« មានអំណរគុណចំពោះព្យាការីម្នាក់ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។
សម្រាប់មាតាបិតា
មានអំណរគុណចំពោះព្យាការីម្នាក់
ប្រធាន រ័សុល អិម ណិលសុន ស្វាគមន៍ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅទីក្រុងឃូណា រដ្ឋហាវ៉ៃ កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងដំណើរទស្សនកិច្ចការងារបម្រើរបស់លោកនៅប៉ាស៊ីហ្វិក ។
ជូនចំពោះមាតាបិតា
នៅខែនេះប្រធាន រ័សុល អិម ណិលសុន ប្រារព្ធខួបកំណើតលើកទី ១០០ របស់លោក ។ អត្ថបទក្នុងច្បាប់នេះគូសបញ្ជាក់ពីរបៀបដែលលោក និងព្យាការីដទៃទៀតចង្អុលបង្ហាញយើងទៅកាន់ព្រះយេស៊ូវគ្រីស្ទ ។
វិធីមួយដែលយុវវ័យអាចធ្វើតាមព្យាការីគឺដោយការឆ្លើយតបទៅនឹងការអញ្ជើញរបស់លោកឲ្យចូលរួមថ្នាក់សិក្ខាសាលាជាទៀងទាត់ ហើយអានព្រះគម្ពីរជារៀងរាល់ថ្ងៃ ។ លោកបានសន្យានូវពរជ័យដ៏អស្ចារ្យដល់អ្នកដែលធ្វើដូច្នោះ រួមមានការរៀនទទួលវិវរណៈផ្ទាល់ខ្លួន ស្វែងរកចម្លើយចំពោះសំណួរដ៏លំបាកៗក្នុងជីវិត និងមកស្គាល់ព្រះអង្គសង្គ្រោះ ។ តើកូនជំទង់ៗរបស់បងប្អូនបានឮការអញ្ជើញពីព្យាការីនេះឬទេ ? សូមចូលទៅកាន់ seminary.ChurchofJesusChrist.org ដើម្បីស្វែងរកព័ត៌មានបន្ថែមទៀត ។
ការពិភាក្សាអំពីដំណឹងល្អ
ចងចាំសេចក្ដីសញ្ញារបស់បងប្អូន
នៅក្នុងអត្ថបទរបស់ប្រធាន ជែហ្វ្រី អ័រ ហូឡិន នៅ ទំព័រ ៤ យើងរៀនពីរបៀបដែលការរក្សាសេចក្ដីសញ្ញារបស់យើង និងការពាក់សម្លៀកបំពាក់ពិសិដ្ឋនៃបព្វជិតភាពបរិសុទ្ធបន្ទាប់ពីយើងទទួលអំណោយទានពិសិដ្ឋ ផ្ដល់ដល់យើងនូវការការពារ ហើយរក្សាយើងឲ្យនៅជិតព្រះវិញ្ញាណ ។ បងប្អូនអាចចែកចាយជាមួយគ្រួសាររបស់បងប្អូននូវការដកស្រង់ពីអត្ថបទនោះ ហើយពិភាក្សាអំពីរបៀបដែលការពាក់សម្លៀកបំពាក់ពិសិដ្ឋ « គឺជាការបង្ហាញចេញមកខាងក្រៅនូវការតាំងចិត្តខាងក្នុងខ្លួន » ។ តើការបង្ហាញចេញមកខាងក្រៅអ្វីខ្លះដែលយើងធ្វើ ដើម្បីបង្ហាញពីការតាំងចិត្តរបស់យើងក្នុងការធ្វើជាសិស្ស ?
គោរពតាមព្រះបញ្ញត្តិទាំងឡាយ
អែលឌើរ អាយស៊ីក ខេ ម៉ូរីសុន បានសូមសារផ្ទាល់ខ្លួនមួយពីប្រធាន ណិលសុន សម្រាប់ភរិយា និងកូនៗរបស់លោក ។ ការឆ្លើយតបរបស់ព្យាការីគឺ « កាន់តាមបញ្ញត្តិ » ។ ( សូមមើល ទំព័រ ២០ ) ។ បងប្អូនអាចសួរកូនៗរបស់បងប្អូន ៖ តើជម្រើសរបស់កូនអាចខុសគ្នាយ៉ាងដូចម្ដេច ប្រសិនបើព្យាការីអង្គុយនៅតុជាមួយកូន ហើយសុំឲ្យកូនកាន់តាមបញ្ញត្តិនោះ ?
ធ្វើតាមព្យាការី
ប្រធាន ណិលសុន ឈានចូលអាយុ ១០០ ឆ្នាំ ក្នុងខែនេះ ! ប្រធាន ដាល្លិន អេក អូក ចែកចាយមេរៀនមួយចំនួនដែលលោកបានរៀនពីព្យាការី ( សូមមើល ទំព័រ ១២ ) ។ តើកូនៗរបស់បងប្អូនបានរៀនអ្វីខ្លះពីព្យាការី ? តើមានសុន្ទរកថា ឬការប្រជុំធម្មនិដ្ឋានជាក់លាក់ណាមួយដែលលេចធ្លោចំពោះពួកគេដែរឬទេ ? ចែកចាយគំនិតរបស់បងប្អូន ។ បងប្អូនអាចមើលសារវីដេអូពីលោក ។