« ការបម្រើដ៏ប្រកបដោយការលះបង់ជាច្រើនទសវត្សរ៍ ៖ ការបង្រៀនដែលបានជ្រើសរើសពីប្រធាន រ័សុល អិម ណិលសុន » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។
ការបម្រើដ៏ប្រកបដោយការលះបង់ជា ច្រើនទសវត្សរ៍ ៖ ការបង្រៀនដែលបានជ្រើសរើសពីប្រធាន រ័សុល អិម ណិលសុន
ឥឡូវនេះ ប្រធាន ណិលសុន មានអាយុ ១០០ ឆ្នាំ បានបម្រើអស់រយៈពេល ៤០ ឆ្នាំ ជាសាវកមួយរូប ។ ខាងក្រោមនេះគឺជាការបង្រៀនមួយចំនួនរបស់លោក ក្នុងពេលវេលាដែលលោកជាប្រធានសាសនាចក្រ ។
ចាប់ផ្ដើមដោយមានគោលដៅច្បាស់លាស់
« នៅចុងបញ្ចប់ពួកយើងម្នាក់ៗព្យាយាមដើម្បីទទួលបានអំណោយទានពិសិដ្ឋជាមួយនឹងអំណាចនៅក្នុងដំណាក់នៃព្រះអម្ចាស់ ផ្សារភ្ជាប់ជាមួយក្រុមគ្រួសារ ស្មោះត្រង់ចំពោះសេចក្តីសញ្ញាដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ដែលធ្វើឲ្យយើងមានភាពស័ក្តិសមដើម្បីទទួលបានអំណោយទានដ៏មហិមារបស់ព្រះ—ជីវិតអស់កល្បជានិច្ច ។ ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និងសេចក្តីសញ្ញាដែលបងប្អូនធ្វើនៅទីនោះគឺជាគន្លឹះដើម្បីពង្រឹងជីវិតរបស់បងប្អូន អាពាហ៍ពិពាហ៍ និងគ្រួសាររបស់បងប្អូន ព្រមទាំងលទ្ធភាពរបស់បងប្អូនដើម្បីទប់ទល់នឹងការវាយប្រហារពីមារសត្រូវ ។ ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ និងការបម្រើរបស់បងប្អូននៅទីនោះសម្រាប់ជីដូនជីតារបស់បងប្អូននឹងផ្ដល់ពរដល់បងប្អូនឲ្យទទួលបានវិវរណៈផ្ទាល់ខ្លួន និងភាពសុខសាន្តកាន់តែច្រើន ព្រមទាំងពង្រឹងការតាំងចិត្តរបស់បងប្អូនដើម្បីបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា » ។
« នៅពេលយើងបន្តឆ្ពោះទៅមុខជាមួយគ្នា » លីអាហូណា ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ។
ប្រែចិត្តជារៀងរាល់ថ្ងៃ
« គ្មានអ្វីដែលមានសេរីភាព ប្រពៃ ឬសំខាន់ចំពោះការរីកចម្រើនរបស់យើងម្នាក់ៗជាងការផ្ដោតទៅលើការប្រែចិត្តជាទៀងទាត់ និងជាប្រចាំថ្ងៃនោះទេ ។ ការប្រែចិត្តមិនមែនជាព្រឹត្តិការណ៍ដែលកើតមានតែម្ដងនោះទេ វាគឺជាដំណើរការមួយ ។ វាគឺជាគន្លឹះឆ្ពោះទៅកាន់សុភមង្គល និងភាពសុខសាន្ដនៅក្នុងគំនិត ។ នៅពេលផ្គួបផ្សំជាមួយនឹងសេចក្ដីជំនឿ នោះការប្រែចិត្តបើកច្រកទ្វារទៅកាន់ព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » ។
« We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ។
សូមចុះ ហើយរក្សាសេចក្ដីសញ្ញាទាំងឡាយ
« ស្ត្រី និងបុរសគ្រប់រូបដែលចុះសេចក្ដីសញ្ញាជាមួយព្រះ ហើយរក្សាសេចក្ដីសញ្ញាទាំងនោះ និងចូលរួមក្នុងពិធីបរិសុទ្ធបព្វជិតភាពដោយស័ក្ដិសម មានសិទ្ធិក្នុងការទទួលបាននូវព្រះចេស្ដានៃព្រះដោយផ្ទាល់ ។ អ្នកដែលបានទទួលអំណោយទានពិសិដ្ឋនៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់បានទទួលអំណោយទានមួយនៃអំណាចបព្វជិតភាពតាមរយៈគុណធម៌នៃសេចក្ដីសញ្ញារបស់ពួកគេ ព្រមទាំងអំណោយទាននៃចំណេះដឹងដើម្បីដឹងពីរបៀបដើម្បីទាញយកព្រះចេស្ដានោះ » ។
« Spiritual Treasures » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៧ ។
ចូរស្តាប់តាមព្រះអម្ចាស់ចុះ
« ព្រះវរបិតាយើងដឹងថា នៅពេលយើងត្រូវបានហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជា និងភាពភ័យខ្លាច តើអ្វីនឹងជួយយើងបំផុតដើម្បីស្ដាប់ព្រះរាជបុត្រាទ្រង់ ។
« ដោយសារនៅពេលយើងព្យាយាមស្ដាប់—ពិតជាស្ដាប់—ព្រះរាជបុត្រាទ្រង់ នោះយើងនឹងត្រូវបានដឹកនាំឲ្យដឹងនូវអ្វីដែលត្រូវធ្វើនៅក្នុងស្ថានភាពនានា » ។
« Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ ។
ជ្រើសរើសទុកឲ្យព្រះឈ្នះ
« ដោយមាននិយមន័យជាភាសាហេព្រើរនៃពាក្យ អ៊ីស្រាអែល នៅក្នុងគំនិត នោះយើងរកឃើញថាការប្រមូលផ្តុំអ៊ីស្រាអែលមានអត្ថន័យបន្ថែម ។ ព្រះអម្ចាស់កំពុងតែប្រមូលផ្តុំជនទាំងឡាយណាដែលស្ម័គ្រចិត្តទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់ពួកគេ ។ ព្រះអម្ចាស់កំពុងតែប្រមូលផ្តុំជនទាំងឡាយណាដែលនឹងជ្រើសរើសទុកឲ្យព្រះជាអង្គដែលមានឥទ្ធិពលសំខាន់បំផុតនៅក្នងជីវិតរបស់ពួកគេ » ។
« Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២ ។
ឈ្នះលើលោកិយ
« ការឈ្នះលោកិយពុំមែនជាព្រឹត្តិការណ៍មួយដែលកើតឡើងក្នុងពេលមួយថ្ងៃពីរថ្ងៃនោះទេ ។ វាកើតឡើងពេញមួយជីវិត នៅពេលយើងឱបក្រសោបគោលលទ្ធិនៃព្រះគ្រីស្ទយ៉ាងខ្ជាប់ខ្ជួន ។ យើងបណ្តុះសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទតាមរយៈការប្រែចិត្តជាប្រចាំ និងការរក្សាសេចក្តីសញ្ញាដែលប្រទានអំណាចដល់យើង ។ យើងបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា ហើយទទួលពរជ័យឲ្យរឹងមាំខាងវិញ្ញាណ មានវិវរណៈផ្ទាល់ខ្លួន ចម្រើនសេចក្តីជំនឿ និងការងារបម្រើនៃពួកទេវតា ។ ការរស់នៅតាមគោលលទ្ធិនៃព្រះគ្រីស្ទអាចបង្កើតជាវដ្ដប្រកបដោយអានុភាព និងគុណធម៌ និងបង្កើតជាសន្ទុះខាងវិញ្ញាណនៅក្នុងជីវិតរបស់យើង » ។
« ឈ្នះលោកិយហើយបានសេចក្តីសម្រាក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៧ ។
ជ្រើសរើសធ្វើជាអ្នកផ្សះផ្សាគេ
« ការទាស់ទែងគ្នាបណ្ដេញព្រះវិញ្ញាណចេញ—គ្រប់ពេលទាំងអស់ ។ ការទាស់ទែងគ្នាពង្រឹងគំនិតដែលមិនពិតថា ការប្រឈមមុខដាក់គ្នាគឺជាវិធីតែមួយគត់ដើម្បីដោះស្រាយភាពខុសគ្នា ប៉ុន្តែវាពុំដោះស្រាយបានទេ ។ ការទាស់ទែងគ្នាគឺជាជម្រើសមួយ ។ ការធ្វើជាអ្នកដែលផ្សះផ្សាគេគឺជាជម្រើសមួយ ។ បងប្អូនមានសិទ្ធិជ្រើសរើសដើម្បីរើសយកការទាស់ទែងគ្នា ឬការផ្សះផ្សាគ្នា ។ ខ្ញុំសូមជំរុញទឹកចិត្តបងប្អូនឲ្យ ជ្រើសរើស ធ្វើជាអ្នកដែលផ្សះផ្សាគេនៅពេលឥឡូវនេះ និងជានិច្ចតទៅ » ។
« ត្រូវការអ្នកដែលផ្សះផ្សាគេ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ១០០ ។
គិតដល់សេឡេស្ទាល
« នៅពេលបងប្អូនធ្វើការជ្រើសរើសផ្សេងៗ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យមានទស្សនៈវែងឆ្ងាយ—ជាទស្សនៈដ៏អស់កល្បជានិច្ច ។ សូមដាក់ព្រះយេស៊ូវគ្រីស្ទជាចម្បង ពីព្រោះជីវិតដ៏នៅអស់កល្បជានិច្ចរបស់បងប្អូនគឺអាស្រ័យលើសេចក្តីជំនឿរបស់បងប្អូនទៅលើទ្រង់ និងដង្វាយធួនរបស់ទ្រង់ ។ វាក៏អាស្រ័យទៅលើការគោរពប្រតិបត្តិរបស់បងប្អូនតាមក្រឹត្យវិន័យរបស់ទ្រង់ដែរ ។ ការគោរពប្រតិបត្តិត្រាយផ្លូវឲ្យបងប្អូនមានជីវិតដ៏រីករាយនៅថ្ងៃនេះ និងជារង្វាន់ដ៏ធំនៅអស់កល្បជានិច្ចនៅថ្ងៃស្អែក ។
« គិតដល់សេឡេស្ទាល ! » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ១១៨ ។