2024
របៀប​ដែល​ការបាក់បែក​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្ថាបនា​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ឡើងវិញ
ខែ កញ្ញា ឆ្នាំ ២០២៤


« របៀប​ដែល​ការបាក់បែក​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្ថាបនា​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ឡើងវិញ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។

យុវមជ្ឈិមវ័យ

របៀប​ដែល​ការបាក់បែក​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្ថាបនា​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ឡើងវិញ

ក្រោយ​ពី​មាន​ឧបសគ្គ​ខាង​ផ្លូវចិត្ត ផ្លូវកាយ និង​ខាង​វិញ្ញាណ​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំនួន ខ្ញុំ​បាន​រកឃើញ​ថា វា​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការ​ស្វែងរក​ការព្យាបាល​តាម​រយៈ​ព្រះអង្គ​សង្រ្គោះ​របស់​យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបថត​អ្នកនិពន្ធ​ដោយ​មាន​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក នៅ​ខាងក្រោយ

ខ្ញុំ​បាន​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​បារាំង នៅ​ពេល​ដែល​ពិភពលោក​បាន​ដួលរលំ ហើយ​កូវីដ-១៩ បាន​បណ្ដាល​ឲ្យ​ប្រទេស​ទាំង​មូល​ធ្វើ​ការបិទខ្ទប់​យ៉ាង​តឹងរឹង ។ ខ្ញុំ​បាន​តស៊ូ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​ព្រួយ​បារម្ភ​ថា កាលៈទេសៈ​ដ៏​តានតឹង​នេះ​នឹង​ធ្វើ​ឲ្យ​រោគសញ្ញា​ជំងឺ​ធ្លាក់​ទឹកចិត្ត​នេះ​កាន់តែ​យ៉ាប់យ៉ឺន​ឡើង ។ ប៉ុន្តែ​សប្តាហ៍​ដំបូង​នៃ​ចត្តាឡីស័ក—ជា​សប្ដាហ៍​ដែល​ឈាន​ដល់​សន្និសីទ​ទូទៅ​នៅ​ខែ មេសា ឆ្នាំ ២០២០ ដែល​ជា​ប្រវត្តិសាស្ត្រ—ជា​សប្តាហ៍​មួយ​ដែល​ពោរពេញ​ទៅដោយ​ព្រះវិញ្ញាណ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ។

ពេល​មើល​ត្រឡប់​ក្រោយ​វិញ បទពិសោធន៍​ដែល​ខ្ញុំ​បាន​មាន​នៅ​សប្តាហ៍​នោះ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ពង្រឹង​ខ្ញុំ​សម្រាប់​ព្យុះ​មួយ ។

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​សុន្ទរកថា​មួយ​នៅ​សន្និសីទ​នោះ​អំពី​ការជួសជុល​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ដល់​គ្រឹះ​នៃ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ។ លោក​បាន​ប្រៀប​ប្រដូច​ការជួសជុល​ឡើង​វិញ​នោះ​ទៅ​នឹង​ជីវិត​របស់​យើង​ផ្ទាល់ ហើយ​បាន​សុំ​ឲ្យ​យើង​ពិចារណា​សំណួរ​នេះ ៖

« តើ​អ្វី​ទៅ​ជា​ធាតុ​ដ៏​សំខាន់​នៃ​បុគ្គលិក​លក្ខណៈ​ខាង​វិញ្ញាណ និង​ខាង​ផ្លូវ​ចិត្ត​របស់​ខ្ញុំ ដែល​វា​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​បន្ត​រឹង​មាំ ហើយ​ស្ថិតស្ថេរ ថែម​ទាំង​អាច​ទ្រាំទ្រ​នឹង​ព្រឹត្ដិការណ៍​ការរញ្ជួយ​ដី​ដ៏​ខ្លាំង និង​ច្របូកច្របល់​ដែល​នឹង​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​យើង ? »

ពេល​ខ្ញុំ​ស្ដាប់​សុន្ទរកថា​របស់​លោក ព្រះវិញ្ញាណ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ថា ខ្ញុំ​នឹង​ត្រូវ​បាក់បែក​តាម​របៀប​ជាក់លាក់​មួយចំនួន ក្នុង​អំឡុង​ពេល​បន្ទាប់​ទៀត​នៃ​ជីវិត​របស់​ខ្ញុំ ដូច​ជា​ព្រះវិហារ​បរិសុទ្ធ​នោះ​ដែរ ។ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ប្រសិន​បើ​ខ្ញុំ​បែរ​ទៅរក​ព្រះអម្ចាស់​ក្នុង​អំឡុង​ពេល​ដែល​មាន​ឧបសគ្គ​ទាំងនេះ នោះ​ទ្រង់​នឹង​ជួយ​ខ្ញុំ​ពង្រឹង​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ ។

ការមាន​អារម្មណ៍​ថា​ត្រូវបាន​ធ្វើ​ឲ្យ​បាក់បែក

ដូច​ដែល​បាន​រំពឹង​ទុក ខ្ញុំ​បាន​ធ្លាក់​ទឹកចិត្ត​យ៉ាង​ឆាប់​រហ័ស ហើយ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​មាន​អារម្មណ៍​ថា​ជាប់​នៅ​ក្នុង​វដ្ត​នៃ​គំនិត​ដែល​ចង់​ធ្វើ​អត្តឃាត​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។ ខ្ញុំ​មាន​ទុក្ខព្រួយ​យ៉ាង​ខ្លាំង​ខាង​ផ្លូវចិត្ត ខាង​សតិអារម្មណ៍ និង​ខាង​វិញ្ញាណ ។

បន្ទាប់​ពី​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​ពីរ​ខែ ស្ថានភាព​បាន​ប្រសើរ​ឡើង​បន្តិច ។ ដោយសារ​ការផ្លាស់​ប្ដូរ​ក្នុង​ស្ថានភាព​របស់​ខ្ញុំ ដូច​ជា​ថ្នាំ​ប្រឆាំង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ការ​បញ្ចប់​នៃ​ការ​បិទខ្ទប់ ខ្ញុំ​បាន​ចាប់​ផ្ដើម​មាន​អារម្មណ៍​ប្រសើរ​ឡើង​ខាង​ផ្លូវ​ចិត្ត ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខ្ញុំ​បាន​ចាប់​ផ្ដើម​ឈឺ ហើយ​បាន​កត់​សម្គាល់​ថា​មាន​ដុំ​ពក​ធំ​បី​នៅ​ដើម​បំពង់​ក​របស់​ខ្ញុំ ។

ដំបូង ខ្ញុំ​មិន​អើពើ​នឹង​ដុំពក​ទាំងនោះ​ទេ ប៉ុន្តែ​នៅ​ពេល​រោគ​សញ្ញា​របស់​ខ្ញុំ​កាន់​តែ​អាក្រក់​ទៅៗ វា​ច្បាស់​ថា​ខ្ញុំ​មិន​អាច​នៅ​ក្នុង​បេសកកម្ម​បន្ត​ទៀត​ទេ ។ ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​បាន​វិនិច្ឆ័យរោគ​ភ្លាមៗ​ថា​មាន​ជំងឺ​មហារីក​ឈាម—គឺ​មហារីក​ជាលិកា ។

ដោយសារ​ថ្នាំ​ប្រឆាំង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​របស់​ខ្ញុំ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ស្ពឹក​អារម្មណ៍​បន្តិច នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ស្ពឹកស្រពន់​ណាស់​ពេល​ខ្ញុំ​ចាប់​ផ្ដើម​ព្យាបាល​ដោយ​ប្រើ​គីមី​រយៈ​ពេល​ប្រាំ​មួយ​ខែ ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ខ្ញុំ​ក៏​ចាប់ផ្តើម​ខូចខាត​ខាង​រូបរាងកាយ ។

រូបថត​អ្នកនិពន្ធ​ដោយ​មាន​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក នៅ​ខាងក្រោយ

ការស្ថាបនា​គ្រឹះ​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ឡើងវិញ

មួយ​ឆ្នាំ​បន្ទាប់​ពី​ការព្យាបាល​ដោយ​ប្រើ​គីមី​របស់​ខ្ញុំ​បាន​បញ្ចប់ ខ្ញុំ​បាន​ចាប់​ផ្ដើម​មាន​អារម្មណ៍​ប្រសើរ​ឡើង​ខាង​រាងកាយ ។ ខ្ញុំ​បាន​ត្រឡប់​មក​មហាវិទ្យាល័យ​វិញ ហើយ​រៀបចំ​ផែនការ ។ ប៉ុន្តែ​ការឈឺចាប់ និង​ភាពស្ពឹក​ដ៏​ខ្លាំងក្លា​ខាង​វិញ្ញាណ​ដែល​ខ្ញុំ​បាន​មាន​នៅ​ក្នុង​បេសកកម្ម​របស់​ខ្ញុំ និង​អំឡុង​ពេល​ព្យាបាល​ដោយ​ប្រើ​គីមី​នោះ ឥឡូវ​នេះ​បាន​ក្លាយ​ទៅ​ជា​អារម្មណ៍​ទូទៅ​នៃ​ភាព​សោះអង្គើយ​ដាក់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​កំពុង​តស៊ូ​នឹង​អារម្មណ៍​របស់​ខ្ញុំ​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់ ហើយ​មាន​អារម្មណ៍​ថា ទ្រង់​ទាំងទ្វេ​បាន​បោះបង់​ខ្ញុំ​ចោល​ពេល​ខ្ញុំ​ធ្លាក់​ចុះ​ទាប​បំផុត ។

ប៉ុន្តែ​ព្រះវរបិតាសួគ៌​បាន​ត្រាស់់ដឹង​ពី​ផ្លូវ​ដែល​ខ្ញុំ​ត្រូវ​ដើរ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​ព្យាបាល​បាន ។

ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​តោង​ទៅនឹង​កម្ទេច​កម្ទី និង​សំណល់​នៃ​សេចក្ដី​ជំនឿ​ដែល​ធ្លាប់​រឹងមាំ​របស់​ខ្ញុំ និង​បុគ្គលិក​លក្ខណៈ​ដែល​ធ្លាប់​រស់រវើក​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​បាន​ផ្តាច់​ពី​ខ្លួន​ឯង ។ ដួងចិត្ត​ខ្ញុំ​បាន​បន្ទន់​ទៅ​រក​ការប៉ុនប៉ង​ឈោង​មក​ជួយ​របស់​ព្រះអម្ចាស់ ប៉ុន្តែ​ខាង​វិញ្ញាណ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​កំហុស ថប់​បារម្ភ និង​មិន​ស័ក្ដិសម ដោយសារ​តែ​ភាព​សោះអង្គើយ​របស់​ខ្ញុំ​ចំពោះ​ដំណឹងល្អ ។

បន្ទាប់​ពី​ពិចារណា​អំពី​សុខភាព​ខាង​វិញ្ញាណ​របស់​ខ្ញុំ​អស់​រយៈ​ពេល​ពីរ​បី​ខែ ខ្ញុំ​បានទទួល​ការបំផុស​ឲ្យ​ធ្វើ​ការផ្លាស់ប្ដូរ​តូចៗ​ខាង​វិញ្ញាណ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​មិន​អើពើ​នឹង​ការឈឺចាប់​មួយ​រយៈ ប៉ុន្តែ​ខ្ញុំ​ចង់​ដោះស្រាយ​ការឈឺចាប់​ដែល​ខ្ញុំ​មាន​ក្នុង​ព្រលឹង​របស់​ខ្ញុំ ដោយសារ​តែ​ឧបសគ្គ​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ ។

មិន​យូរ​ប៉ុន្មាន​ខ្ញុំ​អាច​មើល​ឃើញ​ព្រះហស្ដ​របស់​ព្រះវរបិតាសួគ៌​ក្នុង​ជីវិត​ខ្ញុំ ។ ដោយ​មិន​ដឹង​ថា​ខ្ញុំ​មាន​អារម្មណ៍​ស្ពឹក​ខាង​វិញ្ញាណ​ប៉ុនណា នោះ​មិត្តភក្តិ និង​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​លើក​ឡើង​ពី​ប្រធានបទ​នៃ​ការ​ព្យាបាល ។ ម្នាក់​ក្នុង​ចំណោម​ពួកគេ​ថែម​ទាំង​បាន​ចែកចាយ​សុន្ទរកថា​មកពី​ការប្រជុំ​ធម្មនិដ្ឋាន​មួយ​ដោយ អេលេន អេស ម៉ាសល ។

ខ្ញុំ​បាន​អាន​វា​ទាំង​ស្ទាក់ស្ទើរ ។

ក្នុង​នាម​ជា​គិលានុបដ្ឋាយិកា អេលេន បាន​ប្រៀបធៀប​ពី​ភាពស្រដៀង​គ្នា​រវាង​ការព្យាបាល​ខាង​រាងកាយ និង​ការព្យាបាល​ខាង​វិញ្ញាណ ដោយ​និយាយ​ថា « ការព្យាបាល​មិន​មែន​ជា​ការធ្វើ​ឲ្យ​ជា​ដាច់​នោះ​ទេ ។ ការធ្វើ​ឲ្យ​ជា​ដាច់​គឺ​ស្អាត រហ័ស និង​រួចរាល់—ជា​ញឹកញាប់​ពេល​ដាក់​ថ្នាំស្ពឹក ។ … ការព្យាបាល … ជា​ញឹកញាប់ គឺជា​ដំណើរការ​ពេញ​មួយ​ជីវិត​នៃ​ការជាសះស្បើយ​ឡើងវិញ និង​ការរីក​ចម្រើន ទោះជា និង​ប្រហែល​ជា​ដោយសារ​តែ​មក​ពី​ការស៊ូទ្រាំ​នឹង​ការបំពាន​ខាង​រាងកាយ ខាង​ផ្លូវចិត្ត ឬ​ខាង​វិញ្ញាណ​ក្ដី ។ វា​ត្រូវការ​ពេលវេលា » ។

ខ្ញុំ​គិត​ថា​វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ដែល​ការព្យាបាល​ជំងឺ​មហារីក​របស់​ខ្ញុំ​ត្រូវការ​ការព្យាបាល​ដោយ​ប្រើ​គីមី​រយៈ​ពេល​ប្រាំ​មួយ​ខែ ។ ផលប៉ះពាល់​នៃ​ការព្យាបាល​ដោយ​ប្រើ​គីមី​គឺ​ធ្ងន់ធ្ងរ ខ្លាំងក្លា និង​មាន​ការទាមទារ​ច្រើន ។ ជា​ការណ៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ការរៀន​ដើម្បី​ទុក​ឲ្យ​រាងកាយ​របស់​ខ្ញុំ​ទទួល​ការព្យាបាល បាន​បង្រៀន​ខ្ញុំ​នូវ​គោលការណ៍​គន្លឹះ​នៃ​ការព្យាបាល​ខាង​វិញ្ញាណ—ពោល​គឺ​របៀប​ពឹងផ្អែក​លើ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទុក​ពេលវេលា និង​កន្លែង​ឲ្យ​ខ្លួនឯង ដើម្បី​ទទួល​ការព្យាបាល​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ទ្រង់ និង​ព្រះវរបិតាសួគ៌ ។

ការទទួល​ព្រះគុណ​របស់​ព្រះអង្គ​សង្រ្គោះ

ព្រះគុណ​គឺ​ជា​ជំនួយ​ដ៏​ទេវភាព ជា​អំណាច​ដែល​ពង្រីក និង​ពង្រឹង និង​ជា​ការព្យាបាល​ខាង​វិញ្ញាណ ។ វា​ជា​អំណោយ​មួយ​ពី​ព្រះវរបិតាសួគ៌​របស់​យើង « ដែល​ប្រទាន​ដល់​យើង​តាមរយៈ​ដង្វាយធួន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

គំរូ​ដែល​ខ្ញុំ​ចូលចិត្ត​អំពី​មនុស្ស​ម្នាក់​ដែល​ចូល​ទៅ​កាន់​អំណាច​ព្យាបាល​របស់​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់​គឺ​អាលម៉ា​ជា​កូន ។ ពេល​ដែល​លោក​ដេក​នៅ​ក្នុង​ស្ថានភាព​សន្លប់​អស់រយៈ​ពេល​បី​ថ្ងៃ លោក​ត្រូវបាន​ញាំញី « ដោយ​ការឈឺ​ចាប់​នៃ​ព្រលឹង​ដែល​ជាប់​ទោស » លោក​បាន​ចងចាំ​ពី​ការបង្រៀន​របស់​ឪពុក​លោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល អាលម៉ា ៣៦:១៦–១៧ ) ។ ដំបូង លោក​ប្រាថ្នា​ចង់បាន​ជំនួយ ហើយ​បន្ទាប់​មក​បែរ​ទៅ​រក​ព្រះគ្រីស្ទ​ដែល​បាន​ផ្លាស់ប្ដូរ​ផ្លូវ​របស់​លោក ហើយ​អនុញ្ញាត​ឲ្យ​លោក​បានជា​ខាង​វិញ្ញាណ ( សូមមើល អាលម៉ា ៣៦:១៨–២២ ) ។

ជំហាន​ដំបូង​ដែល​ខ្ញុំ​ឈាន​ឆ្ពោះ​ទៅ​រក​ការព្យាបាល​ខាង​វិញ្ញាណ គឺ​ការស្វែងរក​បំណង​ប្រាថ្នា​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ព្រះ ។ អាលម៉ា​បាន​បង្រៀន​ខ្ញុំ​ពី​របៀប​ដើម្បី​ចាប់ផ្តើម នៅ​ពេល​លោក​បាន​មាន​ប្រសាសន៍​ថា « អនុវត្ត​សេចក្ដី​ជំនឿ​មួយ​តូច មែន​ហើយ គឺ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​ក៏​ដោយ ក្រៅ​ពី​ការចង់​ជឿ នោះ​សូម​ឲ្យ​ចំណង់​នេះ​មាន​នៅ​ក្នុង​ខ្លួន​អ្នក គឺ​រហូត​ដល់​អ្នក​អាច​ទុក​កន្លែង​មួយ សម្រាប់​ពាក្យ​សម្ដី​របស់​ខ្ញុំ​មួយ​ចុះ » ( អាលម៉ា ៣២:២៧ ) ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ចេញពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​ថា ការបង្រៀន​នេះ​គឺ​ពិត ។

យើង​អាច​អភិវឌ្ឍ​បំណង​ប្រាថ្នា ដាំ​គ្រាប់​ពូជ ( ព្រះបន្ទូល​របស់​ព្រះ ) ហើយ​បីបាច់​គ្រាប់ពូជ​នោះ រហូត​ដល់​វា​ក្លាយ​ជា​អ្វី​ដែល​ពិត និង​ច្បាស់លាស់ ។ នៅ​ទី​បំផុត ផល​នៃ​សេចក្ដី​ជំនឿ​របស់​យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ចេញ​ជា​ផ្លែផ្កា​ឡើង នៅ​ពេល​យើង​ឃើញ​ការផ្លាស់ប្ដូរ​ក្នុង​សកម្មភាព​របស់​យើង មតិ​យោបល់​របស់​យើង ការជឿ​របស់​យើង ចិត្ត​របស់​យើង និង​បន្ទាប់​មក​ព្រលឹង​របស់​យើង ។ សង់​គ្រឹះ​របស់​យើង​នៅលើ​ទ្រង់ ( សូមមើល ហេលេមិន ៥:១២ ) ។

ស្រដៀង​នឹង​បទពិសោធន៍​របស់​អាលម៉ា​ដែរ បំណង​ប្រាថ្នា​របស់​ខ្ញុំ​ក្នុង​ការទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ និង​អំណរ​នៃ​ដំណឹងល្អ​ម្ដង​ទៀត បាន​កំណត់​ការផ្លាស់ប្តូរ​គន្លង​ទាំងមូល​ដែល​នាំ​ខ្ញុំ​ឆ្លង​កាត់​ដំណើរការ​នៃ​ការព្យាបាល ។ ចាប់តាំង​ពី​ពេល​នោះ​មក ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ផ្សះផ្សា​នឹង​អារម្មណ៍​ពី​អតីតកាល​របស់​ខ្ញុំ កាល​ដែល​ខ្ញុំ​បាន​រៀន​ដើម្បី​បោះបង់​ចោល​ការអាក់អន់​ចិត្ត​របស់​ខ្ញុំ​ចំពោះ​ព្រះ ទ្រង់ និង​ភាពទន់ខ្សោយ​របស់​ខ្ញុំ​ផ្ទាល់ ។

ដោយ​សារ​តែ​ទ្រង់ ផ្នែក​ខ្លះ​នៃ​ខ្លួន​ខ្ញុំ​ដែល​ខ្ញុំ​បានគិត​ថា ខ្ញុំ​បាន​បាត់បង់​ទៅ​នៅ​ក្នុង​អ័ព្ទ​នៃ​ការសាកល្បង​របស់​ខ្ញុំ—ដូច​ជា​បុគ្គលិក​លក្ខណៈ​របស់​ខ្ញុំ បំណង​ប្រាថ្នា និង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ដំណឹងល្អ—បាន​ត្រឡប់​មក​ខ្ញុំ​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ពេញលេញ ស្រស់បស់ និង​ស្ដារ​ឡើងវិញ ។

គ្រឹះ​កាន់តែ​រឹងមាំ

ការឈឺចាប់ និង​ឧបសគ្គ​ទាំងឡាយ​បាន​ផ្លាស់ប្ដូរ​ខ្ញុំ ប៉ុន្តែ​ពេល​ខ្ញុំ​បាន​រក​ឃើញ​ការព្យាបាល​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​ពិត​ជា​បាន​សង់​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ឡើង​វិញ​លើ​ទ្រង់ ។ កាល​ដែល​ពេលវេលា​កន្លង​ផុត​ទៅ ហើយ​ខ្ញុំ​ទទួល​ការព្យាបាល ខ្ញុំ​ឃើញ​ថា ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​អាច​រៀន​ដើម្បី​មាន​អំណរ ទោះ​ជា​ខ្ញុំ​មាន​ការលំបាក​ក៏​ដោយ ។ ឥឡូវ​នេះ​ខ្ញុំ​យល់​ថា ផ្នែក​សំខាន់​បំផុត​នៃ​ការឆ្លង​កាត់​ការសាកល្បង​គឺ​មិន​មែន​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ខូចខាត—ឬ​ការឈឺចាប់​ដែល​យើង​ទទួល​នោះ​ទេ—វា​គឺ​ជា​អ្វី​ដែល​កើតឡើង​ក្រោយពី​នោះ កាលដែល​យើង​ដកពិសោធន៍​ការព្យាបាល និង​ការសាងសង់​ឡើង​វិញ​តាមរយៈ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ។

អែលឌើរ ផាទ្រីក ខៀរ៉ុន ក្នុងកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖​« មិត្ត​ជា​ទីស្រឡាញ់ ដែល … បាន​ទទួល​ភាពអយុត្តិធម៌​ក្នុង​ជីវិត—បងប្អូន​អាច​មាន​ការចាប់ផ្ដើម​ថ្មី ។ នៅក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ភ្នំ​លលាដ៏​ក្បាល ព្រះយេស៊ូវ ‹ បាន​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ … រាល់ ការបារម្ភ និង​រាល់​ការរងទុក្ខ​ដែល​បងប្អូន និង​ខ្ញុំ ធ្លាប់ បាន​ដក​ពិសោធន៍ › [ រ័សុល អិម ណិលសុន « The Correct Name of the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៨ ] ហើយ​ទ្រង់​បាន​យកឈ្នះ​លើ​វា​ទាំងអស់ ! »

ដូច្នេះ ចំពោះ​អស់​អ្នក​ដែល​មាន​អារម្មណ៍​ថា​បាក់បែក ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​មាន​ភាពក្លាហាន តោង​ឲ្យ​ជាប់ ហើយ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ និង​អំណាច​ព្យាបាល​របស់​ទ្រង់ ។ ជាមួយ​នឹង​ពេលវេលា ការអត់ធ្មត់ និង​សូម្បី​តែ​បំណង​ប្រាថ្នា​តែ​បន្តិច នោះ​ព្រះគុណ​របស់​ទ្រង់​អាច​ផ្លាស់ប្រែ​បងប្អូន សង់​គ្រឹះ​របស់​បងប្អូន​ឡើង​វិញ និង​ជួយ​បងប្អូន​ឲ្យ​មាន​អារម្មណ៍​ពេញលេញ​ជា​ថ្មី​ម្ដង​ទៀត ។

នោះ​គឺ​ជា​អំណោយ​ដែល​ទ្រង់​ប្រទាន​ដល់​យើង​ម្នាក់ៗ ។

អ្នកនិពន្ធ​មកពី​រដ្ឋ​ណស​ខារ៉ូឡាញណា ស.រ.អា. ។