2024
ការស្វែងរក​ភាពធូរស្បើយ​នៅក្នុង​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ
ខែ កញ្ញា ឆ្នាំ ២០២៤


« ការស្វែងរក​ភាពធូរស្បើយ​នៅក្នុង​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។

ការស្វែងរក ភាពធូរស្បើយ នៅក្នុង​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ ការព្យាបាល សុភមង្គល និង​ភាពធូរស្បើយ ។

ព្រះយេស៊ូវ​នៅឯ​ការយាង​មក​លើក​ទីពីរ

លម្អិត​ចេញពី He Comes Again to Rule and Reign [ ទ្រង់​យាងមក​ម្តងទៀត​ដើម្បី​គ្រប់គ្រង និង​សោយរាជ្យ ] ដោយ ម៉ារី អ័រ សៅអើរ

ការស្វែងរក​ភាពធូរស្បើយ​តាមរយៈ​ទំនាក់ទំនង​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ បាន​ស្ថិត​នៅ​ក្នុង​គំនិត និង​ចិត្ត​របស់​ខ្ញុំ​អស់​មួយ​រយៈ​ហើយ ។ ដូច​ដែល​ព្យាការី​នៃ​ព្រះអម្ចាស់​បាន​បង្រៀន និង​ដាស់​តឿន​យើង​ឲ្យ​រៀន​អំពី​សេចក្ដី​សញ្ញា ព្រះវិហារ​បរិសុទ្ធ និង​អំណាច​បព្វជិតភាព ខ្ញុំ​បាន​ឃើញ​ថា ខ្លួន​ខ្ញុំ​កំពុង​ស្វែងរក កំពុង​ស្រឡាញ់ និង​កំពុង​ទទួលទាន​សេចក្ដីពិត​ដែល​រុំ​ព័ទ្ធ​ដោយ​ថាមពល​នៅ​ក្នុង​សេចក្ដី​សញ្ញា ។

យើង​ត្រូវ​ធ្វើ​ជា​ដៃគូ​ជាមួយ​ព្រះអម្ចាស់​តាម​របៀប​ដ៏​មាន​ឥទ្ធិពល​មួយ​តាម​រយៈ​សេចក្ដី​សញ្ញា​របស់​យើង ។ ទ្រង់​មាន​ព្រះទ័យ​ចង់​គង់​នៅ​ជាមួយ​យើង​ក្នុង​កង្វល់​របស់​យើង និង​ការសម្រេច​ចិត្ត​របស់​យើង ។ យើង​មិន​ចាំបាច់​ដោះស្រាយ​ឧបសគ្គ ទុក្ខព្រួយ អសន្តិសុខ និង​ការឈឺចាប់​ក្នុង​ចិត្ត​នៃ​ជីវិត​តែ​ម្នាក់ឯង​ឡើយ ។ ទ្រង់​នឹង​គង់នៅ​ក្បែរ​យើង ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល ៖ « ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ »​( យ៉ូហាន ១៤:១៨ ) ។

ប្រធាន រ័សុល អិម ណិលសុន បាន​រៀបរាប់​ពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ និង​សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ទ្រង់​ចំពោះ​យើង​នៅ​ពេល​ដែល​លោក​បាន​បង្រៀន​ថា « ផ្លូវ​នៃ​សេចក្តី​សញ្ញា​គឺ​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ » ។ លោក​បាន​មាន​ប្រសាសន៍ ៖ « កាល​បងប្អូន និង​ខ្ញុំ​បាន​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​នោះ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់​ប្រែ​កាន់តែ​ជិតស្និទ្ធ​ជាង​ពីមុន​សេចក្ដី​សញ្ញា​របស់​យើង​ទៅ​ទៀត ។ ឥឡូវ​យើង​បាន​ចង​ភ្ជាប់​ជាមួយ​គ្នា ។ ដោយសារតែ​សេចក្តីសញ្ញា​របស់​យើង​ជាមួយ​ព្រះ នោះ​ទ្រង់​ពុំ​ដែល​នឿយហត់​ក្នុង​ការជួយ​យើង​ឡើយ ហើយ​យើង​នឹង​ទទួលបាន​ការអត់ធ្មត់​ដ៏​មេត្តា​របស់​ទ្រង់​ជាមួយ​យើង​ជានិច្ច ។ យើង​ម្នាក់ៗ​មាន​កន្លែង​ពិសេស​នៅក្នុង​ព្រះទ័យ​របស់​ព្រះ ។ ទ្រង់​មាន​ក្តីសង្ឃឹម​ដ៏​ធំ​សម្រាប់​យើង » ។

ប្រភព​នៃ​សេចក្ដី​សុខសាន្ត​ដ៏​អស្ចារ្យ​បំផុត​របស់​ខ្ញុំ

ក្នុង​នាម​ជា​ស្ដ្រី​ម្នាក់​ដែល​មិន​ទាន់​បាន​រៀបការ​នៅ​ឡើយ ទំនាក់ទំនង​សេចក្ដី​សញ្ញា​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​ជាមួយ​នឹង​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌ និង​ព្រះអង្គ​សង្រ្គោះ​របស់​ខ្ញុំ​មាន​ទីកន្លែង​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​ធ្លាប់់​ជា និង គឺជា ប្រភព​នៃ​ភាពធូរស្បើយ និង​សេចក្ដី​សុខសាន្ត​ដ៏​អស្ចារ្យ​បំផុត​របស់​ខ្ញុំ ។ មិន​ថា​ស្ថានភាព ឬ​សាវតារ​អាពាហ៍ពិពាហ៍​របស់​យើង​យ៉ាង​ណា​ទេ ព្រះអម្ចាស់​មាន​ព្រះរាជ​បំណង​ប្រាថ្នា​ឲ្យ​យើង​ធ្វើ​ជា​ដៃគូ​ជាមួយ​ទ្រង់​តាម​របៀប​ដ៏​មាន​ឥទ្ធិពល​មួយ—គឺ​ត្រូវ​ធ្វើ​ជា « មួយ » ( នីហ្វៃទី៣ ១៩:២៣ ) ជាមួយ​ទ្រង់​នៅ​ក្នុង « គ្រប់​កិច្ចការ [ របស់​យើង ] » ( អាលម៉ា ៣៧:៣៧ ) ។ នៅ​ពេល​យើង​អំពាវនាវ​ដល់​ព្រះអម្ចាស់​ទូល​សូម​ការគាំទ្រ ហើយ « ចូរ ដាក់​ចិត្ត​មេត្រី [ របស់​យើង ] ទៅ​លើ​ព្រះអម្ចាស់​ដរាប​ត​ទៅ » ( អាលម៉ា ៣៧:៣៦ បាន​បន្ថែម​ការសង្កត់​ន័យ ) ជីវិត​របស់​យើង​អាច​ពោរពេញ​ដោយ​ចំណង​នៃ​សេចក្ដី​សញ្ញា​ដ៏​ស្រស់ស្អាត​នេះ ។

តាម​រយៈ​ព្រះអង្គ​សង្រ្គោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​ទទួល​បាន​ភាពធូរស្បើយ​ពី​ការដោះស្រាយ​ឧបសគ្គ​ក្នុង​ជីវិត​តែ​ម្នាក់​ឯង ។

យើង​ទាំងអស់​គ្នា​មាន​កង្វល់ និង​តម្រូវការ​នានា​ដែល​យើង​អាច​មាន​អារម្មណ៍​ថា​យើង​នៅ​តែ​ឯង​​ក្នុង​ស្ថានភាព​ទាំងនោះ ។ ទ្រង់​ខ្វល់ខ្វាយ​អំពី​កង្វល់​របស់​យើង មិន​ថា​ធំ​ឬ​តូច​ប៉ុនណា​នោះ​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​ត្រូវការ​ជំនួយ​របស់​ទ្រង់ នៅ​ពេល​ខ្ញុំ​ព្រួយបារម្ភ​អំពី​រឿង​ដែល​មើលទៅ​​តូចតាច ដូច​ជា​មិត្តភក្តិ​ដែល​តែងតែ​មាន​វត្តមានជានិច្ច ដែល​ខ្ញុំ​ហៅ​ថា « ការជួសជុល​ផ្ទះ » ។ ដោយ​មិនមាន​ស្វាមី​ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ ខ្ញុំ​អាច​ព្រួយ​បារម្ភ​តែ​ម្នាក់​ឯង​អំពី​អ្នក​ម៉ៅការ​ដែល​ល្អ តម្លៃ​សមរម្យ យក​ពេល​ពី​ការងារ​ដើម្បី​នៅ​ផ្ទះ ហើយ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ដ៏​ល្អ​លើ​ហិរញ្ញវត្ថុ និង​ផ្ទះ​របស់​ខ្ញុំ ។ វា​ជា​ជ័យជំនះ​មួយ ដែលកាល​ពី​ថ្ងៃ​មុន​ខ្ញុំ​បាន​ជួសជុល​ទ្វារ​ការ៉ាស់​ឡាន​របស់​ខ្ញុំ ! ព្រះអម្ចាស់​បាន​ឮ​កង្វល់​របស់​ខ្ញុំ ។ ហើយ​ទោះ​កង្វល់​នោះ​តូច បើ​គិត​ក្នុង​សារៈសំខាន់​នៃ​ភាពអស់កល្ប​ក្ដី ក៏​ទ្រង់​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​ខ្ញុំ​ដែរ ។ ដោយ​របៀប​ណា​ទៅ ? តាម​រយៈ​អ្នក​ជិត​ខាង​ដ៏​សប្បុរស ជំនួយ​ពី​ព្រះវិញ្ញាណ និង​វីដេអូ​មួយ​នៅ​លើ​យូធូប ខ្ញុំ​បាន​ទទួល​ពរ​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ជួសជុល​ទ្វារ​នោះ ។

បើ​ព្រះអម្ចាស់​យក​ព្រះទ័យ​ទុក​ដាក់​នឹង​សេចក្ដី​ត្រូវការ​ដ៏​តូច​នោះ សូម​ស្រមៃ​ពី​ព្រះរាជ​បំណង​ប្រាថ្នា​របស់​ទ្រង់​ក្នុង​ការប្រទាន​ពរ និង​ទ្រទ្រង់​យើង​ក្នុង​បញ្ហា​ដ៏​ធំ​ជាង​នេះ​នៃ​ចិត្ត និង​ព្រលឹង ដែល​មាន​មិន​តិច​នោះ​ទេ ៖ ការរំលោភ​បំពាន ការញៀន ការលំបាក​ក្នុង​ទំនាក់ទំនង​គ្រួសារ ការបាត់បង់ និង​ការខកចិត្ត ការប្រឈម​មុខ​នឹង​សុខភាព​ផ្លូវ​ចិត្ត និង​រាងកាយ​ជា​បន្ត​បន្ទាប់ វិបត្តិ​ហិរញ្ញវត្ថុ ការព្រួយ​បារម្ភ​ជានិច្ច​ក្នុង​នាម​ជា​ឪពុក​ម្ដាយ ការព្រួយ​បារម្ភ​ជា​និច្ច​ក្នុង​ការថែទាំ​ឪពុក​ម្ដាយ ការលំបាក​ជាមួយ​នឹង​សេចក្ដី​ជំនឿ​ផ្ទាល់​ខ្លួន កូន ឬ​ស្វាមី ឬ​ភរិយា​ដែល​ជ្រើសរើស​មិន​ចូលរួម​ក្នុង​ដំណឹងល្អ ។

ក្នុង​អំឡុង​ពេល​ភាពធ្ងន់ធ្ងរ និង​ភាពទន់ខ្សោយ​នៃ​ជីវិត ខ្ញុំ​បាន​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ និង​កាន់​ខ្ជាប់​ទៅ​នឹង​ទំនាក់ទំនង​សេចក្តី​សញ្ញា​របស់​ខ្ញុំ​ជាមួយ​ព្រះ ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ទុក​ចិត្ត​លើ​ការថែទាំ​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ និង​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ឧទ្ទិស​ជីវិត​ខ្ញុំ​ថ្វាយ​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​នូវ​ភាពធូរស្បើយ​តាម​រយៈ​អំណាច​បព្វជិតភាព​របស់​ទ្រង់ ហើយ​ទ្រង់​ជា​អ្នក​ផ្គត់ផ្គង់​របស់​ខ្ញុំ​ក្នុង​តម្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​ខ្ញុំ ។ ទ្រង់​បាន​ប្រទាន​ភាពធូរស្បើយ​ពី​ការភ័យខ្លាច ភាពធូរស្បើយ​ពី​អសន្តិសុខ ភាពធូរស្បើយ​ពី​ភាពឆ្មើងឆ្មៃ ភាពធូរស្បើយ​ពី​អំពើ​បាប ភាពធូរស្បើយ​ពី​ភាព​ឯកោ ភាពធូរស្បើយ​ពី​ទុក្ខសោក ។

ប្រធាន ណិលសុន បាន​បង្រៀន​ជាមួយ​នឹង​ភាពច្បាស់លាស់ និង​ការធានា​ថា « រង្វាន់​នៃការរក្សា​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះ​គឺជា​ព្រះចេស្តា​មក​ពី​ស្ថានសួគ៌—ពោល​គឺ​ព្រះចេស្តា​ដែល​ពង្រឹង​យើង​ឲ្យ​កាន់តែ​ខ្លាំង​ទប់ទល់​នឹង​ការសាកល្បង ការល្បួង និង​ការឈឺចាប់​ទាំងឡាយ​របស់​យើង » ។

តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ យើង អាច ទទួល​បាន​ភាពធូរស្បើយ​ពី​ការដោះស្រាយ​ឧបសគ្គ​ក្នុង​ជីវិត​តែ​ម្នាក់​ឯង ។

ស៊ីស្ទើរ យី ជាមួយ​បងប្អូន​ស្ត្រី​ពី​នាក់​ទៀត

ស៊ីស្ទើរ យី ជាមួយ​បងប្អូន​ស្ត្រី​ពីរ​នាក់​នៅ​ប្រទេស​មីក្រូនេស៊ី ដែល​កំពុង​ចិញ្ចឹម​កូនៗ​ដែល​ត្រូវ​ឪពុក​ម្ដាយ​បោះបង់​ចោល ។

បងប្អូន​ស្ត្រី « នៅលើ​កោះ​នានា​ក្នុង​សមុទ្រ »

នៅ​ពេល​ដែល​ខ្ញុំ​បាន​ជញ្ជឹងគិត​ពី​ពរជ័យ​នៃ​ចំណង​សេចក្តី​សញ្ញា​ដែល​យើង​មាន​ជាមួយ​ព្រះ ខ្ញុំ​បាន​គិត​អំពី​ការចាត់តាំង​របស់​ខ្ញុំ​ដើម្បី​ទៅ​ទស្សនកិច្ច​តំបន់​អាស៊ី​ខាង​ជើង ។

ខ្ញុំ​មាន​ឯកសិទ្ធិ​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តូចៗ​ក្នុង​រដ្ឋ​ឈូក​ក្នុង​ប្រទេស​មីក្រូនេស៊ី ដែល​មាន​ចម្ងាយ​ប្រហែល ១៥០០ ម៉ាលស៍ ( ២៤០០ គម ) ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ជប៉ុន ។ បងប្អូន​ស្រីពីរ​នាក់​នៅលើ​កោះ​វិណូ ឈូក បាន​លះបង់​ជីវិត​ចិញ្ចឹម​កូនៗ​ដែល​ឪពុក​ម្តាយ​បោះបង់​ចោល ។ បងប្អូន​ស្រី​ទាំង​ពីរ​នាក់​នេះ​មាន​អារម្មណ៍​ថា​វា​សំខាន់​ក្នុង​ការចិញ្ចឹម​កូនៗ​ទាំង​នេះ​នៅ​ក្នុង​ដំណឹងល្អ ។ បងប្អូន​ស្រី​ម្នាក់​​គឺ​នៅ​លីវ ហើយ​ធ្វើការ​ពេញ​ម៉ោង​ជា​ទីប្រឹក្សា​សាលា ។

ខ្ញុំ​បាន​ចែកចាយ​ជាមួយ​ពួកគាត់​នូវ​សារលិខិត​របស់​ប្រធាន ណិលសុន ទៅ​កាន់​បងប្អូន​ស្រី​នៃ​សាសនាចក្រ ដែល​ថា យើង​ស្រឡាញ់​បងប្អូន បងប្អូន​ចាំបាច់ និង​មាន​តម្លៃ​ណាស់ ។

ប្អូនស្រី​ដែល​នៅលីវ​ដ៏​ស្រស់​ស្អាត​ដែល​កំពុង​ចិញ្ចឹម​ក្មួយស្រី និង​ក្មួយប្រុស​របស់​នាង បាន​ស្រក់​ទឹក​ភ្នែក ហើយ​បាន​និយាយ​ថា នាង​មិន​មាន​អារម្មណ៍​ថា​មាន​តម្លៃ​ទេ​ពេល​ថ្មីៗ​នេះ នាង​មាន​អារម្មណ៍​ថា​ត្រូវ​គេ​បំភ្លេចចោល ។ ប៉ុន្តែ​នាង​បាន​ថ្លែង​ទីបន្ទាល់​ថា នាង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់ និង​ការយល់​របស់​ព្រះ​ចំពោះ​នាង នៅ​ក្នុង​ពាក្យ​សម្ដី​របស់​ព្យាការី​ថា​នាង​ពិត​ជា « មាន​តម្លៃ » ហើយ​នាង​បាន​ដឹង​ថា​វា​ពិត ។ នាង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ប្រកប​ដោយ​ការព្យាបាល​របស់​ព្រះ នាង​មាន​អារម្មណ៍​ធូរស្បើយ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា យើង​គឺជា​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក​បាន​បង្កើត​មនុស្ស​ទាំង​អស់ ហើយ​យើង​ចាំ​ពួក​អ្នក​ដែល​នៅ​លើ​កោះ​នានា​ក្នុង​សមុទ្រ ? » ( នីហ្វៃទី២ ២៩:៧ ) ។

ព្រះវរបិតាសួគ៌​និង​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគាត់​ស្គាល់​បងប្អូន​ស្រី​ទាំង​នេះ ។ ពួកគាត់​មិន​ឯកោ​ទេ ។ ហើយ​បងប្អូន និង​ខ្ញុំ​ក៏​មិន​ឯកោ​ដែរ​នៅ​ក្នុង​ការសាកល្បង និង​ឧបសគ្គ​របស់​យើង ។ ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជូន​ខ្ញុំ​ប្រហែល​ជា ៨៥០០ ម៉ាលស៍ ( ១៣៧០០ គម ) តាម​យន្តហោះ រថភ្លើង រថយន្ត និង​ទូក ដើម្បី​នាំ​សេចក្ដី​ស្រឡាញ់ និង​ភាពធូរស្បើយ​របស់​ព្រះ​ទៅ​កាន់ « ម្នាក់​នោះ » នៅ​លើ​កោះ​នានា​ក្នុង​សមុទ្រ ។ ដូច្នេះ​ហើយ​ទ្រង់​នឹង​រកឃើញ​បងប្អូន និង​ខ្ញុំ​នៅ​លើ​កោះ​ផ្ទាល់​ខ្លួន​របស់​យើង ជា​កន្លែង​ដែល​យើង​អាច​មាន​អារម្មណ៍​ឯកោ​ក្នុង​កង្វល់ និង​បន្ទុក​ដែល​យើង​មាន​ក្នុង​ចិត្ត​របស់​យើង ។ ទ្រង់​មាន​វត្តមាន និង​ត្រៀម​ព្រះកាយ​ជា​ស្រេច​ដើម្បី​ប្រទាន​ពរ ណែនាំ និង​លួងលោម​យើង ។

« បិតា​អាច​មករក​កូន​បាន »

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ធ្លាប់​រៀបរាប់​ពី​បទពិសោធន៍​របស់​ម្ដាយ​វ័យ​ក្មេង​ម្នាក់​ដែល​លែងលះ​គ្នា « មាន​កូន​ប្រាំពីរ​នាក់ ដែល​ពេល​នោះ​មាន​អាយុ​ចាប់​ពី ៧ ឆ្នាំ ដល់ ១៦ ឆ្នាំ ។ នាង​បាន​និយាយ​ថា នៅ​ល្ងាច​មួយ​នាង​បាន​ដើរ​ឆ្លង​ផ្លូវ​ដើម្បី​យក​អ្វី​មួយ​ទៅ​ឲ្យ​អ្នកជិតខាង​ម្នាក់ » ។ នេះ​ជា​ពាក្យ​សម្តី​របស់​នាង តាម​ដែល​លោក​នឹក​ឃើញ ៖

« ពេល​ខ្ញុំ​ងាក​ក្រោយ​ដើម្បី​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​អាច​មើល​ឃើញ​ភ្លើង​ភ្លឺ​នៅ​ផ្ទះ​របស់​ខ្ញុំ ។ ខ្ញុំ​អាច​ឮ​សំឡេង​កូនៗ​របស់​ខ្ញុំ​ពេល​ខ្ញុំ​ដើរ​ចេញ​មក​ពីរ​បី​នាទី​មុន​នេះ ។ ពួកគេ​និយាយ​ថា ៖ ‹ ម៉ាក់ តើ​យើង​មាន​អ្វី​ញ៉ាំ​សម្រាប់​អាហារ​ពេល​ល្ងាច ? › ‹ តើ​ម៉ាក់​អាច​នាំ​ខ្ញុំ​ទៅ​បណ្ណាល័យ​បាន​ទេ ? › ‹ ខ្ញុំ​ត្រូវការ​ក្រដាស​បដា​មួយ​ចំនួន​នៅ​យប់​នេះ › ។ ដោយ​នឿយហត់ និង​អស់កម្លាំង ខ្ញុំ​បាន​មើល​ទៅ​ផ្ទះ​នោះ ហើយ​បាន​ឃើញ​ពន្លឺ​នៅ​ក្នុង​បន្ទប់​នីមួយៗ ។ ខ្ញុំ​បាន​គិត​អំពី​កូនៗ​ទាំងអស់​ដែល​នៅ​ផ្ទះ​រង់ចាំ​ខ្ញុំ​មក​បំពេញ​តម្រូវការ​របស់​ពួកគេ ។ បន្ទុក​របស់​ខ្ញុំ​មាន​អារម្មណ៍​ថា​ធ្ងន់​ជាង​ដែល​ខ្ញុំ​អាច​ទ្រាំ​បាន ។

« ខ្ញុំ​ចាំ​មើល​ពី​ការសម្លឹង​ទៅ​លើ​មេឃ​ទាំង​ទឹកភ្នែក ហើយ​ខ្ញុំ​បាន​និយាយ​ថា ‹ ឱ ព្រះវរបិតា​អើយ កូន​មិន​អាច​ធ្វើ​វា​បាន​ទេ​នៅ​យប់​នេះ ។ កូន​ហត់​ខ្លាំងណាស់ ។ កូន​មិន​អាច​ប្រឈម​នឹង​វា​បាន​ទេ ។ កូន​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ថែ​ទាំ​កូនៗ​ទាំងអស់​នោះ​តែ​ម្នាក់​ឯង​បាន​ទេ ។ តើ​កូន​អាច​មក​រក​ទ្រង់ ហើយ​នៅ​ជាមួយ​ទ្រង់​តែ​មួយ​យប់​នេះ​បាន​ទេ ? … ›

« ខ្ញុំ​មិន​បាន​ឮ​បន្ទូល​ឆ្លើយ​តប​ទេ តែ​ខ្ញុំ​ឮ​នៅក្នុង​គំនិត​របស់​ខ្ញុំ ។ ចម្លើយ​គឺ ៖ ‹ ទេ កូនតូច​អើយ កូន​មិន​អាច​មក​ឯ​បិតា​ឥឡូវ​នេះ​បាន​ទេ ។ … តែ​បិតា​អាច​មករក​កូន​បាន › » ។

« បិតា​អាច​មករក​កូន​បាន » ។ ទ្រង់​បាន​មក​រក​នាង ហើយ​ទ្រង់​នឹង​មក​រក​បងប្អូន និង​ខ្ញុំ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​បាន​មករក​ស្ត្រី​នៅ​ឯ​អណ្តូង​ដែល​នាង​បាន​ធ្វើ​ការ និង​នឿយហត់​ពេញ​មួយ​ថ្ងៃ ( សូមមើល យ៉ូហាន ៤:៣–៤២ ) ។ ទ្រង់​បាន​លើក​ទឹក​ចិត្ត​នាង បង្រៀន​នាង បាន​ប្រកាស​ពី​ភាពជា​ព្រះមែស៊ី​របស់​ទ្រង់​ចំពោះ​នាង ហើយ​បាន​ស្រឡាញ់​នាង ប្រហែល​ជា​នៅ​ពេល​ដែល​នាង​មិន​ស្រឡាញ់​ខ្លួន​ឯង ។ ចំពោះ​ស្ត្រី​ដែល​នៅ​អណ្ដូង​នោះ ចំពោះ​ម្តាយ​វ័យ​ក្មេង​ដែល​មាន​កូន​ប្រាំពីរ​នាក់ ចំពោះ​បងប្អូន និង​ខ្ញុំ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ត្រៀម​ព្រះកាយ​ជា​ស្រេច​ដើម្បី​ប្រទាន​ភាពធូរស្បើយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​អាច​ទទួល​បាន​ភាពធូរស្បើយ​តាមរយៈ​ចំណង​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះ​ដែល​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ។

ប្រហែល​ដូច​ជា​ខ្ញុំ​ដែរ បងប្អូន​បាន​អង្វរ​សូម​ជំនួយ ដើម្បី​កុំ​ឲ្យ​នៅ​ម្នាក់ឯង ក្នុង​អំឡុង​ពេល​ដែល​មាន​ការទាមទារ​បំផុត​ខាង​អារម្មណ៍ ខាង​រាងកាយ និង​ខាង​វិញ្ញាណ​នៅក្នុង​ជីវិត​របស់​បងប្អូន ។ ពេលវេលា​ដ៏​លូតលាស់​ដ៏​ខ្លាំងក្លា​ទាំង​នេះ​បាន​បន្សល់​ទុក​នូវ​អ្វី​ដែល​ខ្ញុំ​ហៅ​ថា « ស្នាម​សង្វារ​ខាង​វិញ្ញាណ » នៅ​លើ​ព្រលឹង ។ ប៉ុន្តែ​ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ទ្រង់​បាន​បី​ខ្ញុំ ហើយ​ទ្រង់​នឹង​បី​បងប្អូន ។ ទ្រង់​បាន​ចារឹក​យើង​ទុក​នៅ​លើ​បាតព្រះហស្ត​របស់​ទ្រង់ ( សូមមើល អេសាយ ៤៩:១៦; នីហ្វៃទី១ ២១:១៦ ) ។ ទ្រង់​គង់​នៅ​ទី​នោះ នៅ​ពេល​ដែល​បងប្អូន​ព្យាយាម « មាន​ភាពសុចរិត​នៅ​ក្នុង​ទីងងឹត » ។ ទ្រង់​មិន​បាន​បោះបង់​ខ្ញុំ​ចោល​ឡើយ ហើយ​ទ្រង់​ក៏​នឹង​មិន​បោះបង់​បងប្អូន​ដែរ ។ ហើយ​ខ្ញុំ​នឹង​ស្រឡាញ់​ទ្រង់​ជា​រៀង​រហូត ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ ប្រភព​នៃ​សេចក្តី​ស្រឡាញ់​ដ៏​បរិសុទ្ធ ការព្យាបាល សុភមង្គល និង​ភាពធូរស្បើយ ត្រូវបាន​រកឃើញ នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​ជា​ភាពធូរស្បើយ ។

ទ្រង់​មាន​ព្រះរាជ​បំណង​ប្រាថ្នា​ចង់​ថែ​រក្សា​បងប្អូន ប្រទាន​ពរ និង​អភ័យទោស​ដល់​បងប្អូន ។ ទ្រង់​បាន​យាង​មក​ដើម្បី​គោលបំណង​នេះ​ឯង ដើម្បី​ប្រទាន​ដល់​បងប្អូន​នូវ​ភាពធូរស្បើយ​ដ៏​ចាំបាច់​ដែល​បងប្អូន​ស្វែងរក ។ ទ្រង់​ជា​ព្រះប្រោសលោះ​នៃ​ពិភពលោក ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ថា​ទ្រង់​ស្រឡាញ់​បងប្អូន ។

ដកស្រង់​ចេញពី​សុន្ទរកថា​សន្និសីទ​ស្ត្រី​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅ​ថ្ងៃ​ទី ៣ ខែ ឧសភា ឆ្នាំ ២០២៣ ។