« តើខ្ញុំអាចត្រៀមខ្លួនទទួលព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ? » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤
ចូរមកតាមខ្ញុំ
តើខ្ញុំអាចត្រៀមខ្លួនទទួលព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
នេះគឺជាវិធីបួនយ៉ាងដែលបងប្អូនអាចទទួលព្រះអង្គសង្គ្រោះចូលក្នុងជីវិតរបស់បងប្អូន ។
ពួកសាសន៍នីហ្វៃត្រូវរៀបចំខ្លួនពួកគេដើម្បីទទួលព្រះអង្គសង្រ្គោះខាងរូបកាយចូលក្នុងវត្តមានរបស់ពួកគេ ។ តើយើងអាចរៀនអ្វីពីគំរូរបស់ពួកគេ ដើម្បីជួយយើងឲ្យទទួលព្រះអង្គសង្គ្រោះខាងវិញ្ញាណចូលក្នុងជីវិតរបស់យើង ?
ពិចារណារឿងទាំងឡាយនៃព្រះ
ពេលនោះ ៖ នៅពេលដែលព្យាការីនីហ្វៃមានអារម្មណ៍ថា « ទន់ខ្សោយជាខ្លាំង » នោះលោកបានពិចារណា « ដល់ការណ៍ទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់បានបង្ហាញដល់លោក » ( ហេលេមិន ១០:២–៣ ) ។
ឥឡូវ ៖ ការចងចាំពីអ្វីដែលព្រះបានធ្វើសម្រាប់យើង ទាំងគ្រាល្អ និងអាក្រក់ នឹងផ្ដល់កម្លាំង និងភាពក្លាហានដល់យើងដើម្បីនៅជិតទ្រង់ ហើយប្រឈមមុខនឹងអនាគតដោយសេចក្ដីជំនឿ ។
ប្រធាន ហែនរី ប៊ី អាវរិង ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានទីមួយ បានផ្ដល់យោបល់ឲ្យយើងឆ្លុះបញ្ចាំង និងកត់ត្រានូវចំណាប់អារម្មណ៍របស់យើងជារៀងរាល់ថ្ងៃ ។ លោកបានមានប្រសាសន៍ ៖ « បងប្អូនអាចអធិស្ឋាន ហើយពិចារណា ដោយសួរសំណួរ ៖ តើព្រះបានបញ្ជូនសារលិខិតមួយសម្រាប់តែខ្ញុំដែរឬទេ ? តើខ្ញុំបានមើលឃើញព្រះហស្តរបស់ទ្រង់នៅក្នុងជីវិតខ្ញុំ ឬជីវិតកូនៗរបស់ខ្ញុំដែរឬទេ ? »
តើបងប្អូនបានឃើញសេចក្ដីស្រឡាញ់ ការបំផុសគំនិត ឬពរជ័យរបស់ព្រះក្នុងជីវិតរបស់បងប្អូននាពេលបច្ចុប្បន្ននេះយ៉ាងដូចម្ដេច ?
លើកដាក់លើខ្លួននូវព្រះនាមនៃព្រះគ្រីស្ទ
ពេលនោះ ៖ មរមនមានចិត្តក្លាហានក្នុងការប្រកាសថា លោកគឺជា « សិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទ » ( នីហ្វៃទី៣ ៥:១៣ ) ។
ឥឡូវ ៖ អែលឌើរ ចនណាថាន អេស ស្ម៊ីធ នៃពួកចិតសិបនាក់បានផ្ដល់យោបល់ថា យើងអាចផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទដោយលើកដាក់លើខ្លួនយើងនូវព្រះគោរមងារផ្សេងៗរបស់ទ្រង់ ។ ឧទាហរណ៍ ព្រះយេស៊ូវគឺ « នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ » ( នីហ្វៃទី១ ១០:១៨ ) ។ អែលឌើរ ស្ម៊ីធ ផ្ដល់យោបល់ថា យើងអាចលើកដាក់លើខ្លួនយើងនូវព្រះគោរមងារនេះ ដោយមានភាពខ្ជាប់ខ្ជួនក្នុងការរស់នៅក្នុងដំណឹងល្អ ។
តើព្រះនាម ឬព្រះគោរមងារអ្វីផ្សេងទៀតរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបងប្អូនអាចគិតដល់ និងអនុវត្តចំពោះខ្លួនបងប្អូន ?
អនុញ្ញាតឲ្យព្រះអង្គសង្គ្រោះប្រមូលផ្ដុំបងប្អូនទៅកាន់ទ្រង់
ពេលនោះ ៖ នៅក្នុង នីហ្វៃទី៣ ១០:៤–៦ ព្រះយេស៊ូវគ្រីស្ទប្រៀបធៀបអង្គទ្រង់ទៅនឹងដូចជាមេមាន់ប្រមូលកូនរបស់វា ។ នេះជារូបភាពដ៏ស្រស់ស្អាតព្រោះទ្រង់តែងតែបោយហៅយើងឲ្យមករកទ្រង់ ដើម្បីទ្រង់អាចការពារ និងចិញ្ចឹមបីបាច់យើង ។ ប៉ុន្តែយើងត្រូវតែជ្រើសរើសមករកទ្រង់ ។ ទ្រង់បានមានព្រះបន្ទូល ៖ « ជាញឹកញាប់យ៉ាងណាទៅ ដែលយើងបានប្រមូលអ្នករាល់គ្នា ដូចជាមេមាន់ប្រមូលកូនរបស់វា តែអ្នករាល់គ្នាមិនព្រមសោះ » ( ខទី ៥ ) ។
ឥឡូវ ៖ ព្រះយេស៊ូវបន្ដប្រមូលយើងនៅសព្វថ្ងៃនេះ ប៉ុន្តែយើងត្រូវតែទុកឲ្យទ្រង់ប្រមូលយើងទៅកាន់ទ្រង់ ។ តើបងប្អូនអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះប្រមូលបងប្អូនទៅកាន់ទ្រង់ ហើយស្វែងរកការការពារជាមួយទ្រង់ ឬក៏បងប្អូនកំពុងបដិសេធ ហើយបន្តប្រឈមមុខនឹងគ្រោះថ្នាក់ ?
តើព្រះអង្គសង្គ្រោះប្រទានការអញ្ជើញអ្វីខ្លះដល់បងប្អូន ហើយតើបងប្អូនត្រូវធ្វើអ្វីខ្លះដើម្បីទទួលយកការអញ្ជើញនោះ ?
មើលឆ្ពោះទៅលើមេឃ
ពេលនោះ ៖ ពួកសាសន៍នីហ្វៃព្យាយាមបីដង់ទើបស្តាប់ឮព្រះសូរសៀងរបស់ព្រះ ។ « ហើយពួកគេបានឮសំឡេងនោះជាលើកទីបីទៀត ហើយបានផ្ទៀងត្រចៀកស្ដាប់ ហើយភ្នែកគេសម្លឹងឆ្ពោះទៅសំឡេងនោះ ហើយគេបានសម្លឹងពុំដាក់ភ្នែកឆ្ពោះទៅលើមេឃ » ( នីហ្វៃទី៣ ១១:៥ ) ។
ឥឡូវ ៖ វិធីមួយដែលយើងអាច « សម្លឹងពុំដាក់ភ្នែកឆ្ពោះទៅលើមេឃ » គឺដោយ « គិតដល់សេឡេស្ទាល » ដូចនៅក្នុងឃ្លារបស់ប្រធាន រ័សុល អិម ណិលសុន ។ លោកពន្យល់ថា ទិដ្ឋភាពមួយនៃការគិតដល់សេឡេស្ទាលគឺ « ការមានគំនិតខាងវិញ្ញាណ » ។
តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីឲ្យមានគំនិតខាងវិញ្ញាណកាន់តែខ្លាំងឡើង ហើយ « សម្លឹងពុំដាក់ភ្នែកឆ្ពោះទៅលើមេឃ » ?