ស៊ូទ្រាំ ក្នុង​រដូវកាល​បច្ចុប្បន្ន​នេះ​ប៉ុណ្ណេះឡើយ ។ ចូរ​យើង ឱប​ក្រសោប​យក​អនាគត​ដោយ​សេចក្ដី​ជំនឿ ! » ខណៈ​ដែល​កំពុង​ស៊ូទ្រាំ​នឹង​ការលំបាក​ក្នុង​ជីវិត ចូរ​រៀន​រីករាយ​នឹង​ភាពស្រស់​ស្អាត​របស់​វា​ផងដែរ ។ សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​ដែល​ដំណឹងល្អ​សន្យា មិន​ចាប់ផ្ដើម​នៅពេល​អនាគត​ឡើយ—វា​ចាប់ផ្តើម​ឥឡូវ​នេះ ។

កំណត់​ចំណាំ

  1. រ៉េណា អ៊ី អាប៊ើតូ « Thru Cloud and Sunshine, Lord, Abide with Me! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៧ ។

  2. រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ។

  3. ហ្គែរី ប៊ី សាប៊ីន « សញ្ញា​សម្គាល់​នៃ​សុភមង្គល » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ៥៧ ។

  4. ឌៀថើរ អេហ្វ អុជដូហ្វ « Of Things That Matter Most » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ២២ ។

  5. រីឆាដ ជី ស្កត « Finding Joy in Life » Ensign ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ២៦ ។

  6. ឌៀថើរ អេហ្វ អុជដូហ្វ « Of Things That Matter Most » ទំព័រ ២២ ។

  7. រ័សុល អិម ណិលសុន « Embrace the Future with Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៦ ។