« ព្រះគម្ពីរមរមនបាននាំឲ្យខ្ញុំមានសេចក្ដីសុខសាន្ត » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ព្រះគម្ពីរមរមនបាននាំឲ្យខ្ញុំមានសេចក្ដីសុខសាន្ត
ខ្ញុំបានយល់ថា ព្រះគម្ពីរមរមនពិតជាមានប្រយោជន៍ណាស់ ដើម្បីផ្លាស់ប្ដូរជីវិតខ្ញុំ និងនាំខ្ញុំឲ្យខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
រចនារូបភាពដោយ អេលែន ហ្គានស៍
នៅចុងឆ្នាំ ២០១៣ យុវជនពីរនាក់ពាក់អាវស និងក្រវ៉ាត់កបានចាប់ផ្ដើមមកជួបបងស្រីខ្ញុំពីរដងក្នុងមួយសប្តាហ៍ ។ ខ្ញុំបានដឹងភ្លាមថា ពួកគេមកពីព្រះវិហារមួយ ។ សម្រាប់ខ្ញុំ ការធ្វើជាផ្នែកមួយនៃសាសនាចក្រមិនមែននៅក្នុងផែនការរបស់ខ្ញុំទេ ដូច្នេះខ្ញុំបានសម្រេចចិត្តមិននិយាយជាមួយពួកគេ ។
ខ្ញុំប្រាកដថាខ្ញុំមិននៅផ្ទះទេ ពេលពួកគេមកម្ដងៗ ។ ផ្ទុយទៅវិញ មានអ្វីមួយជាពិសេសបានទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំ ។ ពួកគេតែងតែកាន់សៀវភៅពណ៌ខៀវមួយ ។ ខ្ញុំមិនដែលឃើញពីមុនមកទេ ហើយវាហាក់ដូចជាចម្លែកចំពោះខ្ញុំ ។
ថ្ងៃមួយនៅក្នុងបន្ទប់ទទួលភ្ញៀវ បងស្រីខ្ញុំបានចាប់ផ្ដើមប្រាប់ខ្ញុំអំពីសៀវភៅនោះ ។ ភ្លាមនោះ យុវជនទាំងពីរនាក់បានមកដល់ ។ សំណាងអាក្រក់ ខ្ញុំមិនអាចលាក់ខ្លួនពីពួកគេបានទេ ។ ពួកគេបានឃើញយើងជាមួយនឹងសៀវភៅពណ៌ខៀវនោះ—គឺព្រះគម្ពីរមរមន—ហើយបានចាប់ផ្ដើមសួរខ្ញុំថា ខ្ញុំបានដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ។
ពេលខ្ញុំស្ដាប់ពួកអ្នកផ្សព្វផ្សាយសាសនាចាប់តាំងពីថ្ងៃនោះមក ខ្ញុំមានចំណាប់អារម្មណ៍ពីរបៀបដែលពួកគេបានភ្ជាប់ការបង្រៀនរបស់ពួកគេទៅនឹងព្រះគម្ពីរមរមន ។ ជាលទ្ធផល សៀវភៅពណ៌ខៀវនោះមិនសូវចម្លែកចំពោះខ្ញុំទៀតទេ ។
ខ្ញុំនៅតែមានការសង្ស័យយ៉ាងខ្លាំងអំពីសៀវភៅនេះ ប៉ុន្តែខ្ញុំបានចាប់ផ្ដើមអានវា ។ ខ្ញុំបានយល់ថា ព្រះគម្ពីរមរមនមិនមែនជាការជំនួសឲ្យព្រះគម្ពីរប៊ីបនោះទេ ប៉ុន្តែពិតជាមានប្រយោជន៍ណាស់ ដើម្បីផ្លាស់ប្ដូរជីវិតខ្ញុំ និងនាំខ្ញុំឲ្យខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំបានរៀនថា ព្រះគម្ពីរមរមនផ្តោតលើព្រះអង្គសង្រ្គោះ ។ ការបង្រៀនរបស់ព្រះគម្ពីរមរមនបានជួយខ្ញុំឲ្យដឹងថា ទ្រង់ជានរណា ហើយព្រះវរបិតាសួគ៌ជានរណា ។
មិនយូរប៉ុន្មាន ព្រះគម្ពីរមរមនបានជួយខ្ញុំឲ្យក្លាយជាមនុស្សល្អប្រសើរជាងមុន ជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ វាក៏បានជួយឲ្យអាកប្បកិរិយារបស់ខ្ញុំប្រសើរឡើងផងដែរ នៅពេលខ្ញុំប្រឈមមុខនឹងឧបសគ្គប្រចាំថ្ងៃ ។ ចេញពីបទពិសោធន៍របស់ខ្ញុំដែលសិក្សាព្រះគម្ពីរមរមន ខ្ញុំដឹងថា វាជួយមនុស្សឲ្យមកកាន់ព្រះគ្រីស្ទ ហើយរស់នៅតាមដំណឹងល្អ ( សូមមើល មរ៉ូណៃ ១០:៣២ ) ។ វាលើកទឹកចិត្តយើងឲ្យធ្វើតាមការបង្រៀនរបស់ព្រះគ្រីស្ទ ហើយអនុវត្តវាក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ វាផ្តល់ឲ្យយើងនូវចំណេះដឹងថា យើងជាបុត្រាបុត្រីរបស់ព្រះ ។ វានាំមកនូវសេចក្ដីសុខសាន្ត ។
បន្ទាប់ពីបានជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា និងអានព្រះគម្ពីរមរមនជាច្រើនសប្តាហ៍ ខ្ញុំបានទទួលបុណ្យជ្រមុជទឹក ។ ខ្ញុំសូមថ្លែងទីបន្ទាល់របស់ខ្ញុំដោយអស់ពីចិត្តថា ព្រះគម្ពីរមរមនគឺពិត ហើយថា ការអានវានាំឲ្យមានសេចក្ដីសង្ឃឹម និងពន្លឺនៅក្នុងគ្រាដ៏ងងឹតបំផុតទាំងឡាយ ដោយជួយយើងឲ្យមានអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងការការពារពីព្រះអម្ចាស់ ។ ខ្ញុំមានអំណរគុណដែលមានព្រះគម្ពីរមរមនក្នុងជីវិតរបស់ខ្ញុំ ។