« សម្លៀកបំពាក់ពិសិដ្ឋនៃបព្វជិតភាពបរិសុទ្ធ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។
សម្លៀកបំពាក់ពិសិដ្ឋនៃបព្វជិតភាពបរិសុទ្ធ
ជាផ្នែកមួយនៃអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ យើងត្រូវបានផ្ដល់ឲ្យនូវការរំឭកខាងរាងកាយដ៏ពិសិដ្ឋមួយអំពីសេចក្ដីសញ្ញារបស់យើង —ដែលជានិមិត្តរូបមួយអំពីព្រះអង្គសង្រ្គោះផ្ទាល់ ។
រូបភាព លោកអ័ដាម និងនាងអេវ៉ា ដោយ ដូក្លាស អិម ហ្វ្រាយ័រ
ដោយមិនគិតអំពីការរៀបចំដែលពួកគាត់ត្រូវបានប្រទានឲ្យដោយគ្មានការសង្ស័យ និងការធានាអះអាងដែលពួកគាត់បានព្យាយាមចង់ចាំ ក៏វាប្រកដជាការភ្ញាក់ផ្អើលដ៏អស្ចារ្យមួយចំពោះលោកអ័ដាម និងនាងអេវ៉ា នៅក្នុងការចាកចេញពីសួនច្បារអេដែនដែលដូចស្ថានសួគ៌របស់ពួកគាត់ ហើយឈានចូលទៅក្នុងពិភពលោកដែលធ្លាក់មួយ ។
ដោយមានការយល់ដឹងដ៏ឧឡារិក ពួកគាត់បានដឹងថាតើការដោះដូរជីវិតដ៏ស្ងប់ស្ងាត់ គ្មានទុក្ខព្រួយរបស់ពួកគាត់ជាមួយនឹងពិភពលោកនៃការផ្ទុយ និងការបែកញើស បន្លា និងទុក្ខព្រួយ—ដែលនៅទីបំផុតបន្តដោយអ្វីដែលហៅថាមរណភាពនោះ មានន័យយ៉ាងណា ។ ពួកគាត់មិនអាចដឹងពីអត្ថន័យនៃការណ៍ទាំងអស់នេះបានទេពីដំបូង ប៉ុន្តែមិនយូរប៉ុន្មានពួកគាត់បានដឹងថា ថ្ងៃនីមួយៗអាចនាំមកនូវការឈឺចាប់ថ្មីមួយ ។ ជាការពិត អ្វីដែលឈឺចាប់បំផុតនោះគឺការដឹងថាពួកគាត់នឹងប្រឈមមុខនឹងការបែកចេញពីព្រះវរបិតាដែលនៅស្ថានសួគ៌របស់ពួកគាត់—« ត្រូវបានបិទចេញពីវត្តមានរបស់ទ្រង់ » ដែលម៉ូសេបានកត់ត្រាទុកនៅពេលក្រោយមក ។
ដោយសារការបែកបាក់គ្នា និងភាពឯកោនេះនៅក្នុងពិភពដ៏ត្រជាក់ និងគួរឲ្យសោកសៅ នោះឱ ជាការលួងលោមចិត្តយ៉ាងណាសម្រាប់លោកអ័ដាម និងនាងអេវ៉ា ក្នុងការចងចាំរឿងមួយ ៖ ថាការសន្យាទាំងឡាយត្រូវបានធ្វើឡើង—ជាអ្វីដែលពិសិដ្ឋ និងអស់កល្បជានិច្ច ដែលហៅថាសេចក្ដីសញ្ញា ។ ពួកគាត់បានសន្យាថា ពួកគាត់នឹងគោរពតាមព្រះវរបិតាពេញមួយជីវិតរបស់ពួកគាត់ ហើយទ្រង់បានសន្យាថា នឹងប្រទានព្រះអង្គសង្គ្រោះមួយអង្គ ដែលនឹងសម្រាលការឈឺចាប់ និងទុក្ខសោករបស់ពួកគាត់ ធ្វើដង្វាយធួនសម្រាប់កំហុសរបស់ពួកគាត់ ហើយនាំពួកគាត់ត្រឡប់មកកាន់វត្តមានរបស់ទ្រង់វិញដោយសុវត្ថិភាព ។
ប៉ុន្ដែ តើមនុស្សរមែងស្លាប់ទាំងនេះនឹងចងចាំពីអ្វីដែលពួកគាត់បានសន្យាយ៉ាងដូចម្ដេចទៅ ? តើពួកគាត់នឹងនៅតែដឹងពីស្ថានភាពគ្រោះថ្នាក់របស់ពួកគាត់—ដឹងគ្រប់ពេល ទាំងថ្ងៃ ទាំងយប់យ៉ាងដូចម្តេចទៅ ?!
ការរំឭកអំពីសេចក្ដីសញ្ញារបស់ពួកគាត់
សម្រាប់ការរំឭកបែបនេះ ទ្រង់បានប្រទាន « អាវពីស្បែក » ឲ្យពួកគាត់ ។ ឱ នេះជាអំណោយមួយ ហើយវាទាន់ពេលម្ល៉េះ ។ បន្ទាប់ពីបានទទួលទានផ្លែឈើហាមឃាត់នោះ លោកអ័ដាម និងនាងអេវ៉ា ស្ទើរតែដឹងច្បាស់ភ្លាមៗថា ពួកគាត់អាក្រាតកាយ ។ ដំបូង ពួកគាត់បានព្យាយាមគ្របដណ្តប់ភាពអាក្រាតកាយរបស់ពួកគាត់ដោយស្លឹកល្វា ។ បន្ទាប់មក ដោយភ័យខ្លាចថាមិនគ្រប់គ្រាន់ នោះពួកគាត់បានព្យាយាមលាក់ខ្លួនពីព្រះអម្ចាស់ ។ ( ការខិតខំដ៏ល្ងង់ខ្លៅបែបនេះគឺភស្តុតាងថា ជីវិតរមែងស្លាប់បានចាប់ផ្ដើមហើយ ! ) ចាប់តាំងពីពេលនោះមកដល់បច្ចុប្បន្ននេះ ព្រះវរបិតាដ៏ពោរពេញដោយសេចក្ដីស្រឡាញ់បានអញ្ជើញបុត្ររបស់ទ្រង់ឲ្យចេញមកពីការលាក់ខ្លួន ហើយមកឯទ្រង់ ។ ហើយដូចជាអាវស្បែកនៅពេលនោះ និងសម្លៀកបំពាក់ផ្សេងៗទៀតចាប់តាំងពីពេលនោះមក នៅក្នុងសេចក្តីមេត្តាករុណារបស់ទ្រង់ ទ្រង់មិនបានទុកឲ្យយើងនៅអាក្រាតកាយទេ ប៉ុន្តែបានបំពាក់ដល់អ្នកគោរពប្រតិបត្តិដោយ « អាវជាសេចក្តីសុចរិត » ជាការរំឭកអំពីការសន្យា និងសេចក្តីសញ្ញារបស់យើង ។ « សម្លៀកបំពាក់នៃសេចក្តីសង្គ្រោះ » ទាំងនេះជានិមិត្តរូបនៃអំណោយដ៏អស្ចារ្យបំផុតនៃអំណោយទាំងអស់ គឺដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
សម្លៀកបំពាក់ពិសិដ្ឋជានិមិត្តរូបអំពីព្រះអង្គសង្រ្គោះ
មែនហើយ ការគិតទាំងអស់នេះអំពីលោកអ័ដាម និងនាងអេវ៉ា ព្រមទាំងសេចក្តីសញ្ញា និងសម្លៀកបំពាក់ ពិតណាស់ គឺច្រើនជាងលំហាត់ខាងផ្លូវចិត្តទៅទៀត ។ វាមិនពិបាកដើម្បីស្រមៃពីអារម្មណ៍របស់លោកអ័ដាម និងនាងអេវ៉ានោះទេ ពីព្រោះយើងក៏ប្រឈមមុខនឹងបញ្ហានៅក្នុងពិភពលោកដែលធ្លាក់នេះផងដែរ ។ យើងក៏ត្រូវបានបំបែកចេញពីវត្តមានរបស់ព្រះដែរ ហើយយើងធ្វើឲ្យខ្លួនយើងកាន់តែឃ្លាតឆ្ងាយ គ្រប់ពេលដែលយើងធ្វើអំពើរំលង ។ ដូចជាលោកអ័ដាម និងនាងអេវ៉ាដែរ យើងបានទទួលព្រះអង្គសង្រ្គោះដដែលនោះ គឺព្រះយេស៊ូវគ្រីស្ទពីស្រុកណាសារ៉ែត អាលផា និងអូមេកា ជាព្រះរាជបុត្រានៃព្រះដែលមានព្រះជន្មរស់ ។ ដូចជាលោកអ័ដាម និងនាងអេវ៉ាដែរ យើងបានចុះសេចក្តីសញ្ញាជាមួយព្រះ ។ ហើយជាផ្នែកមួយនៃអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ យើងត្រូវបានផ្ដល់ឲ្យនូវការរំឭកខាងរាងកាយដ៏ពិសិដ្ឋមួយអំពីសេចក្ដីសញ្ញារបស់យើង—គឺជានិមិត្តរូបអំពីព្រះអង្គសង្រ្គោះផ្ទាល់ ។ នៅក្នុងសម័យកាន់កាប់ត្រួតត្រារបស់យើង វាត្រូវបានហៅថា សម្លៀកបំពាក់ពិសិដ្ឋនៃបព្វជិតភាពបរិសុទ្ធ ។
យើងស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋនេះនៅក្រោមសម្លៀកបំពាក់ខាងក្រៅរបស់យើង ។ មិនថាខ្ញុំមានទំនួលខុសត្រូវអ្វី មិនថាខ្ញុំមានតួនាទីអ្វីក៏ដោយក្នុងជីវិត មិនថាមានកាតព្វកិច្ចអ្វីក៏ដោយដែលការរស់នៅប្រចាំថ្ងៃតម្រូវឲ្យមាន នៅក្រោមនោះគឺជាសេចក្ដីសញ្ញារបស់ខ្ញុំ—ជានិច្ច និងជារៀងរហូត ។ នៅខាងក្រោមកាតព្វកិច្ចទាំងអស់នោះគឺជាការសន្យាដ៏ពិសិដ្ឋទាំងនោះដែលខ្ញុំតោងជាប់យ៉ាងខ្លាំង ។ សម្លៀកបំពាក់ពិសិដ្ឋមិនមែនជាការសម្ញែង ឬការបង្អួតដល់ពិភពលោកទេ ហើយសេចក្តីសញ្ញារបស់ខ្ញុំក៏មិនដូច្នោះដែរ ។ តែខ្ញុំពិតជារក្សាទាំងសម្លៀកបំពាក់ពិសិដ្ឋទាំងសេចក្តីសញ្ញាឲ្យជិតខ្ញុំ—ជិតបំផុតតាមដែលខ្ញុំអាចធ្វើបាន ។ សម្លៀកបំពាក់ពិសិដ្ឋ និងសេចក្តីសញ្ញាមានភាពផ្ទាល់ខ្លួនយ៉ាងខ្លាំង និងពិសិដ្ឋបំផុត ។
នៅក្នុងការចងចាំសេចក្ដីសញ្ញាទាំងនោះ ដែលជាការសន្យាទៅវិញទៅមក យើងពាក់សម្លៀកបំពាក់ពិសិដ្ឋពេញមួយជីវិតរបស់យើង ។ ការអនុវត្តនេះឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់យើងដើម្បីឲ្យព្រះអង្គសង្គ្រោះមានឥទ្ធិពលជានិច្ចក្នុងជីវិតរបស់យើង ។ និមិត្តរូបជាទីស្រឡាញ់ផ្សេងទៀតគឺតាមកាលកំណត់ ។ យើងបានទទួលបុណ្យជ្រមុជទឹកម្ដងក្នុងជីវិតរបស់យើង ។ យើងទទួលទានសាក្រាម៉ង់ម្ដងក្នុងសប្តាហ៍ ។ យើងចូលរួមនៅព្រះវិហារបរិសុទ្ធតាមដែលកាលៈទេសៈអនុញ្ញាត ។ ប៉ុន្តែ សម្លៀកបំពាក់ពិសិដ្ឋនៃបព្វជិតភាពបរិសុទ្ធគឺខុសគ្នា ៖ និមិត្តរូបនេះ យើងគោរពជារៀងរាល់ថ្ងៃ រាល់យប់ ។
ហើយនោះគឺជារបៀបនៃសេចក្តីសញ្ញានេះ—គឺមិនត្រូវទុកចោលដោយសារភាពងាយស្រួល ឬការមិនខ្វល់ខ្វាយ និងមិនកែប្រែដើម្បីសមទៅនឹងរចនាបថ និងម៉ូដរបស់សង្គមឡើយ ។ នៅក្នុងជីវិតរបស់សិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទ របៀបនៃពិភពលោកត្រូវតែកែប្រែដើម្បីឲ្យស្របទៅនឹងសេចក្ដីសញ្ញារបស់យើង មិនមែនកែប្រែរបៀបនៃសេចក្ដីសញ្ញាដើម្បីឲ្យស្របទៅនឹងរបៀបនៃពិភពលោកនោះទេ។
នៅពេលយើងពាក់សម្លៀកបំពាក់ពិសិដ្ឋ ដូចជាគណៈប្រធានទីមួយបានបង្រៀន យើងកំពុងពាក់និមិត្តសញ្ញាដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ ។ ដោយបែបនោះ ហេតុអ្វីយើងនឹងស្វែងរកលេសដើម្បីដោះនិមិត្តសញ្ញានោះចេញ ? ហេតុអ្វីយើងដកខ្លួនឯងពីសេចក្ដីសន្យានៃអំណាច ការការពារ និងសេចក្ដីមេត្តាករុណាដែលសម្លៀកបំពាក់ពិសិដ្ឋតំណាងឲ្យ ? ផ្ទុយទៅវិញ នៅពេលណាដែលយើងត្រូវដោះសម្លៀកបំពាក់ពិសិដ្ឋចេញជាបណ្ដោះអាសន្ន យើងគួរតែអន្ទះសាចង់ពាក់វាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពីព្រោះយើងចងចាំទាំងការសន្យា និងគ្រោះថ្នាក់ដែលផ្ដល់អត្ថន័យដល់សេចក្ដីសញ្ញារបស់យើង ។ លើសពីនេះ យើងចងចាំពីឈើឆ្កាង និងផ្នូរទទេរបស់ព្រះគ្រីស្ទ ។
អ្នកខ្លះប្រហែលជានិយាយថា « ខ្ញុំមានវិធីផ្សេងទៀតដើម្បីចងចាំព្រះយេស៊ូវ » ។ ហើយខ្ញុំនឹងឆ្លើយតបថា វាអស្ចារ្យណាស់ ។ កាន់តែច្រើនកាន់តែប្រសើរ ។ សូមគិតពីវិធីជាច្រើនតាមដែលយើងអាចធ្វើបាន ដើម្បីរក្សាការតាំងចិត្តរបស់យើងដើម្បី « ចងចាំទ្រង់ជានិច្ច » ។ ប៉ុន្តែក្នុងការធ្វើដូច្នោះ វានឹងមិនសមរម្យទេ ក្នុងការមានចេតនាមិនអើពើចំពោះការរំឭកដែលព្រះអម្ចាស់ផ្ទាល់ទ្រង់បានប្រទានដល់អ្នកដែលបានទទួលអំណោយទានពិសិដ្ឋហើយ គឺសម្លៀកបំពាក់ពិសិដ្ឋនៃបព្វជិតភាពបរិសុទ្ធ ។
ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់មានអត្ថន័យគ្រប់យ៉ាងចំពោះខ្ញុំ ។ ជាសេចក្ដីសង្ឃឹម និងសេចក្តីប្រាថ្នាដ៏អស់កល្បជានិច្ចទាំងអស់របស់ខ្ញុំ ជាអ្វីៗដែលខ្ញុំស្រឡាញ់ សូមតោងជាប់នឹងទ្រង់ ។ ទ្រង់គឺជា « ថ្មនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ » ជាផ្លូវរបស់ខ្ញុំដើម្បីចូលទៅកាន់ព្រះវរបិតាសួគ៌របស់ខ្ញុំ ជាផ្លូវតែមួយគត់របស់ខ្ញុំដើម្បីត្រឡប់ទៅរកអ្វីដែលខ្ញុំធ្លាប់មាន ហើយឥឡូវនេះចង់មានម្តងទៀត រួមជាមួយនឹងអ្វីៗជាច្រើនទៀត ។ អំណោយរបស់ទ្រង់ចំពោះយើងគឺជាអំណោយដ៏សប្បុរសបំផុតដែលខ្ញុំធ្លាប់ទទួល ជាអំណោយដ៏សប្បុរសបំផុតដែលត្រូវបានប្រទាន—បានមកដោយការឈឺចាប់ដែលគ្មានទីបំផុត លាតសន្ធឹងទៅដល់ចំនួនដែលគ្មានទីបំផុត ហើយបានប្រទានមកជាមួយនឹងសេចក្ដីស្រឡាញ់ដែលគ្មានទីបំផុត ។ បន្លា និងអញ្ចាញ ការឈឺចាប់ និងទុក្ខសោក ការសោកសៅ និងអំពើបាបនៃពិភពលោកដែលធ្លាក់នេះ គឺ « ត្រូវបានលេបបាត់នៅក្នុងព្រះគ្រីស្ទ » ទាំងអស់ ។
ដូច្នេះខ្ញុំបានពាក់សម្លៀកបំពាក់ពិសិដ្ឋនៃបព្វជិតភាពបរិសុទ្ធជារៀងរាល់ថ្ងៃ និងរាល់យប់ តាមដែលសមរម្យចាប់តាំងពីខ្ញុំបានទទួលអំណោយទានពិសិដ្ឋកាលពី ៦៤ ឆ្នាំមុននៅអាយុ ១៩ ឆ្នាំ ដោយសារខ្ញុំស្រឡាញ់ទ្រង់ ហើយដោយសារខ្ញុំត្រូវការការសន្យាដែលវាតំណាងឲ្យ ។
មានសំណួរអំពីការពាក់សម្លៀកបំពាក់ពិសិដ្ឋឬ ?
អ្នកខ្លះប្រហែលជាកំពុងអានអត្ថបទនេះដោយសង្ឃឹមថា ខ្ញុំនឹងឆ្លើយសំណួរជាក់លាក់មួយអំពីសម្លៀកបំពាក់ពិសិដ្ឋ ។ បងប្អូនអាចសង្ឃឹមថា នឹងមាន « ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលដូច្នេះថា »—ឬសូម្បីតែ « អ្នកបម្រើរបស់ទ្រង់និយាយថា »—អំពីរឿងដែលជិតនឹងដួងចិត្តបងប្អូន ។ សំណួររបស់បងប្អូនអាចមកពីស្ថានភាពផ្ទាល់ខ្លួនដែលទាក់ទងនឹងការងារ ការហាត់ប្រាណ អនាម័យ អាកាសធាតុ ភាពសមរម្យ អគារអនាម័យ ឬសូម្បីតែស្ថានភាពវេជ្ជសាស្រ្ត ។
ចម្លើយមួយចំនួនចំពោះសំណួរប្រភេទនេះអាចរកឃើញនៅលើគេហទំព័រ temples.ChurchofJesusChrist.org និងក្នុងផ្នែក ៣៨.៥ នៃ ក្បួនខ្នាតទូទៅ ។ សមាជិកគ្រួសារ និងថ្នាក់ដឹកនាំដែលគួរឲ្យទុកចិត្តអាចពិភាក្សអំពីបញ្ហាផ្ទាល់ខ្លួនមួយ ។ ទោះជាយ៉ាងណា មានទិសដៅច្បាស់លាស់ណាស់ដែលបានផ្តល់ឲ្យនៅក្នុងពិធីបរិសុទ្ធនៃការលាងជម្រះ ហើយមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់បងប្អូនជារៀងរហូត ដែលស្គាល់ និងស្រឡាញ់បងប្អូន ហើយយល់អ្វីៗគ្រប់យ៉ាងអំពីកាលៈទេសៈរបស់បងប្អូន ។ ទ្រង់នឹងមានព្រះទ័យរំភើបដែលបានបងប្អូនទូលសួរទ្រង់នូវសំណួរទាំងនេះដោយផ្ទាល់ ។
រូបថតនៃកំពូល ព្រះវិហារបរិសុទ្ធ សេន ចច យូថាហ៍
សូមកុំយល់ខុស ។ នៅពេលដែលបងប្អូនឈោងទៅរកការណែនាំ ព្រះវិញ្ញាណនឹង មិន បំផុសគំនិតបងប្អូនឲ្យធ្វើតិចជាងការធ្វើតាមសេចក្ដីណែនាំដែលបានទទួលនៅក្នុងព្រះវិហារបរិសុទ្ធ និងដំបូន្មានដ៏ព្យាករណ៍ ដែលបានចែកចាយដោយគណៈប្រធានទីមួយនៅក្នុងសេចក្ដីថ្លែងការណ៍ថ្មីៗរបស់ពួកលោកឡើយ ។ ព្រះវរបិតាដែលពោរពេញដោយសេចក្ដីស្រឡាញ់នឹង មិន ជួយបងប្អូនឲ្យមានលេសដោះសារក្នុងការធ្វើតិចជាងអ្វីដែលបងប្អូនអាចធ្វើបាន ដើម្បីសម្របតាមបទដ្ឋាននៃការលះបង់ និងភាពសមរម្យរបស់ទ្រង់ ដែលនឹងប្រទានពរដល់បងប្អូនឥឡូវនេះ និងជារៀងរហូតតទៅនោះទេ ។ ប៉ុន្ដែតើទ្រង់យល់ពីសំណួររបស់បងប្អូន ហើយតើទ្រង់នឹងជួយបងប្អូនឲ្យទទួលបានពរជ័យនៃការគោរពសម្លៀកបំពាក់ពិសិដ្ឋ និងការរក្សាសេចក្ដីសញ្ញារបស់បងប្អូនឬទេ ? បាទ ! តើបងប្អូនគួរពិភាក្សាជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងសុខភាពដែលមានសមត្ថភាពនៅពេលចាំបាច់ដែរឬទេ ? ប្រាកដណាស់ ! តើបងប្អូនគួរតែមិនអើពើនឹងការយល់ដឹងទូទៅ ឬមើលរំលងសញ្ញានោះឬ ? ខ្ញុំសូមអធិស្ឋានថា បងប្អូននឹងមិនធ្វើដូច្នោះទេ ។
ខ្ញុំមិនអាចឆ្លើយរាល់សំណួរដែលបងប្អូនមាននោះទេ ។ ខ្ញុំមិនអាចទាំងឆ្លើយរាល់សំណួរដែលខ្ញុំមានផង ។ ប៉ុន្តែ ខ្ញុំអាចធ្វើបាន ក្នុងនាមជាសាវករបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ សន្យានឹងបងប្អូននូវជំនួយពីព្រះដែលពោរពេញដោយសេចក្ដីស្រឡាញ់ ដែលស្វែងរកជោគជ័យ និងពរជ័យរបស់បងប្អូន តាមរបៀបដែលបងប្អូនមិនអាចយល់ ឬទាយទុកជាមុន កាលដែលបងប្អូនរក្សាសេចក្ដីសញ្ញាដែលបងប្អូនបានចុះជាមួយទ្រង់ ។