2024
ការណ៍​ល្អ​ដែល​ដំណឹងល្អ​បាននាំ​មក​ដល់​ខ្ញុំ
ខែ កញ្ញា ឆ្នាំ ២០២៤


« ការណ៍​ល្អ​ដែល​ដំណឹងល្អ​បាននាំ​មក​ដល់​ខ្ញុំ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការណ៍​ល្អ​ដែល​ដំណឹងល្អ​បាននាំ​មក​ដល់​ខ្ញុំ

ដោយសារ​មនុស្ស​នៅ​ព្រះវិហារ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

រូបថត​របស់​អ្នកនិពន្ធ និង​ភរិយា​គាត់

ពេល​ខ្ញុំ​ធំ​ឡើង វីរបុរស​របស់​ខ្ញុំ​គឺ​ជា​ជីតា​ខាង​ម្តាយ​ខ្ញុំ acheii របស់​ខ្ញុំ ។ គាត់​មាន​ជំនឿ​រឹងមាំ​ណាស់ ។ ខ្ញុំ​បាន​ទៅ​ព្រះវិហារ​ផ្សេងៗ​ជា​ច្រើន​ជាមួយ​គាត់ ប៉ុន្តែ​សាសនា​មិន​មែន​សម្រាប់​រូប​ខ្ញុំ​ទេ ។

ពេល​ខ្ញុំ​បាន​ជួប​ជីណា ដែល​បាន​ក្លាយ​ជា​ភរិយា​របស់​ខ្ញុំ នាង​គឺ​ជា​សមាជិក​ដ៏​ស្មោះត្រង់​ម្នាក់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ នាង​ចង់​ឲ្យ​ខ្ញុំ​រៀន​អំពី​សាសនាចក្រ​ដើម្បី​យើង​អាច​រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​បាន​បែបនោះ​ទេ ។ ខ្ញុំ​មិន​មែន​អ្នក​កាន់​សាសនា​ទេ ។

នៅ​ទីបំផុត​យើង​បាន​រៀបការ​តាម​ច្បាប់​ស៊ីវិល ។ បន្ទាប់​ពី​យើង​មាន​កូន​ម្នាក់ ខ្ញុំ​នៅតែ​មិន​ចាប់​អារម្មណ៍​នឹង​សាសនាចក្រ​ដដែល តែ​ជីណា​នៅតែ​ចូលរួម ។

ទីបំផុត ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​នឹង​បង្ហាញ​ថា​សាសនាចក្រ​របស់​នាង​គឺ​ខុសឆ្គង ដោយ​ការ​ទៅ​ព្រះវិហារ​ផ្សេង​ទៀត ។ ការណ៍​នេះ​បាន​បន្ត​អស់​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​មិន​ថា​ខ្ញុំ​ទៅ​កន្លែង​ណា​ទេ​ខ្ញុំ​មិន​ស្រណុក​ចិត្ត​សោះ ។

បន្ទាប់​មក នៅ​ថ្ងៃ​អាទិត្យ​មួយ នៅ​ពេល​ជីណា​រៀបចំ​កូនស្រី​យើង​ដើម្បី​ទៅ​ព្រះវិហារ ខ្ញុំ​ក៏​បាន​ចាប់​ផ្ដើម​ស្លៀកពាក់​សម្រាប់​ព្រះវិហារ​ផង​ដែរ ។ នាង​បាន​សម្លឹង​មើល​ខ្ញុំ ហើយ​សួរ​ថា « តើ​បង​កំពុង​ធ្វើ​អ្វី​ហ្នឹង ? » ខ្ញុំ​តប​ថា « បង​នឹង​ទៅ​ព្រះវិហារ​ជាមួយ​អូន​ដែរ » ។ នាង​បាន​សម្លឹង​មើល​កូនស្រី​យើង ហើយ​និយាយ​ថា « រៀបចំ​ខ្លួន​ឲ្យ​លឿន​ឡើង ! យើង​មិន​ចង់​ឲ្យ​ប៉ា​កូន​ផ្លាស់ប្តូរ​ចិត្ត​គាត់​ទេ ! »

ដូច្នេះ យើង​បាន​ចេញ​ទៅ ។ ព្រោះ​ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​មនុស្ស​នៅ​ព្រះវិហារ នោះ​ពួកគេ​គឺ​ផ្នែកមួយ​ដ៏​ចាំបាច់​សម្រាប់​ការប្រែចិត្ត​ជឿ​របស់​ខ្ញុំ ។ បន្ទាប់​ពី​នោះ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មក​ផ្ទះ​របស់​យើង ។ ពួកគេ​ពិតជា​អស្ចារ្យ​ណាស់ ការបង្រៀន​ដែល​ពួកគេ​បាន​ចែកចាយ​គឺ​អស្ចារ្យ​ណាស់​ចំពោះ​ខ្ញុំ ហើយ​ព្រះវិញ្ញាណ​បាន​ជ្រួតជ្រាប​ពេញ​ដួងចិត្ដ​ខ្ញុំ ( សូមមើល មរ៉ូណៃ ១០:៤–៥ ) ។

ពេល​ខ្ញុំ​ទៅ​សួរ​សុខ​ទុក្ខ​ជីតា​របស់​ខ្ញុំ ដើម្បី​ប្រាប់​គាត់​ពី​អ្វី​ដែល​ខ្ញុំ​បាន​រកឃើញ គាត់​មិន​សប្បាយ​ចិត្ត​ទេ ។ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​តាម​ដួងចិត្ត​របស់​ខ្ញុំ ។

ខ្ញុំ​បាន​ចូលរួម​សាសនាចក្រ ហើយ​មិន​យូរ​ប៉ុន្មាន​ជីណា និង​ខ្ញុំ​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ កូនស្រី​របស់​យើង​បាន​ផ្សារភ្ជាប់​នឹង​យើង ហើយ​ឥឡូវ​នេះ​យើង​មាន​កូន​បី​នាក់​ទៀត ដែល​បាន​កើត​នៅ​ក្នុង​សេចក្តី​សញ្ញា​នេះ ។

វា​ចំណាយ​ពេល ១០ ឆ្នាំ សម្រាប់ acheii របស់​ខ្ញុំ ដើម្បី​គោរព​អ្វី​ដែល​យើង​ជឿ​លើ​សាសនាចក្រ​នៅ​ទីបំផុត ។ នៅ​ក្នុង​ការបញ្ចប់​ការសិក្សា​វិទ្យាល័យ​របស់​កូន​ប្រុស​ខ្ញុំ គាត់​បាន​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ជា​ភាសា ណាវ៉ាចូ ថា « តា​រីករាយ​នឹង​គ្រួសារ​នេះ ។ តា​គាំទ្រ​អ្វី​ដែល​ពួកគេ​ជឿ ។ កូនៗ​របស់​ពួកគេ​ពិតជា​ដឹង​ពី​របៀប​អធិស្ឋាន » ។

ខ្ញុំ​ជា​សមាជិក​តែ​ម្នាក់​គត់​នៃ​សាសនាចក្រ ក្នុង​គ្រួសារ​ញាតិ​សន្តាន​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ពួកគេ​ទទួល​យក​ថា ការប្រែ​ចិត្តជឿ​របស់​ខ្ញុំ​គឺ​ពិត​ប្រាកដ ហើយ​ពួកគេ​ឃើញ​ពី​ការណ៍​ល្អ​ដែល​ដំណឹងល្អ​ដែល​បាន​នាំ​មក​ដល់​ភរិយា​របស់​ខ្ញុំ កូនៗ​របស់​យើង និង​ខ្លួន​ខ្ញុំ ។